វិភាគ៖ ហេតុអ្វី​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទាក់ទង​កម្ពុជា​ជា​ញឹកញាប់​នា​ពេល​ថ្មីៗ​នេះ?

ពី​ឆ្វេង​ទៅ​រូប​ស្តាំ៖ អ្នកស្រី ​Marise Payne ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ Nubuo Kishi លោក​ Dominic Raab ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស និង អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក។

ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​មក មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធ​មិត្តបាន​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​ដោយ​ផ្ទាល់ និង​ជំនួប​ទេ្វភាគី​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ជា​បន្ត​បន្ទាប់​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

បណ្ដា​អ្នក​តាម​ដាន​បាន​សាក​ល្បង​វាយ​តម្លៃ​ថាការ​ទាក់​ទង​កម្រិត​ខ្ពស់​ដោយ​ផ្ទាល់​ជា​ញឹក​ញាប់​នេះ​ទោះ​រាល់​ការ​ទាក់​ទង​នីមួយៗ​ត្រូវ​បាន​បង្ហាញ​នូវ​របៀប​វារៈ​ផ្សេងៗ​គ្នា តែ​បាន​បង្ហាញនូវ​យុទ្ធសាស្ត្រ​ជា​សណ្ឋាន​មួយ​និង​មាន​ការ​រៀប​ចំ​ច្បាស់​លាស់​ពី​លោក​ខាង​លិច។

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​មក​បំពេញ​ទស្សន​កិច្ចនៅ​ភ្នំពេញកាល​ពី​ថ្ងៃទី១​ខែ​មិថុនា ទី​ដែល​អ្នកស្រី​បាន​ជជែក​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ រឿង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​និង​ការ​ធ្លាក់​ចុះ​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យកម្ពុជា។

ចំណែក​លោក​ Dominic Raab ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​បាន​ធ្វើ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី២៣ ​ខែ​មិថុនា​ហើយ​បាន​ផ្ដោត​លើ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​អង់គ្លេស​ដែល​ទើប​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ហើយ​ក៏​និយាយ​រឿង​បរិស្ថាន​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ផង​ដែរ។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ Nubuo Kishi​ បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ទូរ​គមនាគមន៍ជាមួយ​សម​ភាគី​កម្ពុជា​គឺ​លោក ​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា​អំពី​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់ ជា​ពិសេស​ជម្លោះដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​សមុទ្រ​ចិន​ខាង​កើត​ដែល​មាន​ពាក់ព័ន្ធ​នឹង​ចិន​ផង​ដែរ។​

អ្នកស្រី ​Marise Payne ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក៏​បាន​ជួប​លោក​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ​ទូរ​គមនា​គមន៍​កាល​ពី​ថ្ងៃទី៧​ ខែកក្កដា​ហើយ​បាន​ជជែក​អំពី​ទំនាក់​ទំនង​អាស៊ាន-អូស្ត្រាលី និង​ក៏​ដូច​ជា​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ាផង​ដែរ។

លោក​ ឯម សុវណ្ណារ៉ា ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​បាន​លើក​ឡើង​ថា​ជំនួប​ផ្ទួនៗ​រវាង​មន្ត្រី​កម្ពុជា​និង​មន្ត្រី​សម្ព័ន្ធមិត្ត​បស្ចិម​លោក «មិន​មែន​ជា​ការ​ចៃដន្យ»​នោះ​ទេ។ អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា​នេះ​ជា​ការ​ព្យាយាម​របស់​លោក​ខាងលិចក្នុង​ការ​តម្រែ​តម្រង់ទុក​ពី​ចម្ងាយ​ត្រៀម​សម្រាប់​ការ​គូស​វាស​របៀប​វារៈ​និងការ​ធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២។

