អ្នកស្រី កង សុផា បានចូលសញ្ជាតិអាមេរិកតាំងពីឆ្នាំ២០០៥ ប៉ុន្តែអ្នកស្រីមិនបានបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០០៨និងឆ្នាំ២០១២នោះទេ។
ទើបតែនៅឆ្នាំ២០១៦នេះ អ្នកធ្វើការចូលនិវត្តន៍វ័យ៧០ឆ្នាំរូបនេះ បានអះអាងថា អ្នកស្រី នឹងចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅពេលខាងមុខ ដោយសារអ្នកស្រី ទើបដឹងថាមានសេវាកម្មបោះឆ្នោតតាមប្រៃសណីយ៍បាន។
«ខ្ញុំយល់ថា ជាភាពងាយស្រួលបំផុត។ អ្នកមិនចេះបើកឡាន អ្នកឈឺល្មមៗ ក៏អាចធ្វើបាន ឲ្យកូនជួយបំពេញទៅ ដែល mail (សំបុត្រ) គេផ្ញើមកដល់ផ្ទះហើយ។ គឺថាចំណេញច្រើនណាស់ការបោះឆ្នោតតាមរយៈសំបុត្រនេះ ចំណេញទាំងពេលវេលានិងថវិកា។ ជាពិសេសចាស់ៗដែលគាត់អត់ចេះបើកឡានអញ្ចឹងស្រួលមែនទែនណាក្មួយ»។
អ្នកស្រី កង សុផា ធ្លាប់បានចូលរួមការបោះឆ្នោតនៅប្រទេសកម្ពុជា មុននឹងអ្នកស្រីធ្វើអន្តោប្រវេសន៍មករស់នៅទីក្រុង Oakland នៅសហរដ្ឋអាមេរិកនេះ កាលពីឆ្នាំ២០០០។
អ្នកស្រីធ្លាប់បានជួលផ្ទះអ្នកស្រីនៅខេត្តពោធិ៍សាត់ឲ្យបេសកកម្មអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការបោះឆ្នោតនៅប្រទេសកម្ពុជា (អ៊ុនតាក់) កាលពីដើមទសវត្ស១៩៩០។
អតីតគ្រូបង្រៀននៅក្រោយសម័យខ្មែរក្រហមរូបនេះ ក៏ថែមទាំងធ្លាប់បម្រើការឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជារយៈពេលមួយឆ្នាំទៀតផង។
ប៉ុន្តែ ដូចពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅក្រុង Oakland ផ្សេងទៀតដែរ អ្នកស្រី កង សុផា និយាយថា អ្នកស្រីជួបបញ្ហាជាច្រើនដែលធ្វើឲ្យអ្នកស្រីមិនអាចចូលរួមការបោះឆ្នោតបានក្នុងពេលកន្លងមក។
នៅពេលចាប់ផ្តើមជីវិតថ្មីនៅសហរដ្ឋអាមេរិក អ្នកស្រីមិនមានពេលវេលាដើម្បីទៅបោះឆ្នោត ដោយសារអ្នកស្រីរវល់ធ្វើការច្រើនម៉ោងដើម្បីចិញ្ចឹមក្រុមគ្រួសារ។
នៅក្នុងសង្គមថ្មី ដែលប្រើរថយន្តជាមធ្យោបាយធ្វើដំណើរដ៏ចាំបាច់នោះ អ្នកស្រី បែរជាមិនចេះបើកបរ។
ថ្លែងប្រាប់ VOA នៅគេហដ្ឋានរបស់អ្នកស្រីនៅជាយទីក្រុង Oakland អ្នកស្រី កង សុផា មានប្រសាសន៍ថា អ្នកស្រី ក៏ជួបការលំបាកខាងភាសានិងវប្បធម៌នៅក្នុងទីក្រុងមួយដែលមិនមានសមាគមខ្មែររឹងមាំ ដែលអាចជួយអ្នកស្រីក្នុងកិច្ចការបោះឆ្នោតនេះផងដែរ។
