ពលរដ្ឋ​ក្នុង​ខេត្ត​កណ្តាល​បារម្ភ​ពី​ការ​ផ្តល់​សំណង​មិន​សមរម្យ​ក្នុង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត

អ្នកស្រី ប៉ែន នី អាយុ៧២ឆ្នាំ ស្ថិតក្នុងចំណោមពលរដ្ឋដែលប្រឈមការរុះរើផ្ទះ ដោយសារគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវ៉ិត ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី ប៉ែន នី អាយុ​៧២​ឆ្នាំ កំពុង​ព្រួយ​បារម្ភ​ពីការ​បណ្តេញ​ចេញ​នា​ពេល​ខាង​មុខ ដោយ​សារ​ផ្ទះ​របស់​អ្នក​ស្រី​នៅ​លើ​ដី​ដែល​មានក្បាល ​១០​ ម៉ែត្រ និង​បណ្តោយ​ ១២០​ ម៉ែត្រ ស្ថិត​ក្នុង​តំបន់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ដែល​ទើប​បើក​ការដ្ឋាន​សាង​សង់ កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​មិថុនា ឆ្នាំ​ ២០២៣។

អ្នកស្រី ប៉ែន នី រស់​នៅ​លើ​ដី​នោះ​ជាង​ ៤០​ ឆ្នាំ​មក​ហើយ ក្នុង​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​ធ្លាប់​ជា​តំបន់​ទឹក​លិច។ អ្នកស្រី​ដែល​មាន​មុខ​របរ​ជា​អ្នក​ដាំ​កូន​សណ្តាន់​លក់ ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖

«អារម្មណ៍​មាន​តែ​ភ័យ ព្រោះ​អត់​មាន​កន្លែង[នៅ]។ ចេះ​តែ​ភ័យ​ព្រួយ បើ​យើង​អត់​ដឹង ទៅ​នៅ​ទីណា»

អ្នកស្រី ប៉ែន នី ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ផ្ទះ និង​ដី​របស់​ពួក​គេ ស្ថិត​ក្នុង​តំបន់​ផ្លូវ​ល្បឿន​លឿន ដែល​មាន​ប្រវែង​ប្រមាណ​ ១៣៥​ គីឡូម៉ែត្រ ​ទៅ​កាន់​ព្រំដែន​វៀតណាម។ អ្នកស្រី​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់​សំណង​មិន​សមរម្យ ប្រសិន​បើ​ផ្ទះ​របស់​អ្នកស្រី​ត្រូវ​បង្ខំឱ្យរុះ​រើ​ចេញ។ បើ​តាម​អ្នកស្រី ដី​និង​ផ្ទះ​អាច​មាន​តម្លៃ​យ៉ាង​តិច​ចំនួន ​១០ ​ម៉ឺន​ដុល្លារ​អាមេរិក បើ​គិត​តាម​តម្លៃ​ទីផ្សារ។

អ្នកស្រី​ថ្លែង​ថា៖ «ឱ្យតែ​បាន​តម្លៃ​ទីផ្សារ ឱ្យសម​រម្យ ទទួល​យក​បាន​កុំឱ្យប្រជាជន​វេទនា គ្រាន់​តែ​ប៉ុណ្ណឹង​ទេ។ គម្រោង​គេ​ធ្វើ​អី គេ​ធ្វើ​ហើយ យើង​ក៏​មិន​អាច​ប្រកែក​គេ​បាន​ដែរ សព្វ​ថ្ងៃ​នេះ»

រហូត​មក​ដល់​ពេល​នេះ អ្នក​ស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត ដែល​បាន​ដឹង​ថា ​ផ្ទះ​របស់​ពួក​គេ​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ កំពុង​រង់ចាំ​ព័ត៌មាន​ច្បាស់​លាស់​ពី​អាជ្ញាធរ ក៏​ដូច​ជា​តម្លៃ​សំណង​ដែល​ពលរដ្ឋ​អាច​ទទួល​បាន។

អ្នកស្រី​បន្ថែម​ថា៖ «យើង​ប្រជាជន​ចេះ​តែ​រង់ចាំ​ហ្នឹង។ រង់ចាំ បើ​គេឱ្យសំណង យើង​ចេញ​ដោយ​ស្រួល​អ៊ីចឹង​ទៅ។ ឱ្យតែ​គេឱ្យលុយ​មក យើង​អាច​ថា​ទៅ​នៅទិញ​ដី​ទី​ណា បាន​នៅ​អ៊ីចឹង​ណា។ យើង​មិន​ប្រកែក​ទេ ​ឱ្យតែ​បាន​លុយ​បាន​កាក់ យើង​ចេញ​ទៅ កុំឱ្យគេ​ធ្វើ​ការ វា​ទើស​ទែង​គេ»

