នៅក្នុងផ្ទះនៃអាគារបុរាណមួយដែលបន្សល់ពីសម័យបារំាងក្នុងរាជធានីភ្នំពេញ គេឃើញមានផ្ទាំងគំនូរជាច្រើន ដែលជាប្រភេទគំនូរពណ៌ទឹក ត្រូវបានដាក់តាំងតាមជញ្ជាំងរំលេចនូវពណ៌ដ៏ស្រស់ស្អាត សម្រាប់អ្នកមកចូលរួមទស្សនា។ គំនូរពណ៌ទឹកទាំងនេះ ដែលជាផ្នែកនៃពិព័រណ៍គំនូរជាក្រុម «សុខដុមរមនា» ពុំមានការពេញនិយមប៉ុន្មានឡើយ ស្របពេលដែលចំនួនវិចិត្រករដែលចេះគូរគំនូរពណ៌ទឹក ក៏មិនមានច្រើនផងដែរ។ នេះបើតាមវិចិត្រករដែលវីអូអេបានសម្ភាស។
លោក អ៊ឹម ពិសី វិចិត្រករគំនូរដែលបានដាក់បង្ហាញស្នាដៃគំនូររបស់ខ្លួនក្នុងពិព័រណ៍នេះ ប្រាប់វីអូអេថា ការដាក់តាំងពិព័រណ៍គំនូរពណ៌ទឹកនៃក្រុមសិល្បករ Plein Air Cambodia គឺក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាឱ្យមានការស្វែងយល់ពីប្រភេទគំនូរពណ៌ទឹក។ លោកបន្តថា គំនូរពណ៌ទឹកនៅកម្ពុជាបច្ចុប្បន្នពុំមានអ្នកចាប់អារម្មណ៍ប៉ុន្មានឡើយ ហើយសិល្បករដែលចេះគូរគំនូរនេះក៏នៅមានតិចតួចផងដែរ។
បើតាមលោក អ៊ឹម ពិសី សិល្បករទាំងអស់បាននាំគ្នាចុះទៅគូរគំនូរផ្ទាល់នៅតាមទីតាំងនីមួយៗស្ទើរតែរៀងរាល់សបា្តហ៍។
លោកថ្លែងថា៖ «ការតាំងពិព័រណ៍គំនូរនៅផ្ទះចាស់ហ្នឹងក៏ជាការបំផុសគំនិតមួយដែរទៅដល់យុវជន ទៅដល់សង្គមចំពោះការផ្សព្វផ្សាយវិស័យទេសចរណ៍ វិស័យវប្បធម៌ផងដែរ ដោយសារក្នុងស្នាដៃទាំងអស់ហ្នឹងក៏មានផ្សារភ្ជាប់ទៅនឹងទីកន្លែង ផ្សារភ្ជាប់ទៅនឹងវប្បធម៌ផងដែរ។ ដូចរូបគំនូរមួយចំនួនគឺមានរូបពាក់ព័ន្ធនឹងតំបន់ទេសចរណ៍នានា មានប្រាសាទ មានតំបន់សមុទ្រ ទេសភាពស្រុកស្រែ មានកន្លែងប្រវត្តិសាស្ត្រនានា ហើយមួយទៀតក៏ផ្សារភា្ជប់នឹងវប្បធម៌ដូចជារបាំជាដើម»។
វិចិត្រករគំនូរវ័យ ៣២ ឆ្នាំរូបនេះ រៀបរាប់បន្ថែមថា លោកក៏ដូចជាវិចិត្រករដទៃទៀត ចំណាយពេលយ៉ាងហោចណាស់ ២ ម៉ោង ក្នុងការបញ្ចប់រូបគំនូរមួយផ្ទាំង។ លោកថា ការចុះគូរគំនូរផ្ទាល់នៅតាមទីតាំងបានអនុញ្ញាតឱ្យវិចិត្រករអាចផ្ចង់អារម្មណ៍ និងបង្កើតជាសាច់រឿងឆ្លុះបញ្ចាំងក្នុងរូបគំនូរទាំងនោះ។
