ភ្ញៀវ​ទេសចរ​ Westerdam ២៣៣នាក់​ចុងក្រោយ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ ក្រោយ​លទ្ធផល​តេស្ត​វីរុស​កូរ៉ូណា​អវិជ្ជមាន

អ្នកដំណើរតាមនាវា Westerdam ឈរមើលការចាកចេញរបស់អ្នកដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

រដ្ឋាភិបាល​កម្ពុជា​​ជូន​ដំណើរ​អ្នក​ដំណើរ​ជាង​២០០នាក់ទៀត​របស់​នាវា​កម្សាន្ត Westerdam ចេញ​ពី​ខេត្ត​ព្រះសីហនុ​មកកាន់​រាជធានី​ភ្នំពេញដើម្បី​បន្ត​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​​របស់​ពួកគេ​វិញ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ​រដ្ឋាភិបាល​បាន​ជូន​ដំណើរ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​តាម​នាវា​កម្សាន្ត​ Westerdam ​២៣៣​នាក់ទៀត​ ដែល​កំពុង​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​មកកាន់​រាជធានី​ភ្នំពេញ​តាម​រយៈរថយន្ត​ក្រុង​ បន្ទាប់​ពី​លទ្ធផល​តេស្ត​បាន​បង្ហាញ​ថា ​ពួកគេ​មិនមាន​ផ្ទុក​វីរុស​កូរ៉ូណា ​Covid-19។

យោងតាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន រដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល​ បាន​ជូន​អ្នក​ទាំងអស់​នោះ​មក​ភ្នំពេញ។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​លោក ហ៊ាង ​សុទ្ធា​យុត្តិ​ បាន​ប្រាប់វីអូអេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ភ្ញៀវ​ទេសចរ​ទាំង​នេះ​នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ទៅ​តាម​ជើង​ហោះ​ហើរ​ដែល​ក្រុមការងារ​របស់​នាវា​កម្សាន្ត Westerdam បាន​និង​កំពុង​រៀប​ចំ។

លោក​បន្ត​ថា អ្នក​ដំណើរ​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​នាវា​បាន​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ពិនិត្យ​ថា​គ្មាន​វីរុស Covid-19 ទាំង​អស់​គ្នា។

លោក សុទ្ធា​យុត្តិ ថ្លែង​ថា៖ «បាន​ពិនិត្យ​ល្អិត​ល្អន់​ហើយ​មិនមាន​ករណី​មេរោគ Covid-19 ទេ។ បើសិន​ជាមាន​គឺ​យើង​មិនឲ្យ​ចាកចេញទៅ​ទេ អ៊ីចឹង​ណា។ ប៉ុន្តែ​យើង​ពិនិត្យ​ហើយ វាអត់មាន។ កាលណា​អត់មាន មានន័យ​ថាយើង​ត្រូវ​បញ្ជូន​គាត់​ទៅ​វិញ​អ៊ីចឹង​ណាបាទ»។

ចំណែក​បុគ្គលិក​នាវា​កម្សាន្ត​នេះ​ក៏​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​បន្តទៀត ហើយ​ពួកគេ​នឹង​ត្រឡប់​ទៅវិញ​តាម​នាវា Westerdam។

លទ្ធផល​តេស្ត​បាន​បង្ហាញ​ថា​អ្នក​ដំណើរ​តាម​នាវា​កម្សាន្ត Westerdam ​៧៨១​នាក់ទាំង​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ មិនមាន​ផ្ទុក​វីរុស​ Covid-19 នោះ​ទេ។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ពុធ របស់​ក្រសួង​សុខាភិបាល។

អ្នកដំណើរពីនាវាទេសចរណ៍ MS Westerdam កំពុងទស្សនារបាំបុរាណខ្មែរនៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នក​ស្រី ឪ វ៉ាន់ឌីន អ្នក​នាំពាក្យ​របស់​ក្រសួង​សុខា​ភិបាល​បាន​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះថា៖ «ហើយ​បច្ចុប្បន្ន​យើង​កំពុង​តែរង់ចាំ​លទ្ធផល​ដែល​នឹងចេញ​បន្ត​បន្ទាប់​ទៀត​ណា​ក្មួយ។​ ហើយ​នៅ​ពេល​ដែល​បាន​លទ្ធផល​មីង​នឹង​ចែករំលែក​ទៅ​ទៀត​ហើយ»។