ពលរដ្ឋខ្មែរអាមេរិកាំងវ័យចំណាស់ជាច្រើននៅតំបន់ក្រុង Oakland ថ្លែងប្រាប់ VOA ថា ពួកគេជួបបញ្ហាដូចអ្នកស្រី កង សុផា ដែរ ដែលធ្វើឲ្យពួកគេមិនបានចូលរួមការបោះឆ្នោត។
ប៉ុន្តែពួកគេនិយាយថា ប្រសិនបើពួកគេអាចគ្រាន់តែផ្ញើសន្លឹកឆ្នោតដែលគូសហើយតាមប្រៃសណីយ៍ ដែលជាវិធីបោះឆ្នោតតាមប្រៃសណីយ៍ (vote by mail) នោះ ពួកគេនឹងចង់ចូលរួមការបោះឆ្នោតជាងមុន។
មេដឹកនាំសហគមន៍ខ្មែរនិងអ្នកធ្វើការខាងកិច្ចការបោះឆ្នោតនៅក្រុង Oakland ជឿថា ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍អាចជួយជំរុញឲ្យចំនួនអ្នកបោះឆ្នោតអាមេរិកាំងដើមកំណើតខ្មែរ មានការកើនឡើងខ្លាំង។
ដើម្បីអាចបោះឆ្នោតតាមប្រៃសណីយ៍បាន អ្នកបោះឆ្នោតជាដំបូងត្រូវទៅចុះឈ្មោះបោះឆ្នោតជាមុនសិន។ ការណ៍នេះ អាចជាការលំបាកមួយសម្រាប់អ្នកបោះឆ្នោតនៅ Oakland ដោយសារអ្នកស្រុកនៅទីនេះ និយាយថា ទីក្រុងនេះមិនមានសមាគមខ្មែររឹងមាំ។
អ្នកស្រី ហូ ម៉ាឡែនី គឺជាមន្ត្រីបណ្ដុះបណ្ដាលអ្នកបោះឆ្នោតខ្មែរនិយាយពីរភាសានៃការិយាល័យបោះឆ្នោតស្រុក Alameda នៃក្រុងOaklandនេះ។
អ្នកស្រីពន្យល់ប្រាប់ VOA ថា ក្រោយពេលចុះឈ្មោះហើយ អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតដែលត្រូវផ្ញើតាមប្រៃសណីយ៍ ដែលអនុញ្ញាតឲ្យពួកគេអាចគូសសន្លឹកឆ្នោតនៅគេហដ្ឋានរបស់ពួកគេផ្ទាល់តែម្តង។
«ដល់ពេលបោះមែនទែន ខាងការិយាល័យនឹងផ្ញើក្រដាសសន្លឹកឆ្នោតនិងស្រោមសំបុត្រទៅឲ្យពួកគាត់។ ពួកគាត់គ្រាន់តែគូសនូវសន្លឹកឆ្នោតដែលពួកខ្ញុំផ្ញើទៅឲ្យគាត់ តែកុំភ្លេចស៊ីញេនៅស្រោមសំបុត្រផង»។
ប្រព័ន្ធបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ានេះ ក៏អនុញ្ញាតឲ្យអ្នកដែលបានចុះឈ្មោះបោះឆ្នោតហើយ អាចបោះឆ្នោតតាមប្រៃសណីយ៍បានជារៀងរហូត។
ប៉ុន្តែ ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍នេះ មិនមែនសុទ្ធតែងាយស្រួល សម្រាប់ជនអន្តោប្រវេសន៍ខ្មែរនៅក្រុង Oakland នេះទេ។
អ្នកស្រី លី សំបូរ អ្នកគ្រប់គ្រងការបកប្រែភាសានៃកម្មវិធីសុខភាពសម្រាប់ជនភៀសខ្លួននៅមន្ទីរពេទ្យមួយនៅស្រុក Alameda County ថ្លែងថា ពលរដ្ឋខ្មែរអាមេរិកាំងដែលមានវ័យចំណាស់នៅតែមិនទាន់បានជ្រាបអំពីជម្រើសនៃការបោះឆ្នោតតាមប្រៃសណីយ៍។
