ធនាគារ​ពិភពលោក​ថា​កំណែទម្រង់​បន្ថែម​ក្នុង​វិស័យ​អប់រំ​និង​ហេដ្ឋារចនា​សម័្ពន្ធ​ជួយ​ឱ្យ​សេដ្ឋកិច្ច​ស្ទុះ​ឡើងវិញ​​​

រូបឯកសារ៖ សិស្សវិទ្យាល័យបង្ហាញកាត់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវិទ្យាល័យព្រះស៊ីសុវត្ថ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។

តំណាង​ធនាគារ​ពិភពលោក​លើក​ទឹក​ចិត្ត​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​អប់រំ និង​ការពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​ការ​លើក​កម្ពស់​ផលិតភាព​របស់​ក្រុមហ៊ុន និង​របស់​កម្មករ​ក៏ដូច​ជា​ការ​ស្តារ​សេដ្ឋកិច្ចឱ្យ​ងើប​ឡើង​វិញ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មីនា​អនុប្រធាន​ធនាគារ​ពិភពលោក​សម្រាប់​តំបន់​អាស៊ីបូព៌ា​និង​បាស៊ីហ្វិក​អ្នកស្រី​ Manuela V. Ferro បាន​វាយ​តម្លៃ​អំពី​ភាព​វិជ្ជមាន​នៃកិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩ និងបាន​លើក​ឡើង​ពីការ​ជ្រោម​ជ្រែង​ផ្សេងៗ​របស់​ធនាគារ​ពិភពលោក​មក​លើ​កម្ពុជា។

​អ្នកស្រី​ Ferro បានមាន​ប្រសាសន៍ក្នុង​ន័យ​ដើម​ថា៖ «កម្ពុជា​នៅ​មិន​ទាន់​រួច​ផុត​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​ជំងឺ​កូវីដ១៩ ទៅ​លើ​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ​ដែល​ពេល​នេះ​កំពុង​ជួប​នឹង​រឿង​មិន​សូវ​ល្អ​មួយ​ទៀត​ដោយសារ​ប្រេង​ឥន្ធនៈ និង​ស្បៀង​អាហារ​ឡើង​ថ្លៃ។ យ៉ាង​ណា​ក្តី អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់ និង​ការ​បើក​ប្រទេស​ឡើង​វិញ ជា​កត្តា​ធ្វើ​ឱ្យកម្ពុជា​មាន​ភាព​ប្រសើរ​មួយ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យបាន​រឹងមាំ​សាជាថ្មី»។

អ្នកស្រី​បានបន្ថែម​ថា៖ «ធនាគារ​ពិភពលោក​កំពុង​តែ​បន្ត​ជួយ​កម្ពុជា​លើ​ផ្នែក​សេវាកម្ម​អប់រំ​និង​សុខាភិបាល​ការ​កែទម្រង់​សេដ្ឋកិច្ច​ដើម្បី​បង្កើន​ការ​វិនិយោគ និង​ការ​បង្កើត​ការងារ​ថ្មីៗ​និង​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព»។

នៅ​ក្នុង​ជំនួប​របស់​អ្នកស្រី​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​រដ្ឋមន្រ្តី​មួយ​ចំនួន​ទៀត​អំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា​រវាង​ថ្ងៃ​ទី១៣ និង​១៧ មីនាកន្លង​ទៅ​នេះ អ្នកស្រី​ Ferro ក៏​បាន​កត់សម្គាល់​ថា កិច្ចខិតខំ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ជា​ឱកាស​ថ្មី​មួយ​ដើម្បី​គិត​ពិចារណា​ពី​គន្លង​ផ្លូវ​ថ្មី​ក្នុង​ការលើក​កម្ពស់កំណើនសេដ្ឋកិច្ច​តាមរយៈ​ការ​ធ្វើ​កំណែទម្រង់​ដែល​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​ផលិតភាព​របស់​ក្រុមហ៊ុន និង​របស់​កម្មករ​ដែល​នឹង​ជួយ​ដល់​ការ​វិនិយោគ និង​ការ​នាំចេញ។ ​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ធនាគារ​ពិភពលោក​កំពុង​ជួយ​ដល់​គម្រោង​អភិវឌ្ឍ​នានា​របស់​កម្ពុជា​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១,១ ពាន់លាន​ដុល្លារ​អាមេរិក។

ស្ត្រីម្នាក់ដើរតាមដងផ្លូវរថភ្លើង ខណៈពរកូននិងថង់ដាក់ទំនិញ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២។

