ពលរដ្ឋចំនួន៨នាក់ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីបិទផ្លូវធ្វើបាតុកម្ម និងប្រើអំពើហិង្សាលើសមត្ថកិច្ច ក្នុងជម្លោះដីធ្លីមួយដែលអាជ្ញាធរចោទថា ពលរដ្ឋសាងសង់ទីលំនៅលើដីមានម្ចាស់រួចហើយ។ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តព្រះសីហនុ។
លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុប្រាប់ VOA ថា នៅថ្ងៃព្រហស្បតិ៍និងសុក្រនេះ ពលរដ្ឋប្រមាណជា១០០នាក់បានបិទផ្លូវជាតិលេខ៤ ដោយប្រើគល់ឈើ និងដុំថ្ម បណ្តាលឲ្យកកស្ទះចរាចរណ៍។ លោកបន្តថា ក្នុងការបិទផ្លូវថ្ងៃទី២ គឺនៅព្រឹកថ្ងៃសុក្រនេះ សមត្ថកិច្ចក៏បានទៅសម្របសម្រួលឲ្យមានការបើកផ្លូវឡើងវិញ ប៉ុន្តែលោកថា ប្រជាពលរដ្ឋទាំងនោះបានប្រើដុំថ្មគប់មកលើសមត្ថកិច្ចបណ្តាលឱ្យរងរបួសចំនួន៦នាក់ និងខូចខាតរថយន្តចំនួន៣គ្រឿង។
លោកមានប្រសាសន៍ថា៖ «យើងបានសម្របសម្រួលគាត់ អង្វរករគាត់ តែមានការញុះញង់ឲ្យប្រើអំពើហិង្សាគប់មកលើសមត្ថកិច្ចយើងខ្ញុំបណ្តាលឲ្យរបួស៦នាក់ ធ្ងន់២ និងខូចខាតរថយន្ត៣គ្រឿង ដែលយើងកំពុងតែបេសកកម្មរើដុំថ្មចេញពីផ្លូវ និងរើដើមឈើចេញពីផ្លូវដើម្បីបើកចរាចរណ៍។ នេះជាការងារមួយដែលយើងមិនទទួលយកបានទេអំពើហិង្សាដ៏ឃោរឃៅនេះមកលើសមត្ថកិច្ចដែលអនុវត្តលើផ្លូវសាធារណៈ»។
លោក ជួន ណារិន បន្ថែមថា សមត្ថកិច្ចកំពុងបន្តសួរនាំពលរដ្ឋដែលត្រូវបានឃាត់ខ្លួនទាំង៨នាក់ នោះនៅស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការតាមច្បាប់។
លោកបញ្ជាក់ថា៖ «ទី១យើងឃាត់ខ្លួនយកមកធ្វើការសួរនាំ បើសិនជាមានបទល្មើសធ្ងន់ធ្ងរយើងនឹងបញ្ជូនអនុវត្តទៅតាមផ្លូវច្បាប់តាមនីតិវិធីរបស់យើង។ ទី២ បើសិនមិនមានពាក់ព័ន្ធអីធ្ងន់ធ្ងរទេ យើងនឹងបញ្ជូនគាត់ទៅវិញ ធ្វើការអប់រំ»។
ការបិទផ្លូវជាតិលេខ៤ក្នុងរយៈពេលពីរថ្ងៃនេះ ធ្វើឡើងក្រោយពីកម្លាំងចម្រុះរដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានចុះទៅរុះរើសំណង់ផ្ទះខ្ទមជាង៦០០ខ្ទម ដែលអាជ្ញាធរអះអាងថា ជាសំណង់អនាធិបតេយ្យសាងសង់ដោយពលរដ្ឋមួយចំនួន ប៉ះពាល់ទៅលើដីដែលមានម្ចាស់កម្មសិទ្ធិស្របច្បាប់ មានទីតាំងនៅចំណុចចំណោតអូរត្រាវ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុចេញកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី សេង សុភី ពលរដ្ឋម្នាក់ដែលអះអាងថាជាអ្នករស់នៅលើដីមានជម្លោះនោះ ប្រាប់ VOA ថា លោកស្រីបានទិញដីមួយកន្លែងនៅទីនោះពីពលរដ្ឋដូចគ្នាកាលពីជាង១ឆ្នាំមុន ក្នុងតម្លៃ៣.