ពិព័រណ៍គំនូរពណ៌ទឹក «សុខដុមរមនា» នៅសាលសិល្បៈផ្ទះចាស់នេះ ត្រូវបានចូលរួមពីសិល្បករចំនួន ៧ រូប ដែលពួកគេទាំងនោះជាសិល្បករក្នុងក្រុមមួយហៅថា Plein Air Cambodia និងបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ ២០១៩ ជាមួយនឹងការចុះគូរគំនូរផ្ទាល់នៅទីតាំងជាក់ស្តែងទាំងក្នុងទីក្រុង និងបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ ហើយនេះជាលើកទី ២ នៃការដាក់បង្ហាញគំនូរពណ៌ទឹក បន្ទាប់ពីពិព័រណ៍លើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០២៣។
ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងបង្ហាញស្នាដៃផ្ទាំងគំនូរចំនួន ៤២ ផ្ទាំងរបស់វិចិត្រករនីមួយៗដែលមានពណ៌ចម្រុះគ្នា ក្នុងការបង្កើតបានជាសោភ័ណភាពផ្ទាំងគំនូរពោរពេញទៅដោយរសជាតិ និងអត្ថន័យនៃសិល្បៈយ៉ាងសម្បូរ បែប។ ពិព័រណ៍គំនូរពណ៌ទឹកនេះក៏ជាផ្នែកមួយក្នុងការជំរុញ និងផ្សព្វផ្សាយពីទីកន្លែងនានានៃតំបន់ទេសចរណ៍ និងវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ។
លោក ម៉ៃ សាក់ អាយុ ៣៦ ឆ្នាំ វិចិត្រករម្នាក់ទៀតប្រាប់វីអូអេថា លោកមានឧបនិស្ស័យជាមួយគំនូរតាំងពីវ័យក្មេង។ លោកថា ការតាំងពិព័រណ៌គំនូរនេះគឺជាការបើកទំព័រមួយថ្មីសម្រាប់លោក និងសមាជិកក្រុមក្នុងអាជីពជាវិចិត្រករគំនូរ។
លោក ម៉ៃ សាក់ ថ្លែងថា៖ «ពួកយើងបានចងក្រងក្រុមគ្នាអស់មួយរយៈធំមកហើយ ដល់ចឹងទៅពួកយើងចង់បង្កើតស្នាដៃមួយជុំគ្នា ដាក់បង្ហាញជុំគ្នា ដូចជាបើកទំព័រថ្មីសម្រាប់ក្រុមពួកយើង»។
លោក ម៉ៃ សាក់ មើលឃើញថា ទីផ្សារគំនូរនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈប្រសើរឡើងបន្តិច ពីព្រោះមនុស្សចាប់ផ្តើមស្គាល់ និងឱ្យតម្លៃលើគំនូរជាងមុន។
លោកថ្លែងថា៖ «បងមានអារម្មណ៍ថា មនុស្សចាប់ផ្តើមទទួលយកអ្វីជាថ្មីៗ ដូច្នេះសិល្បករគាត់មានសេរីភាពក្នុងការបញ្ចេញគំនិត ឬទស្សនៈរបស់គាត់។ ក្នុងគំនូរគេអាចទទួលស្គាល់ច្រើន សូម្បីតែយុវជនអីក៏ចាប់អារម្មណ៍ច្រើនដែរ»។
សហគមន៍ផ្ទះចាស់មានវិចិត្រសាលមួយដើម្បីធ្វើការជាមួយនឹងសិល្បករនិងវិចិត្រករនានានៅក្នុងប្រទេសកម្ពុជា រួមទាំងសិល្បករបរទេសផងដែរ។ លោក ហែម ច័ន្ទសុភ័ក្រ្ត ស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃសហគមន៍ផ្ទះចាស់ បានឱ្យដឹងថា ការដាក់តាំងពិព័រណ៍គំនូរពណ៌ទឹក «សុខដុមរមនា» នេះ បានចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីបច្ចេកទេសនៃការគូរគំនូរប្រភេទទឹកនៅកម្ពុជា។
