រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បានព្រមានអំពីគ្រោះមហន្តរាយទឹកជំនន់ ដែលនឹងអាចមានឡើងដោយសារតែការចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានា។
ក្នុងលិខិតក្រសួងធនធានទឹកចុះថ្ងៃ៨ ខែឧសភា លោក លឹម គានហោ ជំរុញឲ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តទាំងអស់ជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។ លោកបញ្ជាក់ថា ស្របពេលដែលសេដ្ឋកិច្ចរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនសាងសង់គួរឲ្យកត់សម្គាល់។
លោករដ្ឋមន្ត្រីព្រមានថា៖ «ផ្តើមចេញពីសកម្មភាពខាងលើនេះ ក្រសួងធនធានទឹកនិងឧតុនិយមមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាដែលអាចកើតឡើងដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារ ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភ ចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងលោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញទេនៅថ្ងៃច័ន្ទនេះ។
លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ប្រាប់VOAនៅថ្ងៃច័ន្ទនេះថា សាលាខេត្តបានទទួលលិខិតរបស់រដ្ឋមន្រ្តីក្រសួងធនធានទឹក ប៉ុន្តែចំពោះវិធានការថានឹងធ្វើយ៉ាងណានោះគឺអាស្រ័យលើការសម្រេចចិត្តរបស់អភិបាលខេត្ត។
«ខ្ញុំអត់ទាន់ដឹង។ អាហ្នឹងគឺទាល់តែឯកសារចូលដល់អភិបាលខេត្តសិន...ព្រោះលិខិតនេះគ្រាន់តែបានទទួលយើងបញ្ជូនទៅអភិបាលខេត្ត»។
នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតដែលធ្លាប់ចេញផ្សាយរបាយការណ៍នៃការលុបបឹងនៅភ្នំពេញលោក សឿង សារ៉ន ប្រាប់VOAនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលទំនងជាដឹងការកើនឡើងនៃសកម្មភាពចាក់ដីលុបទីតាំងដែលអាចស្តុកទឹកភ្លៀង ឬផ្លូវទឹកនានា ដើម្បីបញ្ចៀសការជន់លិច ទើបមានលិខិតពីក្រសួងធនធានទឹកបែបនេះ។
លោកបន្ថែមថា ក្រសួងធនធានទឹកគួរតែមានវិធានការសកម្មភាពជាក់លាក់ ដើម្បីបញ្ឈប់ឲ្យបានរាល់ទម្រង់នានានៃការចាក់ដីលុបបឹងបួ ឬទីតាំងផ្លូវទឹកផ្សេងទៀត។ លោកថា បើពុំមានវិធានការសកម្មភាពច្បាស់លាស់ទេ នោះសកម្មភាពនៃការចាក់ដីលុបបឹង អូរប្រឡាយ ព្រែក ឬក៏សមុទ្រផងនោះ នឹងបន្តកើតមានដដែល។
«ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹកហ្នឹង លោកគួរតែមានយន្តការឲ្យបានច្បាស់លាស់ក្នុងការត្រួតពិនិត្យ ទាក់ទងនឹងការអនុវត្តរបស់មន្ត្រីដែលពាក់ព័ន្ធជាពិសេសអភិបាលខេត្តរាជធានីហ្នឹង ដើម្បីមើលថាតើគាត់បន្តលុបទៀតឬក៏យ៉ាងម៉េច?ហើយបើសិនបើបន្តឲ្យមានការលុបដោយគ្មានច្បាប់តើគួរពួកគាត់ត្រូវប្រឈមនៅមុខច្បាប់អ្វីខ្លះជាធរមានដើម្បីទទួលខុសត្រូវទៅទង្វើរបស់គាត់»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះចង់ឃើញរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើការបញ្ឈប់មិនឲ្យមានតែម្តង នូវការចាក់ដីលុបបឹងជើងឯកនិងបឹងទំពុន។
