ពលរដ្ឋ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​ដោយសារ​គម្រោង​ព្រែកជីក​ហ្វូណន ដែល​កំពុង​ធ្វើ​ឱ្យ​វៀតណាម​បារម្ភ​ដែរ​

សាឡង់បើកតាមដងទន្លេមេគង្គ កន្លែងដែលព្រែកជីកហ្វូណនត្រូវសាងសង់ ។ (ស៊ុន ណារិន/វីអូអេ)

ប្រមាណ​ជា ​៣ ​ខែ​ទៀត អ្នកស្រី សុខ ស្រី អាច​ចាប់​ផ្តើម​នេសាទ​ត្រី​នៅ​ក្នុង​ព្រែក​តាកែវ ក្បែរ​ផ្ទះ នៅ​ពេល​ទឹក​ទន្លេ​មេគង្គ​ឡើង​ខ្ពស់ ហូរ​ចូល​ព្រែក​មួយ​នេះ។ វា​ជា​ពេល​វេលា​មួយ​ដែល​អ្នកស្រី សុខ ស្រី អាយុ​៦០​ឆ្នាំ អាច​រក​ត្រី​បាន ចាប់​ពី​ខែ​មិថុនា រហូត​ដល់​ដើម​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​វា​ប្រហែល​ជា​ការ​នេសាទ​ចុង​ក្រោយ​មួយ​របស់​អ្នកស្រី ដោយ​សារគម្រោង​ព្រែក​ជីក​ហ្វូណន​ដែល​គ្រោង​នឹង​សាងសង់​នា​ចុង​ឆ្នាំ​នេះ​អាច​ប៉ះ​ពាល់​ផ្ទះ​របស់​អ្នកស្រី ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ​៣៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖ «ដឹង​តែ​ថា​គេ​ធ្វើៗ​ទន្លេ ប៉ុន្តែ​ខ្ញុំ​អត់​ដឹង​គេ​ជីក​ថ្ងៃណា ខែ​ណា​ទេ។ ដឹង​ជីក​យ៉ាង​ម៉េច អី​យ៉ាង​ម៉េច ខ្ញុំ​អត់​ទាន់​ដឹង។ ហើយ​ការ​ប៉ះ​ពាល់​ហ្នឹង រុះ​រើ​ហ្នឹង មិន​ដឹង​រដ្ឋ​គិត​យ៉ាង​ម៉េច អត់​ទាន់​ដឹង​ដែរ។ ទាល់​តែ​ប្រជុំ​បាន​ដឹង​ហ្មង»។

អ្នកស្រី​បន្ថែម​ថា៖ «ដល់​ពេល​គេ​ធ្វើ​ទន្លេ អ៊ំ​មានអី​រក​ទៀត។ រក​អី​កើត​ ទៅ​ជា​ទន្លេធំ​ហើយ​ហ្នឹង មាន​បាន​អី​រក ដាក់​មង​ម៉េច​កើត។ ទន្លេ​វា​ធំពេក ដាក់​អត់​កើត​ទេ ទាល់​តែ​ព្រែក​តូច​អញ្ចឹង​ ​ទឹក​ចូល​មក​អញ្ចឹង​ទៅ យើង​ដាក់​បាន គ្រាន់​បាន​ចិញ្ចឹម​ជីវភាព​យើង​រួច​មួយ​ថ្ងៃ​មួយ​ថ្ងៃ​ទៅ»។

អ្នកស្រី សុខ ស្រី ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត ដែល​នឹង​រង​ផល​ប៉ះពាល់ ដោយសារ​គម្រោង​ព្រែកជីក​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប ប្រវែង​១៨០​គីឡូ​ម៉ែត្រ ដែល​មាន​តម្លៃ​ប្រមាណ​១.៧០០​លាន​ដុល្លារ​អាមេរិក ហើយ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ និង​កំពុង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត។ អ្នកស្រី​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ដី​របស់​អ្នកស្រី​មិន​មានប្លង់​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ឡើយ ដោយ​សារ​អ្នកស្រី​រស់​នៅ​តាម​ដង​ព្រែក។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា៖ «ធ្វើ​ម៉េច​បើ​រដ្ឋ​ត្រូវការ​ហើយ។ យើង​ទៅ​និយាយ​ថា​ម៉េច ទាល់​រដ្ឋ​ដោះស្រាយ​ឱ្យ មិន​ហ៊ាន​ប្រឆាំង​រដ្ឋ​ទេ បើ​រដ្ឋ​ត្រូវ​ការ​ហើយ ត្រូវ​រដ្ឋ​យក​ហើយ។ អ៊ំ​មិន​ហ៊ាន​ប្រឆាំង​រដ្ឋម៉េច។ ទៅ​ប្រឆាំង​អី បើ​ដី​របស់​រដ្ឋ។ បើ​កាល​ណា​រដ្ឋ​ហ្នឹង​អាណិត​អ៊ំ អ៊ំ​អត់​មាន​ដី​អត់មានអី​នៅ ប៉ះពាល់​អញ្ចឹង គាត់​ដោះស្រាយ​ឱ្យ​ បាន​ដី​មួយ​កន្លែងនៅ អ៊ំ​អរគុណ​ណាស់»។

