ពួកអ្នកស្រុកជនជាតិវៀតណាមដែល VOAបានសម្ភាសន៍ប៉ុន្មានថ្ងៃថ្មីៗនេះបានសម្តែងនូវមន្ទិលសង្ស័យថា ការបង្ក្រាបកាលពីពេលថ្មីៗ លើរឿងអាស្រូវនានានឹងដោះស្រាយបញ្ហាក្នុងប្រទេសវៀតណាម។
អតីតប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phucបានលាចេញពីតំណែងកាលពីខែមករាបន្ទាប់ពីមានរឿងអាស្រូវពុករលួយជាបន្តបន្ទាប់ទាក់ទិននឹងពួកអ្នកធ្វើការនៅក្រោមបង្គាប់របស់លោកនិងចំណាត់ការរបស់ពួកគេចំពោះការរាលដាលនៃជំងឺកូវីដ១៩។ ការចោទប្រកាន់ទាំងនោះ រួមមានការចោទប្រកាន់ថាពួកមន្ត្រីបានគំរាមកំហែងយកប្រាក់ប្រហែល២០០លានដុល្លារពីជនជាតិវៀតណាមនៅក្រៅប្រទេសដែលព្យាយាមវិលត្រឡប់មកកាន់មាតុភូមិវិញក្នុងអំឡុងពេលនៃការរាលដាលជំងឺកូវីដ១៩ ហើយដំណើរការក្តីក្តាំបានចាប់ផ្តើមប្រឆាំងនឹងមនុស្សជាង១០០នាក់ដែលមានជាប់ទាក់ទិននឹងរឿងអាស្រូវដែលមានទឹកប្រាក់១៧២លានដុល្លារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Viet A Technology។ មានការចោទប្រកាន់ថាពួកមន្ត្រីទាំងនោះបានទទួលសំណូកដើម្បីផ្គត់ផ្គង់ប្រដាប់ធ្វើតេស្តទៅឱ្យមន្ទីរពេទ្យដោយដាក់តម្លៃលើសតម្លៃដើម។
នៅពេលដែលលោក Phucលាចេញពីតំណែង មានសូចនាករថាលោកត្រូវបានគេបង្ខំឱ្យចុះចេញពីតំណែង។ ក្នុងខណៈនោះដែរ យុទ្ធនាការនៃការប្រឆាំងអំពើពុករលួយរបស់វៀតណាមត្រូវគេរំពឹងនឹងធ្វើបន្តទៀតបន្ទាប់ពីការលាចេញពីតំណែងរបស់លោក។
មានសំណួរអំពីតម្លាភាពរបស់រដ្ឋាភិបាលនិងការដកលោក Phuc និងមន្ត្រីល្បីល្បាញផ្សេងទៀតចេញពីតំណែងដូចដែលត្រូវបានចង្អុលបង្ហាញដោយការពិនិត្យពិច័យរបស់រដ្ឋាភិបាលលើរបាយការណ៍នៅក្នុងពិធីលាចេញពីតំណែងកាលពីថ្ងៃទី៤ ខែកុម្ភៈក្នុងអំឡុងពេលដែលលោកបានប្រគល់អំណាចទៅឱ្យលោកស្រីប្រធានាធិបតីស្តីទី Vo Thi Anh Xuan។
ទោះជាយ៉ាងណាក៏ដោយ មិនមែនព្រឹត្តិការណ៍ទាំងអស់មកពីពិធីនោះបានត្រូវសារព័ត៌មានរាយការណ៍ទាំងស្រុងនោះទេ។ បណ្តាញផ្សាយព័ត៌មានវៀតណាមត្រូវបានគេប្រាប់ឱ្យដកចេញកំណត់សម្គាល់មួយរបស់លោក Phucដែលនៅក្នុងនោះលោកបានព្យាយាមបដិសេធការចោទប្រកាន់ថា លោកត្រូវបានគេបណ្តេញចេញពីតំណែងពីព្រោះតែរឿងអាស្រូវរបស់ក្រុមហ៊ុន Viet A។
