វៀតណាម​ត្រៀម​ជម្លៀស​មនុស្ស ១ លាន ៣ សែន​នាក់ នៅពេល​ដែល​ខ្យល់ព្យុះ Molave ជិត​មក​ដល់

  • Reuters

អ្នកស្រុក​នាំ​គ្នា​ដើរ​លុយទឹក​កាត់​ផ្លូវ​មួយ​ដែល​លិចទឹក​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត Quang Tri ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ក្នុង​ប្រទេស​វៀតណាម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

រដ្ឋាភិបាល​វៀតណាម​កំពុង​ត្រៀម​ជម្លៀស​មនុស្ស​ជិត ១ លាន ៣ សែន​នាក់ នៅពេល​ដែល​ខ្លួន​ត្រៀម​ទប់ទល់​នឹង​ព្យុះ​ទីហ្វុង Molave ដែល​បាន​បក់បោក​ចំ​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ច័ន្ទ។ នៅ​ហ្វីលីពីន ខ្យល់​ព្យុះ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់ ការ​បាក់ដី និង​ធ្វើ​ឲ្យ​អ្នក​នេសាទ​យ៉ាង​តិច​ជាង ១០ នាក់​បាត់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ព្យុះ​ទីហ្វុង Molave ដែល​មាន​ល្បឿន​ខ្យល់ ១២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​សន្ទុះ​ខ្យល់​រហូត​ដល់ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ បាន​ចាកចេញ​ពី​កោះ Luzon នៃ​ប្រទេស​ហ្វីលីពីន​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ចាត់ចែង​គ្រោះ​មហន្តរាយ។

ខ្យល់​ព្យុះ Molave ដែល​ជា​ព្យុះ​ទីហ្វុង​ទី ១៧ ដែល​បាន​បក់បោក​ចំ​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​ឆ្នាំ​នេះ ត្រូវ​គេ​ព្យាករណ៍​ថា នឹង​បក់បោក​ចំ​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ពុធ​ស្អែក ដោយ​មាន​ល្បឿន​ខ្យល់​រហូត​ដល់ ១៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ខ្យល់​ព្យុះ​នេះ​នឹង​ក្លាយជា​ព្យុះ​ទី ៤ ដែល​នឹង​បោកបក់​ចំ​ប្រទេស​វៀតណាម​នៅ​ក្នុង​ពេល​មួយ​ខែ​ចុងក្រោយ​នេះ ដែល​ខ្យល់​ព្យុះ​កន្លង​មក​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​និង​ការ​បាក់​ដី ដែល​បាន​សម្លាប់​មនុស្ស ១៣០ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស ២០ នាក់​ផ្សេង​ទៀត​បាត់​ខ្លួន​នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម។

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​ប្រាប់​ខេត្ត​និង​ទីក្រុង​នានា​ដែល​ស្ថិត​នៅ​គន្លង​ដែល​ខ្យល់​ព្យុះ Molave នឹង​បោះ​ទៅ​ដល់ ឲ្យ​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​ខ្យល់​ព្យុះ​នេះ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ខ្យល់​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំងក្លា​មួយ​ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ជា​ច្រើន»។

លោក Nguyen Xuan Phuc បាន​ប្រៀបធៀប​ខ្យល់​ព្យុះ Molave នេះ​ទៅ​នឹង​ខ្យល់​ព្យុះ Damrey ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ ២០១៧៕