ស្ត្រី​វៀតណាម​​​​ម្នាក់​ថា​ខ្លួន​​ត្រូវ​បាន​​​គេ​ជ្រើសរើស​​ពីរ​ខែ​​​មុន​ការ​ធ្វើ​ឃាត​​បងប្រុស​របស់​គឹម ជុងអ៊ុន

  • VOA

រូប​ឯកសារ៖ នាង Doan Thi Huong (កណ្តាល) ត្រូវ​ប៉ូលិស​នាំ​ខ្លួន​នៅ​ទី​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា​ ឆ្នាំ​២០១៧។

នគរបាល​ស៊ើបអង្កេត​របស់​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១៧​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ប្រមូល​ឯកសារ​មួយ​ចំនួន​នៅ​សណ្ឋាគារ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ថា ​​ស្រ្តី​ពីរ​នាក់​ដែល​ត្រូវ​​ចោទ​ប្រកាន់​ថា​ បានសម្លាប់​បង​​​ប្រុស​លោក​ គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង បាន​មក​ប្រទេស​កម្ពុជា​ ដើម្បី​ហាត់​សម​មុន​ឃាតកម្ម​នេះ។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន AP ដែល​រាយការណ៍​ពី​ទី​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី ស្ត្រី​វៀតណាម​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ឃាត​បង​ប្រុស​ម្តាយ​ទីទៃ​របស់​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​ ត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើ​ឃាតកម្ម​នេះ​ដោយ​ភ្នាក់ងារ​កូរ៉េខាងជើង​ម្នាក់​ដែល​ជា​ជន​សង្ស័យ​ នៅ​ក្នុង​ហាងបារ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ហាណូយ​ប្រទេសវៀតណាម​ នៅ​រយៈ​ពេល​ពីរ​ខែ​មុន​ការ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ នេះ​បើ​តាមបញ្ជាក់​របស់​មេធាវី​ស្ត្រី​នោះ។

រឿងរ៉ាវ​លម្អិត​អំពីស្ត្រី​វៀតណាម​ឈ្មោះ Doan Thi Huong បាន​ត្រូវ​លាត​ត្រដាង​ជា​លើក​ដំបូង​បំផុត​ចាប់​តាំង​ពី​ស្ត្រី​រូបនេះ និង​ស្ត្រី​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ទៀត​ឈ្មោះ Siti Aisyah ​ត្រូវ​បាន​ចោទប្រកាន់​ពី​តុលាការ​ថា​បានប៉ាត​មុខ​លោក គីម ជុងណាម នឹង​សារធាតុ​ពុលម្យ៉ាង​ឈ្មោះ ​VX នៅ​អាកាសយានដ្ឋាន​ទី​ក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

មេធាវីលោក Hisyam Teh Poh Teik ថ្លែង​ប្រាប់​តុលាការ​ថា នាង Huong បាន​ប្រាប់​ប៉ូលិសភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួនកាល​ពី​ឆ្នាំ​មុន​ថា នាង​ត្រូវ​បាន​ម្ចាស់​បារ​វៀតណាមម្នាក់ណែនាំ​ឲ្យ​ស្គាល់បុរស​ជនជាតិ​កូរ៉េ​មួយ​រូប​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៦។ បុរស​ជនជាតិ​កូរ៉េនេះ​ត្រូវ​បាន​តុលាការ​កំណត់​អត្តសញ្ញាណ​ថា​ ឈ្មោះ Ri Ji Hyon ដែល​ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​កូរ៉េ​ខាង​ជើង​បួន​រូប​ដែល​បាន​រត់​គេច​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី។

នគរបាល​ស៊ើបអង្កេត​របស់​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១៧​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ប្រមូល​ឯកសារ​មួយ​ចំនួន​នៅ​សណ្ឋាគារ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ថា​ ស្រ្តី​ពីរ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បានសម្លាប់​បង​ប្រុស​ម្តាយ​ទីទៃ​របស់​លោក​ គីម ជុងអ៊ុន ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង នោះ បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ ដើម្បី​ហាត់​សម​មុន​ឃាតកម្ម​នេះ៕