លោកបានថ្លែងនៅឃ្លាមួយដែលត្រូវបានគេដកចេញថា៖ «ក្រុមគ្រួសារ ភរិយានិងកូនរបស់ខ្ញុំមិនបានស្វះស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឬពុករលួយទាក់ទិននឹងក្រុមហ៊ុន Viet Aទេ។ ពួកគេមិនដែលជួបអគ្គនាយករបស់ក្រុមហ៊ុន Viet A ទេ»។
សេចក្តីថ្លែងការណ៍របស់លោក Phuc បានបង្កប់ន័យថា លោកមិនបានចាកចេញពីតំណែងដោយការស្ម័គ្រចិត្តនោះទេ។ មានការមិនពេញចិត្តដ៏ខ្លាំងនៅក្នុងប្រទេសវៀតណាមទាក់ទិននឹងរបៀបចាត់ ការនៃការរាតត្បាតនៃជំងឺកូវីដ១៩ដោយថ្នាក់ដឹកនាំវៀតណាមដែលរួមមានលោក Phuc ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សខ្លះជឿថា លោកត្រូវបានគេដកចេញពីតំណែងដោយហេតុផលនយោបាយហើយថារឿងអាស្រូវរបស់ក្រុមហ៊ុន Viet A ត្រូវបានគេប្រើធ្វើជាលេស។
ឧបទ្ទវហេតុនេះបានបណ្តាលឱ្យសាធារណជនចោទសួរអំពីតម្លាភាពរបស់អាជ្ញាធរវៀតណាម។ ខណៈដែលយុទ្ធនាការការស៊ើបអង្កេតនិងប្រឆាំងអំពើពុករលួយត្រូវបានគេមើលឃើញថា ជាចាំបាច់នោះ សញ្ញានៃការប្រយុទ្ធនៅពីក្រោយឆាកមិនបានបញ្ចុះបញ្ចូលមនុស្សជាច្រើនយល់ថានេះជាវិធីត្រឹម ត្រូវដើម្បីដោះស្រាយបញ្ហាដែលចេញពីឫសគល់នោះទេ។
មនុស្សជាច្រើននៅក្នុងប្រទេសវៀតណាមយល់ស្របថាការស៊ើបអង្កេតរឿងអាស្រូវកញ្ចប់ប្រដាប់ធ្វើតេស្តកូវីដ១៩នៅក្នុងក្រុមហ៊ុន Viet A ដែលបាននាំឱ្យមានការដកប្រធានាធិបតីនិងឧបនាយកមន្ត្រី២ នាក់ចេញពីមុខតំណែងនោះជាការត្រឹមត្រូវ។
លោក Tran Van B. ជាម្ចាស់ហាងលក់ដូរទំនិញក្នុងទីក្រុងហូជីមិញបានរិះគន់ការខំប្រឹងប្រែង «លើកស្ទួយមុខមាត់»របស់ពួកមន្ត្រីដែលសំដៅដល់ការលើកដម្កើងខ្លួនឯងរបស់ពួកមន្ត្រីដោយប្រើការរាតត្បាតនៃជំងឺកូវីដ១៩ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន។
លោកបាននិយាយទៀតថា៖ «ពួកមន្ត្រីទាំងនោះស័ក្ដិសមចុះចេញពីតំណែង។ មន្ត្រីជាច្រើនទៀតក៏ត្រូវចុះចេញពីតំណែងដែរ។ ហើយ ពួកគេត្រូវតែទទួលខុសត្រូវនិងចាំបាច់សុំអភ័យទោសជាសាធារណៈចំពោះមហន្តរាយទាំងអស់ដែលវាបានកើតមានឡើងក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩។
លោកមិនមែនជាមនុស្សតែម្នាក់ដែលរិះគន់ពួកមន្ត្រីនោះទេ។
លោក Nguyen Nam ជាអ្នកក្រុងហូជីមិញបាននិយាយថា៖ «ការធ្វើជាប្រធានាធិបតីមានន័យថាអ្នកចាំបាច់មើលការថែទាំប្រជាពលរដ្ឋរបស់អ្នក អ្នកចាំបាច់ត្រូវម៉ឺងម៉ាត់ដើម្បីដោះស្រាយគ្រប់ទាំងបញ្ហា»។
