អំពើ​ហិង្សា​បង្ក្រាប​ក្រុម​បាតុករ​នៅ​កណ្តាល​អាធ្រាត

ទាហាន​​ប្រដាប់​ដោយ​​​អាវុធ​​​ត្រៀប​ខ្លួន​​​បង្រ្កា​ប​បាតុករ​​ក្រោយ​ពី​បាន​​ចាប់ខ្លួន​​បាតុករមួយ​ចំនួន។

កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​អំពើ​ហិង្សា​បំបែក​ក្រុម​បាតុករ​រោងចក្រ​កាត់ដេរ​កាណា​ឌីយ៉ាជាង​៥០០នាក់​នៅរំលង​អាធ្រាត​ចូលដល់​ព្រឹកថ្ងៃសុក្រ​នេះ ​ក្រោយ​ពីមាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាច្រើន​ម៉ោង​តាំង​ពី​រសៀល​ថ្ងៃ ព្រហស្បតិ៍​មក។​ នេះបើ​តាមការ​អះអាង​របស់​លោក​ចាន់ សុវ៉េត ​មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​នៃអង្គការ​សិទ្ធិមនុស្ស​អាដហុក​ដែល​បានចុះ​សង្កេត​ការណ៍​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ។​

«បែកអស់​ហើយ។​ ខ្ញុំនៅឈរ​ទីនេះ​គ្រាន់តែ​ឃើញ​ថា ​មាន​ការ​វ៉ៃ​ដុំខ្លះ​ដែរ​ តែ មិន​ជា​ធ្ងន់ធ្ងរ​ពេក​ទេ​ ​គ្រាន់តែ​គម្រាម ​កំញើញ​ទៅ។​ ហើយ​បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​អត់​ស្គាល់​ឈ្មោះ ​វ័យ​ជាង​២០​ឆ្នាំ​ដាក់​ម៉ូតូ​យក​ទៅ»។​

លោក​អះអាង​ថា ​ក្រុម​បាតុករ​បាន​ដុតកង់​ឡាន ​ដុតរទេះ​តាម​ផ្លូវ​ហើយ​ចំណែក​កងកម្លាំង​ប្រដាប់​អាវុធកំពុង​តាមរក​ចាប់ខ្លួន​មេ​ដឹកនាំ​បាតុករ​ ហើយ​បាន​បាញ់​គ្រាប់​បែកផ្សែង​បង្ហូរ​ទឹក​ភ្នែកចូល​ផ្ទះ​ប្រជាជន​ផង​ដែរ។​

ក្រុមកម្មករ​ប្រដាប់​ដោយ​ដុំថ្ម​ ព្រនង់ ​ដំបង​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ ប្រដាប់​អាវុធ ​ប៉េអឹម​ចាប់តាំង​ពី​ម៉ោង​ប្រហែល៣រសៀល​ដល់ម៉ោង​ជិត​១យប់​រលង​អាធ្រាត​ ហើយ​បាន​បិទផ្លូវ​វ៉េងស្រេង​ក្នុងរាជ​ធានី​ភ្នំពេញ​មិនឲ្យ​មាន​ចរាចរណ៍។​

សេចក្តី​រាយ​ការណ៍​ដំបូងៗ​បាន​អះអាង​ថា​ មាន​កម្មករ​ជាង​១០នាក់​ដែល​រងរបួស​នៅ​រោងចក្រ​កាណាឌីយ៉ា​នេះ​ បន្ថែម​ពី​លើ​របួស​និង​ការ​ចាប់ខ្លួន​នៅ​កន្លែង​តវ៉ាពីរ​ទៀត​គឺ​ផ្សារ​ដីហុយ​ រាជ​ធានីភ្នំពេញ​ និង​នៅក្នុង​រោងចក្រ​យ៉ាកជីង​ ដែល​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។​

លោក​ចាន់ សុវ៉េត​បាន​អះអាង​ថា​ អាជ្ញាធរ​មិន​គួរ​ធ្វើ​ការ​បង្រ្កាប​ទៅលើ​កម្មករ ​ដោយ​អំពើ​ហិង្សា​ដែលគ្រាន់​តែ​ប្រើ​សិទ្ធិ​ទាមទារ​ដើម្បី​ការ​រស់រាន​របស់​ខ្លួន​នោះ​ទេ។​

«ហើយ​បើ​ទង្វើ​បែប​ហ្នឹង​ថា​ ជាការ​ប្រឆាំង​ ហើយ​បង្ក្រាប​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដោយអត់​ដោះស្រាយ​តាម​គោល​ការណ៍ច្បាប់​ លទ្ធិ​ប្រជាធិប​តេយ្យការ ​គោរព​ សិទ្ធិ​មនុស្ស​ធ្វើជា​មូលដ្ឋាន​ដើម្បី​អនុវត្ត​ ខ្ញុំគិត​ថា​ វាជាការ​រំលោភ​មួយ​យ៉ាង​ធ្ងន់ធ្ងរ»។​

គណបក្ស​ជំទាស់​បាន​លុបចោល​គម្រោង​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​ដោយ​សារការ​បង្ក្រាប​ដោយ​អំពើ​ឃោរឃៅ​មក​លើ​កម្មករ​ ពលរដ្ឋ​និង​ព្រះសង្ឃ​ ហើយមិនបាន​កំណត់​ថ្ងៃ​ថា ​ជួប​ចរចា​ពេល​ណា​ទេ៕