មន្ត្រីក្នុងមូលដ្ឋានម្នាក់ និងអ្នកវិភាគម្នាក់និយាយថា ពួកអ្នកស្រុកក្នុងភូមិមួយនៃប្រទេសនីហ្សេ Niger ដែលនៅទីនោះទាហានស.រ.អា.បួននាក់បានត្រូវសម្លាប់ក្នុងខែនេះ ប្រហែលបានពន្យារពេលពួកទាហានទាំងនេះនៅពេលមានការរៀបចំការស្ទាក់វាយប្រហារមួយ និងបានជួយនាំពួកជនរងគ្រោះទៅកាន់ការពួនស្ទាក់ដ៏ប្រល័យនោះ។
លោក Almou Hassane ជាអភិបាលក្រុង Tongo-Tongo ដែលនៅទីនោះមានការវាយប្រហារ។ លោកបាននិយាយនៅក្នុងអ្វីដែលគេមានជំនឿថាជាសេចក្តីសម្ភាសន៍លើកទីមួយរបស់លោកជាមួយអង្គការព័ត៌មានបស្ចឹមប្រទេសមួយថា «ពួកវាយប្រហារ ពួកចោរព្រៃ ពួកភេរវជនតែងតែមានពួកអ្នកឃុបឃិតក្នុងចំណោមពួកអ្នកស្រុកក្នុងមូលដ្ឋាន»។
លោក Hassane បាននិយាយថាមេភូមិនៅក្នុង Tongo-Tongo ឈ្មោះ Mounkaila Alassane បានត្រូវចាប់ខ្លួនចាប់តាំងពីមានការវាយប្រហារនោះមក ហើយការណ៍នេះនាំឱ្យគេយល់ថាការសង្ស័យថាមានការទាក់ទិនក្នុងមូលដ្ឋានអាចមានការពិត។ បើតាមមន្ត្រីមួយចំនួនថា គាត់កំពុងជាប់ឃុំឃាំងក្នុងកណ្តាប់ដៃរដ្ឋាភិបាល។
ការចាប់ខ្លួនឈ្មោះ Alassane ក៏បានត្រូវបញ្ជាក់ថាពិតដោយលោក Karimou Soumana អ្នកតំណាងម្នាក់នៃតំបន់ Tillaberi នៅក្នុងការជជែកដេញដោលគ្នាមួយក្នុងរដ្ឋសភាអំពីការបន្តភាពមានអាសន្ននៅក្នុងផ្នែកនោះនៃប្រទេសនីហ្សេ។
ថ្លែងតាមទូរសព្ទទៅកាន់ VOA ផ្នែកផ្សាយជាភាសាបារាំងទៅកាន់ទ្វីបអាហ្វ្រិកអភិបាលក្រុង Hassane បាននិយាយថា ជនជាតិអាមេរិកាំងដែលបានបាត់បង់ជីវិតជាសមាជិកនៃកងយាមល្បាតមួយដែលមានទាហានស.រ.អា.៨នាក់និងទាហានប្រមាណ២០នាក់នៃកងកម្លាំងពិសេសនីហ្សេ ដែលបានជិះឡាន pickup trucksទៅដល់ភូមិនោះនៅជិតព្រំដែនប្រទេសម៉ាលី នៅពេលល្ងាចមុនការវាយប្រហារ។
លោក Hassane បាននិយាយថា «ពួកទាហានទាំងនេះទទួលទានដំណេកនៅក្នុងប៉ែកពាយ័ព្យ Tongo-Tongo«។
លោក Moussa Askar នាយកកាសែត L'Evenement នៅក្នុងរដ្ឋធានី Niamey បាននិយាយថាពួកទាហានទាំងនេះបានស្ថិតនៅក្នុងតំបន់នោះដើម្បីតាមដានអ្នកឃុបឃិតម្នាក់របស់ឈ្មោះ Abu Adnan al-Sahraoui ដែលជាអតីតសមាជិកម្នាក់នៃចលនាដើម្បីឯកភាពនិងជីហាដនៅក្នុងផ្នែកខាងលិចនៃទ្វីបអាហ្វ្រិក ហៅកាត់ថា MUJAO ដែលបានចូលរួមជាមួយពួកភេរវជនរដ្ឋ Islam នៅក្នុងសមុទ្រខ្សាច់ Sahara៕