អ្នកស្រីថ្លែងថា ខណៈដែលការបោះឆ្នោតតាមប្រៃសណីយ៍អាចជួយជនជាតិខ្មែរឲ្យចូលរួមការបោះឆ្នោតច្រើនជាងមុន បញ្ហាធំជាងគេរបស់ប្រព័ន្ធនេះសម្រាប់ជនអន្តោប្រវេសន៍ គឺបញ្ហាមិនចេះភាសានិងការមិនទុកចិត្តក្រុមគ្រួសារ។
អ្នកស្រី លី សំបូរ ពន្យល់ប្រាប់ VOA ថា៖
«បើយើងបោះឆ្នោតតាមផ្ទះ តើសន្លឹកឆ្នោតហ្នឹងជាភាសាអី ប្រសិនបើជាភាសាអង់គ្លេសសុទ្ធ ក៏គាត់អាចមានបញ្ហា។ ជាភាសាខ្មែរក៏គាត់អាចមានបញ្ហា ព្រោះគាត់ខានអានអក្សរខ្មែរយូរហើយព្រោះគាត់អាចភ្លេច។ ហើយចាស់ៗគាត់អាចមើលខ្មែរក៏អត់បាន មើលអង់គ្លេសក៏អត់បាន។ កូនគាត់អាចជួយបានប៉ុន្តែអាចដូចថាផ្ដល់យោបល់ ហើយការជ្រើសរើសរបស់គាត់មិនពីចិត្តគាត់សុទ្ធ។»
នៅ«វត្តថ្មី»ក្នុងក្រុង Oakland នេះ លោក ថាច់ ឈីវ ដែលជាពលរដ្ឋអាមេរិកាំងកំណើតខ្មែរក្រោម ថ្លែងថា លោកមិនដែលធ្លាប់ឮអំពីប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍នេះទេ ប៉ុន្តែភាពងាយស្រួលនៃការបោះឆ្នោតតាមសំបុត្រនេះធ្វើឲ្យលោកចាប់អារម្មណ៍។
បុរសអាយុ៦២ឆ្នាំ ដែលទើបចាប់ផ្ដើមពិការភ្នែកកាលពីពេលថ្មីៗនេះ ហើយដែលមិនធ្លាប់បោះឆ្នោតពីមុនសោះនោះ បានថ្លែងប្រាប់ VOA នៅមុនពេលចូលរួមប្រគេនចង្ហាន់ពេលព្រឹកដល់ព្រះសង្ឃនៅវត្តថ្មីនេះថា៖
«ចាប់អារម្មណ៍ចង់បោះ ចង់ជួយដែរ ត្រូវតែបោះ។ បើថា ខ្ញុំឲ្យគេអាចសរសេរតាមគំនិតរបស់ខ្ញុំណា។ ហើយខ្ញុំស្រឡាញ់បេក្ខជនមួយណា ឲ្យគេចុះឈ្មោះឲ្យខ្ញុំទៅ ខ្ញុំផ្ញើទៅឲ្យគេ អាហ្នឹងខ្ញុំក៏ចាប់អារម្មណ៍បោះ»។
ដោយមានការជួយនិងលើកទឹកចិត្តពីសកម្មជនក្នុងសហគមន៍ នៅប៉ុន្មានថ្ងៃក្រោយបទសម្ភាសន៍នេះ លោក ថាច់ ឈីវ ត្រូវបានចុះឈ្មោះឲ្យបោះឆ្នោតតាមប្រៃសណីយ៍នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីខាងមុខ។
ដូចលោក ថាច់ ឈីវ ដែរ អ្នកស្រី កង សុផា ថ្លែងថា អ្នកស្រីមានទំនុកចិត្តទៅលើប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍របស់សហរដ្ឋអាមេរិក ប៉ុន្តែអ្នកស្រីបារម្ភថា ការមិនចេះភាសាអង់គ្លេស អាចជាបញ្ហាសម្រាប់ក្រុមគ្រួសារខ្មែរអាមេរិកាំងដែលមាននិន្នាការនយោបាយខុសគ្នារវាងឪពុកម្ដាយនិងកូន។
