លោក Ron Johnson សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាល កំពុងការពារការស៊ើបអង្កេតរបស់គណៈកម្មាធិការរបស់លោកលើរឿងប្រទេសអ៊ុយក្រែន និងលោក Joe Biden។ កន្លងមក ការស៊ើបអង្កេតបានរងការរិះគន់ថា មានចេតនានយោបាយ និងធ្វើឲ្យប្រទេសរុស្ស៊ីទទួលបានប្រយោជន៍ពីនេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន AP លោក Johnson ថា ការស៊ើបអង្កេតរបស់លោកផ្អែកទៅលើការពិត មិនមែនទៅលើការឃោសនារបស់រុស្ស៊ីទេ។ ប៉ុន្តែការបារម្ភអំពីកិច្ចការស៊ើបអង្កេតរបស់គណៈកម្មាធិការរបស់លោកទំនងនឹងកាន់តែកើនឡើង ក្រោយពីមានការចេញរបាយការណ៍វាយតម្លៃមួយរបស់សហគមន៍ស៊ើបការណ៍សម្ងាត់កាលពីសប្តាហ៍មុនដែលថា រុស្ស៊ីកំពុងធ្វើការដើម្បីបង្ខូចឈ្មោះលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលមិនទាន់ទទួលបានការតែងតាំងផ្លូវការនៅឡើយ។
ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោក Johnson ចំពោះលោក Biden និងប្រទេសអ៊ុយក្រែន បាននាំឲ្យមានការបារម្ភពីគណបក្សប្រជាធិបតេយ្យ នៅក្នុងឆ្នាំបោះឆ្នោតឆ្នាំ ២០២០ នេះ ដែលគ្របដណ្តប់ដោយវិបត្តិជំងឺកូវីដ១៩ និងបញ្ហាអយុត្តិធម៌ខាងជាតិសាសន៍។
លោក Biden បានរងការចោទប្រកាន់ថា កូនប្រុសរបស់លោក គឺលោក Hunter Biden បានប្រើឥទ្ធិពលដែលមានជាមួយនឹងលោកក្នុងពេលលោកធ្វើជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីជួយក្រុមហ៊ុនឧស្ម័នធម្មជាតិ Burisma របស់ប្រទេសអ៊ុយក្រែន និងរងការចោទប្រកាន់ថា លោកបានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ុយក្រែនឲ្យបញ្ឈប់តំណែងរដ្ឋអាជ្ញាកំពូលរបស់អ៊ុយក្រែនដែលដឹកនាំការស៊ើបអង្កេតលើក្រុមហ៊ុន Burisma៕