​អនុប្រធានាធិបតី​លោក Pence និង​អ្នកស្រី​​ Harris ប្រកែក​គ្នា​អំពី​កង្វល់​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩

បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ខាងគណបក្សសាធារណរដ្ឋ និងអ្នកស្រី Kamala Harris ខាងគណបក្សប្រជាធិបតេយ្យ ជជែកដេញដោលគ្នានៅសាកលវិទ្យាល័យ Utah ទីក្រុង Salt Lake រដ្ឋ Utah ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ដែល​បង្ហាញ​ពីការ​មិន​ចុះ​សម្រុង​គ្នា​លើ​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ១៩ ​ទូទាំង​ប្រទេស អនុ​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ Mike Pence ដែលជាបេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និង​សមាជិក​ព្រឹទ្ធ​សភាអ្នកស្រី ​Kamala Harris បេក្ខជន​អនុ​ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បាន​ប្រកែក​គ្នា អំពី​ការ​សមិទ្ធផល​របស់​លោក​ប្រធានាធិបតី​ Trump នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

នៅ​ក្នុង​ការ​ជជែក​ដេញ​ រយ:ពេល ​៩០ នាទី​ កាល​ពី​យប់​ថ្ងៃ​ពុធ​ នៅ​សាកលវិទ្យាល័យ ​Utah នៅ​ក្នុង​ទីក្រុង Salt Lake City​ លោក Pence និង​អ្នកស្រី​ Harris ប្រឈម​មុខ​គ្នា​លើ​ប្រធាន​បទ​មួយ​ចំនួន​ចាប់​ពី​សេដ្ឋកិច្ច បរិស្ថាន និង​ការ​សម្រេច​តែង​តាំង​ចៅក្រម​តុលាការ​កំពូល​ដោយ​លោក​ Trump ជាដើម។

ប៉ុន្តែ​ ការ​ប្រកាស​របស់​លោក Trump កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​ថា​ លោកមាន​ជំងឺ​កូវីដ១៩​ បាន​ធ្វើ​ឲ្យ​បេក្ខជន​អនុ​ប្រធានាធិបតី​ទាំង​ពីរ ​ផ្តោត​សំខាន់​លើ​រោគ​រាត​ត្បាត​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ​២ សែន ១ ម៉ឺន ១ ពាន់ ​បាត់បង់ជីវិត និង ៧ លាន ​៥ សែន​នាក់ ​ឆ្លងជំងឺ​នេះ​នៅសហរដ្ឋអាមេរិក។ នេះ​ យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ។

អ្នកស្រី Harris បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​និយាយ​ថា៖ «ពលរដ្ឋ​អាមេ រិក​បាន​ជួប​ប្រទះ​នូវបរាជ័យ​ដ៏​ធំ​បំផុត​នៃរដ្ឋបាល​ប្រធានាធិបតី​នេះ ​ក្នុង​ប្រវិត្តិសាស្ត្រ​ប្រទេស​របស់​យើង»។

អ្នកស្រី​ Harris បាន​និយាយថា៖​ «អ្នក​គិតទៅ​មើល​ថា​ បើ​អ្នក​បាន​ដឹង​នៅ​ថ្ងៃទី ២៨ ខែមករា​ ​មិន​មែន​នៅ​ថ្ងៃ​ទី​ ១៣ ខែ​មីនា​ នូវ​អ្វី​ដែល​ពួក​គេ​ដឹងតើ ​អ្នក​នឹង​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទប់ទល់? ពួក​គេ​បានដឹងហើយ​ពួក​គេបានលាក់បាំង។​ លោក​ប្រធានាធិបតី​បាន​និយាយ​ថា វាជា​ការ​បោក​បញ្ចោត»។​

អ្នកស្រី​បាន​រៀបរាប់​ឡើង​វិញ​ពី​របាយការណ៍​ក្នុង​សៀវភៅ​ថ្មី​មួយ​របស់​លោក Bob Woodward ដែល​ថា ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Trump បាន​ជូន​ដំណឹង​លោក​នៅ​ក្នុង​ការ​ប្រជុំ​ក្នុង​សេតវិមាន ​កាល​ពី​ថ្ងៃ ​២៨ ​ខែ​មករា​ ថា ជំងឺកូវីដ១៩ ​អាច​បង្ក​ឲ្យ​មាន «ការ​គំរាម​កំហែង​ដល់​សន្តិជាតិ​ធំ​បំផុត»​ ដែល​លោក​ Trump នឹង​ជួប​ប្រទះ។

​អ្នកស្រី Harris បន្ថែម​ថា ទោះបី​ជា​យ៉ាង​នេះ​ក្ដី សព្វ​ថ្ងៃ​នេះ​ពួក​គេ​នៅ​តែ​មិន​មាន​ផែនការ។​

ប៉ុន្តែ​ លោក Pence បាន​និយាយ​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ក្នុងការ​បិទ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​រាតត្បាត «បាន​ផ្ដល់​ឲ្យ​យើង​នូវ​ពេល​វេលា​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​ សម្រាប់​យើង​កៀរគរ​សាមគ្គីគ្នា ​ក្នុងកម្រិត​ថ្នាក់​ជាតិ​ដ៏​ធំ​បំផុត​ ចាប់តាំងពី​សង្គ្រាម​លោក​លើកទី ២ មក​។​ ហើយ​ខ្ញុំ​គិត​ថា វា​បាន​ជួយ​ជីវិត​ពលរដ្ឋ​អាមេរិកាំង​រាប់​ម៉ឺន​នាក់»៕