លោក​បញ្ជាក់​ថា៖ «ការ​មក​ជជែក​ជាមួយ​កម្ពុជា​នៅ​ក្នុង​ក្រប​ខណ្ឌ​មួយ ដើម្បី​ឱ្យ​កម្ពុជា​រក្សា​ជំហរ​ធ្វើ​ដូច​ម្ដេច​ឱ្យបាន​លក្ខណៈ​អព្យាក្រឹត​ប្រសើរ​ជាង​ទុក​កម្ពុជា​ឱ្យ​ជជែក ឬ​ក៏​ហៅ​ថា​ងាក​បោះ​ដៃ​ទៅ​ចិន ដូច​កាល​ពី​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​លើក​ទី​ពីរ​កាល​ពីឆ្នាំ​២០១២​នោះ វា​ជា​ការ​យឺត​ពេល។ ដូច្នេះ​ជា​យន្តការ​មួយ​ដែល​លោក​ខាង​លិច នាំ​សម្ព័ន្ធ​មិត្ត​រៀប​យុទ្ធ​សាស្ត្រ​មក​ជួប​កម្ពុជា​ដើម្បីកម្ពុជា​រក្សា​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​អាច​ទទួល​យក​បាន​ពី​លោក​ខាង​លិច»។

លោក​ ឯម សុវណ្ណារ៉ា​ ឲ្យដឹង​ទៀត​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​«យុទ្ធសាស្ត្រឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរីនិង​បើក​ចំហ»​របស់​សហរដ្ឋ​អាមេរិក​ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី​ Joe Biden​ បបួល​សម្ព័ន្ធ​មិត្ត​ទប់ទ​ល់​នឹង​ចិន​របប​កុម្មុយនីស្ត​និង​របបផ្ដាច់​ការ។

រូប​ឯកសារ៖ អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

នយោបាយ​ការបរទេស​របស់​កម្ពុជា ក៏​ត្រូវបាន​អនុរដ្ឋមន្រ្តី​ការបរទេស​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​ក៏បាន​គូស​បញ្ជាក់​នៅចំពោះ​មុខ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដោយជំរុញ​ឲ្យ​ការ​ដឹក​នាំ​របស់​កម្ពុជា​«ត្រូវ​រក្សា​នូវ​គោល​នយោបាយ​ការ​បរទេស​ដែល​មាន​តុល្យភាព​និង​ឯករាជ្យ​មួយ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា»។

លោក Derek Grossman អ្នកវិភាគ​ជំនាញ​ការពារ​ជាតិនៅ​ «សាជីវកម្ម RAND» ដែល​ជាគ្រឹះស្ថាន​ស្រាវជ្រាវមាន​មូលដ្ឋាន​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា​ កម្ពុជាបាន​បិទ​ទ្វារ​ក្នុង​ការ​កែលម្អ​ទំនាក់​ទំនង​ផ្នែក​សន្ដិសុខ​ជាមួយ​សហរដ្ឋ​អាមេរិក។

ក្នុង​បទសម្ភាសនន៍តាម​ទូរស័ព្ទ​ជាមួយ​វីអូអេ អ្នក​ជំនាញ​រូប​នេះ​មិន​សង្ឃឹម​ច្រើន​ទេថា​ទំនាក់​ទំនងទាំង​ផ្នែក​យោធា និង​ទំនាក់​ទំនង​ទ្វេភាគី​ជា​ទូទៅ​កម្ពុជា-សហរដ្ឋ​អាមេរិក​នឹង​ល្អ​ប្រសើរ។

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ថា៖ «ក្នុង​រដ្ឋ​សម័យ​នៃ​រដ្ឋការ​លោក​ Joe Biden ខ្ញុំ​យល់​ថាទំ​នាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា បើមិនស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ទេ ក៏​នឹង​កាន់​តែធ្លាក់​អាក្រក់​ជាង​នេះ​ទៅ​ទៀត»។

លោក Grossman បន្ថែម​ថាការ​ភ្ជាប់​ការ​សន្ទនា​ជាមួយ​កម្ពុជា​ជា​ញឹកញាប់​នៅ​ពេល​ថ្មីៗ​នេះ បើមិន​បណ្ដាល​មក​ពី​ការចង់​ស្វែង​យល់​គម្រោង​ដឹក​នាំជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​របស់​កម្ពុជា​ទេ​ក៏អាច​ជាការ​ទប់ទល់ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ផង​និងព្យាយាម​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​នៅ​មីយ៉ាន់​ម៉ា​ផង។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab ថត​រូប​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​ នៅ​ក្រសួង​ការ​បរទេសក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក​ក្រសួង​ការ​បរទេស​កម្ពុជា)

