​បទសម្ភាសន៍VOA៖​ ​Sue Coffey​ ​អ្នក​និពន្ធ​សៀវភៅ​ ​«ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា»

លោកស្រី​ ​Sue Coffey​ អ្នកនិពន្ធសៀវភៅ​ ចំណងជើង​ថា​ ​«ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បក​ស្រាយ» ថ្លែងនៅក្នុងកាសម្ពោធសៀវភៅនៅក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៤ ទីវិច្ឆិកា ឆ្នាំ២០១៨។ (រូបថតផ្តល់​ឲ្យ)

«តាមរយៈ​សៀវភៅ​នេះ​ ខ្ញុំ​ចង់​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​​អំពី​ការ​តស៊ូ​ពុះពារ​​របស់​បុគ្គល​ទាំង​នេះ​ ដើម្បី​បុព្វហេតុ​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។​ ​

កំណត់​និពន្ធ៖​លោកស្រី​ ​Sue Coffey​ ​ជា​អ្នក​និពន្ធ​និង​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង ហើយ​លោកស្រី​មាន​ចំណាប់អារម្មណ៍​លើ​បញ្ហា​សិទ្ធិ​មនុស្ស។​ ​លោកស្រី​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ក្នុង​ផ្នែក​កម្មវិធី​ជំនួយ​បរទេស​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ​និង​ជា​ទីប្រឹក្សាផ្នែក​ទំនាក់​ទំនង​ឲ្យ​អង្គការ​ ​NGO Forum​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មុន​ពេល​លោកស្រី​ផ្លាស់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ទី​ដែល​លោកស្រី​ធ្វើ​ការ​លើគម្រោង​កំណែទម្រង់វិស័យ​អប់រំ។​ ​លោកស្រី​បាន​កែសម្រួល​សៀវភៅ​ ​«ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បកស្រាយ»​ ​ដែល​ជា​ការ​ប្រមូល​ផ្តុំ​បទសម្ភាសន៍​ជាមួយ​នឹង​ស្ថាបនិក​អង្គការ​សិទ្ធិ​មនុស្ស​ដំបូងៗ​នៅ​កម្ពុជា។​ លោកស្រី​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក​ណឹម សុភ័ក្ត្របញ្ញា​នៃ​ VOA ​អំពី​សៀវភៅ​របស់​លោកស្រី​ ​ដែល​ត្រូវ​បាន​បោះពុម្ភ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។​

Your browser doesn’t support HTML5

បទសម្ភាសន៍VOA៖ ​សៀវភៅ​«ការស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា‍»​បង្ហាញ​ពី​ការ​លះបង់​របស់​សកម្មជន

VOA៖​ ​តើ​លោកស្រី​អាច​ប្រាប់​ត្រួសៗ​អំពី​សៀវភៅ​នេះ​បាន​ទេ?​ ​តើ​សៀវភៅ​នេះ​និយាយ​ពី​អ្វី?​ ​តើ​វា​មាន​សារ​អ្វី​ខ្លះ?​

​Coffey៖ សៀវភៅ​នេះ​មាន​ចំណងជើង​ថា​ ​«ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បក​ស្រាយ»។​ ​វា​ជា​សៀវភៅ​កម្រង​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​ស្ថាបនិក​ដំបូងៗ​នៃ​ចលនា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ចាប់​ពី​ដើម​ទសវត្សរ៍​១៩៩០ រហូត​មក​ដល់​បច្ចុប្បន្ន។​ ​តាមរយៈបទ​សម្ភាសន៍​ចំនួន​១៤​ ​ជាមួយ​នឹង​មេដឹកនាំ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ​និង​បុគ្គលិក​អង្គការ​សហ​ប្រជាជាតិ​ចំនួន​២រូប ព្រម​ទាំង​បុព្វកថា (កថាខណ្ឌ​រៀបរាប់​ដំបូង)​ ​របស់​លោក​ ​Gareth Evans​ ​សៀវ​ភៅ​«ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បកស្រាយ» និយាយ​ពី​រឿងរ៉ាវ​ប្រកប​ដោយ​ឥទ្ធិពល​អំពី​ដំណើរការ​វិវិត្ត​របស់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ចាប់​ពី​ដើមទសវត្សរ៍ឆ្នាំ​ ១៩៩០​ ​មក​ដល់ពេល​បច្ចុប្បន្ន។​

​នៅ​ក្នុង​សៀវភៅ​នេះ​មាន​បទ​សម្ភាសន៍​ជាមួយ​នឹង​ស្ថាបនិក​ដំបូងៗ​រួម​មាន​ដូចជា លោក​ ​ធន់ សារាយ ដែល​បាន​បង្កើត​អង្គការ​អាដហុក​ ​នៅ​ក្នុង​ឆ្នាំ​ ​១៩៩១ ​លោកស្រី​ ​ពុង ឈីវកេក​ ​ដែល​បាន​បង្កើត​អង្គការ​លីកាដូ​នៅ​ក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​ ១៩៩១ និង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩២​ ​លោក​ ​គុល បញ្ញា​ ​ដែល​បាន​បង្កើត​អង្គការ​ខុមហ្វ្រែល​ ​លោក​ ​ឈិត សំអាត​ដែល​បាន​បង្កើត​អង្គការ NGO Forum និង​បុគ្គល​មួយ​ចំនួន​ទៀត រួម​មាន​លោក​កឹម សុខា នាយក​មជ្ឈមណ្ឌល​សិទ្ធិ​ មនុស្ស​កម្ពុជា (CCHR)⁠ មុន​ពេល​លោក​ចូល​ធ្វើ​នយោបាយ។ ក្រៅ​ពី​នេះ​ សៀវភៅ​នេះ​ក៏​មាន​បទសម្ភាសន៍​ជាមួយ​នឹង​មេដឹកនាំ​វ័យ​ក្មេង ក្នុង​ការ​ដឹកនាំ​ចលនា​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន រួម​មាន​លោក អ៊ូ វីរៈ នៃ​អង្គការ​វេទិកា​អនាគត​ លោកស្រី​ ​ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​ព្រះ​តេជគុណ​ ​លួន សុវ៉ាត ​និង​លោក​ស្រី ម៉ាក់ ច័ន្ទស៊ីថា ដែល​និយាយ​ពី​ស្ថានភាព​កម្មករ​រោងចក្រ។​

​តាមរយៈ​សៀវភៅ​នេះ​ ខ្ញុំ​ចង់​ធ្វើ​ការ​ឆ្លុះ​បញ្ចាំងអំពី​ការ​តស៊ូ​ពុះពាររបស់​បុគ្គល​ទាំង​នេះ​ ដើម្បី​បុព្វហេតុសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ​ពួកគេ​បាន​ធ្វើ​ការ​យ៉ាង​សស្រាកសស្រាំ​ ដើម្បី​សម្រេច​បាន​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា អស់រយៈពេល​ជិត​៣០​ឆ្នាំ​កន្លង​មក​នេះ ហើយ​ការ​តស៊ូ​របស់​ពួកគេ​នៅ​តែ​បន្ត​រហូត​ដល់​ពេល​បច្ចុប្បន្ន។ វា​ជា​ការ​តស៊ូ​អស់រយៈពេល​ដ៏​យូរ​អង្វែង​មួយ ហើយ​ការ​តស៊ូ​នេះ​មិន​ទាន់​សម្រេច​ជោគជ័យ​ពេញលេញ​នៅ​ឡើយ​ទេ ដោយសារ​តែ​វា​ជា​ការ​លំបាក​មួយ​នៅ​ក្នុង​ការ​ធ្វើ​ជា​អ្នក​គាំពារ​សិទ្ធិមនុស្ស​ ឬ​ការ​សម្រេច​ឲ្យ​បាន​សិទ្ធិ​មនុស្ស​ពេញលេញ​នៅ​កម្ពុជា ជា​ពិសេស​ជាមួយ​នឹង​ការ​ព្រឹត្តិការណ៍​វិវត្ត​នានា​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។​

VOA៖​ ​តើ​សៀវភៅ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ បន្ទាប់​ពី​មាន​ការ​ដោះលែង​សកម្មជន​សង្គម​ស៊ីវិល​មែន​ទេ?​

​Coffey៖​ ​សៀវភៅ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា​ ​ហើយ​យើង​ទើប​តែ​សម្ពោធ​សៀវភៅ​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ធ្នូ​នេះ​ប៉ុណ្ណោះ។​ ​ដំបូង​ឡើយ​ ខ្ញុំ​មាន​បំណង​សម្ពោធ​សៀវភៅ​នេះ​នៅ​ខែ​មីនាឆ្នាំ​នេះ។​ ប៉ុន្តែ​ជាមួយ​នឹង​ដំណើរការ​វិវត្ត​ផ្សេងៗ​នៅ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៧​ និង​បន្ទាប់​ពី​ពិភាក្សា​យោបល់​ជាមួយ​នឹង​អ្នក​ចូលរួម​ចំណែក​នៅ​ក្នុង​សៀវភៅ​នេះ ខ្ញុំ​គិត​ថា វា​មាន​សុវត្ថិភាព​ជាង ក្នុង​ការ​រង់ចាំ​រហូត​ពេលបោះឆ្នោត​រួច។ ដូច្នេះ​ សៀវភៅ​នេះ​ទើប​តែ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ និង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទាំង​នៅ​ក្នុង​កម្ពុជា និង​នៅ​ឆាក​អន្តរជាតិ។​ ​វា​ពិត​ជា​ការ​ល្អ​ខ្លាំង​ណាស់​ ​ដោយសារ​តែ​យើង​ពិត​ជា​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​អាន​សៀវភៅ​នេះ។​ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​បកប្រែ​សៀវភៅ​នេះ​ទៅ​ជា​ភាសា​ខ្មែរ និង​ជាមូលហេតុ​ដែល​សៀវភៅ​ជា​ភាសាខ្មែរ​អាច​ទាញ​យក​បាន​ដោយ​ឥតគិត​ថ្លៃ​នៅ​លើ​គេហទំព័រ​របស់​ខ្ញុំ។​

​VOA៖​ ​តើ​អ្វី​ទៅ​ជា​មូលហេតុ​ជំរុញ​ឲ្យ​លោកស្រី​សរសេរ​សៀវភៅ​នេះ?​

​Coffey៖​ ​បំណង​សរសេរ​សៀវភៅ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ខ្ញុំ​បាន​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១២​ ​រយៈពេល​២ឆ្នាំ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត​រដ្ឋាភិបាល​អូស្ត្រាលី។ ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ក្នុង​ផ្នែកទំនាក់ទំនង​។ នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ទំនាក់ទំនង​ ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន។​

