ថ្ងៃព្រហស្បតិ៍ទី១ ខែកញ្ញានេះគឺជាថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកំព្យូទ័រថ្មី នៅកម្ពុជា។ ប្រជាពលរដ្ឋដែលមកចុះឈ្មោះបោះឆ្នោត មន្ត្រីរៀបចំការបោះឆ្នោត និងមន្ត្រីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបង្ហាញសុទិដ្ឋិនិយមចំពោះការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកំព្យូទ័រថ្មីនេះ។
អ្នកស្រីអឹម សុជាតា វ័យ៣៦ឆ្នាំ ជាស្រ្តីមេផ្ទះមួយរូប ដែលកំពុងកាន់បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោតក្នុងដៃ។ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះរបស់ខ្លួន អ្នកស្រីឲ្យដឹងថា ការចុះឈ្មោះតាមប្រព័ន្ធកំព្យូទ័រនេះអាចធ្វើឲ្យដំណើរការបោះឆ្នោតមានតម្លាភាពជាងមុន ក៏ប៉ុន្តែអ្នកស្រីរំពឹងចង់ឃើញការអនុវត្តច្បាប់ដោយត្រឹមត្រូវពីសំណាក់មន្ត្រីពាក់ព័ន្ធ។
«អារឿងងាយស្រួលខ្ញុំមិនគិតទេ តែខ្ញុំគិតថា វាច្បាស់លាស់។ ខ្ញុំគិតថា រាជរដ្ឋាភិបាលព្យាយាមធ្វើអ្វីដែលមានតម្លាភាព។ ហើយតម្លាភាព ឬមិនតម្លាភាព អាស្រ័យលើការធ្វើរបស់ទាំងមន្ត្រីទាំងអស់ហ្នឹង ទាំងអ្នកសង្កេតការណ៍។ ពីមុនក៏ខ្ញុំធ្លាប់គិតថា សន្លឹកឆ្នោតមួយសន្លឹក វាអត់មានសារៈសំខាន់អីដែរ កាលពីមុន។ ប៉ុន្តែដល់ពេលខ្ញុំអាយុច្រើនទៅ គិតច្បាស់លាស់ទៅ សន្លឹកឆ្នោតមួយសន្លឹកមានន័យណាស់ ព្រោះវាជាវាសនាយើង វាសនាប្រទេសយើង»។
លោកឡឹង ប៉ូលី វ័យ៦៧ឆ្នាំ ជាអ្នករស់នៅក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ ពេញចិត្តចំពោះការបញ្ចូលទិន្នន័យចុះឈ្មោះបោះឆ្នោតនេះទៅក្នុងប្រព័ន្ធកំព្យូទ័រ។ លោកយល់ថា វាគួរឲ្យទុកចិត្ត និងចំណាយពេលតិច។
«ដំណើរការអាចទទួលយកបានលឿនជាងមុនឆ្ងាយ ដោយសារវាបញ្ចូលក្នុងម៉ាស៊ីនអីត្រឹមត្រូវ»។
ទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ក្នុងឆ្នាំ២០១៦ បង្ហាញថា មានពលរដ្ឋកម្ពុជាជាង៩លាននាក់មានអាយុអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ចំនួន១៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេស។ រីឯអ្នកបោះឆ្នោតលើកទី១ មានចំនួនជាង១លាននាក់។ មកទល់ពេលនេះ ក្រសួងមហាផ្ទៃបានចេញអត្តសញ្ញាណបណ្ណថ្មីដល់ពលរដ្ឋកម្ពុជាបានចំនួនជាង៨,៦លាននាក់ហើយ។
លោកខែល វណ្ណធី ជាប្រធានការិយាល័យបោះឆ្នោតសង្កាត់បឹងកេងកង៣ រៀបរាប់ពីដំណើរការនៃការចុះឈ្មោះបោះឆ្នោតថ្មីនេះ យ៉ាងដូច្នេះថា៖
«ជាដំបូងខ្ញុំពិនិត្យអត្តសញ្ញាណរបស់គាត់។ គ្រប់លក្ខខណ្ឌ ខ្ញុំឲ្យលេខរៀងទៅគាត់។ ចៀសវាងពេលដល់លេខរៀងគាត់ គាត់យកមកអត់លក្ខខណ្ឌ គាត់ទៅផ្ទះវិញ។ គាត់បានលេខរៀងហើយ ខ្ញុំហៅគាត់ចូល។ គាត់ជួបអនុប្រធាន បំពេញទម្រង់១០២៩ ហើយចូលការីកំព្យូទ័រ។ គេថតអត្តសញ្ញាណចូលម៉ាស៊ីន ស្កេនមេដៃ ហើយវាយទិន្នន័យចូលក្នុងកំព្យូទ័រហើយ រួចរាល់ជាទូទៅ៧នាទី»។