វីអូអេ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក ​មាស សុខសេនសាន​ បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​សុក្រ​នេះ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក​ គី សេរីវឌ្ឍន៍​យល់​ថា​ការ​ជ្រោមជ្រែង​ពី​សំណាក់​ធនាគារ​ពិភពលោក​ជា​យុទ្ធសាស្រ្តទ្រទ្រង់​សេដ្ឋកិច្ច​រយៈពេល​វែង​សម្រាប់​កម្ពុជា​គ្រា​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ដាក់​កំហិត​លើ​លទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុង​ការពង្រឹង​និង​ពង្រីក​វិស័យ​អប់រំ​ដោយសារ​កញ្ចប់​ថវិកា​មាន​កម្រិត។

លោក​បាន​ថ្លែង​ថា៖ «ចំពោះ​បញ្ហា​ដែល​លោក​[ស្រី] អនុប្រធាន​ធនាគារ​[ពិភពលោក] បាន​ស្នើ​ឱ្យកម្ពុជា​ធ្វើ​ការ​កែទម្រង់​លើក​កម្ពស់​និង​ធ្វើ​ហិរញ្ញប្បទាន​បន្ថែម​ទៅ​លើ​វិស័យ​អប់រំ​នេះ​ពិត​ជា​យុទ្ធសាស្រ្ត​សម្រាប់​រយៈពេល​វែង​របស់​កម្ពុជា។ ហើយ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​គិត​គូរ​នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ហ្នឹង​ក៏​មាន​ក្នុង​ការ​កែទម្រង់ និង​ការ​ពង្រីក​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ប្រព័ន្ធ​អប់រំ​ដែរ ជា​ពិសេស​សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​វិស័យ​បឋម​សិក្សា ដែល​ជា​គ្រឹះ​នៃ​ការ​អប់រំ»។

ចំពោះ​មុខ​បញ្ហា​វិបត្តិ​កូវីដ១៩​និង​បញ្ហា​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ ដែល​ផ្តើម​ចេញ​ពី​វិបត្តិ​នៅ​អ៊ុយក្រែន​នា​ពេល​បច្ចុប្បន្ន​លោក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ប្រសិទ្ធភាព​នៅក្នុង​ការ​កៀរគរចំណូល​តាម​រយៈការ​បន្ត​លុប​បំបាត់​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​ប្រមូល​ចំណូល​រដ្ឋនិង​កាត់​បន្ថយ​អំពើ​ពុករលួយ​ក្នុង​វិស័យ​ពន្ធដារ​ក៏ដូច​ជាសកម្មភាព​គេចពន្ធ​ក្រោម​រូបភាព​ផ្សេងៗ។

រូបឯកសារ៖ កុមារកម្ពុជារង់ចាំនៅមុខមណ្ឌលសុខភាពសំរោងក្រោម ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។

បើ​តាម​លោក​ គី សេរីវឌ្ឍន៍ ​រដ្ឋាភិបាល​ក៏​គួរ​ពន្លឿន​គោល​នយោបាយ​ដែល​ជ្រោមជ្រែង​លើ​វិស័យ​ឧស្សាហកម្ម​ធុន​តូច និង​មធ្យម​ផង​ដែរ។

គួរបញ្ជាក់​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​ត្រូវ​បាន​ព្យាករ​ថា​កើន​ត្រឹម​២,២​ភាគ​រយ​ហើយ​ការ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ងើប​ឡើង​បន្ថែម​ទៀត​បាន​នោះ​គឺ​អាស្រ័យ​លើ​ការ​បង្កើន​ផលិតភាព​ពិពិធកម្ម​(ភាព​ចម្រុះ) និង​ការ​ដាក់​ទុន​វិនិយោគ​ក្នុងស្រុក។​នេះ​បើតាម​ការ​ប្រកាស​របស់​ធនាគារ​ពិភព​លោក​ដែល​បាន​ចេញផ្សាយ​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​ស្តីពី​សេដ្ឋកិច្ច​កម្ពុជា​កាល​ពី​ចុង​ខែ​មករា។​

ខណៈ​វិបត្តិ​នៃ​ការឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩​បាន​អូសបន្លាយ​ពេល​ជិត​ពីរ​ឆ្នាំ​មក​នេះ​វិស័យ​ធំៗ​មួយ​ចំនួនដូច​ជា​វិស័យ​ធុរកិច្ច និង​ទេសចរណ៍​បាន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង និងបាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​សេដ្ឋកិច្ច​នៅ​កម្ពុជា។

កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០២១​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​«ក្របខណ្ឌ​យុទ្ធសាស្ត្រ​និង​កម្មវិធី​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់​នៅ​ជាមួយ​កូវីដ១៩​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣»។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ដំណើរការ​សង្គម​សេដ្ឋកិច្ចទាំង​មូល​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ឆ្នាំ​២០២១ត​ទៅ​ក្រោយ​ពី​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់៕