​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ភ្លាម​ ​ខ្ញុំ​បាន​មើល​ឃើញ​ពីស្ថានភាព​សិទ្ធិ​មនុស្ស​ដ៏​លំបាក​សម្រាប់​ពលរដ្ឋ​កម្ពុជា។ មាន​បញ្ហា​រឹបអូស​ដីធ្លី​ជាច្រើន​បាន​កើត​ឡើង។ ពលរដ្ឋ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ ដោយ​មាន​សំណង​តិចតួច ឬ​គ្មាន​តែ​ម្តង។ តម្លាភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​តិច​មែនទែន។ មាន​បញ្ហា​បរិស្ថាន ​ជា​ច្រើន​ពាក់ព័ន្ធ​នឹងគម្រោង​វារីអគ្គិសនី។ ដោយ​ឃើញ​បញ្ហា​ទាំង​នេះ ខ្ញុំ​គិត​ថា ពលរដ្ឋ​ខ្មែរ​កំពុង​ស្ថិត​ក្នុងស្ថានភាព​ដ៏​លំបាក​ក្នុង​ការ​ទទួល​បានសិទ្ធិ​មនុស្ស​ពេញលេញ។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​នឹង​បុគ្គល​ដ៏​អស្ចារ្យ​មួយ​ចំនួន​នាពេល​នោះ​ ខណៈ​ដែល​ខ្ញុំ​ធ្វើ​ការ​ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ បន្តិច​ម្តងៗ គំនិត​នៃ​ការ​សរសេរ​សៀវភៅ​នេះ​ក៏​ចេះ​មាន​ច្រើន​ឡើងៗ បន្ទាប់​ពី​ខ្ញុំ​បាន​ត្រឡប់​មក​ប្រទេស​អូស្ត្រាលី​វិញ។ ខ្ញុំ​ចាប់​ផ្តើម​គិត​ថា បើ​មិន​មាន​អ្នក​ណា​ម្នាក់​និយាយ​រៀបរាប់​ពី​រឿងរ៉ាវ​របស់​បុគ្គលទាំង​នេះ​ទេ ប្រវត្តិសាស្ត្រ និង​ក្មេងៗ​ជំនាន់​ក្រោយនឹងមិន​អាចដឹង​រឿងរ៉ាវ​របស់​ពួកគេ​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​រក្សា​កំណត់ត្រា​ការងារ​របស់​ពួកគេ។ ខ្ញុំ​សង្ឃឹម​ថា ជនវ័យក្មេង​នៅ​កម្ពុជា នឹង​អាន​ពី​រឿងរ៉ាវ​របស់​បុគ្គល​ទាំង​នេះ និង​ទទួល​បាន​ការ​ជំរុញ​ចិត្ត​ ដោយ​សារ​តែ​ពួកគេ​ជា​អ្នក​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

VOA៖​ ​តើ​លោកស្រី​ចង់​ឃើញ​អ្វី ​កើត​ឡើង​នៅ​ពេល​ដែល​សៀវភៅ​នេះ​ត្រូវ​បាន​បោះពុម្ភ? តើ​លោកស្រី​ចង់​ឲ្យ​សៀវភៅ​នេះ​រួម​ចំណែក​លើ​ការ​ផ្លាស់ប្តូរ​អ្វី​ខ្លះ?​

Coffey៖​ ​ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ ទាំង​ពលរដ្ឋ​ខ្មែរ និង​អ្នក​ស្រាវជ្រាវ​អន្តរជាតិ អាន​សៀវភៅ​នេះ និង​យល់ដឹង​ពី​រយៈកាល​ដ៏​លំបាក និង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស។​ ​នៅ​ក្នុង​កម្រិត​មួយ សៀវភៅ​នេះ​រួម​ចំណែក​ទៅ​លើ​ប្រវត្តិសាស្ត្រ​កម្ពុជា ដោយាសារ​តែ​នេះ​ជា​រឿងរ៉ាវ​របស់​ស្ថាបនិក​អង្គការ​គាំពារ​សិទ្ធិ​មនុស្ស និង​ជា​រយៈពេល​មួយ​ដែល​ខ្ញុំ​គិត​ថា​យើង​ត្រូវ​ដឹង​ជា​អន្តរជាតិ។​ ​ខ្ញុំ​ក៏​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្មេងៗ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​រឿងរ៉ាវ​ទាំង​នេះ​ ​ហើយ​ទទួល​បាន​ការ​ជំរុញ​ឲ្យ​ព្យាយាម​ប្រឹងប្រែង​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុងផ្នែក​សិទ្ធិ​មនុស្ស។​ ​ខ្ញុំ​គិត​ថា កម្ពុជា ​មានកំណត់ត្រាមិន​ល្អនៅ​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស។ មិន​មាន​ការ​បែងចែក​អំណាច​រវាង​អំណាច​តុលាការ អំណាច​រដ្ឋាភិបាល និង​យោធា។ ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​ការ​រឹបអូស​ដី​ធ្លីនៅ​តែ​មាន ហើយ​មិន​មាន​ការ​ទទួល​បាន​ធនធាន​ផ្សេងៗ​ប្រកប​ដោយ​សមភាព​នោះ​ទេ។ ​ខ្ញុំ​ចង់​ឲ្យ​សៀវភៅ​នេះ​ដើរ​តួ​ជា​កម្លាំងចលករ​មួយ​សម្រាប់​ការ​ផ្លាស់ប្តូរ​ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្សម្នាឲ្យ​តស៊ូ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស​ ដូចដែល​បុគ្គល​រៀបរាប់​ខាង​លើ​បាន​ធ្វើ។​

