នៅក្នុងកិច្ចប្រជុំសមាជិកទាំងអស់មួយ ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសមាជិករបស់ខ្លួន ដោយរួមទាំងផ្តោតទៅលើសេចក្តីសម្រេចមួយដើម្បីពិនិត្យវាយតម្លៃលើសមាជិករបស់ខ្លួនឲ្យកាន់តែតឹងរ៉ឹងផងដែរ។ នេះបើយោងតាមបណ្តាញព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋនៅវៀតណាម។ គណបក្សនេះដល់ពេលត្រូវអនុម័តទៅលើ «ក្រុមការងារវរជន» មួយដែលមានសមាជិកចំនួន៦០០នាក់ពីគណបក្ស ដែលនឹងត្រូវកំណត់អាណត្តិសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សដែលមានសមាជិក២០០នាក់។ នេះបើយោងតាមបណ្តាញសារព័ត៌មានក្នុងស្រុកមួយទៀត។
សវនាការកាត់ក្តីលើមនុស្សល្បីល្បាញពីបទពុករលួយបានកើតឡើងយ៉ាងច្រើននៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ខណៈដែលពលរដ្ឋបានត្អូញត្អែរអំពីសកម្មភាពពុករលួយ ដែលមានចាប់ពីការសូកប៉ាន់នៅតាមភ្លើងស្តុបចរាចរណ៍ រហូតដល់កិច្ចព្រមព្រៀងប្រើប្រាស់ដីដោយខុសច្បាប់ជាដើម។
អ្នកវិភាគនិយាយថា គោលនយោបាយគ្រប់គ្រងសមាជិកនៅក្នុងគណបក្សនេះ នឹងបង្ហាញពីជំហានថ្មីមួយក្នុងការទប់ស្កាត់អំពើពុករលួយនិងការពារសេដ្ឋកិច្ចដែលឆ្ពោះទៅរកសេដ្ឋកិច្ចដែលប្រសើរជាងមុន។
លោក Trung Nguyen ដែលជាព្រឹទ្ធបុរសមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រហូជីមិញ បានថ្លែងថា «ពលរដ្ឋវៀតណាម ឥឡូវនេះ កំពុងតែផ្តោតទៅលើនយោបាយក្នុងស្រុក ថាតើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលដាក់ឲ្យប្រើប្រាស់ដោយលោក Nguyen Phu Trong ដែលជាអគ្គលេខាធិការគណបក្ស អាចដំណើរការដល់កម្រិតណា»។
ជំហានសំខាន់ថ្មីនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយចាស់
ការចាប់ខ្លួនជនសង្ស័យប្រព្រឹត្តអំពើពុករលួយត្រូវបានផ្សព្វផ្សាយយ៉ាងច្រើនលើសលុបនៅតាមបណ្តាញសារព័ត៌មានក្នុងប្រទេសវៀតណាមចាប់តាំងពីឆ្នាំមុនមក។ កាលពីសប្តាហ៍មុន ប៉ូលិសនៅក្នុងប្រទេសវៀតណាមបានចាប់ខ្លួនមន្ត្រីពីរនាក់នៃសាខាក្រុមហ៊ុន Petro Vietnam ចំពោះការចោទប្រកាន់ថាទទួលការប្រាក់ខុសច្បាប់ពីធនាគារ Ocean Bank ដែលមានពាក់ព័ន្ធនឹងរឿងអាស្រូវ។ នេះបើយោងតាមគេហទំព័របណ្តាញព័ត៌មាន VnExpress International នៅក្នុងស្រុក។
កាលពីខែកញ្ញា តុលាការមួយក្នុងទីក្រុង ហាណូយ បានកាត់ទោសប្រហារជីវិតអតីតប្រធានក្រុមហ៊ុនប្រេងនិងឧស្ម័ន Petro Vietnam ដែលជារបស់រដ្ឋ និងបានកាត់ទោសឲ្យមន្ត្រីម្នាក់មកពីធនាគារ Ocean Bank ដែលមានមូលដ្ឋាននៅវៀតណាម ដាក់ពន្ធនាគារមួយជីវិត ពីបទពុករលួយពាក់ព័ន្ធនឹងប្រាក់រាប់លានដុល្លារ។ កាលពីខែ មករា មន្ត្រី២២នាក់ផ្សេងទៀតពីក្រុមហ៊ុន Petro Vietnam និងក្រុមហ៊ុនពាក់ព័ន្ធបានឡើងសវនាការ។
