លោក Klaus Schwab ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោកនិយាយថា ការបញ្ចូលគ្នានៃភាពជឿនលឿនផ្នែកបច្ចេកវិទ្យាផ្សេងៗដែលកំពុងផ្លាស់ប្តូរពិភពលោកមិនធ្លាប់មានពីមុនមក នឹងក្លាយជាការយកចិត្តទុកដាក់មួយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកានេះនៅសប្តាហ៍ក្រោយ នៅក្នុងភូមិ Swiss Alpine ក្រុង Davos ប្រទេសស្វ៊ីស។
មេដឹកនាំជាង២.៥០០រូប មកពីវិស័យធុរៈកិច្ច (ជំនួញ) ពីជួររដ្ឋាភិបាល គ្រឹះស្ថានសិក្សា សង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន និងវិស័យសិល្បៈ នឹងមកជួបប្រជុំគ្នាដើម្បីជជែកដេញដោលលើបញ្ហាសំខាន់ៗនៅក្នុងក្រុង Davos។
មានកិច្ចពិភាក្សាជាង៣០០ដែលនឹងផ្តោតលើបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងសន្តិសុខសកល វិបត្តិជនភៀសខ្លួននិងទេសន្តរប្រវេសន៍ ភាពតានតឹងលើភូមិសាស្រ្តនយោបាយ បញ្ហាបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចសកលលោក ដែលជាផ្នែកនៃរបៀបវារៈផ្លូវការ។
កិច្ចពិភាក្សាដែលទាក់ទាញការចាប់អារម្មណ៍ជាងគេគឺទៅលើអ្វីដែលលោក Klaus Schwab ស្ថាបនិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក ហៅថា«បដិវត្តន៍ឧស្សាហកម្មលើកទី៤»។ លោក Schwab និយាយថា បដិវត្តន៍នេះកើតឡើងដោយសារភាពជឿនលឿននៃភាពឆ្លាតវៃរបស់កម្មវិធីកុំព្យូទ័រ ការប្រើប្រាស់មនុស្សយន្ត យានយន្តដើរដោយស្វ័យប្រវត្តិ ការបោះពុម្ភលក្ខណៈ3-D បច្ចេកវិទ្យាណាណូ និងវិទ្យាសាស្ត្រក្នុងវិស័យផ្សេងៗទៀត។
លោកនិយាយថា មនុស្សនាពេលបច្ចុប្បន្ននេះ មិនមានពេលវេលាច្រើនដូចនៅក្នុងបដិវត្តន៍ឧស្សាហកម្មមុនៗទេ ដើម្បីសម្របខ្លួនទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនយ៉ាងលឿននោះ។
«បដិវត្តន៍លើកទី៤នេះកើតឡើងមកលើយើងដូចព្យុះស៊ូណាមី អីចឹង។ យើងមិនអាចប្រៀបធៀបល្បឿនរបស់វាជាមួយនឹងបដិវត្តន៍មុនៗបានទេ ហើយល្បឿននៃបដិវត្តន៍លើកនេះគឺលឿនមែនទែន ដែលនឹងធ្វើឲ្យសហគមន៍នយោបាយពិបាក ឬមិនអាចបង្កើតបទដ្ឋានច្បាប់និងបញ្ញត្តិចាំបាច់នានាដើម្បីគ្រប់គ្រងវា»។
លោក Schwab និយាយថា បច្ចេកវិទ្យាមនុស្សយន្តបង្កើតថ្មី ដូចជារថយន្តបញ្ជាដោយខ្លួនឯង នឹងធ្វើឲ្យបាត់បង់ឱកាសការងារ និងលុបបំបាត់មនុស្សវណ្ណៈកណ្តាលជាច្រើន ដែលជាសសរស្នូលនៃប្រព័ន្ធប្រជាធិបតេយ្យ។
«ក្តីបារម្ភរបស់ខ្ញុំគឺថា ប្រសិនបើយើងមិនទាន់ត្រៀមខ្លួនទេនោះ ហើយយើងមានការប្រមូលផ្តុំទៅលើតែការងារដែលមានកម្រិតខ្ពស់ ការងារដែលទាមទារការច្នៃប្រឌិតខ្ពស់ និងការងារដែលត្រូវការសេវាកម្មតិចតួច នេះនឹងបណ្តាលឲ្យមានបញ្ហាមួយទៀតគឺការបែងចែកសង្គមថ្មីមួយ ដែលយើងត្រូវតែចៀសវាងឲ្យបាន»។
លោក Schwab និយាយថា រដ្ឋាភិបាលទាំងឡាយត្រូវតែបង្កើតបញ្ញត្តិច្បាប់ចាំបាច់នានាក្នុងពេលឥឡូវនេះ ដើម្បីដោះស្រាយបញ្ហាដែលលោកបានគិតទុកថា នឹងកើតមានឡើងដោយសារការផ្លាស់ប្តូរទាំងនេះ។ លោកព្រមានថា បើសិនជាខកខានមិនបានបង្កើតច្បាប់ការពារនោះទេ វានឹងបណ្តាលឲ្យមានភាពតានតឹងក្នុងសង្គម និងមានជម្លោះនាពេលអនាគត៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