ក្រុម Hamas អះអាង​ថា​បាន​បាញ់​គ្រាប់​រ៉ុក្កែត​​ដាក់​អ៊ីស្រាអែល​ក្រោយ​អំពើ​ហិង្សា​នៅ​ក្រុង​ហ្សេរុយសាឡិម​​

ពលរដ្ឋប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាជាមួយកងសន្តិសុខអ៊ីស្រាអែលនៅព្រះវិហារ Al Aqsa ក្នុងតំបន់ Old City នៃប្រទេសអ៊ីស្រាអែល នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។

សម្គាល់៖ អត្ថបទ​នេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយព្រឹត្តិការណ៍​ហិង្សាកំពុង​មាន​បន្ត។

ក្រុម​ជីវពល ​Hamas នៅ​តំបន់​ហ្គាហ្សាថា​ខ្លួន​បាន​បាញ់​កាំជ្រួច​ដាក់​ទី​ក្រុង​ហ្សេរុយសាឡិម​នៅ​ថ្ងៃ​ចន្ទ ដែល​បណ្តាល​ឲ្យ​មាន​ស៊ីរ៉ែន​រោទិ៍​ព្រមាន​ពី​ការ​វាយប្រហារ​តាម​អាកាស​ដែល​ទំនង​ជា​ការ​ឆ្លើយ​តប​របស់​ក្រុម​នេះ​ទៅ​នឹង​ការ​រង​របួស​របស់​ជនជាតិ​ប៉ាឡេស្ទីន​ជាង​៣០០​នាក់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​អ៊ីស្រាអែលនៅ​វិហារ​ឥស្លាម al-Aqsa។​ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ ​Reuters។

ទី​ភ្នាក់ងារ​ព័ត៌មាន ​AP ​បាន​រាយការណ៍​ថា​ គេ​បាន​ឮ​សូរ​សំឡេងផ្ទុះបន្ទាប់​ពីមាន​ស៊ីរ៉ែន​រោទិ៍នោះ​គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ក្រុម​ជីវពល​ Hamas នៅ​តំបន់​ហ្គាហ្សា​បាន​ដាក់​ឱសានវាទ​ដល់​អ៊ីស្រាអែល​ឱ្យ​ដក​កម្លាំង​សន្តិសុខ​ពី​វិហារ​ឥស្លាម al-Aqsa។

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេថា​តើ​សំឡេង​ផ្ទុះ​នោះ​ជា​គ្រាប់​រ៉ុក្កែត​ដែល​បាន​ផ្ទុះ​ពេល​ធ្លាក់​ដល់​ដី​ឬ​ពេល​ត្រូវ​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អ៊ីស្រាអែល​បាញ់​ស្ទាក់លើ​អាកាស​នោះ​ទេ។

កាល​ពី​ថ្ងៃ​ចន្ទការ​ប្រយុទ្ធ​គ្នាមួយ​រវាង​កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​និង​អ្នក​ថ្វាយ​បង្គំ​សាសនា​ឥស្លាម​ជនជាតិ​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​ម្តង​ទៀត​នៅ​ជិតវិហារ​ឥស្លាម al-Aqsa នៅ​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម​។ មាន​សេចក្តី​រាយការណ៍​ថា ជនជាតិ​ប៉ាឡេស្ទីន​រហូត​ជាង​៣០០​នាក់​បាន​រងរបួស​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​គប់​គ្រាប់​បែក​ផ្សែង​ចូល​ក្នុង​វិហារ​ឥស្លាម​នោះ ខណៈ​ពេល​ដែល​អ្នក​ថ្វាយ​បង្គំ​សាសនា​បាន​គប់​ដុំ​ថ្ម​និង​របស់​របរ​ផ្សេងៗ​ដាក់​កង​កម្លាំង​អ៊ីស្រាអែល។ មាន​សេចក្តី​រាយការណ៍​ថា មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស ដែល​ក្នុង​នោះ​មនុស្ស​យ៉ាង​តិច ៥០ នាក់ ត្រូវ​បានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ។

ជនជាតិ​ប៉ាឡេស្ទីន​រាប់​សិប​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ប្រឈម​តតាំង​ហិង្សា​ជាមួយ​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម ចាប់​តាំងពី​យប់​ថ្ងៃ​សៅរ៍​រហូត​ដល់​ថ្ងៃ​អាទិត្យ ដែល​ជា​ពេល​ដែល​អ្នក​កាន់​សាសនា​ឥស្លាម​ប្រារព្ធ​ពិធី Laylat al-Qadr ដែល​មាន​ន័យ​ថា «រាត្រី​ព្រេង​វាសនា» ដែល​ជា​ពេល​ដ៏​ពិសិដ្ឋ​បំផុត​នៃ​ខែ​តម​អាហារ​បុណ្យ​រ៉ាម៉ាដន (Ramadan) នៃ​សាសនា​ឥស្លាម។

ការ​ប៉ះទង្គិច​គ្នា​បាន​កើតឡើង​នៅ​ច្រក​ចេញ​ចូល​នៃ​បរិវេណ​វិហារ​ឥស្លាម al-Aqsa នៅ​ក្នុង​តំបន់ Old City ដែល​ជា​កន្លែង​ដែល​ជាតិ​សាសន៍​ជ្វីហ្វ​ហៅ​ថា Temple Mount និង​ដែល​អ្នក​កាន់​សាសនា​ឥស្លាម​ហៅ​ថា Noble Sanctuary។ កន្លែង​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត​នៅ​ក្នុង​សាសនា​ជ្វីហ្វ និង​ជា​កន្លែង​ពិសិដ្ឋ​បំផុត​ទី ៣ នៅ​ក្នុង​សាសនា​ឥស្លាម។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា អាជ្ញាធរ​«នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​ជ្រុល​និយម​បំផ្លាញ​ភាព​ស្ងប់ស្ងៀម​នោះ​ទេ»។ លោក​ថ្លែង​ដូច្នេះ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​ថ្ងៃ​រវាង​បាតុករ​ប៉ាឡេស្ទីន​និង​ប៉ូលិស​អ៊ីស្រាអែល​នៅ​ខាង​ក្រៅ​តំបន់ Old City នៃ​ទីក្រុង​ហ្សេរុយសា