វាមានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋប្រមាណ២០គ្រួសារ នៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនមានផ្លូវធ្វើដំណើរចេញចូលផ្ទះ ដោយសារប្រជាពលរដ្ឋពីរបីគ្រួសារ បានសាងសង់ផ្ទះ ហើយ បិទផ្លូវដែលធ្លាប់តែធ្វើដំណើរចេញចូល ទាំងដើមផ្លូវ និងចុងផ្លូវ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវកាត់ភូមិដើម្បីធ្វើដំណើរទៅផ្លូវធំៗនៅក្នុងភូមិ មានប្រវែងប្រមាណ៣៥០ម៉ែត្រ និងទទឹង៤ម៉ែត្រ។ ពួកគេបន្តថា នៅពេលអ្នកភូមិសាងសង់ផ្ទះ មានការសន្យាថា នឹងទុកផ្លូវប្រមាណ៤ម៉ែត្រសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ តែក្រោយមកអ្នកសង់ផ្ទះនោះ មិនបានទុកផ្លូវសម្រាប់ធ្វើដំណើរនោះទេ រហូតមានបញ្ហាដល់បច្ចុប្បន្ននេះ។
ការមិនមានផ្លូវប្រើប្រាស់នេះ បានក្លាយជាបញ្ហាចម្រូងចម្រាស មិនអាចដោះស្រាយបាន ខណៈប្រជាពលរដ្ឋបានសម្ដែងកំហឹងជាមួយអាជ្ញាធរថ្នាក់ភូមិ សង្កាត់ និងក្រុង និងប្រជាពលរដ្ឋដែលសាងសង់ផ្ទះថាមិនទុកផ្លូវធ្វើដំណើរដូចពីដើម។
អ្នកភូមិបានសុំដំណោះស្រាយពីអាជ្ញាធរ តែករណីនេះមិនអាចដោះស្រាយបាននោះទេ ខណៈមានបញ្ហារឿងប្លង់ដី។ អ្នកភូមិលើកឡើងថាពួកគេសង្ឃឹមថា ចៅសង្កាត់ថ្មីដែលនឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ នឹងជួយដោះស្រាយឲ្យពួកគេមានផ្លូវប្រើប្រាស់ចេញចូលផ្ទះឡើងវិញ។
លោក ហ៊ិន ផានិត អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខោប បាននិយាយថា លោកចង់ឲ្យមានដំណោះស្រាយលើផ្លូវប្រើប្រាស់ មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា នេះ តែលោកថាវាហួសពេលទៅហើយ ដោយសារការបោះឆ្នោតនឹងធ្វើឡើងនៅសប្ដាហ៍នេះហើយ។
លោកថ្លែងបន្តប្រាប់ VOAថា លោកត្រូវការចៅសង្កាត់ថ្មី ដែលអាចដោះស្រាយបញ្ហានេះបាន។
«ឲ្យមេឃុំ មេភូមិ ឲ្យគាត់ជួយដោះស្រាយផ្លូវឲ្យខ្ញុំផង។ ព្រោះឥឡូវ ខ្ញុំជួបការលំបាក។ ដូចបងប្អូន គាត់បិទផ្លូវអញ្ចឹង គាត់មានផ្លូវឯណាមកធ្វើស្រែ។ ស្រែគាត់នៅខាងក្នុងអត់មានផ្លូវទេ»។
លោក ផានិត បន្តថាលោកបានត្រៀមខ្លួនរួចហើយសម្រាប់ការបោះឆ្នោត ហើយលោកចង់ផ្លាស់ប្ដូរមេឃុំបច្ចុប្បន្ន ដោយលោកថាមេឃុំបច្ចុប្បន្ន មិនអាចដោះស្រាយបញ្ហារបស់ប្រជាជននៅក្នុងភូមិបាន។
ទោះជាយ៉ាងណា លោកមិនចង់បញ្ចេញឈ្មោះគណបក្សណាដែលលោកនឹងបោះឆ្នោតគាំទ្រនោះទេ។
