ក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋាភិបាលវៀតណាមចេញផ្សាយរបាយការណ៍លម្អិតដំបូងបង្អស់របស់ខ្លួនអំពីគោលនយោបាយសាសនាក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ សកម្មជននានាបានចង្អុលបង្ហាញអំពីភាពស្រដៀងគ្នានៃគោលនយោបាយនេះទៅនឹងគោលនយោបាយសាសនារបស់ប្រទេសចិន។
របាយការណ៍គោលនយោបាយនេះមានចំណងជើងថា «សាសនាក្នុងប្រទេសវៀតណាម»។ របាយការណ៍នេះរៀបរាប់អំពីសាសនានានានៅក្នុងប្រទេសវៀតណាមនិងបង្ហាញអំពីចំណុចសំខាន់ៗនៃគោលនយោបាយដ៏ «ទូលំទូលាយ» របស់គណបក្សកុម្មុយនិស្តវៀតណាមដែលធានារ៉ាប់រងចំពោះសេរីភាពសាសនា។
សេចក្ដីរាយការណ៍នានាក្នុងប្រទេសវៀតណាមបានបញ្ជាក់ថា លោក Nguyen Tien Trong អនុប្រធានគណៈកម្មាធិការកិច្ចការសាសនារបស់រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងពិធីចេញផ្សាយឯកសារនេះថារដ្ឋាភិបាលនិងគណបក្សកុម្មុយនិស្តវៀតណាមចាត់ទុកសេរីភាពសាសនាថាជាសិទ្ធិជាមូលដ្ឋានមួយ។
ក្រុមសាសនាឯករាជ្យនានាបានប្រាប់ VOA ផ្នែកភាសាវៀតណាមថា របាយការណ៍គោលនយោបាយនេះគឺជា «វាំងនន» មួយសម្រាប់បិទបាំងការរំលោភជាបន្តរបស់រដ្ឋាភិបាលវៀតណាមលើសេរីភាពសាសនានៅក្រោយពេលដែលសហរដ្ឋអាមេរិកដាក់ប្រទេសវៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេស (SWL) កាលពីខែធ្នូឆ្នាំមុន។
បព្វជិតគ្រិស្តសាសនានិកាយកាតូលិកលោក Dinh Huu Thoai នៃព្រះវិហារគ្រិស្តសាសនា Redemptorist Church នៅក្នុងក្រុង Ba Ria ខេត្ត Vung Tau ប្រទេសវៀតណាម បានប្រាប់ VOA នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទមួយកាលពីពេលថ្មីៗនេះថា ឯកសារគោលនយោបាយនេះ «ប្រហែលជាវិធីមួយសម្រាប់រដ្ឋាភិបាលនៅក្នុងការប្រឆាំងទៅនឹងករណីដែលក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ប្រទេសវៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេស (SWL)។ រដ្ឋាភិបាលវៀតណាមអាចប្រើឯកសារនេះដើម្បីបញ្ចៀសមិនឱ្យមានការរិះគន់ពីអន្តរជាតិនិងដើម្បីបំភាន់អង្គការអន្តរជាតិនានា»។
លោក Dinh បានបន្ថែមថា ឯកសារនេះជា «វាំងននដ៏ស្រស់ស្អាតមួយដែលពួកគេបានបង្កើតឡើង។ ...ស្ថានភាពពិតគឺផ្ទុយពីនេះ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយអ្វីទេអំពីឯកសារគោលនយោបាយនេះ។
ក្រសួងការបរទេសវៀតណាមបានបញ្ជាក់កាលពីខែធ្នូឆ្នាំមុនថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការដាក់ប្រទេសវៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេសអំពីសេរីភាពសាសនាគឺផ្អែកលើ «ការវាយតម្លៃបែបលម្អៀងនិងព័ត៌មានមិនត្រឹមត្រូវទាក់ទិននឹងស្ថានភាពសេរីភាពសាសនានិងជំនឿនៅក្នុងប្រទេសវៀតណាម»។
របាយការណ៍ឆ្នាំ ២០២២ នៃការិយាល័យសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស្រាវជ្រាវបានបង្ហាញថា បទបញ្ញត្តិរបស់ប្រទេសចិនតម្រូវឱ្យអង្គការសាសនានានាទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចិនសម្រាប់កិច្ចប្រតិបត្តិការសឹងតែទាំងអស់របស់ពួកគេ ដាក់ខ្លួនឱ្យឋិតនៅក្រោមការត្រួតត្រាដ៏ទូលំទូលាយរបស់រដ្ឋ និងចុះឈ្មោះបព្វជិតទាំងអស់ក្នុងប្រព័ន្ធទិន្នន័យជាតិមួយ។
ចំណែកឯរបាយការណ៍ឆ្នាំ ២០១៩ របស់គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសេរីភាពសាសនាអន្តរជាតិ (USCIRF) បានបញ្ជាក់ថា ច្បាប់ស្រដៀងគ្នានេះនៅក្នុងប្រទេសវៀតណាមបានចូលជាធរមានកាលពីដើមឆ្នាំ ២០១៨ ដែលតម្រូវឱ្យសហគមន៍សាសនានានាចុះឈ្មោះអង្គការនិងកន្លែងគោរពសាសនារបស់ពួកគេជាមួយរដ្ឋាភិបាលដែលជាលក្ខខណ្ឌជាមុនសម្រាប់ការធ្វើសកម្មភាពសាសនា។
លោក Dan Slater ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងជានាយកមជ្ឈមណ្ឌល Weiser សម្រាប់ការសិក្សាពីប្រទេសប្រជាធិបតេយ្យដែលទើបលេចឡើង (Weiser Center for Emerging Democracies) នៃសាកលវិទ្យាល័យMichigan បាននិយាយថា៖ «ខ្ញុំយល់ថា ប្រទេសវៀតណាមធ្វើតាមគំរូនៃប្រទេសចិនដែលនៅទីនោះរបបអាជ្ញាធិបតេយ្យនិងការគាបសង្កត់សាសនាដំណើរការជាមួយគ្នា»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