៣០០ដុល្លារអាមេរិក ដោយមានធ្វើកិច្ចសន្យាទិញលក់ពីភូមិ តែមិនមានកម្មសិទ្ធិអ្វីនោះទេ។ លោកស្រីបន្តថា មូលហេតុដែលលោកស្រីទិញនាពេលនោះ គឺដោយសារលោកស្រីឮថា ដីនោះជាដីសម្បទានសម្រាប់ប្រជាពលរដ្ឋ។
អ្នកស្រីបញ្ជាក់ថា៖ «លិខិតទិញលក់របស់យើង ធម្មតាផ្តិតតែមេដៃ សាក្សីទិញ និងអ្នកទទួល ហើយនិងស៊ីញ៉េក្រដាសពីភូមិ គ្រាន់តែមេភូមិឈ្មោះអីអ៊ីចឹង គាត់ស៊ីញ៉េជូនអ៊ីចឹង គាត់អត់មានបោះត្រាអីទេ គាត់គ្រាន់តែផ្តិតមេដៃអីអ៊ីចឹង។ គេគ្រាន់តែដាក់បញ្ជាក់ពីប្រជាជន ដូចថាឈ្មោះ «ក» អី អ៊ីចឹង គេលក់ឲ្យឈ្មោះខ្ញុំអ៊ីចឹង អត់មានបញ្ជាក់ថា ឈ្មោះរបស់បុគ្គលណាមួយជាមានកម្មសិទ្ធិ ជាប្លង់អីអ៊ីចឹង អត់ទេ»។
ក្នុងការបិទផ្លូវ និងតវ៉ារហូតមានអំពើហិង្សានៅព្រឹកថ្ងៃសុក្រនេះ លោកស្រី សេង សុភី លើកឡើងថា ភាគីខាងប្រជាពលរដ្ឋក៏មានរងរបួសផងដែរ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា របួសបែបណា ឬរបួសប៉ុន្មាននាក់នោះទេ។ ពលរដ្ឋដដែលរូបនេះក៏បានបញ្ជាក់ថា ការផ្ទុះហិង្សានេះគឺបណ្តាលមកពីសមត្ថកិច្ចចូលធ្វើអន្តរាគមន៍ និងបំបែកក្រុមបាតុករដែលបិទផ្លូវតវ៉ា។
អ្នកស្រី សេង សុភី ថ្លែងថា៖ «ប្រជាពលរដ្ឋហ្នឹងគាត់ត្រូវរបួសដោយសារប៉ូលិស សមត្ថកិច្ចគាត់មកធ្វើការអន្តរាគមន៍សម្រាប់ឃាត់ឃាំងពួកខ្ញុំកុំឲ្យចូលទៅដីធ្លី។ ធម្មតាផ្ទះសម្បែងរបស់ពួកខ្ញុំគេរុះរើអស់ អីវ៉ែអីវ៉ាន់នៅក្នុងហ្នឹង គេហាមឃាត់អត់ឲ្យចូល។ អ៊ីចឹងពួកខ្ញុំត្រូវការចង់ចូលទៅយករបស់របរនៅក្នុងផ្ទះ ប៉ុន្តែគេអត់ឲ្យចូលទេ គេថា ហួសពេលចូលហើយដោយសារតែគេឲ្យយើងចេញយើងអត់ចេញ។ ដោយឡែករឿងប្រជាពលរដ្ឋអត់សុខចិត្តហ្នឹងគឺជាបញ្ហាបែបហ្នឹង»។
លោកស្រី សេង សុភី បន្ថែមដោយស្នើសុំឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីនេះជូនលោកស្រី និងប្រជាពលរដ្ឋផ្សេងទៀត។
