គណៈប្រតិភូមួយមកពីក្រុមការងារខាងហិរញ្ញវត្ថុ ឬ (FAFT) ដែលជាអង្គការឃ្លាំមើលការផ្គត់ផ្គង់ហិរញ្ញវត្ថុនិងការលាងលុយកខ្វក់របស់ក្រុមភេរវកម្ម បានសម្តែងនូវការមិនពេញចិត្តអំពីអ្វីដែលខ្លួនបានហៅថា ជាវិធានការមិនត្រឹមត្រូវដែលប្រទេសប៉ាគីស្ថានបានធ្វើដើម្បីទប់ស្កាត់ការផ្គត់ផ្គង់ហិរញ្ញវត្ថុទៅឲ្យពួកភេរវកម្មនិងការកែប្រែច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់។
គណៈប្រតិភូរបស់ក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានសមាជិក៩នាក់ ឬ (APG) ដែលជាអង្គភាពមួយរបស់អង្គការ FATF ដែលមើលខុសត្រូវប្រទេសនានានៅទ្វីបអាស៊ី បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនរយៈពេល១២ថ្ងៃនៅប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីជួបពួកមន្រ្តីមកពីក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសនិងធនាគារកណ្តាលរបស់ប៉ាគីស្ថានដើម្បីវាយតម្លៃលើការជឿនលឿនរបស់ប៉ាគីស្ថាននិងការអនុវត្តអនុសាសន៍របស់អង្គភាព FAFT។
នៅក្នុងរបាយការណ៍របស់ខ្លួនដែលបានដាក់ជូនពួកអាជ្ញាធរប៉ាគីស្ថានកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមAPG បានចង្អុលដល់បញ្ហានានានៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសនោះហើយបានជំរុញឲ្យប៉ាគីស្ថានដោះស្រាយភាពមិនគ្រប់គ្រាន់នៅក្នុងការត្រួតពិនិត្យអង្គការមិនយកកម្រៃនិងសប្បុរសធម៌។
ការរកឃើញកាលពីពេលថ្មីៗនេះរបស់ក្រុម APG ក៏នឹងត្រូវបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការ ATFផងដែរ ដែលនឹងវាយតម្លៃការជឿនលឿនរបស់ប៉ាគីស្ថានហើយនឹងសម្រេចថាតើប្រទេសនេះ គួរតែស្ថិតនៅក្នុងបញ្ជីប្រផេះរបស់អង្គការ FAFT ឬត្រូវគេដកចេញនៅឆ្នាំក្រោយបន្ទាប់ពីប៉ាគីស្ថានបានចាត់វិធានការដើម្បីដោះ ស្រាយការព្រួយកង្វល់របស់អង្គការឃ្លាំមើលសាកលលោកនោះ។
ប៉ាគីស្ថានបានត្រូវគេដាក់ចូលក្នុងបញ្ជីប្រផេះរបស់អង្គការ FATF កាលពីខែមិថុនាលើបទចោទប្រកាន់ថា ប្រទេសនោះខកខានមិនបានអនុវត្តទៅតាមគោលការណ៍ណែនាំរបស់អង្គការឃ្លាំមើលសាកលលោកដើម្បីបង្ក្រាបលើការផ្តល់ហិរញ្ញវត្ថុដល់ពួកភេរវកម្ម។
កាលពីលើកមុន រដ្ឋាភិបាលក្រុងអ៊ីស្លាមម៉ាបាត បានត្រូវគេដាក់ក្នុងបញ្ជីប្រផេះនៅឆ្នាំ១០១២ និងបន្តរហូតដល់ឆ្នាំ២០១៥។
ផលប៉ះពាល់ទៅលើសេដ្ឋកិច្ច
សេដ្ឋវិទូខ្លះក្នុងប្រទេសប៉ាគីស្ថានភ័យខ្លាចថា ការបន្តភាពបរាជ័យរបស់ប្រទេសនោះនៅក្នុងការបំពេញតម្រូវការរបស់អង្គការ FAFT អាចមានន័យថា ប្រទេសនេះប្រឈមភាពគ្រោះថ្នាក់ដែលត្រូវគេដកចេញពីបញ្ជីប្រផេះដាក់ចូលក្នុងបញ្ជីខ្មៅ។
ពួកសេដ្ឋវិទូក៏ភ័យខ្លាចដែរថា ចំណាត់ការបែបនេះនឹងធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចដ៏ទ្រត់ទ្រោមរួចទៅហើយរបស់ប៉ាគីស្ថានដែលកំពុងប្រឈមនឹងវិបត្តិបំណុលនោះ។
លោក Muhammad Zubair Habib សេដ្ឋវិទូដែលមានទីតាំងនៅក្នុងទីក្រុងការ៉ាជី បានប្រាប់ VOA ថា៖
