ស្របពេលជាមួយគ្នានេះដែរ ក្រុមរបស់លោកប្រធានាធិបតី Donald Trump នៅតែបន្តដោះស្រាយបញ្ហាដែលកើតចេញមកពីសារអ៊ីម៉ែលមួយចំនួន ដែលបង្ហាញថា កូនប្រុសរបស់លោក Trump ចង់ឲ្យរុស្ស៊ីផ្ដល់នូវវិធីទប់ទល់នឹងលោកស្រី Hillary Clinton នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
សារបង្ហោះតាមប្រព័ន្ធ Twitter កាលពីពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថាបានបំភ្លៃអត្ថន័យពិតប្រាកដរបស់លទ្ធិប្រជាធិបតេយ្យ និងបានបកស្រាយដោយមិនសមហេតុផលចំពោះលោក Donald Trump Jr. ដែលជាកូនប្រុសរបស់លោក។
លោកប្រធានាធិបតី Trump បាននិយាយថា៖ «កូនប្រុសរបស់ខ្ញុំគឺជាបុរសវ័យក្មេងដ៏អស្ចារ្យម្នាក់។ លោកបានជួបជាមួយនឹងមេធាវីជនជាតិរុស្ស៊ីមួយរូប មិនមែនមេធាវីរបស់រដ្ឋាភិបាលរុស្ស៊ីនោះទេ»។
ប៉ុន្តែ ឥឡូវនេះ គេបានដឹងថា អ្នកបញ្ចុះបញ្ចូលគោលនយោបាយអាមេរិកាំងដើមកំណើតរុស្ស៊ីម្នាក់ ដែលអាចមានការពាក់ព័ន្ធជាមួយនឹងព័ត៌មានសម្ងាត់របស់រុស្ស៊ី បានចូលរួមនៅក្នុងកិច្ចប្រជុំកាលពីខែមិថុនា ឆ្នាំ ២០១៦ ហើយការលើកឡើងខុសៗគ្នារបស់លោក Trump Jr. បានបង្កឲ្យមានការពិនិត្យពិច្ច័យ។
លោក Adam Schiff សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយនៅក្នុងកម្មវិធីសប្ដាហ៍នេះរបស់ទូរទស្សន៍ ABC ថា៖ «ដំបូង លោក Trump Jr. បាននិយាយថា មិនមានជំនួបដូចនេះធ្លាប់កើតមានឡើងនោះទេ ហើយបន្ទាប់មក លោកបាននិយាយថា ជំនួបនេះគឺជាជំនួបអំពីការសុំកូនចិញ្ចឹម ហើយក្រោយមកទៀត លោកបានទទួលស្គាល់ថា ជំនួបនោះគឺជាជំនួបអំពីការទទួលបានព័ត៌មានអំពីលោកស្រី Hillary Clinton ហើយបន្ទាប់ពីនោះមក លោកមិនបានបញ្ជាក់អំពីនរណាខ្លះដែលចូលរួមនៅក្នុងការប្រជុំនោះទេ។ ដូច្នេះ យើងមិនអាចទទួលយកបានទេចំពោះអ្វីដែលលោក Trump Jr. បាននិយាយ។ ហើយជាការណ៍ពិតណាស់ យើងក៏មិនអាចទទួលយកបានភាគច្រើននូវអ្វីដែលលោកប្រធានាធិបតីបាននិយាយអំពីបញ្ហានេះផងដែរ»។
លោក Jay Seculow មេធាវីរបស់លោកប្រធានាធិបតី Trump បានបញ្ជាក់នៅក្នុងកម្មវិធីសប្ដាហ៍នេះរបស់ទូរទស្សន៍ ABC ថា៖ «លោក Donald Trump Jr. ផ្ទាល់ បាននិយាយថា រឿងរ៉ាវទាំងនេះគួរតែធ្វើឡើងផ្សេងពីនេះ។ បន្ទាប់ពីបាននិយាយដូច្នេះមក យើងឃើញថា គ្មានអ្វីមួយដែលរំលោភច្បាប់នោះទេ»។
