ក្រុមហ៊ុនភេសជ្ជៈ កូកា កូឡា ធ្លាប់ជាវិនិយោគិនបរទេសមួយក្នុងចំណោមវិនិយោគិនបរទេសដែលធ្វើការវិនិយោគនៅក្នុងប្រទេសវៀតណាមមុនគេ។ ក្រុមហ៊ុននេះបានលក់ផលិតផលរបស់ខ្លួន សូម្បីតែពេលមានសង្គ្រាមក៏នៅតែបន្ដលក់ ខណៈដែលក្រុមហ៊ុនបរទេសជាច្រើនដកខ្លួនចេញ នៅពេលដែលមានការដាក់ទណ្ឌកម្មពាណិជ្ជកម្ម។
សព្វថ្ងៃនេះ កូកា កូឡា លែងជាភេសជ្ជៈអាមេរិកាំងតែមួយមុខដែលពលរដ្ឋវៀតណាមចូលចិត្តទទួលទានទៀតហើយ ដោយសារពួកគេងាកមកទទួលទានតែគជ់ ដែលនាំចូលដោយក្រុមហ៊ុនអាស៊ីជាច្រើន ដូចជាតៃវ៉ាន់និងថៃជាដើម។ តែគជ់ ជាតែទឹកដោះគោដាក់ស្ករ ដែលមានជាច្រើនរសជាតិ ដូចជារសជាតិស្ត្របូរី តែបៃតង (matcha) ឬកាកាវ ហើយលាយជាមួយនឹងគ្រាប់គជ់ពណ៌ខ្មៅ ចាហួយ ឬសណ្តែក។ ភេសជ្ជៈនេះត្រូវបានគេចាត់ទុកថាមានភាពស្មុគស្មាញជាងភេសជ្ជៈទូទៅ ដូចជាអតិថិជនវៀតណាមអ៊ីចឹង។
ពលរដ្ឋវៀតណាមមិនត្រឹមតែផ្លាស់ប្ដូរចំណង់ចំណូលចិត្តលើភេសជ្ជៈដែលពួកគេទទួលទាននោះទេ។ កាលពីមុន ក្រុមហ៊ុនបរទេសវិនិយោគក្នុងប្រទេសវៀតណាមដោយលក់ទំនិញធម្មតាៗក្នុងតម្លៃថោកហើយលក់ដាច់ខ្លាំង ដូចជាមីកញ្ចប់ឬក្រដាសជូតមាត់ជាដើម។ ប៉ុន្តែនៅពេលវៀតណាមបោះជំហានទៅកាន់សង្គមដែលផ្អែកលើការប្រើប្រាស់របស់អតិថិជនច្រើនជាងមុន វិនិយោគិនបរទេសកំពុងតែឆ្លើយតបនឹងការផ្លាស់ប្ដូរនេះ ដោយព្យាយាមបំពេញតម្រូវការកាន់តែខ្លាំងជាងមុនទៅលើផលិតផលនិងសេវាកម្មថ្មីៗជាច្រើន។
ក្រុមហ៊ុន Colliers International Research ដែលជាក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យបានចេញអត្ថបទវិភាគសម្រាប់ត្រីមាសទី១របស់ខ្លួនស្តីពីទីផ្សារវៀតណាមថា «ក្រុមហ៊ុនម៉ាកល្បីៗអន្តរជាតិកាន់តែច្រើនឡើងៗកំពុងវិនិយោគចូលក្នុងប្រទេសវៀតណាម មួយផ្នែកដោយសារតែសេរីភាវូបនីយកម្មបទបញ្ញត្តិ និងបរិស្ថានសង្គម។ ការកើនឡើងនៃក្រុមហ៊ុនម៉ាកល្បីៗនេះនឹងជំរុញឲ្យពលរដ្ឋវៀតណាមចំណាយប្រាក់កាន់តែច្រើន ដោយផ្លាស់ប្តូរពីការផ្ដោតតែលើមុខទំនិញ មកជាការផ្ដល់សេវាកម្មកំសាន្ដកាន់តែច្រើនជាងមុនវិញ»។
ដូច្នេះវត្តមានតែគជ់ក្នុងប្រទេសវៀតណាមមិនត្រឹមតែជាភេសជ្ជៈនោះទេ ប៉ុន្តែវាក៏ជាបទពិសោធន៍សង្គមមួយ ដែលគេយល់ថា មានភាពសប្បាយរីករាយ និងល្អ សម្រាប់ឲ្យមនុស្សជួបជុំគ្នា ជាជាងការទទួលទានកាហ្វេធម្មតា។