«បឹងដូចជាបឹងជើងឯកមានទំហំធំ ខ្ញុំអត់ច្បាស់ទេ ដូចជារាប់ពាន់ហិកតាដែរ។ វាមានតួនាទីសំខាន់ ក្នុងការរំដោះទឹកស្អុយពីរាជធានីភ្នំពេញ។អ៊ីចឹង បឹងទំពុន ឬក៏បឹងជើងឯកនេះ គួរតែយើង មិនគួរបន្តលុបទៀតទេ។ មិនគួរបន្តលុបទៀតទេ ព្រោះវាមានតួនាទីសំខាន់ណាស់ក្នុងការរំដោះទឹកស្អុយ ឬក៏ទឹកជំនន់ទឹកភ្លៀងពីរាជធានីភ្នំពេញហ្នឹង»។
ចំណែកកញ្ញា ឡុង គន្ធា សកម្មជនការពារបរិស្ថានរបស់ចលនាមាតាធម្មជាតិមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវចាត់វិធានការប្រឆាំងនឹងអ្នកមានអំណាចដែលពាក់ព័ន្ធនឹងការលុបបឹង។
«ធម្មតានៅមូលដ្ឋាន គាត់ដឹងហើយថា នរណាចាក់លុបបឹង [មិន]ដែលថា គាត់មិនដឹង។ អ៊ីចឹងគួរតែរាយការណ៍ និងធ្វើការឃ្លាំមើល ហើយអនុវត្តច្បាប់មិនថា អ្នកហ្នឹង គឺជាអ្នកណា អ្នកធំ ប៉ុណ្ណា មានខ្នងបង្អែក ប៉ុណ្ណាទេ ត្រូវតែអនុវត្តច្បាប់ឲ្យបានស្មើគ្នាជាមួយនឹងប្រជាពលរដ្ឋធម្មតាដែរ។ ដូចយើង ធ្លាប់ឃើញប្រជាពលរដ្ឋធម្មតា ត្រូវបានអាជ្ញាធរដេញ ដោយសារតែគាត់ថា ប្រជាពលរដ្ឋគាត់បានរំលោភយកដី យកទ្រព្យសម្បតិ្តសាធារណៈ។ អ៊ីចឹងពួកអ្នកដែលចាក់លុបផ្សេងៗទៀត ដែលគាត់មានលុយឬក៏គាត់មានខ្នងបង្អែកហ្នឹងក៏ដូចគ្នាដែរ ត្រូវតែអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា»។
កញ្ញាបន្ថែមថា មិនគួរមានការចាក់លុបបឹងតាមោក ដែលកញ្ញាថាអាចនាំឲ្យជន់លិចទីក្រុងភ្នំពេញ និងប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។
«មួយទៀត ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង គឺពួកគាត់អាស្រ័យផល ដោយការទាញយកផលពីបឹងហ្នឹង។ បើសិនជាលុបបឹង អ៊ីចឹងប្រជាពលរដ្ឋគាត់នឹងបាត់បង់[ទាំង]ទីលំនៅ ទាំងមុខរបររបស់គាត់»។
របាយការណ៍របស់សមាគមធាងត្នោតដែលមានចំណងជើងថា«បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» ដែលបានចេញផ្សាយកាលពីចុងឆ្នាំ២០១៩ បានឲ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩០មកក្នុងចំណោមបឹងចំនួន២៦ក្នុងរាជធានីភ្នំពេញមានបឹងចំនួន១៦ គឺស្មើនឹង៦០ភាគរយនៃផ្ទៃដីបឹងទាំងអស់ ត្រូវបានចាក់ដីលុបបំពេញ និងបឹងចំនួន១០ទៀត ត្រូវបានចាក់ដីលុបខ្លះៗរួចហើយ។មូលហេតុចម្បងនៃការលុបបឹងនោះគឺ«បណ្ដាលមកពីការសាងសង់បុរី តំបន់លំនៅដ្ឋាននិងទីក្រុងរណប»។
របាយការណ៍ដែលមានកម្រាស់ជាង៣០ទំព័របានពណ៌នាថា បឹងទំពុន១និង២និងបឹងជើងឯកត្រូវបានលុបដោយផ្នែកនិងកំពុងលុបផងដែរ។ ចំណែកបឹងតាមោក ឬបឹងកប់ស្រូវ ក៏ត្រូវបានលុបខ្លះៗដែរ ហើយមិនមានផែនការច្បាស់លាស់នោះទេ។
សមាគមធាងត្នោតបន្ថែមថា៖ «បឹងតាមោក គឺជាអ្នកការពារទឹកជំនន់ ទប់ទល់នឹងលំហូរទឹកមកពីភាគខាងជើង។ ទំនប់បឹងតាមោកជួយបង្វែរលំហូរទឹកពីភាគខាងជើងឲ្យទៅភាគខាងកើតវិញឬរក្សាផ្ទុកទឹកទំហំធំ។ ទំនប់ដែលលាតសន្ធឹងពីកើតទៅលិចតាមបណ្តោយភាគខាងត្បូងនៃបឹងនេះបង្ការទឹកជំនន់មកពីខាងជើងបានយ៉ាងមានប្រសិទ្ធភាព ដោយមិនឲ្យទឹកហូរចូលមកទីក្រុង ហើយជន់លិចមួយផ្នែកធំនៃទីក្រុង»៕