អ្នកស្រី សុខ ស្រី រស់​នៅ​ជាប់​ព្រែក​តាកែវ ក្បែរ​ទន្លេ​មេគង្គ​នេះ តាំង​ពី​ឆ្នាំ​២០០០ ជាមួយ​ស្វាមី​របស់​អ្នកស្រី លោក ម៉ូវ សារិន អាយុ​៦២​ឆ្នាំ ដែល​ជា​អតីត​ទាហាន​ម្នាក់ ប៉ុន្តែ​លោក​មិន​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ឡើយ។ អ្នកស្រី​ក៏​មាន​កូន​ស្រី​ម្នាក់ ឈ្មោះ រិន ស្រីវី អាយុ​១៦​ឆ្នាំ ដែល​កំពុង​សិក្សា​ថ្នាក់​ទី​៩​ផង​ដែរ។

ដើម្បី​បាន​ប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព នៅ​រដូវ​ទឹក​ស្រក ដូច​ពេល​បច្ចុប្បន្ន​នេះ អ្នកស្រី​ស៊ី​ឈ្នួល​បេះ​ម្ទេស ឬ​ធ្វើ​ស្មៅ​ឱ្យគេ ដើម្បី​ទទួល​បាន​ប្រាក់​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ការងារ​នេះ​មិន​ទៀង​ទាត់​ឡើយ។ ជួន​កាល​អ្នកស្រី​ដើរ​បេះ​បន្លែ​បង្កា​ខ្លះ​យក​ទៅ​លក់​បាន​៥​ពាន់​ទៅ​១​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កូន​ស្រី​ទៅ​រៀន។

អ្នកស្រី​បញ្ជាក់​ថា៖ «ព្រួយ​ចិត្ត​តើ រាល់​ថ្ងៃ​ហ្នឹង​ដេក​មិន​លក់​ទេ ចេះ​តែ​នឹក​ឃើញ​ថា​យើង​ក្រ ដល់​ពេល​រដ្ឋ​ត្រូវការ​ទៅ ដឹង​គេគិត​ឱ្យយើង​យ៉ាងម៉េច។ ដឹង​គេ​ឱ្យដី​នៅ​ ឬ​មួយ​យ៉ាង​ម៉េច​ទេ»។

អ្នកស្រី សុខ ស្រី ពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលប្រឈមនឹងការផ្លាស់ប្តូរទីលំនៅ ដោយសារគម្រោងស្ថាបនាព្រែកជីកហ្វូណន ។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី យា សាវ៉ុន ពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលប្រឈមនឹងការផ្លាស់ប្តូរទីលំនៅ ដោយសារគម្រោងស្ថាបនាព្រែកជីកហ្វូណន ។ (ស៊ុន ណារិន/វីអូអេ)

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អ្នកស្រី សុខ ស្រី ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី យា សាវ៉ុន អាយុ​៥៨​ឆ្នាំ ក៏​កំពុង​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​ទីលំនៅ ឬ​ទទួល​សំណង​មិន​សមរម្យ ខណៈប្លង់​ដី​របស់​អ្នកស្រី​ដាក់​នៅ​ធនាគារ ដោយសារ​អ្នកស្រី​ខ្ចី​ប្រាក់​គេ​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «អត់​ចង់​រុះរើ​ទេ​កូនអើយ! កន្លែង​ធ្លាប់​រស់​នៅ។ ទៅកសាង​កន្លែង​ថ្មី វា​មិន​ស្រួល​ដូច​កន្លែង​ចាស់​ទេ»។

សព្វថ្ងៃ អ្នកស្រី​នៅ​ផ្ទះ​មើល​ចៅ និង​ជួយ​ធ្វើ​នំ​ក្រូច នំកង​ខ្លះ​សម្រាប់​ឱ្យ​កូន​យក​ទៅ​លក់។ អ្នកស្រី​មាន​ដី​ដែល​មាន​ទទឹង​១២​ម៉ែត្រ និង​បណ្តោយ​១៩​ម៉ែត្រ។

ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី អ៊ុត គឹមអេង ជា​អ្នក​លក់​ទឹក​អំពៅ សាំង​ដប និង​ទឹក​សុទ្ធ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ស្នើ​ឱ្យអាជ្ញាធរ​ផ្តល់​ព័ត៌មាន​ឱ្យបាន​ឆាប់​រហ័ស​អំពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ព្រែក​ជីក​មួយ​នេះ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «[ព្រែក​ជីក​នេះ] ល្អ​ហើយ ទូទាំង​ប្រទេស​ល្អ​ហើយ ប៉ុន្តែ​ប្រជាជន​គ្នា​ទៅ​ដោះស្រាយ​ទៅ​នៅ​ណា ដី​បន្តិចបន្តួច​គ្រប់ៗ ហើយ​អត់​ដឹង​ដំណឹង​យក​ប៉ុន្មាន​ម៉ែត្រ អី​ប៉ុន្មាន​ម៉ែត្រ​ផង»។

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ក្រុម​ការងារ​ជំនាញ​បាន​«សិក្សា​កម្រិត​បឋម»​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់ ហើយ​ក្រុម​ការងារ​កំពុង​បន្ត​ការងារ​សិក្សា​ស្រាវជ្រាវ​អំពី​កត្តា​ទាំង​នេះ​ឱ្យ​កាន់​តែ​លម្អិត​បន្ថែម​ទៀត។

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ប្រាប់​វីអូអេ​ថា​ ការ​ដោះស្រាយ​ផល​ប៉ះពាល់​ត្រូវ​អនុវត្ត​តាម​នីតិវិធី និង​គោល​ការណ៍ដោះស្រាយ​ផល​ប៉ះពាល់​ដែល​មាន​ជា​ធរមាន។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ​គម្រោង​ព្រែក​ជីក​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​តភ្ជាប់។ ប៉ុន្តែ​អ្នក​តាមដាន​លើក​ឡើង​ថា​ គម្រោង​មួយ​នេះ​ក៏​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​វៀតណាម​ផង​ដែរ ទាំង​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់​ទឹក​ទន្លេ​មេគង្គ និង​ការ​ដឹក​ជញ្ជូន​ទំនិញ។

លោក Le Anh Tuan គ្រូ​ឧទ្ទេស​ជាន់​ខ្ពស់​នៃ​មហា​វិទ្យាល័យ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៃ​សាកល​វិទ្យាល័យ Can Tho ក្នុង​ទីក្រុង ​Can Tho (ព្រែកឫស្សី) ក្នុង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​នៃ​ប្រទេស​វៀតណាម ប្រាប់​វីអូអេ​ថា​ រហូត​មក​ដល់​ពេល​នេះ មាន​ព័ត៌មាន​លម្អិត​តិច​តួច​បំផុត​ទាក់​ទង​នឹង​បច្ចេកទេស​អំពី​គម្រោង​មួយ​នេះ ដូច​ជា​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ឆ្លង​ដែន​លើ​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា៖ «ពិត​ណាស់ នៅ​ពេល​ដែល​ព្រែកជីក​នេះ​ដំណើរការ ទឹក​មួយ​ចំនួន​ពី​ទន្លេ​មេគង្គ​ត្រូវ​បែង​ចែក​សម្រាប់​ព្រែក​ជីក និង​ហូរ​ចូល​ទៅ​សមុទ្រ​ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​វា​នឹង​បង្ក​កង្វះ​ខាត​ទឹក​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ ជា​ពិសេស​ក្នុង​រដូវ​ប្រាំង ខណៈ​ភាព​រាំងស្ងួត និង​ការ​ជ្រាប​ទឹក​ប្រៃ​ក្នុង​តំបន់​សមុទ្រ​បាន​កើន​ឡើង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា លោក ផន រឹម ថ្លែង​ថា ​ព្រែក​ជីក​មួយ​នេះ​នឹង​«រក្សា​បាន​នូវ​លំនឹង​នៃ​របប​លំហូរ​ទឹក និង​ស្ថិរភាព​បរិស្ថាន ដោយ​មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន លើ​របប​លំហូរ​ទឹក​ទន្លេ​មេគង្គ និង​ទន្លេ​ផ្សេងៗ​ទៀត ជាមួយ​នឹង​ការ​រក្សា​បាន​នូវ​ស្ថិរភាព បរិស្ថាន អេកូឡូស៊ី និង​ទីជម្រក​ធម្មជាតិ​សម្រាប់​ជីវៈ​ចម្រុះ»។

ផ្ទះរបស់អ្នកស្រី សុខ ស្រី ក្បែរព្រែកតាកែវ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។ (ស៊ុន ណារិន/វីអូអេ)