លោកបាននិយាយទៀតថា៖ «វៀតណាមមានបញ្ហាជាច្រើននៅពេលឥឡូវនេះ មិនទាន់និយាយពីភាពតានតឹងនៅឯសមុទ្រផង។ ពលរដ្ឋត្រូវការមានជីវិតប្រកបដោយផាសុខភាព។ នៅពេលដែលប្រជាពលរដ្ឋក្រ ប្រទេសជាតិមិនអាចខ្លាំងបានទេ។ យើងដើរមិនទាន់គេចំពោះរឿងជាច្រើន។ ប្រជា ពលរដ្ឋត្រូវគេបំភិតបំភ័យ ហើយ យើងមិនហ៊ាននិយាយ។ ប្រសិនបើ យើងនិយាយ យើងនឹងត្រូវគេចាប់ ខ្លួន។ ដូច្នេះ គ្មាននរណាហ៊ាននិយាយទេ»។
មនុស្សផ្សេងទៀតបានសម្តែងការមិនពេញចិត្តជាមួយរដ្ឋាភិបាលនៅពេលនិយាយប្រាប់ VOA។
លោក Tran Thanh ជាអតីតទាហានជើងចាស់បាននិយាយថា៖ «តាមដែលខ្ញុំដឹង ពលរដ្ឋមិនសប្បាយចិត្តជាមួយមេដឹកនាំរបស់យើង ដូចជានាយករដ្ឋមន្ត្រី ប្រធានាធិបតីចុងក្រោយថ្មីៗនេះ ដោយសារទង្វើរបស់មេដឹកនាំទាំងនោះមិនស្របគ្នានឹងពាក្យសម្តីរបស់ពួកគេទេ»។
លោក Tang Thanh អតីតមន្ត្រីសហភាពយុវជនកុម្មុយនីស្តបាននិយាយថា៖ «ខ្ញុំគ្មានជំនឿលើរបបនេះទេ។ ខ្ញុំគ្មានសល់ទំនុកចិត្តទេ ទោះមានរឿងល្អខ្លះក្តី។ វាយឺតពេលហើយ»។
តាមការពិត យុទ្ធនាការប្រឆាំងអំពើពុករលួយបានធ្វើឱ្យមានការកើនឡើងនូវចំណាត់ថ្នាក់របស់វៀតណាមនៅក្នុងលំដាប់ថ្នាក់អន្តរជាតិប្រឆាំងអំពើពុករលួយ។ នេះបើតាមរបាយការណ៍ពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិឆ្នាំ២០២២ ដែលបានបង្កើនវៀតណាមពី៣ពិន្ទុទៅដល់៤២ពិន្ទុដែលត្រូវស្ថិតក្នុងចំណាត់ថ្នាក់ទី៧៧ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១២មក។
ទោះជាយ៉ាងណាក៏ដោយ មនុស្សខ្លះព្រួយបារម្ភថាយុទ្ធនាការប្រឆាំងអំពើពុករលួយដែលដឹកនាំដោយអគ្គលេខាធិការបក្សលោក Nguyen Phu Trong មិនអាចផ្លាស់ប្តូរលក្ខណៈនៃបញ្ហានោះបានទេ។
លោក Lam Kieu Loan រស់នៅក្នុងរដ្ឋធានីហាណូយដែលកាលពីពេលមុនបានធ្វើការនៅក្នុងឧស្សាហកម្មបរិក្ខារពេទ្យបាននិយាយថាករណីក្រុមហ៊ុន Viet A គឺដូចជាការធ្វើឲ្យមតិសាធារណជនបានស្ងប់ចិត្តហើយនេះគ្រាន់តែជាបញ្ហាមួយនៃបញ្ហាជាច្រើន។
តែលោក Loan បានជំទាស់ថាយុទ្ធនាការប្រឆាំងអំពើពុករលួយបានបណ្តាលឱ្យមានរឿងច្របូកច្របល់កាន់តែច្រើនឡើង៕
ក្រុមផ្សាយវីអូអេភាសាវៀតណាមរួមចំណែកដល់សេចក្តីរាយការណ៍នេះ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន