លោក ​ហ៊ុន សែន​ ប្រាប់​មន្ត្រី​ឲ្យ​ដាក់​​អាទិភាព​រៀប​គម្រោង​​ទប់ទល់​​​ជំងឺ​កូវីដ១៩ (COVID-19)

រូបឯកសារ៖​ លោក ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។ (រូបថត AP)

នៅ​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ឲ្យមន្ត្រី​សុខាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់អាទិភាព​លើ​ការ​សិក្សា​រក​វិធានការ​នានាដើម្បី​ទប់​ទល់​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩ ករណី​ដែល​ជំងឺ​នេះ​ឆ្លង​មក​ដល់​ប្រទេស​កម្ពុជា។​

លោក ហ៊ុន សែន ​ថ្លែង​នៅក្នុងការ​បិទ​សន្និបាត​សុខា​ភិបាល​លើកទី​៤១​ថា៖

«ប៉ុន្តែ​ក្នុងករណី​កូវីដ​[១៩] ​ចាប់​ផ្តើម​ចូល​មកដល់​ក្នុងប្រទេស​យើង ហើយ​មាន​ល្បឿន​លឿន​ និង​មាន​ទ្រង់ទ្រាយ​ធំ​ វិធាន​ការដែល​ត្រូវប្រកាន់យក​ គឺជាអ្វី​ អ្វីខ្លះ​? [...] ឧទាហរណ៍​ យើង​លើក​ទាក់​ទិន​ថា​ ចាប់ផ្តើម​មានកូវីដ​[១៩] ​ ដំបូង​ថា​យើង​ នៅខេត្តមួយ​ បន្ទាប់​ទៅ​រាល​ដល់ខេត្តមួយ បន្ទាប់ ​ទៅ​រាលដល់​ខេត្ត​មួយទៀត​ តើ​វិធានការ​អ្វីខ្លះ​ដែល​ត្រូវ​ប្រកាន់​យក​ បិទ​សាលា​រៀន​ឬទេ​?​ នេះទាំង​អស់​នេះ​សុទ្ធ​តែ​ជា​វិធាន​ការ​ហើយ ប៉ុន្តែ​កន្លងទៅខ្ញុំមិនទាន់អោយ​ឯក​ឧត្តម​លោក​ជំទាវ​ធ្វើ​កិច្ច​ការងារ​នេះ​ ដោយសារ​កាភ័យ​ខ្លាច​ច្រើន​ហួស»។

លោក​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា៖

«ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ តើ​យើង​ត្រូវដោះ​ស្រាយ​ជាមួយ​ពួក​គាត់​យ៉ាងម៉េច​ ត្រូវ​លើក​ចេញ​ជា​វិធាន​ការ​ជាក់លាក់​មួយ​ ហើយ​ប្រសិនបើ​វា​រីក​ធំ​ទូលាយ​ជាង​នេះ​ នៅ​ក្នុង​ក្របខណ្ឌ​នៅក្នុងឃុំ​នោះ​ ឬ​ក្នុង​ស្រុក​នោះ​ តើ​គួរ​ត្រូវ​បិទ​សាលា​រៀន​ឬ​ទេ?​ តើ​យើង​ត្រូវ​ចលនា​ទៅដល់​ព្រះសង្ឃ​កុំអោយ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​រាល់​ថ្ងៃ​សីល​នៅ​តាម​ទី​អារ៉ាម​ទេ​? ត្រូវ​ចលនា​ទៅ​ដល់​វិហារ​សាសានា​អ៊ីស្លាម​កុំ​អោយ​ថ្វាយ​បង្គុំ​ជុំគ្នា​នៅ​ថ្ងៃ​សុក្រ​នោះ​ទេ?​ តើ​យើង​ឈាន​ទៅ​និយាយទៅដល់​ព្រះវិហារ​គ្រឹស្ត​កុំ​អោយ​មាន​ការ​ជួប​ជុំគ្នា​ដែល​នាំ​ទៅ​ដល់​ការ​ឆ្លង​នេះ​ទេ? នេះ​គ្រាន់​តែ​ជា​ញ្ហា​ដាក់​ចេញ​ទេ​ ជា​បញ្ហា​ដើម្បី​លើក​យក​អោយ​ធ្វើ​កា​ពិក្សា​អំពី​បញ្ហា​នេះ​អោយ​បាន​ល្អិតល្អន់​ ដោយ​គិត​អំពី​កត្តា​វេជ្ជសាស្ត្រ​ និង​កត្តា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​បញ្ហាហ្នឹង​ ​ជាសង្គម​ និង​ជា​នយោបាយ​ ចិត្តសាស្ត្រ​ផង​ដែរ​។​ ត្រូវ​រៀប​ចំ​ផែនការ​នេះ»​។