បន្ទាប់ពីការចុះឈ្មោះបោះឆ្នោតរយៈពេលប្រមាណ៦នាទី នាព្រឹកថ្ងៃព្រហស្បតិ៍ នៅឯសាលាសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. អំពាវនាវឲ្យពលរដ្ឋកម្ពុជាដែលគ្រប់អាយុបោះឆ្នោត ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីបានបំពេញសិទ្ធិនយោបាយ និងជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តសម្រាប់បម្រើប្រទេសជាតិ។
លោកស៊ិក ប៊ុនហុក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ៖
«យើងមកមើលឃើញការដែលយើងសហការគ្នាបានល្អ។ ខ្ញុំមានជំនឿថា គឺនឹងទទួលបានជោគជ័យនូវការបោះឆ្នោតមួយ ដែលអាចធានាបាន ចាប់ផ្តើមចេញពីបញ្ជីបោះឆ្នោតនេះឯង។ មានទាំងរូបផង ទាំងការផ្តិតមេដៃយកទៅត្រួតពិនិត្យជាមួយទិន្នន័យកំព្យូទ័រនៅគ.ជ.ប. គឺមិនអាចមានការបន្លំចុះឈ្មោះ២អី អត់មានទេ»។
យ៉ាងណាក៏ដោយ លោកស៊ិក ប៊ុនហុក លើកឡើងថា គ.ជ.ប. មានសមត្ថកិច្ចចំពោះតែបញ្ហាបច្ចេកទេសប៉ុណ្ណោះ មិនទាក់ទងនឹងរឿងនយោបាយនោះទេ។ លោកអះអាងបន្តថា ការចរចាណាមួយចំពោះការអនុញ្ញាតឲ្យប្រធានគណបក្សជំទាស់ទាំង២ដែលកំពុងពាក់ព័ន្ធនឹងករណីតុលាការ អាចឲ្យចុះឈ្មោះបាន ឬយ៉ាងណានោះ មិនទាក់ទងនឹងគ.ជ.ប.នោះទេ។
នាពេលកន្លងមក បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតគឺជាបញ្ហាចម្រូងចម្រាសមួយយ៉ាងសំខាន់ចំពោះការបោះឆ្នោតអាណត្តិមុនៗ។ បញ្ហាចម្រូងចម្រាសទាំងនោះសំដៅដល់ការរកឈ្មោះមិនឃើញ បញ្ជីឈ្មោះប៉ោង ឈ្មោះស្ទួនជាដើម ដែលជារឿយៗគណបក្សជំទាស់ធ្វើការតវ៉ា និងអះអាងថា លទ្ធផលបោះឆ្នោតមានភាពមិនប្រក្រតីច្រើន។
លោកសំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិក បង្ហាញសុទិដ្ឋិនិយមចំពោះបរិយាកាសទូទៅនៃការចុះឈ្មោះបោះឆ្នោតថ្មីនេះ។
«ដំណើរការនីតិវិធី ដូចមិនសូវមានបញ្ហាអីទេ។ វារលូនដែរ។ បរិយាកាសក៏ល្អដែរ។ មិនទាន់ឃើញភាពមិនមិនប្រក្រតីនៅឡើយទេ។ ដំណើរការថ្ងៃដំបូងនេះល្អ។ យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តមកថ្ងៃបន្ទាប់ៗទៀតឲ្យបានច្រើន ជាពិសេសយើងចាំមើលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក ដែលមន្ត្រីរាជការ ឬអ្នកធ្វើការអីអាចមានលទ្ធភាពចុះឈ្មោះបោះឆ្នោតច្រើនបាន ឬអត់»។
បើតាមការសង្កេតរបស់លោកសំ គន្ធាមី ប្រជាពលរដ្ឋតាមការិយាល័យនានាក្នុងរាជធានីភ្នំពេញបានមកចុះឈ្មោះបោះឆ្នោតច្រើនគួរឲ្យកត់សម្គាល់។ ដោយឡែក ការិយាល័យនៅតាមបណ្តាខេត្ត ចំនួនពលរដ្ឋមកចុះឈ្មោះមិនទាន់មមារញឹកដូចនៅរាជធានីនោះទេ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនាឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញានេះរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ៕