VOA៖​ ​តើ​លោកស្រី​ទទួល​បាន​មតិយោបល់ ឬ​ការ​ឆ្លើយតប​អ្វី​ពី​សាធារណជន ឬ​សង្គម​ស៊ីវិល ឬ​រដ្ឋាភិបាល​ដែរ​ឬ​ទេ មក​ដល់​ពេល​នេះ?​

​Coffey៖​ ​មាន​ការ​ឆ្លើយតប​ល្អៗ​ជាច្រើន​ ចាប់​តាំង​ពី​ពេល​ខ្ញុំ​បោះពុម្ភ​សៀវភៅ​នេះ។ ខ្ញុំ​ទទួល​បាន​មតិយោបល់​ជាច្រើន​ពី​អ្នក​នៅ​ក្រៅ​ប្រទេស​ ដែល​ចាប់​អារម្មណ៍​លើ​សៀវភៅ​នេះ និង​ទទួល​បាន​សារ​ជាច្រើន​ពី​ពលរដ្ឋ​ខ្មែរ​ក្មេងៗ ដែល​បាន​ផ្ញើ​សារ​ថ្លែង​អំណរគុណ។ ពួកគេ​អរគុណ​ខ្ញុំ​ដែល​បាន​ចេញ​ផ្សាយ​សៀវភៅ​នេះ​ជា​ភាសាខ្មែរ និង​ដោយ​ឥត​គិត​ថ្លៃ។ មាន​សៀវភៅ​ជាច្រើន​ដែល​និយាយ​អំពី​អាស៊ី និង​កម្ពុជា ប៉ុន្តែ​សៀវភៅ​ទាំង​នោះ​មិន​ត្រូវ​បាន​បកប្រែ​ ហើយ​ពលរដ្ឋ​ខ្មែរ​មិន​អាច​រក​បាន​ដោយ​ស្រួល​ដើម្បី​អាន​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​សារៈសំខាន់​ណាស់​ ដែល​ពលរដ្ឋ​ខ្មែរ​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ដូច្នេះ​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​សៀវភៅ​នេះ​អាច​រក​បាន​ដោយ​ឥត​គិត​ថ្លៃ នៅ​លើ​គេហទំព័រ​របស់​ខ្ញុំ​គឺ​ ​seekingjusticeincambodia.com។​

VOA៖​ ​នា​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថាខ្លួន​នឹង​បន្ធូរ​ការ​រឹតត្បិត​លើ​ក្រុម​សង្គម​ស៊ីវិល ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លទ្ធភាព​ដែល​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​ដែល​ត្រូវ​បាន​ហាមឃាត់​ឲ្យ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​ម្តង​ទៀត។​ ​តើ​លោកស្រី​យល់​យ៉ាង​ណា?

​Coffey៖​ ​ខ្ញុំ​គិត​ថា​នេះ​ជា​ការ​វិវត្តិ​ទៅ​មុខដ៏​សំខាន់​មួយ​។ ខ្ញុំ​គិត​ថាការ​វិវត្ត​នេះ​កើត​ឡើង​ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ដ៏​អកុសលកាល​ពីចុង​ឆ្នាំ​២០១៧។ ខ្ញុំ​ទើប​តែ​បាន​សម្ភាសន៍​លោក​ ​កឹម សុខា​ ​១០​ថ្ងៃ​មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន។ ​លោក​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ ​មុន​ពេល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។​ ​ខ្ញុំ​គិត​ថាបញ្ហា​គឺ​ថា​រដ្ឋាភិបាល​នឹង​កាន់​អំណាច​ប្រាំ​ឆ្នាំ​បន្ត​ទៅ​ទៀត ជាមួយ​នឹង​ការ​កាន់កាប់​កៅអី​ទាំងអស់​នៅ​ក្នុង​សភា។ ​ ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មិន​មាន​កៅអី​នៅ​ក្នុង​សភា ហើយ​សំណួរ​នឹង​មាន​ថា តើ​ប្រព័ន្ធ​ដូចនេះ​នឹង​មាន​ប្រសិទ្ធភាព⁠​ក្នុង​កម្រិត​ណា។​ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ក្តី​សង្ឃឹម។​