​កម្ពុជាធ្លាប់រង​ការ​រិះគន់​អំឡុងធ្វើ​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០១២​ដែល​ការ​ដឹកនាំរបស់​ភ្នំពេញនា​ពេលនោះនាំ​ឱ្យ​កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​បាន​នាគ្រា​នោះ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប៉ះពាល់ប្រទេស​ចិន។​

ក្រៅ​តែ​ពីដំ​ណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ Wendy Sherman ​ដែល​អ្នកស្រី​បាន​លើក​អំពី​បញ្ហាសិទ្ធិ​មនុស្ស​ជាមួយ​លោក​ហ៊ុន សែន​ ហើយ​ឆ្លៀត​ជួប​ជាមួយលោក​កឹម សុខា មេ​ដឹក​នាំ​បក្ស​ជំទាស់ដែល​កំពុង​រង​បណ្ដឹង​«ក្បត់​ជាតិ»​គេ​មិន​បាន​ឃើញ​មាន​ការ​បង្ហាញ​ជា​សាធារណៈណា​មួយអំ​ពី​ជំនួប​ដទៃ​ទៀត​ធ្វើ​ឡើង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​អង់គ្លេស​អូស្ត្រាលី​ និង​ជប៉ុន ថា​បាន​លើក​ដែរ​ឬ​ទេ អំ​ពីបញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ដែល​អ្នក​ឃ្លាំ​មើល​ថា​កំពុង​ធ្លាក់​ចុះ។

លោក Phil Robertson នាយក​រង​ផ្នែក​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​Human Rights Watch បាន​លើក​ឡើង​ថា ទោះ​បី​មិន​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ពី​ជប៉ុន​អូស្រ្តាលី និង​អង់គ្លេស ក៏​កម្ពុជា​អាច​នឹង​រង​សម្ពាធ​ខ្លាំង​នៅ​ពេល​ខាង​មុខ​រឿង​សិទ្ធិ​មនុស្ស។

អ្នក​តស៊ូ​មតិ​អន្តរជាតិ​រូប​នេះ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «ចំពោះ​មតិ​ដែល​ថា​មាន​មនុស្ស​សំខាន់ៗពីរ​បីនាក់​ទៅ​ទស្សន​កិច្ច​នៅ​កម្ពុជា​នឹង​នាំឱ្យសំណុំ​រឿង​សិទ្ធិ​មនុស្សធ្លាក់​ចេញ​ពី​តុ​ចរចា​នោះ ខ្ញុំ​យល់​ថា​យើង​មិន​អាច​ទាញ​សេចក្ដី​សន្និដ្ឋាន​បែប​នោះ​ឡើយ។ ខ្ញុំ​យល់​ថា​វា​ហាក់​ដូច​ជា​ជ្រុល។ ខ្ញុំ​យល់​ថា​កម្ពុជា​នឹង​បន្ត​ពើប​ប្រទះ​នឹង​សម្ពាធ​បន្ថែម​ទៀត​លើ​បញ្ហា​សិទ្ធិ​មនុស្ស»។

លោក Phil Robertson បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​ ជប៉ុន​អូស្ត្រាលី ​និង​អង់គ្លេស ត្រូវ​រួមគ្នា​បន្ថែម​ទៀត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កម្ពុជា​ដោយ​គិតគូរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ពិសេស​អំឡុង​ពេល​ដែល​ឆ្នាំ​បោះឆ្នោត​នា​ពេលខាង​មុខ​កំពុង​រំកិល​មក​ដល់។ លោក​ថាការ​រួមគ្នាបោះ​ដៃ​រក​សម្ព័ន្ធ​មិត្ត​ដោយ​រដ្ឋការ​របស់​លោក​Joe Biden នឹង​បង្កើន​សម្ពាធ​ផ្នែកលទ្ធិ​ប្រជាធិបតេយ្យ។

លោក ​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ទូរ​គមនាគមន៍ជាមួយ​សម​ភាគីជប៉ុន លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ Nubuo Kishi ​ អំពី​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់ ជា​ពិសេស​ជម្លោះដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ និង​សមុទ្រ​ចិន​ខាង​កើត ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ចិន​ផង​ដែរ កាល​ពីថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ២០២១។ (ពី​គេហទំព័រ​ក្រសួង​ការពារ​ជាតិ)

លោក Phil Robertson ថ្លែង​ថា៖ «ខ្ញុំ​គិតថា​វានឹង​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ធ្វើ​វា។ រដ្ឋការ ​Biden​ដឹង​ថា​កម្ពុជា​នៅ​ទី​ណា ... ហើយយើង​កំពុង​តែ​ឃើញ​សហរដ្ឋ​អាមេរិក​មួយ​ដែល​ត្រឡប់​ទៅ​រក​ការ​ដឹក​នាំ​រដ្ឋ​តាម​ក្បួន​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ជាង​មុន​និង​មាន​ការ​ផ្សារ​ភ្ជាប់​ជាង​មុន»។

លោក Derek Grossman ​អ្នកវិភាគ​ជំនាញ​ការពារ​ជាតិនៅ​សហរដ្ឋ​អាមេរិក​និយាយ​ថា ការណ៍​នេះជា​បញ្ហា​ប្រឈមរារាំង​ដល់​ការ​ភ្ជាប់​ទំនាក់​ទំនងប្រសើរ​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​នា​ពេល​ខាង​មុខ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​គិត​ថា​រដ្ឋការ​លោក ​Joe Biden ​មុខ​ជា​នឹង​ផ្ដល់​អាទិភាព​ដល់​គុណ​តម្លៃ​រួម​ជា​ជាង​ផលប្រយោជន៍​រួម​[លើ​បញ្ហា​នយោបាយ​ការបរទេស] ហើយ​ការណ៍​នេះ​នាំ​មក​នូវ​ភាព​ស្មុគ​ស្មាញ​... ព្រោះ​[របប​ដឹក​នាំ]​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​មិន​មាន​តម្លៃ​រួម​គ្នា​លើ​ចំណុច​ណា​ឡើយ»។

ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ជំទាស់​រដ្ឋាភិបាល​ធំ​ជាង​គេនៅ​ឆ្នាំ​២០១៧​មក​កម្ពុជា​រង​ការ​រិះគន់​ផ្ទួនៗ​ថា​បាន​បង្ក្រាប​សំឡេង​ជំទាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ និង​រឹតត្បិត​លម្ហ​អនុវត្ត​ការងារ​សម្រាប់​សង្គម​ស៊ីវិល​និង​សកម្មជនបរិស្ថាន។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ក្ដាប់​អំណាច​ជាមួយ​នឹង​ឥទ្ធិពល​ធំធេងលើ​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងថ្នាក់​ជាតិ​ទាំង​ថ្នាក់​ក្រោម​ជាតិ​មិន​បាន​លាក់​លៀមអំពី​ការ​ពេញ​ចិត្ត​ប្រទេស​ចិន​ចំពោះ​ជំនួយ​ឥត​ដាច់ និង​ការ​ទំនុក​បម្រុង​កម្ពុជា​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាល​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ (Facebook/Samdech Hun Sen, Cambodian Prime Minister)

ក្នុង​វេទិកា​អន្តរជាតិមួយ​កាល​ពី​ថ្ងៃ​ចន្ទ​លោក​ ហ៊ុន សែន​ បាន​អរគុណ​ប្រទេស​ចិន​ដែល​បានផ្ដល់​ជំនួយ​មក​កម្ពុជា​ដែល​លោក​ថា នាំឱ្យ​ប្រទេស​របស់​លោកសម្រេច​បាន​នូវ​«ឯករាជ្យភាព​ផ្នែក​នយោបាយ»​ចាក​ឆ្ងាយ​ពី​ការ​បង្គាប់​បញ្ជា​ដែល​លោក​ហាក់​ចង់​សំដៅ​ដល់​ការ​រិះគន់​របស់​ប្រទេស​បស្ចិមលោក។