សម្រាប់សង្កាត់រការធំ គណបក្សចំនួន៤ប៉ុណ្ណោះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានចុះឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងចៅសង្កាត់។
បេក្ខជនប្រកួតយកតំណែងចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ លោក ឯក បេន អាយុ២៨ឆ្នាំ នឹងប្រកួតជាមួយបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ដែលជាចៅសង្កាត់បច្ចុប្បន្ន គឺ លោក ព្រំ សារ៉ន អាយុ៧៧ឆ្នាំ ដែលមានបទពិសោធន៍ ដឹកនាំសង្កាត់ច្រើនឆ្នាំមកហើយ។
សម្រាប់លោក ផានិត អាយុមិនមែនជាបញ្ហានោះទេ។ លោកថ្លែងថា កត្តាសំខាន់គឺសមត្ថភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
លោក ផានិត មានប្រសាសន៍ថា៖ «និយាយរួមបញ្ហាចាស់ក្មេង គឺអត់សំខាន់។ សំខាន់ឲ្យគាត់ចេះជួយប្រជាជនក្នុងភូមិ ក្នុងឃុំ ឲ្យគាត់មានសមត្ថភាព»។
លោកបន្តថាលោកទើបតែស្គាល់បេក្ខជនប្រកួតប្រជែងយកតំណែងចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ បានប្រមាណ១ខែប៉ុណ្ណោះ។
អ្នកភូមិម្នាក់ទៀតគឺលោក ញឹម សានន អាយុ៤៤ឆ្នាំ ដែលជាកសិករម្នាក់ បានថ្លែងប្រាប់VOAថា លោកមិនអាចធ្វើដំណើរតាមម៉ូតូ ឬតាមគោយន្ត ចេញទៅក្រៅភូមិបាននោះទេ ដោយសារមិនមានផ្លូវធ្វើដំណើរ។ លោកមានប្រសាសន៍ថា លោកចង់បានមេឃុំថ្មី ដែលអាចដោះស្រាយបញ្ហាផ្លូវនេះបាន។
លោកបានថ្លែងប្រាប់VOAថា៖ «ជិតមួយឆ្នាំហើយ ដែលអត់បានផ្លូវដើរ អញ្ចឹងខ្ញុំត្រូវការរើសក្រុមប្រឹក្សាឃុំថ្មី។ មេឃុំមុននោះ គាត់អត់បានដោះស្រាយឲ្យខ្ញុំទេ។ អញ្ចឹងខ្ញុំត្រូវការរើសមេឃុំថ្មី ដើម្បីឲ្យគាត់ជួយអំពីបញ្ហាការលំបាករបស់ប្រជាពលរដ្ឋយ៉ាងម៉េច»។
លោកក៏បានចាត់ទុកករណីនេះ ជារឿងនយោបាយ ដោយលោកអះអាងថាប្រជាពលរដ្ឋដែលសង់ផ្ទះបិទផ្លូវនោះ គឺជាសាច់ញាតិរបស់ក្រុមប្រឹក្សាសង្កាត់។
លោកបានថ្លែងថា៖ «ដោយសារគេដឹងថាខ្ញុំហ្នឹង ខាងសង្គ្រោះជាតិអញ្ចឹងហ្មង។ ព្រោះនិយាយអញ្ចឹង ម៉ាបងប្អូនខ្ញុំនេះ គេស្អប់ដោយសារអញ្ចឹង។ គេស្អប់ដោយសារអញ្ចឹង គេអត់ដោះស្រាយឲ្យ»។
លោកបន្ថែមថា៖ «គាត់រើសអើងហ្មង រើសអើងប្រជាពលរដ្ឋម៉ាចំហៀងតូច។ គាត់ដឹងថាម៉ាកូនចៅខ្ញុំនេះខាងគណបក្សសម រង្ស៊ី អញ្ចឹងហ្មង»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតគឺលោកស្រី ជុន វណ្ណៈ អាយុ៥៣ឆ្នាំ បានរិះគន់ថា ចៅសង្កាត់បច្ចុប្បន្នថាមិនបានដោះស្រាយបញ្ហាផ្លូវឲ្យប្រជាពលរដ្ឋនោះទេ ហើយរុញបញ្ហានេះទៅក្រុង ហើយថារង់ចាំបោះឆ្នោតហើយ ទើបលោកដោះស្រាយឲ្យ។