លោក​ ហ៊ុន ​សែន ​ស្នើឲ្យ​ក្រសួង​សុខាភិបាល​ដាក់ចេញ​នូវ​វិធានការ​លម្អិតដើម្បី​ទប់ទល់​ជំងឺCOVID-19 ដែល​អាច​នឹង​កើតមាន​នៅ​កម្ពុជា​នៅពេល​ខាង​មុខ។

លោក​បាន​ថ្លែង​ថា៖

«ប៉ុន្តែ​ប្រសិនជា​ អាផ្ទុះ​ឡើង​នៅ​ក្នុងប្រទេស​របស់​យើង​ ត្រួតត្រា​លែង​បាន​ ប្រហែល​ជា​ អាការ​ប្រគំ​តន្ត្រី​ក៏ត្រូវ​ផ្អាក​ ការ​ជួប​ជុំស្អី​ៗ​ក៏ត្រូវ​ឲ្យផ្អាកដែរ»។

លោក​ក៏​បាន​ដាក់​ចេញ​នូវ​សំណួរ​ប្រសិន​បើ​មាន​ករណី​នេះ​កើត​មាន​លើ​សមាជិក​នៃ​គ្រួសារ​ណាមួយ​នៅ​ក្នុង​ប្រទេស។

លោក ហ៊ុន សែន ​និយាយ​ថា៖

«ក្រៅ​ពី​ជំនួយ​ចំពោះ​កម្មករដែលអត់​មានការងារ​ធ្វើ​ តើ​យើងនឹងត្រូវ​ផ្តល់​ជំនួយ​ទៅដល់​ក្រុមគ្រួសារ​ដែលមាន​អ្នក​កើត​ជំងឺ​ហ្នឹង​ហើយ​ត្រូវ​ដាក់​ឲ្យ​គាត់​ស្ថិត​នៅ​ដាច់​ដោយឡែក​រយៈពេល​ថា​១៤ថ្ងៃ តើ​យើង​ត្រូវ​ជួយ​ឧបត្ថម្ភ​គាត់ឬទេ? នេះ​ជា​គោល​នយោបាយ​គាំ​ពារ​សង្គម​មួយទៀត​ដែល​ធ្វើ​ក្នុងថេរវេលា​មានកូវីដនេះ»។​

លោក ​ហ៊ុន ​សែន ​ក៏បាន​ប្រាប់​ឲ្យប្រជា​ពលរដ្ឋអនុវត្ត​វិធាន​ការ​នានា​ដើម្បី​ការពារ​ពួកគេ​កុំ​ឲ្យឆ្លង​មេរោគ​ផង​ដែរ​ដូច​ជា​ការ​ប្រើប្រាស់​ក្រម៉ា​ នៅ​ពេល​ក្អ​កឬកណ្តាស់​ និងអនុវត្ត​ការលាងដៃ ឲ្យញឹក​ញាប់​ និង​ជំរាបសួរ​គ្នា​ ជាជាង​ចាប់ដៃ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​។​

លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖

«ចាប់ពីពេល​នេះ​ទៅ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្នុង​ចំណោម​មន្ត្រីរាជការ​របស់យើង​ ​សូម​អនុវត្ត​ គេហៅ​ថា​អនុវត្ត​វិធី​ប្រើ​វប្បធម៌ខ្មែរ​ គឺលើក​ដៃ​សំពះគ្នា​រួច​ហើយ​មិន​ចាំបាច់​ចាប់ដៃ​ទេ។ ជា​វិធី​ងាយ​ៗ​ ​ព្រោះគេ​ថា​ចាប់ដៃ​គ្នាវាងាយឆ្លង​»។​