លោកស្រីនិយាយថា៖ «ខ្ញុំអត់មានកម្លាំងអីទៅស៊ូជាមួយគេទេ ព្រោះអីធម្មតាយើងមិនអាចទៅធ្វើអីបានទេ យើងដូចពងមាន់ជល់ហ្នឹងថ្ម គ្រាន់តែថា ខ្ញុំជាពលរដ្ឋម្នាក់ដែលរងគ្រោះក្នុងការទិញដីធ្លីហ្នឹងហើយ ហើយក៏ពួកខ្ញុំចង់បានដី ដើម្បីឲ្យខាងចៅហ្វាយខេត្តជួយដោះដូរ និងជួយដំណោះស្រាយឲ្យពួកខ្ញុំទៅ ព្រោះអីពួកខ្ញុំប៉ុន្មានរយគ្រួសារហ្នឹងពិតជាអត់»។
យោងតាមវីដេអូខ្លីដែលបានថតចេញពីកន្លែងតវ៉ា និងត្រូវបានគេចែកចាយបន្តតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក និងបណ្តាញសង្គមហ្វេសប៊ុក (ប៉ុន្តែ VOA មិនអាចបញ្ជាក់ពីភាពពិតទាំងស្រុងបានដោយសារក្រុមការងារយើងខ្ញុំមិនបានចុះទៅដល់កន្លែងដោយផ្ទាល់) ទំនងបង្ហាញថា មុននឹងឈានដល់ការផ្ទុះហិង្សា គេឃើញមានការរុញច្រានរវាងពលរដ្ឋ និងសមត្ថកិច្ចដែលប្រដាប់ដោយខែលការពារ និងដំបង។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុដដែលនោះបញ្ជាក់ថា សំណង់ដែលអាជ្ញាធរបានចុះរុះរើទាំងនោះ គឺត្រូវបានប្រជាជនដែលមកពីតំបន់នានាក្នុងខេត្ត និងក្រៅខេត្តលួចសាងសង់ដោយខុសច្បាប់នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ក្នុងន័យដើមថា៖
«រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាជនដែលបានចូលទៅសង់ខ្ទមដោយខុសច្បាប់នៅលើដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជនស្របច្បាប់ទាំងឡាយត្រូវបញ្ឈប់សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ជាបន្ទាន់ ព្រោះជាទង្វើដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយត្រូវឈប់ជឿតាមការឃោសនា ញុះញង់របស់ពួកមេខ្យល់ដែលបានដើរបំផុសបំផុល ដោយអះអាងថា មានការបែងចែកដី និងលក់ដីក្នុងតម្លៃទាបតទៅ»។
កាលពីដើមខែមីនាកន្លងទៅ អភិបាលរងខេត្តព្រះសីហនុ ពីររូបត្រូវបានដកចេញពីតំណែងពាក់ព័ន្ធនឹងការបាញ់លើក្រុមបាតុករតវ៉ាដីធ្លីមួយកន្លែងនៅក្នុងស្រុកព្រៃនប់ ដែលបង្កឱ្យអ្នកតវ៉ាមួយរូបរងរបួសធ្ងន់។
គេសង្កេតឃើញថា ជម្លោះដីធ្លីកើតមានជាបន្តបន្ទាប់ក្នុងខេត្តព្រះសីហនុ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីតម្លៃដីធ្លី និងផ្ទះចាប់ផ្តើមឡើងថ្លៃ ក្រោយពីវត្តមានរបស់អ្នកវិនិយោគជនជាតិចិនក្នុងខេត្តជាប់សមុទ្រមួយនេះកើនឡើងយ៉ាងគំហុក៕