ក្រុមមេធាវីរបស់លោក Trump បានទទូចថា លោកប្រធានាធិបតី Trump មិនបានដឹងអំពីជំនួបរបស់កូនប្រុសលោកនោះទេ។
លោក Trump Jr. ត្រូវបានគេអញ្ជើញឲ្យផ្ដល់សក្ខីកម្មនៅពីមុខគណៈកម្មាធិការប្រព័ន្ធយុត្តិធម៌របស់ព្រឹទ្ធសភា នៅដើមសប្ដាហ៍នេះ។
លោក Donald Trump Jr. បានបញ្ជាក់ប្រាប់ទូរទស្សន៍ Fox News ថា៖ «ខ្ញុំមានក្ដីរីករាយបំផុតក្នុងការធ្វើឲ្យមានតម្លាភាពចំពោះរឿងនេះ ហើយខ្ញុំមានក្ដីរីករាយបំផុតក្នុងការសហការជាមួយអ្នកដទៃទៀត»។
ស្របពេលនោះដែរ ការបោះឆ្នោតលើគម្រោងធានារ៉ាប់រងសុខភាពរបស់គណបក្សសាធារណរដ្ឋ ត្រូវបានពន្យារពេលម្ដងទៀត ដោយសារតែសមាជិកព្រឹទ្ធសភាលោក John McCain ទើបតែបានជះសះស្បើយពីការវះកាត់ដែលមិនមានការគ្រោងទុកមួយ។ គណបក្សសាធារណរដ្ឋត្រូវការការគាំទ្រភាគច្រើនដែលអាចទៅរួច ដោយសារតែគណបក្សប្រជាធិបតេយ្យបានរួមគ្នាប្រឆាំងនឹងគម្រោងនេះ ហើយសមាជិកពីររូបនៃគណបក្សសាធារណរដ្ឋបានបញ្ជាក់រួចរាល់ហើយថា នឹងមិនគាំទ្រចំពោះរឿងនេះទេ។
លោកស្រី Susan Collins សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា៖ «ច្បាប់ធានារ៉ាប់រងសុខភាពរបស់គណបក្សសាធារណរដ្ឋ អាចក្លាយជាគម្រោងធានារ៉ាប់រងសុខភាពមួយ ដែលស្ទើរតែមិនមែនជាការធានារ៉ាប់រងសុខភាពទាល់តែសោះ។ ច្បាប់នេះបណ្ដាលឲ្យមានការកើនឡើងនូវថ្លៃបង់ធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលងាយរងគ្រោះមួយចំនួន ដែលក្នុងនោះមានទាំងអ្នកដែលមានរោគសញ្ញាជំងឺដែលធ្លាប់មានពីមុនមក»។
ប៉ុន្តែ សេតវិមានបានបញ្ជាក់ថា វានឹងមិនក្លាយទៅជាដូច្នោះនោះទេ។
លោកប្រធានាធិបតី Donald Trump បាននិយាយថា៖ «នៅទីបំផុត យើងនឹងមានគម្រោងធានារ៉ាប់រងសុខភាពដ៏ប្រសើរមួយ ដែលមានតម្លៃទាបជាងមុន»។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនតូចដែលនៅមិនទាន់សម្រេចចិត្ត អាចប្រកាសអំពីការគាំទ្ររបស់ពួកគេចំពោះគម្រោងនេះនៅក្នុងសប្ដាហ៍នេះ នៅពេលដែលការិយាល័យថវិការបស់សភាផ្សព្វផ្សាយអំពីការប៉ាន់ប្រមាណទុកជាមុនចំពោះផលប៉ះពាល់របស់គម្រោងធានារ៉ាប់រងសុខភាពដែលមានការកែប្រែជាថ្មីនេះ ទៅលើទំហំនៃការធានារ៉ាប់រង និងលទ្ធភាពនៃការចំណាយបានរបស់ប្រជាពលរដ្ឋ៕
ប្រែសម្រួលដោយ ភី សុភាដា