ទិន្នន័យ​ចិន៖ ​ទូក​វៀតណាម​ជាច្រើន​ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា

ទូក​នេសាទ​របស់​វៀតណាម​​​ត្រូវ​បាន​គេ​​ឃាត់​ទុក​ក្នុង​ដែនទឹក​របស់​ម៉ាឡេស៊ី ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ​២០២០។

[កំណត់និពន្ធ៖ VOA បានប្ដូរ​រូបថត​ថ្មី​សម្រាប់​សេចក្ដីរាយការណ៍​នេះ ដោយប្រើរូបថតដែលបង្ហាញឲ្យឃើញនូវ​ទូកនេសាទរបស់ជនជាតិវៀតណាម នៅដែន​សមុទ្រ​ម៉ាឡេស៊ី។]

អង្គភាព​ស្រាវជ្រាវ​មួយ​របស់​រដ្ឋ​ចិន​ បាន​រក​ឃើញ​ថា​ មាន​ទូក​នេសាទ​វៀតណាម​រាប់​រយ​គ្រឿង​បាន​ឆ្លង​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា​ កាល​ពី​ខែ​មិថុនា​ និង​ខែ​កក្កដា​កន្លង​ទៅ។​

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​គម្រោង​គំនិត​ផ្ដួច​ផ្ដើម​អង្កេត​លើ​ស្ថានភាព​យុទ្ធសាស្ត្រ​សមុទ្រ​ចិន​ខាង​ត្បូង​ (South China Sea Probing Initiative)​ ឬ​ហៅ​ថា​ SCSPI ​ ដែល​មាន​មូលដ្ឋាន​នៅ​សាកល​វិទ្យាល័យ​ប៉េកាំង ​(PKU)​ បាន​ចេញ​ផ្សាយ​កម្រង​ទិន្នន័យ​ថ្មីៗ​ បាន​មក​ពី​ការ​តាម​ដាន​ឃ្លាំ​មើល​ទូក​នេសាទ​វៀតណាម​ដែល​ធ្វើ​ដំណើរ​តាម​ដែន​សមុទ្រ​នានា​ក្នុង​តំបន់។​

ក្នុង​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«សកម្ម​ភាព​ខុសច្បាប់​របស់​ទូក​នេសាទ​វៀតណាម​នៅ​តែ​មាន​អត្រា​ខ្ពស់​ក្នុង​ខែ​កក្កដា» នោះ​ ​SCSPI ​បាន​ព្យាយាម​បង្ហាញ​អំពី​ចរាចរណ៍​ចេញ​នេសាទ​របស់​ទូក​វៀតណាម​ដែល​បាន​ចូល​ទៅ​ក្នុង​ដែន​ទឹក​ក្បែរ​តំបន់​ចិន​ដីគោក ​កោះ​ហៃណាន ​ដែន​សមុទ្រ​ម៉ាឡេស៊ី​ ដែន​សមុទ្រ​ឥណ្ឌូណេស៊ី​និង​ដែន​សមុទ្រ​កម្ពុជា។​

ក្នុង​ចំណុច​អំពី​ដែន​សមុទ្រ​កម្ពុជា SCSPI ​បាន​សរសេរ​ថា៖​ «នៅ​ក្នុង​ខែ​កក្កដា​មាន​ទូក​នេសាទ​វៀតណាម​សរុប​ចំនួន​១០០​គ្រឿង​ បាន​ទន្ទ្រាន​ចូល​ដែន​ទឹក​របស់​កម្ពុជា​ក្នុង​ឈូងសមុទ្រ​ថៃ​តែ​មាន​ការ​ធ្លាក់​ចុះ​៣០% ​ពី​ចំនួន​១៥៧​ទូក​ កាល​ពី​ខែ​មិថុនា»។​

របាយ​ការណ៍​នោះ​ក៏​មាន​អម​នឹង​ផែនទី​ និង​បញ្ជី​ឈ្មោះ​ទូក​នេសាទ​វៀតណាម​ដែល​SCSPI​ អះអាង​ថា​ បាន​ចូល​មក​ក្នុង​ដែន​ទឹក​កម្ពុជា​ផង​ដែរ។​

បើ​យោង​តាម​ SCSPI សកម្មភាព​របស់​ទូក​វៀតណាម​ចូល​ទៅ​នេសាទ​ក្នុង​ដែន​ទឹក​គ្រប់គ្រង​ដោយ​ប្រទេស​ដទៃ​នេះ ​មុខ​ជា​នឹង​«បង្ក​ជម្លោះ» ​និង​«ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​អនុវត្ត​ច្បាប់​មាន​ចន្លោះ​ប្រហោង»​ដោយ​សមត្ថកិច្ច​ក្នុង​តំបន់​ទឹក​ទាំង​នោះ។​