កាល​ពី​ខែ​មុន លោក​ ហ៊ុន​ សែន ​បាន​អះអាងថា ​ប្រទេស​កម្ពុជា​មិនមាន​ជំងឺ​កូវីដ​១៩​ នោះ​ទេ​ លុះត្រា​ណា​តែ​មាន​ថ្ងៃ​ទី ៣១ ខែ​កុម្ភៈ​ ។

«ថ្ងៃទីមួយខែកុម្ភៈទើបមានជំងឺហ្នឹង។ អើបើអត់មានថ្ងៃទី៣១[ ខែកុម្ភៈ]អាហ្នឹងវាចប់ហើយ។វាមានស្អី»។

​តាម​វិធានទប់​ទល់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ កន្លង​មក​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ មិន​តម្រូវ​ឲ្យ​មាន​ការ​បិទ​ជើង​ហោះ​ហើរ​ពីប្រទេស​ចិនទេ​ បើ​ទោះ​ជាលោក​ថា​មាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​គិតគូរ​លើ​វិធានការ​នេះ។

លោក ហ៊ុន សែន​ បាន​ប្រាប់​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗទៀ​ត​ឲ្យចេះ​សន្សំ​ និ​ងកាត់​បន្ថយ​ការ​ចាយ​វាយតាម​ក្រសួង​នានា​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​បើ​ធ្លាប់ទិញ​ប៊ិច​១០០ ទិញ​តែ​៥០ បាន​ហើយ​ សម្រាប់​យក​មកប្រើប្រាស់។ ធ្លាប់ទិញ​សម្ភារៈអី​ប៉ុន្មាន​កាត់បន្ថយ​វា។​ ធ្លាប់ចេញ​ទៅក្រៅ​ប្រទេស​ មិន​ចាំបាច់​មិនទៅ​។ ហើយ​បើ​ចាំបាច់​ណាស់​ធ្លាប់​ទៅ​៥​នាក់​ ទៅ​តែ​២​នាក់​ឬ ​៣​នាក់​បាន​ហើយ។​ គឺប៉ុណ្ណឹង​»។​

ក្រោយ​ចប់​សន្និបាត​សុខាភិបាល​ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ អ្នកស្រី​ ឱ វណ្ណឌីន និង​ លោក​ លី សូវ៉ាន់ បាន​បញ្ជាក់​ប្រាប់ថា​ ​មិនទាន់រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅ​កម្ពុជា​ទេ​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

លោក លី​ សូវ៉ាន់​ បាន​ប្រាប់​វីអូអេ​ថា៖​

«ម៉ោង​ ៦:៣៣ [ល្ងាច​] នេះ យើង​អត់​ទាន់​រកឃើញ​ ករណី​ថ្មី​នៅ​ឡើយ​ទេ​។ តែ​លទ្ធភាព​នៃ​ការ​រក​ឃើញ​នឹង​អាច​មាន​ទៀត​ ដោយសារ​មាន​ការ​រាតត្បាត​នៅ​ប្រទេស​ចិន​ និង​ប្រទេស​ដទៃ​ទៀត»។

ឯ​អ្នកស្រី​ ឱ ​វណ្ណឌីន​និយាយ​ថា៖ «ចាំ​ស្អែកទៅ​ក្មួយ​។ ចាំ​ស្អែក​មីង​ធ្វើ​សន្នីសីទ​កាសែត​។​ [...]​ ស្អែក​ធ្វើ​សន្និសីទកាសែត​ ក្មួយចង់​សួរ​អី​ក៏សួរទៅ»។

មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​ដល់​ជាង​ ៧០ប្រទេស ដែល​អ្នកឆ្លង​ជំងឺ​នេះ​សរុបដល់​ជាង​ ៩៣ ០០០ នាក់​។​ ប្រទេស​កូរ៉េ​ខាងត្បូង​ អ៊ីតាលី​ និង​អ៊ីរ៉ង់​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន។ ធនា​គារ​ពិភពលោក​បញ្ចេញ​ថវិកា​ជាង​ ១២ ​ពាន់​លានដុល្លារ​ សម្រាប់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ប្រើប្រាស់​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺកូវីដ​១៩នេះ៕