នៅទីក្រុង Ferguson ស.រ.អា.មានភាពចលាចលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែនេះ ក្រោយក្រុមមហាគណៈវិនិច្ឆ័យ (ការជំនុំជម្រះដោយក្រុមប្រជាជន) បានសម្រេចថា មិនធ្វើការកាត់ទោសមន្ត្រីប៉ូលិសស្បែកស ដែលបានបាញ់សម្លាប់យុវជនស្បែកខ្មៅឈ្មោះ Michael Brown ដែលអត់មានអាវុធក្នុងដៃនោះ។
ការតវ៉ាដោយហិង្សាបានផ្ទុះឡើងនៅយប់ថ្ងៃច័ន្ទ ក្រោយពីមន្ត្រីនានាប្រកាសថា មិនមានការចោទប្រកាន់លោក Darren Wilson មន្ត្រីប៉ូលិស ទាក់ទងនឹងការបាញ់សម្លាប់លោក Michael Brown អាយុ១៨ឆ្នាំ។
លោក Jon Belmar ប្រធានប៉ូលិសសង្កាត់ St. Louis County និយាយថា យ៉ាងតិចមានអគារជាង១០ត្រូវដុតបំផ្លាញ។ លោកនិយាយថា មិនមានរបាយការណ៍អំពីមនុស្សរងរបួសទេ។
លោក Jon Belmarនិយាយថា កន្លែងរកស៊ីទាំងនោះប្រហែលជាមិនអាចបើកឡើងវិញបានទេ។ នេះជារឿងដ៏គួរឲ្យសោកស្តាយ។ ព័ត៌មានល្អគឺថា ប៉ូលិសមិនបានបាញ់កាំភ្លើងទេ។ តាមលោកដឹង មិនមានប៉ូលិសរងរបួសធ្ងន់ធ្ងរទេ ទោះជាមានការគប់ដុំថ្មមកលើប៉ូលិសក្តី។ ប៉ូលិសល្បាតម្នាក់ត្រូវដបទឹកចំក្បាល តែមិនមានរបួសធ្ងន់ធ្ងរទេ៕