ជនសង្ស័យមួយចំនួនពុករលួយខ្លាំងនៅពីក្រោយខ្នង
លោក Dustin Daugherty អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាជំនួញ Dezan Shira & Associates ក្នុងទីក្រុង ហូជីមិញ បានថ្លែងថា «អ្វីដែលយើងឃើញនេះគឺគ្រាន់តែជាផ្នែកមួយនៃអ្វីដែលកំពុងតែកើតឡើងប៉ុណ្ណោះ។ រឿងទាំងនេះតែងតែឡើងតុលាការ ហើយត្រូវបានគេមើលឃើញដោយសារតែហេតុផលនយោបាយ ដូច្នេះវាពិបាកនឹងប្រើប្រាស់ករណីទាំងនេះណាស់។ យើងមិនអាចមើលឃើញច្រើននៅក្នុងសង្គមដ៏ល្អក់មួយទេ ដូច្នេះយើងចង់មើលទៅលើករណីទាំងនោះ ហើយប្រើប្រាស់វាសម្រាប់វាស់ស្ទង់លើបញ្ហាផ្សេងទៀត ប៉ុន្តែខ្ញុំមិនប្រាកដទេថាតើឧបករណ៍សម្រាប់វាស់ស្ទង់នេះល្អប៉ុណ្ណានោះ»។
បោសសម្អាតពីក្នុង
អ្នកសង្កេតមើលស្ថានភាពនៅវៀតណាមនិយាយថា ឥឡូវនេះ ប្រធានគណបក្សនេះកំពុងតែផ្លាស់ប្តូរសមាជិករបស់ខ្លួនដើម្បីជៀសវាងកុំឲ្យមានករណីពុករលួយថែមទៀត។ គណបក្សកុម្មុយនិស្តគ្រប់គ្រងរដ្ឋាភិបាល ហើយសមាជិកខ្លះនៃសមាជិកសរុបទាំងអស់ចំនួន៤លាន៤សែននាក់ដឹកនាំសាជីវកម្មរបស់រដ្ឋឬហៅកាត់ថា SOE។ ចាប់តាំងពីឆ្នាំ១៩៨៦មក វៀតណាមបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនប្រសើរឡើងតាមរយៈការទាក់ទាញការវិនិយោគពីរោងចក្រ ដែលបច្ចុប្បន្ននេះ ធ្វើឲ្យផលិតក្នុងស្រុកសរុបឬ GDP កើនឡើងប្រមាណ៦ភាគរយជារៀងរាល់ឆ្នាំ។
រដ្ឋាភិបាលដែលស្អាតស្អំជាងនេះនឹងជួយឲ្យសាជីវកម្មរបស់រដ្ឋរកប្រាក់ចំណេញបានកាន់តែច្រើន។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Hoang Viet Phuong ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងទីប្រឹក្សាវិនិយោគនៃសេវាកម្មសន្តិសុខ SSI ក្នុងទីក្រុង ហាណូយ។ ក្រុមហ៊ុនទាំងនោះស្មើនឹងប្រមាណមួយភាគបីនៃផលិតផលក្នុងស្រុកសរុបដែលមានតម្លៃជាទឹកប្រាក់ ២២១ពាន់លានដុល្លារ។
យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះមានលក្ខណៈស៊ីសង្វាក់គ្នា ហើយនៅតែបន្ត ដោយសារនៅតែមានបញ្ហាផ្លូវច្បាប់មួយចំនួនដែលត្រូវដោះស្រាយ។
លោកស្រី Phuong បានមានប្រសាសន៍ថា «ក្នុងរយៈពេលវែង វាអាចនឹងល្អ ដោយសារតែវិស័យសាជីវកម្មរបស់រដ្ឋទាំងមូលនឹងកាន់តែមានប្រសិទ្ធភាព។ ខ្ញុំគ្រាន់តែមើលឃើញសារស៊ីសង្វាក់គ្នាពីគណបក្សដែលថាពួកគេនឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែអំពើពុករលួយមានច្រើនលើសការរំពឹងទុកទៅទៀត។ យើងមិនគិតថាគណបក្សអាចរកឃើញករណីពុករលួយជាច្រើននោះទេ។
