ពលរដ្ឋ​តវ៉ា​ឱ្យ​ដោះលែង​អ្នក​តំណាង​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា​សំ ផាន់វណ្ណារិទ្ធិ

រូបឯកសារ៖ ការ​ដង្ហែ​ក្បួន​របស់​សកម្មជន​ដីធ្លី ​និង​សិទ្ធិ​លំនៅ​ស្ថាន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថាន​របស់​ពួក​គេ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។ (VOA)

ការ​ចាប់ខ្លួន​អ្នកស្រី​យក​មក​ដាក់​ក្នុង​ពន្ធនាគារ​ បានធ្វើឡើង​ តាមដី​កា​បង្គាប់​ឲ្យចាប់​ខ្លួន​ ​របស់​លោក​ចៅក្រម​ ផេង កុសល​ ដែល​បាន​ផ្តន្ទាទោស​អ្នកស្រី ​ឡុង​ សុគន្ធី​ មានកូន​៤នាក់​ ​ដាក់​ពន្ធនាគារ​កំណត់​ ១ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​ ពីបទ​ ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​ តាមមាត្រា​ ២៤៤ និង​មាត្រា​ ២៥៣​ នៃ​ច្បាប់ភូមិបាល​ និង ​ពីបទ​ធ្វើ​ឲ្យខូចខាត ​ដោយចេតនា​ តាមមាត្រា​៤១០នៃ​ក្រមព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅភូមិ​បឹងស្នោ​ ឃុំស្លក្រាម​ ស្រុក​ ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ។ នេះ​បើ​តាម​ដីការ​បង្គាប់​ឲ្យ​ចាប់​ខ្លួនចុះនៅថ្ងៃ​ទី​ ១៦ ​ខែ​ មីនា​ ឆ្នាំ​ ២០១៨​ ដែល VOA ​បានទទួល​នៅថ្ងៃ​ពុធ។

ប្រជាពលរដ្ឋ​ជិត​១០០នាក់​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​អ្នកមាន​លុយកាក់​ម្នាក់​បាន​បន្តការ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​រហូត​ដល់​ថ្ងៃពុធ​នេះ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​របស់​ពួកគេ​ដែល​ត្រូវបាន​ចាប់យក​មកដាក់​គុក​កាលពីថ្ងៃ​ច័ន្ទ។​ ​នេះ​បើតាមការ​បញ្ជាក់​ពីមន្ត្រី​សិទ្ធិមនុស្ស​ប្រចាំខេត្ត​បន្ទាយមានជ័យ​និង​អ្នកតវ៉ា។

អ្នកស្រី​ ឡុង សុគន្ធី​ វ័យ​ ៤២​ ឆ្នាំ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៣១០​ គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់​ ឈ្មោះ​សំ​ ផាន់​វណ្ណារិទ្ធិ​ក្នុង​ការទាមទារ​ដី​ទំហំ​ ២.០៧៦ ​ហិកតា​ នៅ​ ភូមិថ្នល់​បត់​ ឃុំអូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត ​បន្ទាយមានជ័យ ​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​ ក្នុង​ពេល​អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​មកកាន់​ទីរួមខេត្ត​បន្ទាយមានជ័យ ​កាល​ពីថ្ងៃ​ទី ២៦ ​ខែមីនា ​ឆ្នាំ​ ២០១៨។

លោក​ អ៊ិន គង់ជិត ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័​យ​មាន​ប្រសាសន៍​ថា​ ​ប្រជាពល​រដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​សំ ផាន់​វណ្ណារិទ្ធិ​ ​បានផ្តើម​ការ​ត៉វា​តាំង​ពីថ្ងៃ​អង្គារ​ ​ដោយ​បានអំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​ អ្នកស្រី​ ឡុង​ សុគន្ធី​ ដែល​ជាតំណាង​របស់​ពួក​គេ។ ទំនាស់​ដីធ្លីនេះ​ដែល​បាន​អូសបន្លាយ​តាំង​ពីឆ្នាំ​ ២០០៤។

លោក​បាន​ប្រាប់ ​VOA​ បន្ត​ថា​ ប្រសិន​បើ​អ្នកស្រី​ ឡុង​ សុគន្ធី​ មិនត្រូវ​បាន​តុលាការ​ដោះលែង​ទេ​ ​នោះ​ជម្លោះ​ដីធ្លីរ៉ាំរ៉ៃ​នឹង​បន្តជាប់​គាំង​ ហើយ​ប្រជាពលរដ្ឋ​នឹង​បាត់​បង់​អ្នក​ទីពឹង។