ទោះ​យ៉ាង​ណា​អ្នក​ស្រី​មិន​អាច​បញ្ជាក់​បាន​ថា លទ្ធផល​វិភាគ​សំណាក​សរុប​មាន​ចំនួន​ប៉ុន្មាន​ឬ​នឹង​ត្រូវ​បញ្ចប់នៅពេល​ណា​នោះ​ទេ។

ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​នៃ​នាវា Westerdam ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​ខ្លួន​នោះ​ទេ​ បន្ទាប់​ពី​អាជ្ញាធរ​ម៉ាឡេស៊ីរក​ឃើញ​ពីរ​ដងថា​ ស្ត្រី​វ័យ​៨៣ឆ្នាំ​ ជនជាតិ​អាមេរិកាំង​ដែល​បាន​ជិះ​នាវា​នេះ ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ COVID-19 ក្រោយ​ពីចេញ​ពី​កម្ពុជា ទៅ​ប្រទេស​កំណើត​ខ្លួន​កាត់​តាម​ម៉ាឡេស៊ី។​

ទោះ​យ៉ាង​ណា ក្រុម​ហ៊ុន Holland America Line ដែល​ជា​ម្ចាស់​នាវា​កម្សាន្ត​ Westerdam ​បាន​ឆ្លើយ​តប​មកកាន់​វីអូអេ​តាម​រយៈសារ​អេឡិចត្រូនិក​ថា​ ខ្លួន​កំពុង​រៀបចំ​ជើង​ហោះហើរ​សម្រាប់​អ្នក​ដំណើរលើ​នាវា​របស់​ខ្លួន​គ្រប់គ្នា ​ដែល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន។ ទាក់ទិន​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​ឆ្លង​កាត់​ប្រទេស​មួយ​ចំនួន​នោះ ក្រុម​ហ៊ុន HAL និយាយ​ថា៖ «យើង​កំពុង​ធ្វើការ​រៀបចំ​ជើង​ហោះហើរ​ ស្រប​តាម​ការ​ហាម​ឃាត់​នានា»។

ក្រុម​ហ៊ុន Holland America Line បាន​ឲ្យ​ដឹង​បន្ត​ថា នាវា​ Westerdam នឹង​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​ថ្ងៃ​ទៀត រហូត​ដល់​ខ្លួន​បាន​ទទួល​លទ្ធផល​តេស្ត​លើ​បុគ្គលិក​នាវា​ទាំង​៧៤៧​នាក់។

ក្រសួង​ទេសចរណ៍​កម្ពុជា​នឹង​រៀប​ចំ​សិល្បៈ​នានា ដូចជា របាំអប្សរា​និង​របាំប្រពៃណី សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​ចេញ​ពី​កប៉ាល់ ហើយ​កំពុង​ស្នាក់នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ទស្សនា​កម្សាន្ត​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ ​មុន​នឹង​ពួកគេ​ចាកចេញ​ទៅ​ប្រទេស​របស់​ពួកគេ​វិញ។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការ​និង​អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់​វីអូអេ​ថា៖ «នេះ​ដូចជា​អត់មាន​បញ្ហា​អីទេ ការ​សម្តែងរបាំ​ប្រពៃណី​ជូន​ភ្ញៀវ​ទេសចរ Westerdam គ្រាន់តែ​ជាការកែអផ្សុក​ ពេល​ដែល​គាត់ស្នាក់នៅ​ដើម្បី​រង់ចាំ​ជើង​ហោះហើរ​ទៅកាន់​ស្រុក​របស់គាត់​វិញ​ណា»។

កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​នាវាកម្សាន្ត​ខ្នាត​ធំ Westerdam ​ចូល​ចត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​បន្ទាប់ពី​ប្រទេស​ចំនួន​៥​បាន​បដិសេធ​មិន​ឲ្យ​ចូល​ចត។ អ្នកដំណើរ​រាប់រយនាក់​បាន​ចាកចេញ​ពី​កម្ពុជា​ទៅតាម​ប្រទេស​រៀង​ខ្លួន​ នៅ​ពាសពេញ​ពិភពលោក​ និង​ខ្លះ​កំពុង​នៅ​កម្ពុជា​ មុនពេល​ទទួល​លទ្ធផល​តេស្ត​រក​វីរុស​កូរ៉ូណា។​

ទោះ​យ៉ាង​ណា ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ដល់​ប្រទេស​កំណើត​របស់​ខ្លួន​ហើយ នឹង​ត្រូវ​ទាក់ទង​ឲ្យ​ពិនិត្យ​សុខភាព​បន្ថែមទៀត​ទៅ​តាម​មន្ទីរ​សុខាភិបាល​របស់​ពួកគេ៕