លោក យ៉ុង សីហា អាយុ៣៨ឆ្នាំ ស្ថិតក្នុងចំណោមពលរដ្ឋដែលប្រឈមការរុះរើផ្ទះ ដោយសារគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវ៉ិត ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

បើ​ទោះ​បី​រដ្ឋាភិបាល​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃទី​ ៧ ខែមិថុនា ឆ្នាំ​ ២០២៣ ប៉ុន្តែ​ការ​សិក្សា​ត្រូវ​បាន​អ្នក​ភូមិ​អះអាង​ថា​ មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​អំពី​ផល​ប៉ះពាល់ ហើយ​មេឃុំ​ក៏​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​មួយ​នេះ​ទៅ​លើ​ផ្ទះ និង​ដី​របស់​ប្រជា​ពលរដ្ឋ។

លោក យ៉ុង សីហា អាយុ​ ៣៨ ​ឆ្នាំ ដែល​មាន​ដីក្បាល ​៩​ ម៉ែត្រ និង​បណ្តោយ​ ១០០ ម៉ែត្រ លើក​ជា​ចម្ងល់​អំពី​ការ​បើក​ការ​ដ្ឋាន​សាងសង់​រួច​ហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​អំពី​ផល​ប៉ះពាល់ និង​សំណង​ផល​ប៉ះពាល់។

លោក យ៉ុង សីហា ដែល​មាន​កូន​ ២ ​នាក់​ក្នុង​បន្ទុក ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖ «បើក​ការ​ដ្ឋាន​តាំង​ពី​ថ្ងៃ​ហ្នឹង មក​ដល់​ថ្ងៃ​នេះ អត់​ទាន់​មាន​ដំណឹង​មក​ប្រាប់​ប្រជា​ជន​ផល​ប៉ះពាល់​អីចឹង​ណា។ ពួក​ខ្ញុំ​រាល់​ថ្ងៃ​នេះ ចេះ​តែ​ព្រួយ​បារម្ភ»

លោក សីហា ដែល​មាន​មុខ​របរ​ស៊ី​ឈ្នួល​បេះ​ស្វាយ ឬ​ក៏​ធ្វើ​របង​ព្រំ​ដី​ឱ្យគេ ដែល​មួយ​ថ្ងៃ​រក​បាន ​៤ ​ម៉ឺន​រៀល ក៏​ស្នើ​សុំ​សំណង​សមរម្យ តាម​តម្លៃ​ទីផ្សារ ប្រសិន​បើ​លោក​ត្រូវ​បង្ខំឱ្យចាក​ចេញ។

លោក​ថ្លែង​ថា៖ «ដី​យើង យើង​មិន​ចង់​ចេញ​ពី​ដី​យើង​ផង។ យើង​ក៏​មិន​អាច​ជំទាស់​គាត់​[រដ្ឋាភិបាល]​បាន​ដែរ។ តែ​[ផ្តល់]​សំណង​សមរម្យ​ទៅ នឹង​ទទួល​បាន [អាច]​ទិញ​ដី​បាន​មួយ​កន្លែង ធ្វើ​ផ្ទះ ធ្វើ​អី​ទៅ»

កម្មករឈរនៅក្បែរសម្ភារៈសំណង់ក្នុងអំឡុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​ក្នុង​ខេត្ត​ស្វាយរៀង ត្រូវ​បាន​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវ​កម្ម​ស្ពាន​និង​ថ្នល់​ចិន ឈ្មោះ China Road and Bridge Corporation (CRBC) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ពីភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដែរ។ ការ​វិនិយោគ​នេះ​ធ្វើ​ឡើង​តាម​រូបភាព​វិនិយោគ​សាង​សង់-ប្រតិបត្តិការ-ផ្ទេរ (Build Operate Transfer ឬBOT) ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប​ជាង​ ១៣០០​លាន​ដុល្លារ​អាមេរិក។ ការ​សាងសង់​ផ្លូវ​នេះ មាន​រយៈពេល ៤ ​ឆ្នាំ ហើយ​រយៈពេល​ប្រតិបត្តិ​ការ​ចំនួន​ ៥០ ​ឆ្នាំ ដែល​ក្រុមហ៊ុន​នឹង​យក​ថ្លៃ​សេវា​ធ្វើ​ដំណើរ មុន​នឹង​ផ្ទេរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ។

ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី សុខ សុភឿន អាយុ​ ៤៩ ​ឆ្នាំ ដែល​មាន​កូន​ ៤ ​នាក់ ក៏​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ដូចគ្នា​ថា​ ការ​រស់​នៅ​នឹង​ជួប​ការ​លំបាក ពេល​ទៅ​រស់​នៅ​កន្លែង​ថ្មី។ ដូច​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែរ អ្នកស្រី​ជំរុញឱ្យមាន​ការ​ផ្តល់​សំណង​សមរម្យ​លើ​ដី​ដែល​មាន​ក្បាល​ ៧ ម៉ែត្រ និង​បណ្តាយ​ជាង​ ១០០ ​ម៉ែត្រ។ អ្នកស្រី​បន្ថែម​ថា​ ក្រុមហ៊ុន​វិនិនយោគ​ចិន​ ក៏​ចំណេញ​ច្រើន​ដែរ​ពី​គម្រោង​ផ្លូវ​នេះ ​ក្នុង​រយៈ​ពេល ​៥០ ​ឆ្នាំ ដោយសារ​ក្រុមហ៊ុន​នឹង​យក​ថ្លៃ​សេវា​ធ្វើ​ដំណើរ​ពី​ប្រជាពលរដ្ឋ ពេល​បើក​ចរាចរណ៍​សម្រាប់​ការ​ធ្វើ​ដំណើរ។

អ្នកស្រី​ថ្លែង​ថា៖ «ចំណេញៗ​ហើយ ប៉ុន​តែ​ខាត​ប្រជា​ជន។ រង​គ្រោះ​ប្រជាជន។ បើ​ថា​សំណង​សមរម្យ​ទទួល​យក​បាន អាហ្នឹង​មិន​អី​ទេ។ បើ​ទទួល​យក​មិន​បាន​ទៀត អួយ ចេញ​ទៅ មិន​ដឹង​ម៉េច​ទេ»

អ្នកស្រី​បន្ថែម​ថា៖ «សំណូម​ពរ​ចង់ឱ្យបាន​ដឹង​ផល​ប៉ះ​ពាល់​សំណង​ហ្នឹង ចង់ឱ្យបាន​ឆាប់... ឱ្យខ្ញុំ​មាន​ពេល​រុះ​រើ ទៅ​ទិញ​ដី ទិញ​អីចឹង​ណា។ រួច​ចេះ​តែ​ចាំ​មើល បាត់​ទៅ បាត់​ទៅ។ គ្មាន​អ្នកណា សួរ​នាំ​អី»

លោក សាង សំ អាយុ៤៨ឆ្នាំ ស្ថិតក្នុងចំណោមពលរដ្ឋដែលប្រឈមការរុះរើផ្ទះ ដោយសារគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវ៉ិត ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី សុខ សុភឿន អាយុ៤៩ឆ្នាំ ស្ថិតក្នុងចំណោមពលរដ្ឋដែលប្រឈមការរុះរើផ្ទះ ដោយសារគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវ៉ិត ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

មេឃុំ​ព្រែក​រៃ លោក នង នាង ប្រាប់​វីអូអេ​ថា​ លោក​មិន​មាន​ព័ត៌មាន​នៅ​ឡើយ​ទេ​ថា​ តើ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ប៉ុន្មាន​នឹង​ត្រូវ​ប៉ះពាល់។

លោក​ថ្លែង​ថា៖ «និយាយ​ទៅ ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ ព្រោះ​គេ​អត់​ទាន់​កំណត់។ អត់​ទាន់​កំណត់​យ​ក​ទី​តាំង​ត្រង់​ចំណុច​ណា គេ​អត់​ទាន់​ប្រាប់​ទេ។ អ៊ីចឹង​ខ្ញុំ​អត់​ទាន់​ហ៊ាន​និយាយ​ស្អី​ទេ។ ហើយ​ការ​ប៉ះពាល់​សំណង​អី​ ក៏​អត់​ទាន់​ដឹង​ដែរ អត់​ទាន់​ជូន​ដំណឹង​ទេ»

វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយពី លោក​ ហ៊ាង សុទ្ធាយុត្តិ​ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និងលោក គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល បាន​នៅឡើយ​ទេ​។

