សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាកម្លាំងជំរុញមួយនៅពីខាងក្រោយអ្វីដែលធ្វើឱ្យមានអតិផរណាខ្ពស់និងការធ្លាក់ចុះសេវាកម្មសង្គមនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីៗមកពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស។
អតិផរណាបានកើនឡើងដល់៦ភាគរយនៅក្នុងប្រទេសរុស្ស៊ីនៅក្នុងខែកញ្ញា។ នេះបើតាមក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃចន្ទនេះ។ ការកើនឡើងអតិផរណាដោយសាររបស់របរប្រើប្រាស់សំខាន់ៗដូចជាម្ហូបអាហារនិងប្រេងឥន្ធនៈឡើងថ្លៃ។
អតិផរណាខ្ពស់ក៏នឹងទំនងមានឥទ្ធិពលសម្រាប់តម្លៃប្រាក់កម្ចីសម្រាប់អ្នកប្រើប្រាស់រុស្ស៊ីនិង«មានផលប៉ះពាល់តម្លៃសេវាបំណុលរបស់រដ្ឋាភិបាលរុស្ស៊ី»។
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ទាហានរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកំពុងរងការប៉ះពាល់ពី«កត្តាអាកាសធាតុដែលត្រូវត្រាំត្រែង»។
ប្រធានាធិបតីរុស្ស៊ីលោក Volodymyr Zelenskyy បានសុំឱ្យសហរដ្ឋអាមេរិកផ្តល់ថវិកាកាន់តែច្រើនឡើងដើម្បីប្រយុទ្ធការឈ្លានពានរបស់រុស្ស៊ីហើយបានអញ្ជើញអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មកកាន់រដ្ឋធានីកៀវដើម្បីវាស់វែងទំហំនៃសង្គ្រាមនោះដោយខ្លួនលោក។
លោក Zelenskyy បានមានប្រសាសន៍ថា ទាហានអាមេរិកាំងអាចត្រូវគេទាញឱ្យចូលក្នុងជម្លោះកាន់តែធំឡើងៗរបស់អឺរ៉ុបជាមួយរុស្ស៊ី ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបង្កើនការជួយឧបត្ថម្ភនោះទេ។
លោក Zelenskyy បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ NBC ក្នុងកម្មវិធី Meet the Press ថា «ប្រសិនបើ រុស្ស៊ីសម្លាប់យើងទាំងអស់គ្នា ពួកគេនឹងវាយប្រហារប្រទេសជាសមាជិកអង្គការអូតង់ហើយអ្នកនឹងបញ្ជូនកូនប្រុសនិងកូនស្រីរបស់អ្នកមកប្រយុទ្ធ»។
រដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សសាធារណរដ្ឋបានអនុម័តសេចក្តីព្រាងច្បាប់ការចំណាយបន្ថែមកាលពីសប្តាហ៍មុនដោយផ្តល់ប្រាក់ជំនួយ១៤,៣ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ក៏ប៉ុន្តែមិនបានបន្ថែមប្រាក់ដល់ប្រទេសអ៊ុយក្រែនទេ ដែលផ្ទុយស្រឡះ នឹងសំណើផ្តល់ថវិកា១០៦ពាន់លានដុល្លាររបស់លោកប្រធានាធិបតី Joe Biden ដោយមានការបង្កើនថវិកាដល់វិស័យការពារប្រទេសអ៊ុយក្រែនហើយនឹងថវិកានៅសល់ត្រូវបែងចែកសម្រាប់អ៊ីស្រាអែល តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការការពារព្រំដែនសហរដ្ឋអាមេរិកជាប់នឹងប្រទេសម៉ិកសិក។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Chuck Schumer ដែលជាមេដឹកនាំសំឡេងភាគច្រើនត្រួតត្រាព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបាននិយាយថាលោកនឹងមិនយកសេចក្តីព្រាងច្បាប់របស់រដ្ឋសភាមកពិភាក្សាបោះឆ្នោតទេហើយលោកប្រធានាធិបតី Biden បានសន្យាបោះឆ្នោតវ៉េតូសេចក្តីព្រាងច្បាប់នោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។