ការ​រំលោភ​បំពាន​​ផ្សេងៗ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​មីយ៉ាន់ម៉ា

  • Lisa Schlein

រូបឯកសារ៖ សន្លឹកឆ្នោតត្រូវបានរាប់នៅក្នុងមណ្ឌលបោះឆ្នោតមួយកន្លែងនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋាភិបាល​មីយ៉ាន់ម៉ាមិន​អនុញ្ញាត​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចូលក្នុង​ប្រទេស​នោះ​ទេ។​ ទោះជា​យ៉ាង​នេះ​ក្តី លោក Thomas Andrews អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ នៅ​អាច​ធ្វើ​ការ​ស៊ើបអង្កេត​ពី​ចម្ងាយ។

លោក Thomas Andrews បាន​លើកឡើង​ថា សក្ខីកម្ម​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស សមាជិក​អង្គការ​សង្គមស៊ីវិល​នៅ​មីយ៉ាន់ម៉ា និង​វត្ថុតាង​ជា​រូបភាព​អាក្រក់​ផ្សេងៗ​ បាន​បង្ហាញ​ថា ការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា​ នឹង​មិន​អាច​ជឿ​ទុកចិត្ត​បាន​នោះទេ សូម្បី​តែ​មិន​ទាន់​មាន​ការបោះឆ្នោត​នៅ​ឡើយ។

លោក Andrews បាន​និយាយ​ថា៖

«លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នោះមិន​អាច​បង្ហាញ​ឲ្យ​ត្រឹមត្រូវ​ពី​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ នៅ​ពេល​ដែល​សិទ្ធិ​បោះឆ្នោត​ត្រូវ​បាន​រារាំង​ដោយសារ​តែ​ពូជសាសន៍ កុលសម្ព័ន្ធ ឬ​សាសនា។ ហើយ​ខ្ញុំឃើញ​នូវ​ភស្តុតាង​ដែល​ថា រដ្ឋាភិបាល​មិន​មាន​ទំនោរ ឬ​ត្រៀមលក្ខណៈ​នឹង​សម្របសម្រួលសិទ្ធិ​បោះឆ្នោត​ដល់​ក្រុម​រ៉ូហ៊ីងយ៉ា​ដែល​គ្រប់​អាយុ​បោះឆ្នោតនៅ​រដ្ឋ Rakhine ឬ​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​បង់ក្លាដេស​នោះ​ទេ»។

លោក Andrews បាន​បន្ត​ថា ការ​ធ្វើ​ការ​បោះឆ្នោត​អំឡុងពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​រ៉ាំរៃ ស្របពេល​ដែល​ការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា ​គឺ​ពិតជា​លំបាក​ខ្លាំងណាស់។ លោក​បាន​បន្ថែមថា ក្រៅ​ពី​ការ​រឹតត្បិតលើ​ការ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ ដោយសារ​តែ​ការ​រាតត្បាតជំងឺ​កូវីដ១៩ ការ​បិទ​ប្រព័ន្ធ​អ៊ីនធឺណិត​ និងបណ្តាញ​សង្គម​ដោយ​រដ្ឋាភិបាល​ បាន​បង្ក​ជាការ​លំបាក​ដល់ពលរដ្ឋក្នុងការ​ទទួល​បាន​សារ​ផ្សេងៗ។

លោក Andrews បាន​ថ្លែង​ថា៖

«បញ្ហា​គ្រោះថ្នាក់​មួយ​ទៀត ​គឺ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ​និង​គណបក្ស​នយោបាយ ប្រើ​ប្រាស់​ការ​គំរាមកំហែង​ និង​ភាសា​បង្ក​ឲ្យ​មាន​ភាព​ស្អប់​ខ្ពើម​ជា​អាវុធ​ផ្នែក​នយោបាយ។ ប្រជាជន​មីយ៉ាន់ម៉ា​ដឹង​ថា អំពើ​អាក្រក់​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ទៅ​ដល់​ការបោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​បង្ក​ជា​អំពើហិង្សា​ផង​ដែរ។ ហើយ​សារ​ញុះញង់ទាំង​នោះ​ មិន​គួរ​មាន​នោះ​ទេ​ នៅ​ក្នុង​ការ​បោះឆ្នោត ​មិនថា​នៅ​លើ​ខិតបណ្ណ​ឃោសនា ឬ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​ដោយ»។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​រូបភាព​អាក្រក់​នានា ចំពោះអ្វី​ដែល​លោក​បាន​ពណ៌នា​ថា ជា​សំណៅ​ឯកសារ​ផ្សព្វផ្សាយ​ឃោសនា​បោះឆ្នោត​បែប​ពិសពុល។ ហើយការ​ធ្វើ​ដូចនេះបាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ពី​ប្រទេស​មីយ៉ាន់ម៉ា វេណេស៊ុយអេឡា ចិន បេឡារុស និង​គុយបា។

ក្រុម​ប្រទេស​ទាំង​នេះបាន​អះអាង​ថា ឯកសារ​ផ្សព្វផ្សាយ​ទាំង​នោះ​មានលក្ខណៈ​បំភ្លៃ​ការណ៍ពិត ហើយ​មិន​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​និង​មិន​គួរយក​មក​បង្ហាញ​នោះ​ទេ។

​លោកស្រី Elisabethy Tichy-Fisslberger ​ប្រធាន​ក្រុម​ប្រឹក្ស​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា គ្រប់​តម្រូវការ​ផ្លូវ​ច្បាប់សម្រាប់​សំណៅ​ឯកសារ​ជា​រូបភាព​ទាំងនោះ​ ត្រូវ​បាន​បំពេញ​ជា​ស្ថាពរ​ហើយ។

លោកស្រី Tichy-Fisslberger បាន​មាន​ប្រសាសន៍​ថា៖

«យើង​បាន​ទទួល​វត្ថុតាង​ជា​រូបភាព​ទាំង​នោះ​កាល​ពី​ពីរ ឬ​បី​ថ្ងៃ​មុន។ ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ចែករំលែក​ជាមួយ​នឹង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ព្រមព្រៀង​ថា ឯកសារ​ទាំង​នោះ​អាច​ត្រូវបង្ហាញ​ក្រោម​លក្ខខណ្ឌ​ដែល​ផ្ទៃ​មុខ​របស់​បុគ្គល​ ត្រូវ​បាន​បិទ​មិន​ឲ្យ​មើល​ឃើញ ហើយ​យើង​ក៏​បាន​ធ្វើ​តាម​ដែរ។ ដូច្នេះ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិយល់ស្រប​ថា ឯកសារ​ទាំង​នោះ​អាច​ត្រូវ​យក​មក​ធ្វើ​បទបង្ហាញ​បាន​»។​

ប្រទេស​អូស្ត្រាលី ជប៉ុន និង​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ បាន​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​សំណើ​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហាញ​នូវ​រូបភាព រូប​ពី​ផ្កាយរណប ឬ​រូបថត​ដទៃ​ទៀត​ផង​ដែរ។ បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​គាំទ្រ​លើ​សំណើ​នេះ អ្នក​រាយការណ៍​ពិសេសអង្គការ​សហប្រជាជាតិ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បទ​បង្ហាញ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា