បស្ចិម​ប្រទេស​ត្រៀម​ខ្លួន​​ប្រណាំង​ប្រជែង​អាវុធ​នឹង​រុស្ស៊ី​និង​ប្រទេស​គាំទ្រ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤។

ខណៈពេល​ដែល​ការផ្តោត​អារម្មណ៍​ភាគច្រើន​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ​មាន​លើ​ការផ្តល់​ការគាំទ្រ​បន្ថែម​សម្រាប់​អ៊ុយក្រែន​ មន្ត្រី​លោក​ខាងលិច​មួយ​ចំនួន​មាន​ចេតនា​ដូចគ្នា​ក្នុង​ការប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​មួយ​ទៀត​ដែល​កើតឡើង​ដោយសារ​ការឈ្លានពាន​របស់​រុស្ស៊ី​ នោះ​គឺ​ការរត់​ប្រណាំង​សព្វាវុធ​ដ៏​តឹងរ៉ឹង​និង​ផលប៉ះពាល់​ជាសកល។

ក្រុម​មន្ត្រី​អះអាង​ថា ​វា​មិន​គ្រប់គ្រាន់​ទៀត​ទេ​ក្នុង​ការព្យាយាម​ធានា​ឱ្យ​អ៊ុយក្រែន​មាន​អាវុធ​ និង​ប្រព័ន្ធ​ការពារ​ដែល​ខ្លួន​ត្រូវការ ​ដើម្បី​ទប់ទល់​បាន​នឹង​ការវាយ​ប្រហារ​ដោយ​ឥតឈប់ឈរ​របស់​រុស្ស៊ី។ ពួកគេ​និយាយ​ថា​អង្គការ​អូតង់​ត្រូវតែ​រៀបចំ​ក្នុង​ពេលព្រមៗគ្នាក្នុង​ការ​ចំណាយ​លើសល្បឿន​ ដើរ​ឲ្យ​បាន​មុន​ និងផលិត​ឲ្យ​បាន​លើស​ក្រុមសម្ព័ន្ធភាព​ដែល​កំពុង​ជួយយោធា​រុស្ស៊ី​ឱ្យ​បន្ត​ដំណើរ​ទៅមុខ​ទៀត។

ក្រុមមន្ត្រី​បាន​ចោទប្រកាន់​ចិន​ម្តង​ហើយ​ម្តង​ទៀត​ថា​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការទ្រទ្រង់​ យោធា​របស់​រុស្ស៊ី​ដោយ​ការបញ្ជូន​វត្ថុធាតុ​ដើម​ទៅ​ឲ្យ​ទីក្រុង​មូស្គូ​ និង​អ្វី​ដែល​ហៅថា​ជា​សមាសធាតុ​ដែល​អាច​ប្រើប្រាស់​បាន​ពីរ​យ៉ាងដែល​រុស្ស៊ី​ត្រូវការ​សម្រាប់​ផលិត​អាវុធ​ទំនើបៗ ​និង​ប្រព័ន្ធ​សព្វាវុធ។

កាលពី​ខែមេសា ​និង​ឧសភា ​សហរដ្ឋ​អាមេរិក ​និង​អង់គ្លេស ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​ក្រុមហ៊ុន​ និង​មន្ត្រី​អ៊ីរ៉ង់ ​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​សម្រាប់​យោធា​រុស្ស៊ី។

មន្ត្រី​អង្គការ​អូតង់​ដែល​បាន​និយាយ​ជាមួយ​ VOA ​បាន​និយាយ​ថា ​ការគាំទ្រ​ពី​ប្រទេស​ចិន ​អ៊ីរ៉ង់​ និង​កូរ៉េ​ខាងជើង​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នូវ​ការប្រយុទ្ធរបស់​រុស្ស៊ី​នៅលើ​សមរភូមិ​ ដោយ​បង្ហាញពី​ការវាយតម្លៃរបស់​ក្រុម​ស៊ើបការណ៍​សម្ងាត់​ថា​យោធា​របស់​រុស្ស៊ី ​«នឹងត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ»​ដើម្បី​ស្តារ​សម្ភារៈ​យោធា​ដែល​លែង​ប្រើការ​កើត៕