តំណាងជនជាតិដើមភាគតិចជង និងប្រជាពលរដ្ឋផ្សេងទៀត បាននាំយកញត្តិមកដាក់តាមស្ថាប័នរដ្ឋនានា ដើម្បីពន្លឿននីតិវិធីនៃការស្នើឲ្យរដ្ឋាភិបាលទទួលស្គាល់ ពួកគាត់ជាជនជាតិដើមភាគតិច«ជង»ពេញច្បាប់ ទៅតាមការកំណត់របស់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ការឡើងមកដាក់ញត្តិនេះ បានធ្វើឡើង បន្ទាប់ពីអាជ្ញាធរខេត្តកោះកុងមានភាពយឺតយ៉ាវ ក្នុងការបញ្ជូនលិខិតស្នើសុំ ទទួលស្គាល់ភាពជាជនជាតិដើមភាគតិចជង ពីថ្នាក់ឃុំ ដល់ថ្នាក់ខេត្ត។
ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តកោះកុង ដែលអះអាងថា ពួកគាត់ជាជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង បានចោទអាជ្ញាធរមូលដ្ឋាន នៅស្រុកថ្មបាំង ថាបានបង្អាក់ដំណើរនៃការដាក់ពាក្យស្នើសុំការទទួលស្គាល់ពួកគាត់ជាជនជាតិដើមភាគតិចជង ពីសំណាក់រដ្ឋាភិបាល ដោយអាជ្ញាធរបានយកលេសផ្សេងៗគ្នា។ នេះបើតាមញតិ្តរបស់ក្រុមប្រជាពលរដ្ឋមកពីស្រុកថ្មបាំង ខេត្តកោះកុង ដែលបានដាក់ជូនទៅក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ការដាក់ញត្តិរបស់ពួកគាត់នេះ កើតមានឡើង នៅចំពេលដែលរដ្ឋបាលឃុំជំនាប់ នៅស្រុកថ្មបាំង បានដាក់ឱសានវាទឲ្យ តំណាងជនជាតិដើមភាគតិចជងនៅសហគមន៍ស្ទឹងអារ៉ែង រុះរើទីស្នាក់ការសហគមន៍ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨។
តាមញត្តិរបស់ប្រជាពលរដ្ឋមកពី ឃុំប្រឡាយ និងឃុំជំនាប់ស្រុកថ្មបាំង ខេត្តកោះកុង ចុះថ្ងៃទី ៤ ខែមេសានេះ បានរៀបរាប់ពីការយកលេសរបស់អាជ្ញាធរ ថាពួកគាត់បានធ្វើលិខិតស្នើសុំស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិច ដោយគោរព តាមនីតិវិធីគោលការណ៍នៃក្រសួងអភិវឌ្ឍន៍ជនបទ និងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់លិខិតជូនទៅថ្នាក់ឃុំ ថ្នាក់ស្រុក និងបន្តទៅថ្នាក់ខេត្ត ប៉ុន្តែរហូតមកដល់ពេលនេះ ជាងមួយឆ្នាំហើយ លិខិតស្នើសុំរបស់ពួកគាត់នៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង នៅជាប់ត្រឹមថ្នាក់ឃុំនៅឡើយ ដោយឃុំពុំព្រមចុះហត្ថលេខា ដើម្បីឲ្យពួកគាត់បានបន្តនីតិវិធីទៅថ្នាក់ស្រុក និងថ្នាក់ខេត្តទេ។
ញត្តិរបស់ក្រុមប្រជាពលរដ្ឋបានសរសេរក្នុងន័យដើមបន្តថា៖
«ឃុំ និងស្រុកបានយកលេសថា យើងខ្ញុំមិនមែនជាជនជាតិដើមភាគតិចជង យើងខ្ញុំមិនមានភាសាដែលបញ្ជាក់ថា យើងជាជនជាតិភាគតិចដើមជង អាជ្ញាធរខ្លាចថា ពេលដែលពលរដ្ឋទទួលបានសិទ្ធិជាជនជាតិដើមភាគតិចហើយ មិនអាចលក់ដូរដីធ្លីបាន។ និងហេតុផលជាច្រើនផ្សេងៗទៀត ដែលជាហេតុធ្វើឲ្យឯកសារយើងខ្ញុំ មិនអាចបញ្ជូនដល់ថ្នាក់ខេត្ត និងបន្តទៅថ្នាក់ក្រសួងបាន»។
ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងបន្ថែមក្នុងញត្តិរបស់ពួកគាត់ថា ចំណែក លិខិតស្នើសុំស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចរបស់ភូមិជំនាប់ ឃុំជំនាប់ នៅជាប់ត្រឹមរដ្ឋបាលខេត្ត ដោយមិនទទួលបានព័ត៌មានអ្វីទាំងអស់។