«សេដ្ឋកិច្ចរបស់ប៉ាគីស្ថាននៅពេលឥឡូវនេះ គឺស្ថិតនៅក្នុងស្ថានភាពប្រេះស្រាំ។ប៉ាគីស្ថានកំពុងស្វះស្វែងរកការជួយឧបត្ថម្ភពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ហើយកំពុងប្រឹងប្រែងដើម្បីខ្លួនអាចចេញពីបញ្ជីប្រផេះនេះ។ប្រសិនបើ ប៉ាគី ស្ថាននៅតែមិនបានទទួលជោគជ័យនៅក្នុងការបំពេញចិត្តក្រុម APG នោះទេ អាចនឹងមានផលវិបាក ហើយនឹងមានឱកាសថា ប្រទេសនេះ អាចត្រូវគេដាក់នៅក្នុងបញ្ជីខ្មៅ»។
នៅដើមខែនេះ ប៉ាគីស្ថានបានស្វះស្វែងរកជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុមកពីមូលនិធិ រូបីយវត្ថុអន្តរជាតិ(IMF) ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចខ្លះរបស់ខ្លួន។
ប្រព័ន្ធធនាគារ
លោក Ayub Mehar សេដ្ឋវិទូម្នាក់ទៀតរបស់ប៉ាគីស្ថាន បានប្រាប់ VOA ថា លោកជឿ ជាក់ថា បញ្ហាពិតប្រាកដស្ថិតនៅក្នុងផ្នែកធនាគាររបស់ប៉ាគីស្ថាននិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់របស់ប្រទេសនោះដែលគេបានដឹងថា មានភាពចន្លោះប្រហោងដែលអនុញ្ញាតិឲ្យក្រុមជនសកម្មប្រយុទ្ធអាចលាងលុយកខ្វក់បាន។
ច្បាប់ដែលមានស្រាប់
ពួកអ្នកវិភាគខ្លះដូចជាលោក Waqar Masood ដែលកាលពីពេលមុនបានបម្រើជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប៉ាគីស្ថានជឿថា បញ្ហាគឺមិនមែនការខ្វះច្បាប់ថ្មីទេ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ត្រូវអនុវត្តច្បាប់ដែលមានស្រាប់។
វិធានការថ្មីៗ
រយៈពេលមួយឆ្នាំកន្លងមកនេះ ប៉ាគីស្ថានបានអនុម័តច្បាប់ថ្មីដើម្បីប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់និងការផ្តល់ហិរញ្ញវត្ថុដល់ពួកភេរវជននៅក្នុងការខំប្រឹងប្រែងដើម្បីបង្ហាញថា រដ្ឋាភិបាលក្រុងអ៊ីស្លាមម៉ាបាតកំពុងយកចិត្តទុកដាក់ចំពោះការព្រួយកង្វល់របស់អង្គការ FAFT។
ប្រព័ន្ធបញ្ជូនថវិកាក្រៅផ្លូវការ
ការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ពួកភេរវជននៅតែជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងប្រទេសប៉ាគីស្ថាន។ មានការចោទប្រកាន់ថា ក្រុមភេរវជនបន្តប្រមូលប្រាក់យ៉ាងច្រើនដោយការប្រើឈ្មោះសាសនា និងសុខុមាលភាពសម្រាប់ជនក្រីក្រ។
ក្រុមជនសកម្មប្រយុទ្ធក៏បានប្រើថវិកាបរទេស ការជួញដូរថ្នាំញៀន ការគំរាមកំហែងយកប្រាក់ពីពាណិជ្ជករនិងការចាប់ជម្រិតយកប្រាក់ដែលជាមធ្យោបាយដើម្បីរកប្រាក់ផងដែរ។
ក្រុមភេរវកម្មក៏ពឹងផ្អែកលើប្រព័ន្ធ Hawala ផងដែរ ដែលជាប្រព័ន្ធធនាគារមួយទៀតដើម្បីលាងលុយកខ្វក់របស់ពួកគេដែលអ្នកវិភាគខ្លួននិយាយថាមិនត្រូវបានពិនិត្យពិច្ច័យដោយពួកអាជ្ញាធរនោះទេ។
លោក Mehar ជាសេដ្ឋវិទូប៉ាគីស្ថានបាននិយាយថា «ជាការពិបាកណាស់ ប៉ាគីស្ថានបានចាប់ផ្តើមធ្វើកំណែទម្រង់ដ៏សំខាន់ក្នុងប្រព័ន្ធធនាគាររបស់ខ្លួនជាង៣-៤ឆ្នាំកន្លងមកនេះ។បញ្ហាគឺមិនមែនប្រព័ន្ធធនាគារទេ ក៏ប៉ុន្តែ គឺបណ្តាញផ្គត់ផ្គង់ប្រាក់ក្រៅផ្លូវការផ្សេងទៀតដែលក្រុមភេរវកម្មបន្តប្រើប្រាស់យ៉ាងស្រួល»៕
ប្រែសម្រួលដោយជឹង ប៉ូជីន
អ្នកយកព័ត៌មានរបស់ VOA Nafisa Hoodhboy និង Sarah Hassan រាយការណ៍បន្ថែម។