វៀតណាមនៅតែខ្វះមនុស្សមានសមត្ថភាពដើម្បីកាន់តំណែងជាអ្នកដឹកនាំ។ នេះបើយោងតាមគេហទំព័ររបស់បណ្តាញព័ត៌មាន VnExpress International ដែលបានចុះផ្សាយកាលពីថ្ងៃ៧ ខែឧសភា ដោយស្រង់សម្តីរបស់អគ្គលេខាធិការគណបក្សកុម្មុយនិស្ត។ សេចក្តីរាយការណ៍នោះបានឲ្យដឹងទៀតថា មន្ត្រីធំៗមួយចំនួនជាប់ ពាក់ព័ន្ធនឹងអំពើពុករលួយ។ សេចក្តីរាយការណ៍នោះបានស្រង់សម្តីរបស់ប្រធានគណបក្សដែលនិយាយថា ការបំពានមួយចំនួនបណ្តាលឲ្យមានការខាតបង់យ៉ាងខ្លាំងដល់រដ្ឋ។
កិច្ចប្រជុំសមាជិកគណបក្សទាំងអស់ដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំ បានអនុម័តលើសេចក្តីសម្រេចមួយ ដែលតម្រូវឲ្យមានវិធីសាស្ត្រវាយតម្លៃលើការងារកាន់តែចំគោលដៅជាងមុន សម្រាប់សមាជិកគណបក្ស ជាមួយនឹងយន្តការដើម្បី «គ្រប់គ្រងអំណាច ទប់ស្កាត់ការសូកប៉ាន់ដើម្បីមុខតំណែង និងប្រយុទ្ធប្រឆាំងនឹងភាពបុគ្គលនិយមនៅក្នុងការងាររបស់បុគ្គលិក»។ នេះបើយោងតាមបណ្តាញសារព័ត៌មាន Viet Nam News ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះ។
សេចក្តីរាយការណ៍ព័ត៌មានក្រោយពីកិច្ចប្រជុំសមាជិកគណបក្សទាំងអស់នេះ មិនបានបង្ហាញល្អិតល្អន់ពីតួនាទីរបស់ក្រុមការងារដែលមានសមាជិក៦០០នាក់ឬការបង្កើតក្រុមការងារនោះទេ ប៉ុន្តែបណ្តាញសារព័ត៌មាន Viet Nam News បានឲ្យដឹងថា គណបក្សនេះនឹងជ្រើសរើស «មន្ត្រីជាន់ខ្ពស់មួយក្រុម ជាពិសេសមន្ត្រីខាងបង្កើតយុទ្ធសាស្ត្រ ដែលមានគុណធម៌ សមត្ថភាព និងកិត្យានុភាព ដែលអាចបំពេញការងារនោះបាន»។
មន្ត្រីវៀតណាមហាក់ដូចជាម៉ឺងម៉ាត់ចំពោះកំណែទម្រង់នេះ ដើម្បីឲ្យសាធារណជននៅតែគាំទ្រ និងធ្វើឲ្យការធ្វើជំនួញកាន់តែងាយស្រួល។ នេះបើយោងតាមសម្តីរបស់លោក Frederick Burke ដែលជាដៃគូរបស់ក្រុមហ៊ុនច្បាប់ Baker McKenzie នៅក្នុងទីក្រុង ហូជីមិញ។
លោក Burke បានថ្លែងថា «ពួកអ្នកការិយាល័យនិយមតែងតែព្យាយាមកសាងឱកាសថ្មី ឬការពារអ្វីដែលមានស្រាប់ ដែលផ្ទុយពីពួកអ្នកកំណែទម្រង់ ដែលរួមទាំងលោកនាយករដ្ឋមន្ត្រីនិងអ្នកផ្សេងទៀត ដែលកំពុងតែខិតខំធ្វើការងាររបស់ខ្លួនឲ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយបញ្ហា»។
លោកបានបន្ថែមទៀតថា «មានការបំពាននៅក្នុងក្រុមហ៊ុនរបស់រដ្ឋមួយចំនួនដែលខ្ញុំគិតថា គណបក្សនេះដឹងថា ពួកគេត្រូវកែប្រែសកម្មភាពរបស់ខ្លួន បើមិនដូច្នោះទេ ពួកគេនឹងបាត់បង់ការគាំទ្រពីសាធារណជន»៕
ប្រែសម្រួលដោយ ហុង ចិន្តា