តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​សាលក្រម​ឲ្យ​សង​ជំងឺ​ចិត្ត​ ៣០ លាន​ដុល្លារ​ដល់​ជនរងគ្រោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​កុងហ្គោ

  • ​Reuters

រូបឯកសារ៖ មេបញ្ជាការ​កងជីវពល​កុងហ្គោ លោក Bosco Ntaganda ដើរ​ចូល​បន្ទប់​សវនាការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ស្ដាប់​សវនាការ​កាត់​ក្ដី​លោក​ ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទាហាន​កុមារ និង​ជន​រង​គ្រោះ​ផ្សេង​ទៀត នៅ​ក្រោម​មេដឹកនាំ​កង​ជីវពល​កុងហ្គោ​លោក​ Bosco Ntaganda​ ដែល​ត្រូវ​បាន​កាត់​ទោស​នោះ​ ត្រូវទទួល​បាន​សំណងជំងឺ​ចិត្ត​សរុប​ចំនួន​ ៣០​ លានដុល្លារ។ នេះ​បើ​តាមសេចក្តី​សម្រេច​របស់​ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទម្សិលមិញ​ ដែល​ជា​សាលក្រម​ឲ្យ​ផ្តល់​ប្រាក់​សំណង​ជំងឺ​ចិត្តខ្ពស់​បំផុត​របស់​ខ្លួន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ក្រុម​ចៅ​ក្រម​របស់​តុលាការ​នេះ​លើក​ឡើង​ថា​ លោក Ntaganda ពុំ​មាន​ធន​ធាន​ក្នុង​ការ​សងប្រាក់​ជំងឺ​ចិត្ត​នោះ​ទេ​។​ ​ជំនួស​មក​វិញ ចៅក្រម​បាន​ស្នើដល់​មូលនិធិ​ហិរញ្ញវត្ថុ Trust Fund​ របស់​តុលាការ​ខ្លួន ឲ្យ​ជួយបង្កើត​ និង​ផ្តល់​ហិរញ្ញវត្ថុដល់កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​កម្មវិធីផ្សេង​ទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុម​ជន​រង​គ្រោះដោយ​សារ​អំពើ​ឧក្រិដ្ឋ​របស់​លោក Ntaganda។​ ​

លោក Ntaganda ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ចំនួន​៣០​ឆ្នាំ​ ​កាល​ពី​ឆ្នាំ​២០១៩​ ពី​បទ​ឃាតកម្ម​ រំលោភ​សេពសន្ថវៈ​ និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត​ ដែល​បាន​ប្រព្រឹត្ត​ក្នុង​ពេល​ដែល​លោក​មាន​តួនាទី​ជា​មេបញ្ជាការ​យោធា​នៃ​កង​ជីវពលរបស់​សហភាព​អ្នក​សេ្នហា​ជាតិ​កុងហ្គោ UPC នៅក្នុង​សាធារណរដ្ឋ​កុងហ្គោ​ប៉ែក​បូព៌ា​រវាង​ឆ្នាំ​២០០២​ និង​ឆ្នាំ​២០០៣​នោះ។

ក្រោម​ការ​ដឹកនាំ​របស់​លោក ជន​ស៊ីវិល​រាប់រយ​នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​ពលរដ្ឋ​កុងហ្គោ​ជា​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត​ ​បានបង្ខំ​ចិត្តរត់គេច​ខ្លួន​ចេញ​ពី​ការ​វាយ​ប្រហារ​នោះ។

លោកNtaganda បាន​ប្តឹង​ជំទាស់​ទៅ​នឹង​ការ​កាត់​ទោសលោក៕​