«ពេលផ្ញើ mail (សន្លឹកឆ្នោតក្នុងសំបុត្រ) មក បើសិនជាកូនមិនគូសតាមបេក្ខជនម៉ែស្រឡាញ់ បែរជាទៅគូសឲ្យម្នាក់នោះវិញ អាហ្នឹងក៏មិនដឹងថាម៉េចដែរ។ ម៉ែឪទំនុកចិត្តលើកូន តែបើកូនហ្នឹងក្បត់ពីឧត្ដមគតិឪពុកម្ដាយ ក៏គាត់អត់ដឹងធ្វើម៉េចដែរ ព្រោះអត់ចេះ។»
តែទោះជាយ៉ាងនេះក្តី អ្នកស្រី កង សុផា អះអាងថា អ្នកស្រី នឹងនៅតែចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីតាមសំបុត្រផ្ញើតាមប្រៃសណីយ៍នេះ ដោយសារអ្នកស្រីបានជ្រើសរើសវិធីបោះឆ្នោតដែលមានលក្ខណៈងាយស្រួលនេះ នៅក្នុងការបោះឆ្នោតបឋមនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកម្ដងហើយកាលពីខែមិថុនាកន្លងទៅនេះ។
អ្នកស្រី ហូ ម៉ាឡែនី មន្ត្រីបណ្ដុះបណ្ដាលអ្នកបោះឆ្នោតខ្មែរនិយាយពីរភាសានៃការិយាល័យបោះឆ្នោតស្រុក Alameda នៃក្រុងOaklandនេះ ថ្លែងថាដំណោះស្រាយមួយដែលអាចជួយពលរដ្ឋខ្មែរអាមេរិកាំង ដែលមិនចេះភាសាអង់គ្លេស គឺការបញ្ចូលភាសាខ្មែរទៅក្នុងសន្លឹកឆ្នោត។
ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍នេះ មានជាភាសា៥សំខាន់ៗរួចទៅហើយ ហើយអ្នកស្រីសង្ឃឹមថាសន្លឹកឆ្នោតនេះ នឹងមានជាភាសាខ្មែរមួយទៀតនៅពេលអនាគត ទោះបីជាសន្លឹកឆ្នោតជាភាសាខ្មែរនេះ នឹងមិនទាន់មានទេនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខក៏ដោយ។
អ្នកស្រី លី សំបូរ អ្នកគ្រប់គ្រងការបកប្រែភាសានៃកម្មវិធីសុខភាពសម្រាប់ជនភៀសខ្លួននៅមន្ទីរពេទ្យមួយនៅស្រុក Alameda County ថ្លែងថា ដំណោះស្រាយមួយទៀតដែលអាចជួយបាន គឺការបង្កើតនូវការណែនាំដែលមានបង្ហោះជាសំឡេងនៅលើអ៊ីនធឺណិត។
ការបោះឆ្នោតជាមុនតាមប្រៃសណីយ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ដែលជាថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋតែម្តង។
អ្នកស្រី កង សុផា មានប្រសាសន៍ថា ប្រសិនបើការណែនាំនៅក្នុងសន្លឹកឆ្នោត ពិតជាមានជាភាសាខ្មែរទៀតនោះ វានឹងរឹតតែជួយច្រើនថែមទៀតដល់អ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកដំបូងដូចជាអ្នកស្រីជាដើម។
អ្នកស្រីថ្លែងដោយញញឹមថា៖
«(បើមានជាភាសាខ្មែរ) ល្អ ខ្ញុំជឿថា អាហ្នឹងល្អណាស់ចាស៎។ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរ អាចបោះ ដូចថាផ្ញើមកហើយ យើងស្រឡាញ់ យើងគូសហើយបត់ស្រេចផ្ញើទៅមិនបាច់ពឹងកូនក៏បានដែរ»៕