ប៉ុន្តែ​កាល​ពី​ខែ​មេសា ឆ្នាំ​ ២០២៣ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ថា ​ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ​ អាច​នឹង​ប៉ះ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ​ប៉ុន្តែ​ក្រសួង​នឹងខិត​ខំបញ្ចៀស​ និ​ង​ដោះ​ស្រាយ​សំណង​ទៅ​តាមនីតិ​វិធី​របស់​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ។

លោក​បញ្ជាក់​ថា៖ ​«តា​យើង​ធ្វើផ្លូវ​ហើយ​ តែង​តែ​ប៉ះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ ប៉ុន្តែ​ក្នុង​ពេល​សិក្សា​នេះ​ យើងតែង​តែ​ប្រឹង​ប្រែង​បញ្ចៀស​ឱ្យ​ផុត​ឱ្យ​បាន​ច្រើន​ ក្នុង​ការ​ប៉ះ​ពាល់​ទៅ​ដល់​លំនៅដ្ឋាន​ បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង។ ក្នុង​ករណី​ចៀស​មិន​បាន​ [បើ] ត្រូវ​មាន​ការ​ប៉ះពាល់ ត្រូវតែ​រើ​ចេញ គឺ​គណៈកម្មាការ​ដោះស្រាយ​គោល​នយោបាយ​ ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ លោក​នឹង​រៀប​ចំ​នីតិវិធី បង់​ថ្លៃ​ជូន​ទៅ​តាម​នីតិវិធី​របស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ មិន​មែន​ចេះ​តែ​យក​ដី​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​បាន​បង់​ថ្លៃ​ជូន​គាត់​ទេ»។

លោក វណ្ណ សុផាត អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​វីអូអេ​ថា ​កន្លងទៅ ប្រជាពល​រដ្ឋ​ត្អួញត្អែរ​អំពីសំណង​មិន​សមរម្យ នៅ​ពេល​ដី​ធ្លី​របស់​ពួកគេ​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍។ លោក​បន្ថែម​ថា​ ការ​សិក្សា​ពី​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន និង​សង្គម ក៏​មិន​ត្រូវ​បាន​សិក្សា​ឱ្យ​បាន​ពេញ​លេញ​ដែរ។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​យើ​ងឃើញ​ថា​ ការ​ដែល​ដោះ​ស្រាយ​ហ្នឹង​គឺ​រដ្ឋាភិបាល​មាន​យន្តការ​ដោះ​ស្រាយ​ហើយ​ ប៉ុន្តែ​គ្រាន់តែ​ថា​ ការ​ដោះ​ស្រាយ​ហ្នឹង​ប្រជាពលរដ្ឋរង​ផល​ប៉ះ​ពាល់​ហ្នឹង គឺភាគ​ច្រើន​គាត់​អត់​បាន​ទទួល​យក​សំណង​សមរម្យ​ដែល​អាចទ​ទួល​យក​បាន​ទេ»។

អ្នក​ភូមិ​ម្នាក់​ទៀត លោក សាង សំ អាយុ​ ៤៨ ​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ថ្មគរ ឃុំ​ថ្មគរ ស្រុក​ល្វាឯម បាន​ដឹង​ថា ​ដី​ចម្ការ​ស្វាយ​របស់​លោក ដែល​មាន​ទទឹង​ ២៥ ​ម៉ែត្រ និង​បណ្តោយ​ ១២៥​ ម៉ែត្រ ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ។

លោក សាង សំ ដែល​គ្រប់គ្រង​ដី​នោះ​ជាង​ ១០ ​ឆ្នាំ​មក​ហើយ ក៏​ជំរុញឱ្យផ្តល់​សំណង​សមរម្យ ដោយ​គិត​ទាំង​ដើម​ស្វាយ​ដែល​លោក​មាន​ប្រមាណ ​១០០ ​ដើម។ លោក​បន្ថែម​ថា​ លោក​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ដែល​ត្រូវ​ការ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ ប៉ុន្តែ​លោក​ចង់​បាន​ដំណោះ​ស្រាយ​មួយ​ដែល​រក្សា​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ដោះ​ស្រាយ​ហ្នឹង ឱ្យវា​មាន​លក្ខណៈ​តម្លាភាព។ ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ បើ​ទាក់​ទង​ជាមួយ​ក្រុម​ហ៊ុន ចង់ឱ្យក្រុមហ៊ុន​[ទាក់​ទង​]ផ្ទាល់​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ដី​ហ្នឹង​ទៅ ដើម្បី​រក្សា​ផល​ប្រយោជន៍​អីចឹង​ណា»