ការ​រឹត​បន្តឹង​ការ​ផ្តល់​ទិដ្ឋាការ​បាន​ដាក់​កម្រិត​ទៅ​លើ​ចំនួន​និស្សិត​ចិន​មក​សិក្សា​នៅ​អាមេរិក

រូបភាព​ឯកសារ៖ និស្សិត​ម្នាក់​មក​ពី​ចិន​បិទ​ស្លាក​បញ្ហា​ផ្លូវ​ដល់​និស្សិត​ចិន​ថ្មី ដែល​មក​សិក្សា​នៅ​សាកលវិទ្យាល័យ Texas នៅ​ក្នុង​ក្រុង Richardson រដ្ឋ Texas កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

ក្រសួង​អប់រំ​ចិន​បាន​ព្រមាន​សិស្ស​និស្សិត​ចិន​អំពី​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ដោយ​លើក​ឡើង​ពី​ការ​កើន​ឡើង​នៃ​ការ​ពន្យារ​ពេល​និង​ការ​រឹត​បន្តឹង​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ។

ការ​ព្រមាន​នេះ​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​កាន់​តែ​មាន​ភាព​តានតឹង និង​ការ​ព្រួយបារម្ភ​ពី​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​នឹង​ការ​លួច​យក​ការណ៍​ ឬ​ការ​លួច​កម្មសិទ្ធ​បញ្ញា។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​អ្នកស្រី Xu Mei បាន​ថ្លែង​ថា៖ «ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​របស់​សិស្ស​និស្សិត​ជនជាតិ​ចិន​ដែល​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ថ្មីៗ​នេះ​ មាន​ការ​រឹត​បន្តឹង ដោយ​មាន​ការ​ពិនិត្យ​មើល​បន្ថែម កាត់​បន្ថយ​រយៈពេល​ដែល​ពួក​គេ​អាច​ស្នាក់​នៅ និង​បង្កើន​អាត្រា​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ឬ​គម្រោង​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ‍»។

ក្រសួង​អប់រំ​ចិន​ក៏​បាន​ប្រាប់​ទៅ​សិស្ស​និស្សិត​ដែល​ចង់​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​ពង្រឹង​ការ​ប៉ាន់​ស្មាន​ពី​ហានិភ័យ។

អ្នកស្រី Xu Yongji មន្ត្រី​ក្រសួង​អប់រំ​មួយ​រូប​ទៀត​បាន​ប្រាប់​អ្នក​ផ្សាយ​ព័ត៌មាន​ទូរទស្សន៍ CCTV ថា សិស្សនិស្សិត​ចិន​១៣,៥ភាគរយ​ នៃ​សិស្ស​និស្សិត​ទាំងអស់​ដែល​បាន​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទៅ​សិក្សា​នៅ​អាមេរិក មិន​បាន​ទៅ​សិក្សា​តាម​ការ​គ្រោង​ទុក​នោះ​ទេ ដោយ​សារ​តែ​មាន​បញ្ហា​ផ្នែក​ទិដ្ឋាការ៕