លោកស្រីបញ្ជាក់ថា ការមិនដោះស្រាយនេះ អាចនាំឲ្យមានការធ្លាក់ចុះការគាំទ្រសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។
លោកស្រីបានថ្លែងប្រាប់VOAថា៖
«ខ្ញុំចង់ឲ្យជួយដោះស្រាយឲ្យបានផ្លូវហ្នឹង។ ចង់បានតែផ្លូវ ជួយខ្ញុំ ខ្ញុំនឹងជួយគាត់។ តែបើពួកខ្ញុំ អត់មានផ្លូវ ខ្ញុំដឹងមានលទ្ធភាពអីនឹងជួយគាត់ដែរទេ បើគាត់អត់បានជួយខ្ញុំឲ្យបានស្រួលផង»។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្ររហូតដល់៨២៩២អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន១១៤៥៩ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១៥៩២ ក្នុងចំណោមឃុំសង្កាត់ទាំង១៦៣៣ទូទាំងប្រទេសនៅក្នុងអាណត្តិនោះ។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានច្របាច់បញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន២៩៥៥ និងតំណែងមេឃុំចៅសង្កាត់តែចំនួន៤០ប៉ុណ្ណោះ។ សម្រាប់ខេត្តកំពង់ស្ពឺ គណបក្សប្រឆាំងទទួលបានតំណែងមេឃុំតែមួយប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់ចំនួន៨៧។
កាលពីការបោះឆ្នោតឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជាទទួលបាន៧អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន៩នៅក្នុងសង្កាត់រការធំ។
ក្នុងការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ទទួលបាន៣អាសនៈ ស្មើគ្នាសម្រាប់ខេត្តកំពង់ស្ពឺ។
ទោះជាយ៉ាងណា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខនេះ គឺជាការប្រកួតប្រជែងមួយដែលគណបក្សសង្គ្រោះជាតិ បង្ហាញក្ដីសង្ឃឹមថា ខ្លួននឹងឈ្នះតំណែងមេឃុំចៅសង្កាត់ច្រើនជាងនេះ។
លោក ព្រំ សារ៉ន ចៅសង្កាត់រការធំ មានប្រសាសន៍ថា លោកបានព្យាយាមដោះស្រាយបញ្ហាប្រជាជនក្នុងភូមិខោបដែលមិនមានផ្លូវចេញចូល តែមិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយសារភាគីជម្លោះសុទ្ធតែមានប្លង់ដូចគ្នា។ លោកបន្តថា ករណីនេះមានតែតុលាការទេ ដែលអាចដោះស្រាយបាន។
លោកបានថ្លែងប្រាប់VOAថា៖ «ខ្ញុំដោះស្រាយនៅសង្កាត់ហ្នឹងពីរដងហើយ បានរាយការណ៍ជូនទៅក្រុង។ ក្រុងក៏ហៅប្រជាពលរដ្ឋដោះស្រាយនៅហ្នឹងភូមិរបស់គាត់តែម្ដង។ ដោះស្រាយមិនទាន់ចេញនៅឡើយទេ។ អ្នកដែលតវ៉ាហ្នឹង ក៏មានប្លង់ដីដូចគ្នា ជាប់អត់មានផ្លូវដូចគ្នា សុទ្ធតែបិទផ្លូវទាំងអស់។ ខ្ញុំដោះស្រាយយ៉ាងម៉េចបាន ខ្ញុំអត់ដោះស្រាយ ព្រោះមានប្លង់ហើយ មានតែតុលាការទេអាចដោះស្រាយ។ បើយើងដោះស្រាយមិនចេញ មានតែតុលាការ»។