លោកថ្លែងថា៖ «ដោយសារតែសិល្បករ និងបងផ្ទាល់គិតថា បច្ចេកទេសគំនូរពណ៌ទឹកនេះមិនមែនជាបច្ចេកទេសមួយដែលពេញនិយមនៅប្រទេសយើងទេ។ មួយវិញទៀតក៏ពុំសូវមានសកម្មភាពផ្សេងៗដែលគំនូរពណ៌ទឹកនេះដាក់បង្ហាញជាសាធារណៈដែរ អ៊ីចឹងធ្វើឱ្យចំនួនសិល្បករ ក៏ដូចជាចំនួនសិល្បករគំនូរពណ៌ទឹកក៏អត់សូវមានចំនួនច្រើនទៀត អ៊ីចឹងយើងគិតថា វាជាផ្នែកមួយពីបច្ចេកទេសគំនូរពណ៌ទឹកនេះឱ្យបានទូលំទូលាយដែរ»។
លោក ហែម ច័ន្ទសុភ័ក្រ្ត បន្តថា ពិពណ៌គំនូរពណ៌ទឹក ដែលកំពុងដាក់បង្ហាញនេះ នឹងធ្វើឱ្យអ្នកមកទស្សនាអាចស្វែងយល់បន្ថែមទៀតពីសិល្បៈ និងទេពកោសល្យរបស់សិល្បករខ្មែរ ជាពិសេសបច្ចេកទេសជំនាញគំនូរពណ៌ទឹក ដើម្បីគូរចេញឡើងជាគំនូរដែលអាចជាចំណែកក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងវប្បធម៌នានារបស់កម្ពុជា។
លោករៀបរាប់ថា៖ «ដូចយើងឃើញស្នាដៃហ្នឹងមានតាំងពីសារមន្ទីរជាតិ តាំងពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានតាំងពីតំបន់ទេសចរណ៍ដូចជាប្រាសាទកំពង់ក្តី រូបសំណាកសេះសមុទ្រដែលទើបតែសង់ហើយនៅខេត្តកំពត»។
វិចិត្រករដែលវីអូអេបានសម្ភាសលើកឡើងថា ពួកគេបានខិតខំបន្តការងារគំនូរនេះដោយកើតចេញពីក្តីស្រឡាញ់ និងឆន្ទៈមោះមុត ហើយពួកគេសង្ឃឹមថា ការតាំងបង្ហាញស្នាដៃគំនូរទាំងនេះក៏រួមចំណែក និងបំផុសគំនិតដល់យុវជនជំនាន់ក្រោយឱ្យស្រឡាញ់សិល្បៈគំនូរពណ៌ទឹកនេះ ពីព្រោះគំនូរបានជួយធ្វើឱ្យផ្លូវចិត្តរបស់មនុស្សមានសេចក្តីស្ងប់ និងរីករាយក្នុងពិភពដែលខ្លួនស្រមៃ។
លោក អ៊ឹម ពិសី ថ្លែងថា៖ «ភាគច្រើន ពួកខ្ញុំមានសកម្មភាពផ្តោតទៅលើការផ្សព្វផ្សាយគំនូរពណ៌ទឹកហ្នឹង ហើយផ្សារភា្ជប់ទៅនឹងប្រទេសកម្ពុជាយើង ដោយសារយើងគិតថា វិស័យគំនូរ វាជាវិស័យមួយដែលយើងត្រូវផ្សព្វផ្សាយឱ្យកូនខ្មែរបានស្គាល់កាន់តែមានភាពទូលំទូលាយ ហើយពួកគាត់មានការចាប់អារម្មណ៍ ដូចជាអាណាព្យាបាលជាដើមគាត់អាចស្វែងយល់អំពីគំនូរពណ៌ទឹក។ គាត់អាចបំផុសគំនិតទៅដល់កូនឱ្យមកសិក្សាជាដើម»។
វិចិត្រករនៃពិព័រណ៍នេះ ដែលដាក់តាំងជាសាធារណៈពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក៏សង្ឃឹមថា នឹងមានអ្នកមកទស្សនាការដាក់តាំងគំនូរពណ៌ទឹកច្រើន ហើយនាពេលអនាគត សិល្បៈគំនូរពណ៌ទឹកនេះនឹងទទួលបានការចាប់អារម្មណ៍ និងផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត៕