លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​តំបន់ Kurdistan ក្នុង​ប្រទេស​អ៊ីរ៉ាក់​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ

អ្នក​បោះឆ្នោត​ស្វែងរក​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​ស្ថានីយ​បោះឆ្នោត នៅ​ក្នុង​ក្រុង Irbil តំបន់ Kurdistan ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

លទ្ធផល​ផ្លូវការ​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ពួក​ក្រុម​អំបូរ Kurd នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​បោះ​ឆ្នោត​ប្រជាមតិ​ទាមទារ​ឲ្យ​តំបន់ Kurdistan មាន​ឯករាជ្យ​ផ្ដាច់​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ ដែល​ការ​បោះ​ឆ្នោត​នោះ​រង​ការ​ជំទាស់​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​រដ្ឋាភិបាល​ប្រទេស​ក្បែរ​ខាង ក៏​ដូចជា​សហរដ្ឋ​អាមេរិក​ផង​ដែរ។

នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ មនុស្ស​ទូទៅ​បាន​សន្និដ្ឋាន​ទុក​ជា​មុន​ថា លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​នេះ​គឺ​ប្រាកដ​ជា​គាំទ្រ​ឲ្យ​តំបន់ Kurdistan មាន​ឯករាជ្យ​ជា​មិន​ខាន។ ការ​បោះឆ្នោត​គាំទ្រ​ដូច​នេះ​នឹង​មិន​ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​ឯករាជ្យ​នោះ​ទេ ប៉ុន្តែ​មន្ត្រី​នៃ​ក្រុម​អំបូរ Kurd សង្ឃឹម​ថា ការ​ធ្វើ​ប្រជាមតិ​នេះ​នឹង​ដើរ​តួ​ជា​ជំហាន​ដំបូង​សម្រាប់​ការ​ចរចា​រឿង​ឯករាជ្យ​របស់​តំបន់ Kurdistan។

នៅ​ឯ​ស្ថានីយ​បោះឆ្នោត​នានា​ក្នុង​តំបន់ Kurdistan អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ស្លៀក​សម្លៀក​បំពាក់​បុរាណ និង​កាន់​ទង់​ជាតិ Kurd ដោយ​ពួកគេ​បាន​និយាយ​ថា ពួក​គេ​ជឿ​ជាក់​ថា ការ​បោះ​ឆ្នោត​នេះ​អាច​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ទទួល​ស្គាល់​នូវ​ក្ដី​សុបិន​របស់​ពួកគេ​ក្នុង​ការ​ចង់​បាន​ឯករាជ្យ។

សង្កាត់​នីមួយៗ​បាន​រាយការណ៍​មក​ថា មនុស្ស​ជា​ច្រើន​បាន​ចេញ​មក​បោះ​ឆ្នោត ហើយ​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​សន្តិវិធី។ ប៉ុន្តែ​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ រដ្ឋាភិបាល​ក្រុង​បាដាដ​បាន​បញ្ជូន​ទាហាន​មក​កាន់​តំបន់​ជម្លោះ​នេះ ដែល​តំបន់​នេះ​ទាមទារ​កាន់កាប់​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​មេដឹកនាំ​នៃ​តំបន់ Kurdistan។

នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បាន​សន្យា​ថា​នឹង​ចាត់​វិធានការ​ចាំ​បាច់​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​បង្រួបបង្រួម​ប្រទេស​អ៊ីរ៉ាក់​ឲ្យ​នៅ​រួម​តែ​មួយ។ ចំណែក​ឯ​ប្រធានាធិបតី​នៃ​តំបន់ Kurdistan លោក Masoud Barzani បាន​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​និយាយ​ថា ការ​បោះ​ឆ្នោត​ទាមទារ​ឯករាជ្យ​នេះ​គឺ​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ Kurd និង​ជា​អ្វី​ដែល​លោក​មិន​អាច​គ្រប់គ្រង​បាន​នោះ​ទេ៕