មេឃុំរូបនោះ បានអះអាងថា កន្លងទៅ លោកបានបំពេញកិច្ចការជាចៅសង្កាត់បានល្អ ដូច្នេះលោកសង្ឃឹមថាប្រជាពលរដ្ឋនឹងបន្តគាំទ្ររូបលោកទៀត។ លោករំពឹងថាលោកនឹងអាចទទួលបានការគាំទ្រប្រមាណ៧០ភាគរយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
លោកមានប្រសាសន៍ថា៖
«បើនិយាយពីប្រជាជន នៅគាំទ្រខ្ញុំណាស់ អត់ចង់ឲ្យខ្ញុំឈប់។ ខ្ញុំថាខ្ញុំគិតឈប់ហើយអាណត្តិនេះ ខ្ញុំចង់សម្រាកហើយ ព្រោះខ្ញុំចង់ទ្រុឌទ្រោមហើយ។ គាត់ថាកុំឈប់ អត់ទេ តទៀត នៅធ្វើតទៀត គាត់ថាអញ្ចឹង។ មតិរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់ខ្ញុំហ្នឹង គាត់ស្រឡាញ់ខ្ញុំ ព្រោះខ្ញុំអ្នកស្លូតបូត យោគយល់ជាមួយប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោកមានវ័យចំណាស់ទៅហើយ ហើយមានសុខភាពខ្សោយ ជាពិសេសលោកមានបញ្ហាភ្នែក មើលមិនច្បាស់។ តែលោកថាលោកនឹងខិតខំបំពេញការងារបន្តទៀត ប្រសិនបើលោកឈ្នះតំណែងចៅសង្កាត់បន្តទៀតនោះ។
កំពង់ស្ពឺ គឺជាខេត្តមួយ ដែលលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាតំណាងរាស្ត្របានមួយអាណត្តិមកហើយ។ លោក ហ៊ុន ម៉ានី បាននិងកំពុងចុះឃោសនាឲ្យប្រជាជនពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ បន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី២៥ ខែឧសភា លោក ហ៊ុន ម៉ានី បានបង្ហោះរូបភាព និងសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«បោះឆ្នោតមួយសន្លឹកឲ្យគណបក្សប្រជាជនកម្ពុជា គឺផ្ដល់ឱកាសឲ្យបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់មកពីបក្សប្រជាជនកម្ពុជារបស់យើង បន្តអនុវត្តគោលនយោបាយ អភិវឌ្ឍភូមិឃុំ បម្រើរាស្ត្រ និងបន្តរក្សាស្ថិរភាព និងសុខសន្តិភាព ហើយក៏ផ្ដល់ឱកាសឲ្យខ្លួនឯង បន្តជីវភាពប្រចាំថ្ងៃ និងកសាងសង្គមយើងឲ្យកាន់តែប្រសើរទាំងអស់គ្នា»។
ចៅសង្កាត់រការធំលោក ព្រំ សារ៉ន មានប្រសាសន៍ថាលោក ហ៊ុន ម៉ានី មានប្រជាប្រិយភាពច្រើនក្នុងខេត្តកំពង់ស្ពឺ ហើយលោកតែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ក្នុងខេត្ត តាមពិតទៅ គាត់[លោក ហ៊ុន ម៉ានី] មានប្រជាប្រិយភាពច្រើនដែរ ទៅណា ក៏គេស្គាល់គាត់ ព្រោះគាត់សាមញ្ញ គាត់មិនប្រកាន់អីណាណី គាត់ក៏មក គាត់ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអីចឹងទៅ។ សួរសុខទុក្ខប្រជាពលរដ្ឋអីចឹងទៅ»។