អាជីវកម្មប្រភេទផ្សេងទៀត ដូចជាកន្លែងហាត់ប្រដាល់ ហាងលក់ទំនិញសម្រាប់សត្វចិញ្ចឹម និងហាងលក់គ្រឿងសម្អាងកំពុងចាប់ផ្តើមចេញជារូបរាងផងដែរ ដោយមានការវិនិយោគពីបរទេស។ គេសង្កេតឃើញថា ហាក់ដូចជាមានស្លាកហាងថ្មីមួយលេចជារូបរាងឡើងជារៀងរាល់សប្តាហ៍ ដើម្បីផ្តល់បទពិសោន៍ថ្មីដល់ពលរដ្ឋវៀតណាម។ អាជីវកម្មថ្មីៗកំពុងពង្រីកខ្លួន ពីរង្គសាលស្រាវីស្គីជប៉ុន ទៅជាកន្លែងរៀបចំពិធីខួបកំណើត។ កាលពីមុន កន្លែងបែបនេះមិនមាននោះទេនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ សូម្បីតែកាលពីមួយទសវត្សរ៍មុនក៏មិនទាន់មានដែរ។
ពលរដ្ឋវៀតណាមអាចរកប្រាក់ចំណូលបានច្រើនជាងមុន ដូច្នេះពួកគេអាចចំណាយបានច្រើនជាងមុន។ ការស្ទង់មតិមួយរបស់ក្រុមហ៊ុន Nielsen Vietnam ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយ បានបង្ហាញថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាមបានកើន៧% នៅក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅត្រីមាសមុន ក្នុងឆ្នាំ២០១៨។
អ្នកស្រី Nguyen Huong Quynh នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន Nielsen Vietnam បាននិយាយថា «ការកើនឡើងយ៉ាងខ្លាំងនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់បែបនេះបង្ហាញថា អ្នកប្រើប្រាស់បន្តមានគំនិតវិជ្ជមាន»។
អ្នកស្រីបានបន្តថា «ក្រុមហ៊ុនផលិតនិងអ្នកលក់រាយ ត្រូវស្វែងយល់ពីនិន្នាការថ្មីៗនៅក្នុងទីផ្សារអ្នកប្រើប្រាស់ និងត្រូវធ្វើសកម្មភាពឲ្យបានលឿនដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃតម្រូវការរបស់អ្នកប្រើប្រាស់»។
ការផ្លាស់ប្តូរឥរិយាបថនេះមិនមែនមានតែនៅក្នុងទីក្រុងហាណូយនិងទីក្រុងហូជីមិញនោះទេ។ ជាឧទាហរណ៍ នៅក្នុងក្រុងជាប់ឆ្នេរសមុទ្រឈ្មោះ ក្រុង Da Nang ការផ្លាស់ប្តូរមុខម្ហូបរបស់អតិថិជនកំពុងតែទាក់ទាញអាជីវកម្មថ្មីៗកាន់តែច្រើនឡើងៗ។ ក្រុមហ៊ុន Colliers បានវិភាគថា «ក្រុមហ៊ុនអន្តរជាតិដែលលក់រាយជាច្រើនមានផែនការដណ្តើមយកទីផ្សារក្នុងស្រុក ដើម្បីណែនាំផលិតផលរបស់ពួកគេទៅឲ្យអ្នកទេសចរនិងអតិថិជននៅក្នុងទីក្រុង Da Nang និងបង្កើនភាពពេញនិយមសម្រាប់ម៉ាករបស់ពួកគេនៅក្នុងប្រទេសវៀតណាមផងដែរ»៕