កុមារលេងនៅព្រែកតាកែវ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កន្លែងដែលព្រែកជីកហ្វូណននឹងត្រូវសាងសង់។ (ស៊ុន ណារិន/វីអូអេ)

កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ក្នុង​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម មេដឹកនាំ​វៀតណាម​បាន​សួរ​កម្ពុជា​អំពី​គម្រោង​ព្រែក​ជីក​មួយ​នេះ។ កាល​នោះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ប្រាប់​ភាគី​វៀតណាម​ថា​ គម្រោង​នេះ​មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​របប​លំហូរ​ទឹក​ទន្លេ​មេគង្គ​ទេ​ និង​ទន្លេ​ផ្សេងៗ​ទៀត​ឡើយ។ លោក​បន្ថែម​ថា ​គម្រោង​នេះ​រក្សា​បាន​នូវ​ស្ថិរភាព​ បរិស្ថាន​ អេកូឡូស៊ី​ និង​ជម្រក​ធម្មជាតិ សម្រាប់​ជីវៈ​ចម្រុះ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​កន្លង​ទៅ។

ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទន្លេ​មេគង្គ​ពី​ប្រទេស​វៀតណាម​ លោក ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​ថា ​ជារួម ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ធម្មជាតិ​រវាង​កម្ពុជា​និង​វៀតណាម​តាម​ដង​ទន្លេ​មេគង្គ​«នៅ​តែ​បន្ត​ដូច​ប្រក្រតី​ដដែល» ប៉ុន្តែ​លោក​ថា​ផ្លូវ​ទឹក​ថ្មី​នេះ​«គ្រាន់តែ​នឹង​ផ្តល់​ជា​ជម្រើស​ថ្មី​មួយ​បន្ថែម​ទៀត»​សម្រាប់​ប្រតិបត្តិករ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ធ្វើ​ការ​ពិចារណា​ដែល​ស្រប​តាម​ទិសដៅ​នៃ​ការ​ដឹក​ទំនិញ​និង​ប្រភេទ​ទំនិញដែលខ្លួនត្រូវដឹក​ជញ្ជូនតែប៉ុណ្ណោះ។

លោក រឹម សុខវី សហស្ថាបនិក​ The Thinker Cambodia ដែល​ជា​វេទិកា​វិភាគ​គោលនយោបាយ និង​ជា​អ្នក​វិភាគ​ម្នាក់ លើក​ឡើង​ថា ​វៀតណាម​នឹង​បាត់បង់​ផល​ចំណេញ​យ៉ាង​សំខាន់​មួយ​លើ​ច្រក​ចេញ​ចូល​ទំនិញ នៅ​ពេល​ដែល​កម្ពុជា​ពឹង​ផ្អែក​លើ​ផ្លូវ​ទឹក​របស់​ខ្លួន។ លោក​បន្ថែម​ថា ​ការ​ស្ថាបនា​ព្រែកជីក​នេះ​«ក៏​កំពុង​បង្ហាញ​អំពី​ការ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា ហើយ​ព្រែក​ជីក​នេះ​ជា​កេរ្តិ៍​ដំណែល​នយោបាយ​មួយ​របស់​លោក ហ៊ុន ម៉ាណែត»។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​ត្រូវ​ដឹង​ថា​ ខ្មែរ​យើង​ចាប់​តាំង​ពី​សម័យ​ក្រោយ​ខ្មែរក្រហម​មក វៀតណាម​មាន​ឥទ្ធិពល​មែនទែន​មក​លើ​ខ្មែរ​យើង អញ្ចឹង​ការ​កសាង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ​វា​អាច​កាត់​បន្ថយ​នូវ​ឥទ្ធិពល​របស់​វៀតណាម នៅ​ក្នុង​ន័យ​ថា ​មេដឹកនាំ​របស់​កម្ពុជា​យើង​គាត់​ចង់​បង្ហាញ​ពី​ឆន្ទៈ​ដែលថា​គាត់​ហ្នឹង​មិន​ត្រូវ​ការ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​នោះ​ទេ»។

លោក​បន្ថែម​ថា ​ភាគី​វៀតណាម​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ការ​ស្ថាបនា​ព្រែក​ជីក​នេះ​ឡើយ។

បើ​តាម​គម្រោង ព្រែក​ជីក​នេះ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀន​ស្វាយ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។ រដ្ឋាភិបាល​អះអាង​ថា​ ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់ រស់​នៅ​អម​សង​ខាង​ផ្លូវទឹក​មួយ​នេះ ហើយ​ព្រែក​ជីក​មួយ​នេះ​នឹង​បង្កើត​ការងារ​សម្រាប់​ពួក​គេ​ផង​ដែរ៕