អ្នកវិភាគមួយចំនួនជឿជាក់ថា យោធាតៃវ៉ាន់ កំពុងបង្កើនការហ្វឹកហ្វឺនកងទ័ពរបស់ខ្លួននិងបានបន្ថែមគ្រឿងសព្វាវុធការពារនៅលើកោះធម្មជាតិដ៏ធំបំផុតមួយដែលកំពុងមានជម្លោះជាមួយចិនដីគោកក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រុងជើងការក្នុងករណីដែលមានការវាយប្រហារជាមុនពីកងកម្លាំងរដ្ឋាភិបាលក្រុងប៉េកាំង។
រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បានប្រាប់សភាតៃវ៉ាន់កាលពីថ្ងៃទី១៧ ខែមីនាថាប្រទេសចិនដីគោកមានលទ្ធភាពក្នុងការវាយប្រហារហើយថាលោកចង់ឲ្យកោះTaiping (តៃពីង)ត្រូវប្រុងជើងការគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់តៃវ៉ាន់។
លោកChiu Kuo-chengបានបន្តថា៖ «នេះជាសញ្ញាដ៏ច្បាស់មួយដែលថាកោះតៃវ៉ាន់ មានការបារម្ភពីមហិច្ឆតា សេចក្តីថ្លែងការណ៍ និងសកម្មភាពរបស់ចិនដីគោក ដោយបញ្ជាក់ថា ក្រុងប៉េកាំងមានបំណងនឹងដណ្តើមត្រួតត្រាកោះតៃពីងមួយនេះដោយពិតប្រាកដ»។
ប្រទេសចិនបានធ្វើឲ្យកោះតៃវ៉ាន់ប្រកាសអាសន្នតាំងពីពាក់កណ្តាលឆ្នាំ២០២០មកជុំវិញរឿងនេះ ដោយចិនបានបញ្ជូនយន្តហោះចម្បាំងជារៀងរាល់ថ្ងៃ ទៅជិតតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ កាលពីថ្ងៃសុក្រកន្លងទៅ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រទះឃើញយន្តហោះចម្បាំងចិន២០គ្រឿងដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុន បានហោះនៅលើតំបន់កោះនោះ។ ប្រទេសចិន បានបន្ថែមសាងសង់រោងផ្ទុកយន្តហោះនិងប្រព័ន្ធរ៉ាដា នៅលើកោះទាំង៧ដែលខ្លួនកាន់កាប់ក្នុងតំបន់កោះSpratly ក្នុងរយៈពេល១ទសវត្សរ៍កន្លងទៅ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលក់អាវុធទំនើបៗទៅឲ្យកោះតៃវ៉ាន់និងប្រកាន់យកជម្រើសការពារដែនកោះមួយនេះ បើក្នុងករណីមានការវាយប្រហារពីប្រទេសចិន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងតាមផ្លូវការទូត ប៉ុន្តែនៅតែជាសម្ព័ន្ធមិត្តក្រៅផ្លូវការដ៏ខ្លាំងបំផុតរបស់កោះតៃវ៉ាន់។ ប្រទេសចិនសម្តែងការខឹងសម្បានឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនដែលបានជួយដល់កោះតៃវ៉ាន់និងបានថ្កោលទោសកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុនជាមួយកោះតៃវ៉ាន់ ស្តីពីការការពារដែនកោះ៕