លោក ​ទូច ពលៈ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​បាន​បដិសេធ​ថា​ មិន​មាន​ទូកនេសាទ​វៀតណាម​ឆ្លង​ចូល​មក​ដែន​សមុទ្រ​កម្ពុជា​ទេ។ ​ លោក​ថា​ កម្លាំង​នគរបាល​ការពារ​ព្រំដែន​នឹង​ចាត់ការ​ភ្លាមៗ​ បើ​សិន​ជា​មាន​ករណី​នេសាទ​បំពាន​ណា​មួយ។​

«អត់​មាន​បង! អត់មាន ​ ពីព្រោះ​វិធានការ​ ប្រទេស​គេ​ក៏​ទប់ស្កាត់​ប្រទេស​យើង​ក៏​ទប់ស្កាត់ពីព្រោះ​ថា ​ សម័យ​កូវីដ​នេះ​ខ្ញុំ​ហ៊ាន​ធានា​អះអាង​ថា​គ្មាន​ការ​ឆ្លង​ដែន​ដោយ​[ខុស​ច្បាប់]​នេះ​ ​តែ​ម្ដង ​ ​ព្រោះ​ច្រក​របៀង ​ ច្រក​សមុទ្រ​នេះ​គឺ​យើង​ទប់​ស្កាត់​តែ​ម្ដង​អត់​ឱ្យ​មាន​ទេ»។​

មន្ត្រី​នគរបាល​ជាន់ខ្ពស់​កិច្ចការ​សន្ដិសុខ​សមុទ្រ​រូប​នេះ​បាន​បន្ត​ប្រាប់​VOA​យ៉ាង​ដូច្នេះ​ថា៖​

«អត់​ទេ​ បង​ដោយ​ខ្ញុំ ​ការ​គ្រប់គ្រង​ហ្នឹង​ខ្ញុំ​អង្កេត​មើល​ថា​ការ​ឆ្លង​ដែន​នោះ​វា​និយាយ​រួម​តាំង​ពី​ខែ​ពីរ​ ខែ​បី​មក​ គឺ​អត់​មាន​មក។​ មក​ទល់​បច្ចុប្បន្ន​គឺ​អត់​មាន​មក។ ​ ពីមុន​និយាយ​ថា​ ឆ្លងដែន​ឆ្លងដែន​នេះ​យើង​មិន​និយាយ​ថា​ ឆ្លងដែន​ទេ។​ខ្ញុំ​ចង់​ជម្រាប​ជូន​ថា​នេសាទ​នេះ​ដល់​ពេល​យប់​ខ្យល់​យប់​ងងឹត​អី​ គាត់​លប​លួច​មក​ក្នុង​ដែន​ទឹក​ប្រវតិ្តសាស្ត្រ​នេះ ​….​ មក​មួយ​ដង​មួយ​កាល​ ក៏​គាត់​ទៅ​វិញ​ទៅ។តែ​មក​ដល់​សម័យ​កូវីដ​នេះ យើង​ទប់ស្កាត់​ទាំង​អស់ ​អត់​មាន​ទេ​បាទ»។​

យ៉ាងណា​ក៏​ដោយ​ លោក​ទូច ពលៈ​មិន​បាន​បញ្ជាក់​នោះ​ទេ​ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ប្រព័ន្ធ​ឧបករណ៍​តាមដាន​ប្រើ​ប្រាស់​ដោយ​កម្លាំង​ជំនាញ ​ តែ​លោក​ថា​បណ្ដា​ប្រជា​នេសាទ​កម្ពុជា​ជា​ភ្នាក់ងារ​ព័ត៌មាន​រាយ​ការណ៍​ជូន​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​បើសិន​ជា​មាន​ករណី​លួច​ឆ្លង​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​មែន​នោះ។​

​VOA​មិនទាន់​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​ស្ថានទូត​វៀតណាម​នៅទីក្រុង​ភ្នំពេញ​និង​រដ្ឋបាល​ជលផល​កម្ពុជា​បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។ ​លោក​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អធិប្បាយ​ពី​VOA​តាម​បណ្តាញ​ទំនាក់​ទំនង​តេឡេក្រាម​ផង​ដែរ។​

ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ករណី​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ ​រវាង​ឆ្មាំ​សមុទ្រ​ម៉ាឡេស៊ី​ និង​ទូក​នេសាទ​វៀតណាម​ ដែល​បណ្ដាល​ឱ្យ​អ្នក​នេសាទ​វៀតណាម​ម្នាក់​ត្រូវ​គ្រាប់​ស្លាប់។​ទូក​នេសាទ​មួយ​គ្រឿង​របស់​វៀតណាម​បាន​លិច​កាល​ពី​ខែ​មេសា ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្ដិសុខ​របស់​ចិន​នៅ​តំបន់​ទឹក​មាន​ជម្លោះ ​រហូត​សហ​រដ្ឋ​អាមេរិក​បាន​កៀរ​គរ​បណ្ដា​រដ្ឋ​នានា​ឱ្យ​ហ៊ាន​បញ្ចេញ​សំឡេង​តទល់​នឹង​ចិន។​

ស្ថាប័ន​ស្រាវជ្រាវ ​SCSPI​ ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បង្កើត​ឡើង​កាល​ពីខែ​មេសា​ឆ្នាំ​២០១៩ ​និង​និយម​ប្រើប្រាស់​ទិន្នន័យ​តាមដាន​ចរាចរណ៍​ទូក​នេសាទ​ នាវា​ចរណ៍​ និង​អាកាសចរណ៍​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។ ​ស្ថាប័ន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​វេទិកា​មួយ​ទៀត​របស់​ចិន​លើ​ផ្នែក​សិក្សាធិការ​ដើម្បី​ការពារ​ផល​ប្រយោជន៍​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។​

ប្រទេស​ចិន​ជា​រដ្ឋភាគី​មួយ​ក្នុង​ជម្លោះ​ដោយ​បាន​អះអាង​យក​សឹង​តែទាំង​អស់​នូវ​ដែន​អធិប​តេយ្យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ត​ទល់​ជាមួយ​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ព្រុយណេ។​

លោក​បណ្ឌិត​ឡេង ធារិទ្ធ ​នាយក​មជ្ឈមណ្ឌល​មេគង្គ​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​ និយាយ​ថា​តាម​រយៈ​ការ​បញ្ចេញ​របាយ​ការណ៍​នេះ ​ SCSPI ​ទំនង​ជា​ចង់​លើក​បង្ហាញ​ទាញ​ចំណាប់​អារម្មណ៍​សាធារណ​មតិ​អន្តរជាតិ ​កុំ​ឱ្យ​ផ្ដោត​តែ​លើ​ទង្វើ​របស់​ចិនតែ​ក៏​ត្រូវ​មើល​សកម្ម​ភាព​របស់​វៀតណាម ​និង​ផល​ប៉ះពាល់​នៃ​ការ​នេសាទ​ខុស​ច្បាប់​របស់​វៀតណាម​ផង​ដែរ។​

អ្នក​ស្រាវជ្រាវ​កម្ពុជា​រូប​នេះ​បាន​ប្រាប់​VOA​ក្នុង​សារ​ជា​អក្សរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«នា​អំឡុង​ពេល​នេះ ​ដោយហេតុ​ថា​សមត្ថភាព​មាន​កម្រិត​ ហើយ​មិន​ទាន់​មាន​សម្ភារៈ​បច្ចេកទេស​សមុទ្រ ​ វា​មាន​ការ​លំបាកសម្រាប់​កង​នាវា​ជើងទឹក​និង​ឆ្មាំ​សមុទ្រ​របស់​កម្ពុជា​ដើម្បី​ទប់ស្កាត់​សកម្មភាព​នេសាទ​ខុស​ច្បាប់​នានា​ ដែល​ពី​ពេល​នេះ​ទៅ​កម្ពុជា​ត្រូវតែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សមត្ថភាព​ជើងទឹក​របស់​ខ្លួន​ដើម្បី​បង្កើន​ការ​ល្បាត​សមុទ្រ​ឱ្យ​ញឹកញយ»។​

បើយោង​តាម​លោក​បណ្ឌិត ឡេង ធារិទ្ធ ការ​នេសាទ​ខុស​ច្បាប់​ ទោះជា​ធ្វើ​ឡើង​ដោយ​ប្រទេស​ណា​ក៏​ដោយ​ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​លម្ហ​សមុទ្រ​និង​ប្រព័ន្ធ​ជីវចម្រុះ​ ប៉ះពាល់​ប្រជា​នេសាទ​ខ្នាត​តូច​ ហើយ​ពេល​ខ្លះ​ ការ​នេសាទ​ខុស​ច្បាប់​ដោយ​ទូក​បរទេស​ក៏​អាច​ជា​សកម្មភាព​ឈ្លប​យក​ការណ៍​តាម​បែប​ចារកម្ម​តាម​ផ្ទៃ​សមុទ្រ​ផង​ដែរ៕