បណ្តាប្រទេសដែលគោរពតាមគោលការណ៍ប្រជាធិបតេយ្យមួយចំនួនបានបង្ហាញការសោកស្តាយនិងក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកម្ពុជាបានរៀបចំការបោះឆ្នោតមួយ ដោយអវត្តមានគណបក្សជំទាស់។ ពួកគេមួយចំនួនបានជំរុញឱ្យកម្ពុជាស្តារស្ថានការណ៍ឡើងវិញ ឱ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជាលើកឡើងថា បារាំងសោកស្តាយដែលការបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា មិនមានគណបក្សជំទាស់ គឺគណបក្សភ្លើងទៀន។
ស្ថានទូតបារាំងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «យើងអំពាវនាវឱ្យមានការដោះលែងសមាជិកគណបក្សជំទាស់ដែលឃុំខ្លួន និងជំរុញឱ្យអាជ្ញាធរកម្ពុជាគោរពសិទ្ធិជាមូលដ្ឋានចាំបាច់ ដើម្បីស្តារប្រជាធិបតេយ្យ ស្របតាមគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា»។
ចំណែករដ្ឋាភិបាលអាល្លឺម៉ង់បានលើកឡើងថា ការបោះឆ្នោតនេះកើតឡើង ខណៈមានបរិយាកាសនយោបាយរឹតបន្តឹង ហើយប្រជាពលរដ្ឋមិនមានជម្រើសពិតប្រាកដក្នុងការគូសសន្លឹកឆ្នោត។ អាល្លឺម៉ង់បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសោកស្តាយដែលគណបក្សជំទាស់ធំជាងគេមិនត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីសម្រាប់ការបោះឆ្នោតមួយនេះ»។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ដូច្នេះយើងជំរុញឱ្យសមាជិកសភា ដែលត្រូវបានជ្រើសរើសថ្មី និងរដ្ឋាភិបាលកម្ពុជា[អាណត្តិ]ថ្មីស្តារស្ថានភាពទាំងស្រុងសម្រាប់ប្រព័ន្ធប្រជាធិបតេយ្យដែលមានចម្រុះគណបក្ស និងគោរពសិទ្ធិមនុស្ស ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងស្របតាមការប្តេជ្ញារបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ត្រូវបានធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា និងនាំកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ។ កម្ពុជាបានរៀបចំការបោះឆ្នោតដំបូងក្នុងឆ្នាំ ១៩៩៣។
ក្រោយការបោះឆ្នោត សហភាពអឺរ៉ុបក៏បានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ធ្វើឡើងក្នុងស្ថានភាពនយោបាយ និងសិទ្ធិរបស់ប្រជាពលរដ្ឋមានការរឹតបន្តឹង។ សហភាពអឺរ៉ុបបញ្ជាក់ថា ខ្លួនមានការសោកស្តាយដែលគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោត។
សហភាពអឺរ៉ុបបានអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា រដ្ឋធម្មនុញ្ញរបស់ខ្លួន និងស្តង់ដារអន្តរជាតិដែលកម្ពុជាបានចុះហត្ថលេខាព្រមព្រៀង។
ចំណែកស្ថានទូតកាណាដាប្រចាំនៅកម្ពុជាបានលើកឡើងក្នុងសារបង្ហោះលើបណ្តាញ Twitter របស់ខ្លួនថា ជាមួយនឹងការបន្តគំរាមកំហែងគណបក្សជំទាស់ អ្នកបោះឆ្នោតកម្ពុជាមិនមានជម្រើសពិតប្រាកដសម្រាប់ការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដាឡើយ។ ស្ថានទូតបន្ថែមថា រដ្ឋាភិបាលកាណាដាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាជ្ញាធរកម្ពុជា។
កាណដាបញ្ជាក់ថា៖ «កាណាដានៅបន្តអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យកែប្រែស្ថានភាពវិញ ដោយដោះលែងអ្នកទោសនយោបាយ ការពារអង្គការសង្គមស៊ីវិល ធានាសេរីភាពសារព័ត៌មាន និងអនុញ្ញាតឱ្យមានការចូលរួមផ្នែកនយោបាយ ប្រកបដោយអត្ថន័យ»។
រដ្ឋាភិបាលចក្រភពអង់គ្លេសក៏សម្តែងការសោកស្តាយដូចគ្នា ដោយលើកឡើងថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌ឡើយ។
រដ្ឋាភិបាលអូស្ត្រាលីលើកឡើងអំពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជា ដោយមិនអនុញ្ញាតឱ្យគណបក្សជំទាស់ចូលរួមការបោះឆ្នោត និងការដាក់គំនាបទៅលើប្រព័ន្ធផ្សព្វផ្សាយ។ ស្ថានទូតបញ្ជាក់ថា ប្រជាជនកម្ពុជាមិនមានជម្រើសពិតប្រាកដក្នុងការជ្រើសរើសមេដឹកនាំប្រទេសឡើយ។
ចំណែកសហរដ្ឋអាមេរិកបានចាត់ទុកការបោះឆ្នោតមួយនេះ «មិនសេរី និងយុត្តិធម៌»ឡើយ ដោយសារតែមានការគំរាមកំហែង និងយាយីជាបន្តបន្ទាប់មកលើគណក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ សហរដ្ឋអាមេរិកបានប្រកាសថានឹងដាក់ទណ្ឌកម្មតាមរយៈការរឹតត្បិតទិដ្ឋាការលើបុគ្គលមួយចំនួន ដែលអាមេរិកចាត់ទុកថាបានចូលរួមក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនឹងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួនផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការលើកឡើងរបស់បណ្តាប្រទេសទាំងនោះជាការយកកម្ពុជាទៅប្រៀបជាមួយប្រទេសរបស់ពួកគេ ដោយថា ប្រទេសទាំងនោះមិនយល់ពីកម្ពុជាឡើយ។
លោកបញ្ជាក់ថា៖ «ដូច្នេះការលើកឡើងរបស់បរទេស ខ្ញុំមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ពីព្រោះគេអត់ស្គាល់ខ្មែរច្បាស់។ គេចង់បានអ្វីដែលគេចង់បាន ក៏ប៉ុន្តែគេភ្លេចគិតថា កម្ពុជាកំពុងតែដើរទៅតាមផ្លូវហ្នឹង គឺយើងបានសម្រចប្តេជ្ញាចិត្តកសាងលទ្ធិប្រជាធិបតេយ្យបែបកម្ពុជាអាហ្នឹងទី ១។ ទី ២ ថ្នាក់ជាតិយើងកសាងនូវវប្បធម៌និងទម្លាប់នៃយន្តការនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលយើងធ្វើឥតមានអាក់ខាននូវអាណត្តិណាមួយ គួរឱ្យតម្លៃទៅកន្លែងហ្នឹង»។
ទោះមានការរិះគន់ពីបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន ប្រទេសចិនបានបានសម្តែងការអបអរសាទរ។
កាលពីថ្ងៃចន្ទ ស្ថានទូតចិនបានបង្ហោះសម្តីរបស់អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានថ្លែងក្នុងសន្និសីទមួយថា៖ «ក្នុងនាមជាប្រទេសជិតខាងល្អ និងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន និងសូមសម្តែងការអបអរសាទរជាមុនចំពោះប្រទេសកម្ពុជាឱ្យបង្កើតរដ្ឋសភានិងរដ្ឋាភិបាលអាណត្តិថ្មីដោយរលូន»។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិន-កម្ពុជា «មានការកើនឡើងយ៉ាងល្អ ភាគីទាំងពីរមានការជឿទុកចិត្តគ្នាខ្ពស់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការមានភាពស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក...»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា លោកព្រួយបារម្ភពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នារវាងប្រទេសលោកលិចនិងកម្ពុជាលើការបោះឆ្នោត។ លោកជំរុញរដ្ឋាភិបាលកម្ពុជាឱ្យពិនិត្យមើលចំពោះការស្នើសុំរបស់ប្រទេសទាំងនោះ។
លោកប្រាប់វីអូអេថា៖ «កម្ពុជាយើងគួរតែពិនិត្យលើអនុសាសន៍របស់គេ ទាក់ទងនឹងការបើកលំហនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ធ្វើយ៉ាងម៉េចដើម្បីធ្វើការកែលម្អទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ អាហ្នឹងជាផលចំណេញសម្រាប់កម្ពុជាយើង។ បើមិនអ៊ីចឹងទេ យើងមានការព្រួយបារម្ភថា ខ្លាចលោវាមានផលប៉ះពាល់ពាក់ព័ន្ធជាមួយ EBA និងGPS ហ្នឹងតទៅទៀត ក៏ដូចជាការរិះគន់ពីសហគមន៍អន្តរជាតិបន្តទៀត»។
គួរបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃចន្ទបានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ ២០២៣ «ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា» ហើយការបោះឆ្នោតមួយនេះ មាន «អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក»។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ៕