ចូលរួមជាមួយគណបក្សប្រឆាំងតាំងពីឆ្នាំ២០១០ និងបានក្លាយជាប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំក្រុងច្បារមនតាំងពីឆ្នាំ២០១៤ លោក ឯក បេន បេក្ខជនប្រកួតយកតំណែងចៅសង្កាត់ក្នុង បានថ្លែងប្រាប់VOAថា ដោយសារភាពសកម្មរបស់លោក លោកត្រូវបានគាំទ្រឲ្យឈរឈ្មោះប្រកួតយកតំណែងចៅសង្កាត់នេះ។
លោកបន្តថា ដោយសារគោលនយោបាយរបស់គណបក្ស បូកផ្សំជាមួយបញ្ហាអយុត្តិធម៌ក្នុងសង្គម កង្វះតម្លាភាព និងការគាបសង្កត់របស់រដ្ឋាភិបាល លោកសង្ឃឹមថា លោកនឹងត្រូវបានគាំទ្រសម្រាប់តំណែងចៅសង្កាត់នេះ។
លោកបន្ថែមថា ប្រជាពលរដ្ឋក៏ចង់បានការផ្លាស់ប្ដូរ ហើយត្រូវការចរន្តមនុស្សថ្មី និងក្មេងសម្រាប់ដឹកនាំឃុំសង្កាត់។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាប្រជាពលរដ្ឋយើង មិនសូវចង់បានទេ មេដឹកនាំដែលមានវ័យរាងចាស់ អានេះជាចំណុចដែលខ្ញុំសង្ឃឹមថា ខ្ញុំនឹងឈ្នះបានច្រើនអាសនៈនៅអាណត្តិឆ្នាំ២០១៧នេះ»។
លោក ឯក បេន ដែលមានកម្រិតចំណេះដឹងត្រឹមថ្នាក់ទី១២ បានអះអាងទៀតថា លោកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំសង្កាត់ បើទោះបីជា លោកមានអាយុទើបតែ២៨ឆ្នាំក៏ដោយ។
លោកបានថ្លែងប្រាប់VOA៖ «ខ្ញុំគិតថាការងារគឺបង្រៀនមនុស្ស មិនមែនមនុស្សទៅបង្រៀនការងារទេ។ ហើយខ្ញុំជឿថាមុនដែលគាត់ធ្វើជាចៅសង្កាត់ ខ្ញុំជឿថាគាត់ក៏មិនដែលមានបទពិសោធន៍ដែរ។ ការងារណាក៏ដោយ ឲ្យតែគេធ្វើបាន ខ្ញុំក៏ធ្វើបាន ហើយអាចនឹងល្អជាងគេផង»។
លោក ឯក បេន ក៏បានសន្យាផងដែរថា លោកនឹងដោះស្រាយបញ្ហាអ្នកភូមិមិនមានផ្លូវប្រើប្រាស់មុនគេ ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅពេលខាងមុខនេះ។
លោកមានប្រសាសន៍ថា៖ «បើសិនជាខ្ញុំជាប់ជាចៅសង្កាត់ ខ្ញុំនឹងលើកយកផ្លូវនេះ ដោះស្រាយមុនគេ ហើយខ្ញុំធានាជូនគាត់ថា ខ្ញុំដោះស្រាយឲ្យទាល់តែបាន ទាល់តែមានដំណោះស្រាយសមស្រប»។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលបានដាក់បេក្ខជនចូលរួមប្រកួតប្រជែងនៅគ្រប់ឃុំសង្កាត់ទាំង១៦៤៦ ទូទាំងប្រទេសក្នុងអាណត្តិទី៤នេះ។
គណបក្សប្រជាជនកម្ពុជាបានសន្យាថា ខ្លួននឹងព្យាយាមផ្ដល់តំណែងណាមួយសម្រាប់មេឃុំ ចៅសង្កាត់ ដែលមិនបានជាប់ឆ្នោតនៅពេលខាងមុខ ក្នុងនោះមានតំណែងជាទីប្រឹក្សាជាដើម៕