ក្រុមប្រជាពលរដ្ឋ ក៏បានស្នើសុំស្ថាប័នពាក់ព័ន្ធផ្សេងៗ ឲ្យជួយអន្តរាគមន៍ ឲ្យថា្នក់ឃុំ ថ្នាក់ស្រុក និងអាជ្ញាធរដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឲ្យគោរពនូវតួនាទី និងការគោរពនូវការសម្រេចចិត្តរបស់ពួកគាត់ ដែលជាពលរដ្ឋជនជាតិដើមភាគតិច ហើយបន្តនីតិវិធីជូនពួកគាត់ ដើម្បីឲ្យចុះមកវាយតម្លៃ និងផ្តល់សិទ្ធិជាជនជាតិដើមភាគតិច។
លោក ហ៊ឹង ពៅ តំណាងជនជាតិដើមភាគតិចជង និងជាអនុប្រធានសហគមន៍ស្ទឹងអារ៉ែង ប្រាប់ VOA នៅថ្ងៃពុធនេះថា ក្រុមប្រជាពលរដ្ឋនឹងទទួបានផលប្រយោជន៍ខាងសង្គម និងវប្បធម៌ជាច្រើន ប្រសិនបើពួកគេ ទទួលបានការបញ្ជាក់អត្តសញ្ញាណជាជនជាតិដើមភាគតិចជងពេញច្បាប់នោះ។ លោកមានប្រសាសន៍ថា៖
«បាទវាអាហ្នឹងវាចំណេញរបស់យើងច្រើន ទីមួយយើងអាចជួយអភិរក្សពូជសាសន៍ អម្បូរជងរបស់យើងហ្នឹងឲ្យបានយូរអង្វែង ដើម្បីក្មេងជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរអីគាត់ចង់ឃើញថា ជនជាតិដើមភាគតិចជងហ្នឹង គាត់រស់នៅរបៀបម៉េច ម៉េចៗចឹង។ ហើយមួយទៀត យើងក៏ជួយបាន អភិរក្សនូវធនធានធម្មជាតិព្រៃឈើ ព្រោះយើងរស់នៅតំបន់ភ្នំស្រាប់»។
លោក អះអាងថា ការស្នើសុំបញ្ជាក់អត្តសញ្ញាណជា ជនជាតិដើមភាគតិចជងនេះ មិនជាប់ទាក់ទងនឹងការស្នើរបស់អាជ្ញាធរក្នុងឃុំជំនាប់ ស្រុកថ្មបាំង ដែលបានសុំឲ្យពលរដ្ឋសហគមន៍រុះរើទីស្នាក់ការសហគមន៍ស្ទឹងអារ៉ែងនោះទេ។
លោកថ្លែងបញ្ជាក់ថា៖
«គោលបំណងរបស់យើងហ្នឹង បើសិនជាយើងបានចុះបញ្ជីបានដោយជោគជ័យ វាដូចជា យើងមានសិទ្ធិនូវការ រស់នៅដោយពេញច្បាប់ ហ្នឹងហើយ ច្បាប់ទទួលស្គាល់ពួកយើង ជាជនជាតិដើមភាគតិច ហើយយើងមានលក្ខណៈ ជាសិទ្ធិពិសេសមួយរហូតដល់សិទ្ធិធ្វើ ចម្ការវិលជុំអីហ្នឹងបាទ ហើយសិទ្ធិចុះបញ្ជីដីជាសមូហភាព អាហ្នឹងបាន»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានទេ ដោយទូរសព្ទលោករោទិ៍ តែគ្មានអ្នកទទួល។
ចំណែក លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់អ្នកដាក់ញត្តិ នៅក្រៅក្រសួងថា លោកនឹងនាំយកញត្តិជូនទៅលោករដ្ឋមន្ត្រី ដើម្បីពិចារណា និងធ្វើការឆ្លើយតប។
«នឹងមើលសិន ហើយនឹងខ្ញុំយកជូន ដល់ឯកឧត្តមរដ្ឋមន្ត្រីសិន ម៉េចៗគាត់ទទួល យ៉ាងម៉េចនឹងដោះស្រាយ និងឆ្លើយជូន»។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្លាប់ចុះទៅធ្វើការក្នុងសហគមន៍អារ៉ែង និងមន្ត្រីសិទ្ធិមនុស្សនៅខេត្តកោះកុង បានឲ្យដឹងកាលពីពេលកន្លងមកថា ប្រជាពលរដ្ឋក្នុងសហគមន៍អារ៉ែង មានភាពសកម្មក្នុងការទប់ស្កាត់មិនឲ្យមានការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន។ សកម្មភាពរារាំងនេះ ក៏បានធ្វើឲ្យសកម្មជនការពារតំបន់អារ៉ែង រងការចាប់ឃុំខ្លួន ហើយដោះលែងមកវិញ តែនៅជាប់ឈ្មោះជាជនមានពិរុទ្ធភាពនៅឡើយ៕