ចិនជា​ប្រភព​វិនិយោគ​និង​ជំនួយ​ធំ​ជាងគេ​នៅ​កម្ពុជា។ ការ​វិនិយោគ​និ​ង​ជំនួយ​យោធា​របស់​ចិននៅ​តំបន់​ឆ្នេរប្រទេស​កម្ពុជា នាំ​ឱ្យ​បណ្ដា​ប្រទេស​បស្ចិមលោកបារម្ភ​ថាកំណើនសកម្មភាពចិន​នៅ​ទីនោះអាចនឹងបើកផ្លូវឱ្យ​មាន​វត្តមាន​យោធា​ចិន​នៅទីនោះ។ នេះ​ជាការ​លើក​ឡើងដែល​រង​ការ​បដិសេធ​ជាច្រើន​លើក​ច្រើនសា​ពី​សំណាក់​កម្ពុជា និង​យូរៗ​ម្ដង​ពី​សំណាក់​ចិន។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​នៅ​ឡើយគិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រនេះ។

ទាំង​អ្នកវិភាគ​និង​មន្ត្រីរដ្ឋាភិបាល​កម្ពុជាសុទ្ធ​តែ​បាន​គូស​បញ្ជាក់ ទាញ​ភ្ជាប់ការ​សន្ទនា​ជាញឹកញយមិន​ធ្លាប់​មាននេះជាមួយព្រឹត្តិការណ៍​នៃជំនួប​កំពូល​ប្រទេស​ទាំង​៧ (G7) រួមមានបារាំង អង់គ្លេស​ អាមេរិក​ កាណាដា​ជប៉ុន​ អ៊ីតាលី ​និង​អាល្លឺ​ម៉ង់ កាល​ពី​ខែ​មិថុនា​កន្លងទៅ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ការ​ធ្វើ​ទស្សនកិច្ច​និង​សន្ទនា​ញឹក​ញាប់​រវាង​មន្ត្រី​ជាន់​ខ្ពស់​បណ្ដា​ប្រទេស​បស្ចិម​លោក ជាមួយ​កម្ពុជា បណ្ដាល​មក​ពី​ការ​ដើរ​តួនាទី​ថ្នាក់​តំបន់ ជា​ប្រធាន​អាស៊ាននៅ​ពេល​ខាង​មុខ​និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប(ASEM)។

មន្ត្រី​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​រូប​នេះ​បាន​ប្រាប់​វីអូអេ​តាម​ខ្សែ​ទូរស័ព្ទ​ថា៖ «ប្រទេស​បស្ចិម​ប្រទេស​ក្នុង​ជំនួប G7 បាន​ប្រកាស​ពី​ការ​ធ្វើ​រណសិរ្ស​ដើម្បី​ប្រឆាំង​ជាមួយ​នឹង​ចិន​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ឥទ្ធិពល​ដទៃ​ទៀត។ ដូច្នេះ​ហើយបាន​ជា​យើង​ឃើញ​បស្ចិម​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​បាន​ស្រ៊ូស​ស្រមក​ជួប​ជាមួយ​កម្ពុជា​ដើម្បី​រៀបចំ​ផែន​ការ​ឬ​ស្នើ​នូវ​អ្វីៗ​ដែល​កម្ពុជា​នឹង​ក្លាយ​ជា​ប្រធាន​ប្ដូរ​វេន​នេះ​ឯង។ នេះ​មិន​មែន​ជា​រឿង​ការ​អាក្រក់​នោះ​ទេ តែ​ជា​ការ​ឱ្យ​តម្លៃ​មួយ​មក​ឱ្យ​កម្ពុជា ដែល​កម្ពុជា​ធ្វើ​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នេះ​ឯង​»។

តប​នឹងសំណើ​របស់អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​អ្នកស្រី Wendy Sherman ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​តុល្យភាព​នយោបាយ​ការបរទេស​លោក​ ផៃ ស៊ីផាន ​បញ្ជាក់​ថា​កម្ពុជា​បាន​អនុវត្ត​ជាយូរ​មក​ហើយ​នូវ​អព្យាក្រឹតភាព​ហើយ​ក៏​នៅ​រក្សា​ការ​តាំង​ចិត្ត​ជាមួយ​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ៕​