«ដូច្នេះ​ នៅ​ពេល​គាត់​សុខចិត្ត​ រួមគ្នា​ ដើម្បី​ធ្វើការ​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​ តំណាង​ពួកគាត់​ឲ្យបាន​ រួច​ខ្លួន​នៅ​ក្រៅ​ឃុំ»។

ការ​ចាប់ខ្លួន​អ្នកស្រី​យក​មក​ដាក់​ក្នុង​ពន្ធនាគារ​ បានធ្វើឡើង​ តាមដី​កា​បង្គាប់​ឲ្យចាប់​ខ្លួន​ ​របស់​លោក​ចៅក្រម​ ផេង កុសល​ ដែល​បាន​ផ្តន្ទាទោស​អ្នកស្រី ​ឡុង​ សុគន្ធី​ មានកូន​៤នាក់​ ​ដាក់​ពន្ធនាគារ​កំណត់​ ១ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​ ពីបទ​ ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​ តាមមាត្រា​ ២៤៤ និង​មាត្រា​ ២៥៣​ នៃ​ច្បាប់ភូមិបាល​ និង ​ពីបទ​ធ្វើ​ឲ្យខូចខាត ​ដោយចេតនា​ តាមមាត្រា​៤១០នៃ​ក្រមព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅភូមិ​បឹងស្នោ​ ឃុំស្លក្រាម​ ស្រុក​ ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ។ នេះ​បើ​តាម​ដីការ​បង្គាប់​ឲ្យ​ចាប់​ខ្លួនចុះនៅថ្ងៃ​ទី​ ១៦ ​ខែ​ មីនា​ ឆ្នាំ​ ២០១៨​ ដែល VOA ​បានទទួល​នៅថ្ងៃ​ពុធ។

លោក លឹម ឈុនទ្រី ​ដែល​ជា​តំណាង​របស់​ប្រជាពល​រដ្ឋ​ម្នាក់​ទៀត​ ​បាន​បញ្ជាក់​ថា​ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​រំសាយ​ការ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បន្ទាប់ពីប្រធានតុលាការ​ បាន​សន្យា​ថា​ នឹង​មាន​ការដោះលែង​អ្នកស្រី​ ឡុង សុគន្ធី​ ក្នុងពេល​ឆាប់ៗ​នេះ។​ ​លោក​អះអាង​ថា​ អ្នកស្រី​ ​ឡុង សុគន្ធី​ ​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ដែល​តុលាការ​បានចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី​នោះ​ទេ។ ​

លោក​ឈុនទ្រី​បាន​បន្ថែម​ថា៖

«អ្នកស្រី​ ឡុង​ សុគន្ធី​នេះ​ គាត់​មិនបាន​ធ្វើ​រឿង​អ្វី​ឲ្យ​ខុស​ទេ​បង​ គាត់​ធ្វើ​រឿង​ដំណោះស្រាយ​ប្រជា​ពលរដ្ឋ។ នេះ​គឺជា​រឿង​ជួយ​ជាតិ​ផង​ ហើយ​ជួយ​ប្រជាពលរដ្ឋ​ អ៊ីចឹង​គាត់​មានទោស​អី​ដែលត្រូវ​ខុស​ គាត់​អត់មាន​ទោស​ដែល​ត្រូវ​ខុស​ទេ​ គឺគាត់​ជួយ​ប្រជាពលរដ្ឋ​ ដែលមាន​ទុក្ខរង​គ្រោះ​ ដោយសារ​អ្នក​មាន​ទឹកលុយ​ មាន​សិទ្ធិអំណាច​ រំលោភបំពាន​លើ​សិទ្ធិដីធ្លី​របស់​ពួកខ្ញុំនេះ»។

លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា​ លោក​នឹង​ដឹក​នាំការធ្វើបាតុកម្មទ្រង់ទ្រាយ​ធំ​នៅពេល​ខាង​មុខ​ ប្រសិន​បើ​តុលាការ​ខេត្ត​ បន្ទាយជ័យ​មិនព្រម​ដោះលែង​អ្នកស្រី​ ឡុង សុគន្ធី។

យ៉ាងណាក៏ដោយ​ លោក​ សំ ទិតសីហា ​មេធាវី​ការពារ​ក្តី​ អ្នកស្រី​ ឡុង សុគន្ធី​ បាន​បញ្ជាក់​ថា​ ការ​ដោះ​លែងអ្នកស្រី​ ឡុង​ សុគន្ធី​ មិនអាចត្រូវបាន​ធ្វើឡើង​ឆាប់​ៗនោះទេ ​ព្រោះ​លោកទើបតែ​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ។

លោក​បន្ថែម​ថា៖

«ទាក់​ទង​នឹង​សាលក្រម​មួយ​ដែល​ចូល​ស្ថាពរ​ហើយ មិនអាច​ប្រធាន​សាលាដំបូង​គាត់​ទៅ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ថា​ទៅ​ដោះលែង​ឬ​នេះ​ទេ​ យើង​មាន​តែ​ទៅបន្ត​ឧទ្ទរណ៍​ ដើម្បី​ឲ្យ​ឧទ្ធរណ៍​ គាត់​ជាអ្នក​មើល​ទៅនឹង​នីតិវិធី​ហ្នឹង​ តើគាត់​ត្រូវ​ ព្រោះបញ្ហា​ត្រូវ​ដោះលែង​ ឬមិនដោះលែង​ អាហ្នឹងវាជាសិទ្ធិ​សម្រេច​របស់​សាលាឧទ្ធរណ៍​ មិនមែន​ជា​របស់​សាលាដំបូង​ទៀត​ទេ​ ព្រោះ​ផុត​សមត្ថកិច្ច​គាត់»។

លោក​ ជី សុខ ​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ ដោយ​លោក​អះអាង​ថា​ លោក​មានតួនាទី ត្រឹម​តែចាត់​ចែង​ការងារ​រដ្ឋបាល​របស់​តុលាការ​ប៉ុណ្ណោះ។

«និយាយរួម​ទាក់​ទង​នឹង​កិច្ច​ការងារ​ គឺ​ខ្ញុំប្រធាន​ ខ្ញុំ​ដឹកនាំ​តែ​ការងារ​រដ្ឋបាល​ទេ​បង​ បង​មានការ​អី​ ទាល់​តែបង​ទាក់​ទង​ ទៅខាង​អ្នកនាំពាក្យ​បង»។

តាម​សេចក្តី​ប្រកាស​របស់​អង្គការ​លីកាដូ​ បាន​ឲ្យ​ដឹង​ថា​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ និង​លោក​សំ ​ផាន់​វណ្ណារិទ្ធិ ​បាន​កើតឡើង​ នៅ​ចំណុច អូរលុង​ខុប​ អូរបុង​ ភូមិ​ថ្នល់បត់​ ឃុំ​អូរ​បីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

ប្រជាពលរដ្ឋ​ដែល​ជាប់​គាំងក្នុង​វិវាទដីធ្លីនេះ​ ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ និង​ដោះស្រាយ​លើ​ករណី​នេះ​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ ប្រជា​ពល​រដ្ឋ​ទាំងនោះ​ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ណាមួយ​នៅ​ឡើយ​ទេ។

VOA​ មិនទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី លោក សំ ផាន់វណ្ណារិទ្ធិ ​បានទេ​នៅថ្ងៃ​ពុធនេះ។

លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​ ប្រចាំ​នៅខេត្តបន្ទាយមាន​ជ័យ​ បាន​លើក​ឡើង​បន្ថែម​ថា ​តុលាការ​គួរ​បើកការ​អង្កេត​រកអ្នកពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងទំនាស់ដីធ្លី​នេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃនីតិវិធី​ ក្នុង​ការ​កាត់​ក្តី​អ្នកស្រី​ ឡុង សុគន្ធី ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ។

លោក​អះអាង​ថា​ អ្នកស្រី​ ធ្លាប់​ស្ថិត​នៅ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​បង្កើត​ឡើង​ដោយ​សហគមន៍​របស់​អ្នកស្រី។ អង្គការ​នោះ​មាន​គោលបំណង ​ការ​ពារ​ដីធ្លី​ដែល​ពលរដ្ឋ​សហគមន៍​បាន​កាន់​កាប់​តាំងពី​ឆ្នាំ​ ២០០០​ តែដោយ​សារ​មាន​បញ្ហា​កេងប្រវ័ញ្ច​នៅក្នុង​អង្គការ​ដដែល​នោះ​ អ្នកស្រី​ឡុង​ សុគន្ធី​ ក៏បាន​លាឈប់​ពីអង្គការ​នោះ​តែម្តង។

បើតាម​ដីកា​បង្គាប់​ឲ្យចាប់​ខ្លួន​អ្នកស្រី ឡុង សុគន្ធី​ ដែល​ចេញ​ដោយ​លោក​ ​ចៅក្រម ផេង កុសល​បាន​កំណត់​អត្តសញ្ញាណ​ អ្នកស្រី ឡុង សុគន្ធី​ ថា មានមុខ​របរជា​អនុប្រធាន​អង្គការ​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន៕