VOA៖​ ជា​មួយ​នឹងការ​វិវត្ត​ថ្មីៗ​នេះ តើ​លោកស្រី​មាន​សារ​អ្វី​ដល់​ពលរដ្ឋ​ខ្មែរ?​

​Coffey៖​ ​ខ្ញុំ​គិត​ថា ពលរដ្ឋ​ខ្មែរ​ជា​មនុស្ស​អស្ចារ្យ។ ខ្ញុំពិត​មាន​សេចក្តីរីករាយនៅ​ពេល​ខ្ញុំនៅ​កម្ពុជា។ ខ្ញុំ​គិត​ថា កម្ពុជាមាន​ធនធាន​ដ៏​អស្ចារ្យ និង​ជំនាញ​ជាច្រើន។ ខ្ញុំ​គិត​ថា​ ពលរដ្ឋ​កម្ពុជា​បាន​តស៊ូយ៉ាង​ខ្លាំង​ដោយ​ឆ្លង​កាត់របបដ៏​លំបាកដូចជា ​របប​ខ្មែរ​ក្រហម ​របប​គ្រប់គ្រង​ដោយ​វៀតណាម ​របប​ទសវត្សរ៍ឆ្នាំ​១៩៩០ និងនា​ពេល​ឥឡូវ​នេះ។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​យល់​ថា ពួកគេ​ត្រូវ​តែ​ទទួល​យក​ការ​ជំរុញ​ទឹក​ចិត្ត​ពី​បុគ្គល​ដែល​តស៊ូ​ដើម្បី​បុព្វហេតុ​សិទ្ធិ​មនុស្ស និង​តស៊ូ​ដើម្បី​បុគ្គល​ទាំង​នោះ ពីព្រោះ​ពលរដ្ឋ​កម្ពុជា​ត្រូវ​មាន​សិទ្ធិ​ទាំង​នេះ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​ចែង​ថា ពលរដ្ឋ​ត្រូវ​មានសិទ្ធិ​ទាំង​នេះ​ផង​ដែរ។ ​

VOA៖​ ​តើ​លោកស្រី​មាន​អ្វី​ចង់​បន្ថែម​ដែរ​ឬ​ទេ?​

​Coffey៖​ ខ្ញុំ​គិត​ថា ឆ្នាំ​២០១៨​នេះជា​ឆ្នាំ​ដ៏​លំបាក​មួយ។​ ​ប្រទេស​កម្ពុជា​ឥឡូវ​នេះ​ជា​រដ្ឋឯកបក្ស។​ ​ហើយស្រប​ពេល​ដែល​រដ្ឋាភិបាលកំពុង​តែ​បន្ធូរ​ការរឹត​ត្បិត​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដាក់​ឡើង​នៅ​មុន​ពេល​បោះឆ្នោត​ វា​នៅ​តែ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​សិទ្ធិ​មនុស្ស​ពេញលេញ។ ខ្ញុំ​មាន​សង្ឃឹម​ខ្លាំង​ថា អ្វីៗ​នឹងប្រសើរឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​អនាគត ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ត្រូវទទួល​បាន​សិទ្ធិ​មនុស្ស​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ​ និងការ​ទទួល​បាន​ធនធាន​ផ្សេងៗ​ប្រកប​ដោយ​សមភាព។​

បទសម្ភាសន៍​នេះ​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​ភាព​ច្បាស់លាស់៕​