វៀតណាម​ពង្រឹង​ចំណង​ទាក់ទង​ការ​ពារ​ប្រទេស​ជាមួយ​អ៊ីស្រាអែល

រូបថតឯកសារ៖ លោក Nguyen Chi Vinh ​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម​ និយាយ​ជាមួយ​អ្នក​កាសែត​ បន្ទាប់​ពី​ពិធីសម្ពោធ​មជ្ឈមណ្ឌល​រក្សាសន្តិសុខ​របស់​ប្រទេស​វៀតណាម នៅ​ទីក្រុង​ហាណូយ​ កាលពីថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ២០១៤។

ផ្នែក​ផ្សាយ​ជា​ភាសា​វៀតណាម​នៃ​វីអូអេ​បាន​រាយការណ៍​ថា ​ប្រទេស​វៀតណាម​ចង់​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ទូលំ​ទូលាយ​មួយ​ជាមួយ​ប្រទេស​អ៊ីស្រាអែល (Israel) ក្នុង​កិច្ចការពារ​ប្រទេស​របស់​ខ្លួន។

នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ​Nguyen Chi Vinh ​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម​នៅ​ពេល​លោក​ស្វាគមន៍​ទទួល​លោក​ Dan Harel​ អគ្គនាយក​នៃ​ក្រសួង​ការពារ​ប្រទេស​ អ៊ីស្រាអែល​ ដែល​ដឹក​នាំ​គណៈ​ប្រតិភូ​អ៊ីស្រាអែល​មួយ​ក្រុម​ទៅបំពេញ​ទស្សនកិច្ច​ក្នុង​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក ​Harel ​បាន​និយាយ​ថា​ លោក​រីករាយ​ជា​ខ្លាំង​ជាមួយ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ប្រទេស​វៀតណាម​ ដោយ​មាន​រួម​បញ្ចូល​ការ​ទាក់ទង​គ្នា​ក្នុង​វិស័យ​ការពារ​ប្រទេស​ផង​ដែរ។​ គេធ្លាប់ដឹង​ថា​ប្រទេស​វៀតណាម​ជា​អ្នកគាំទ្រ​ខ្លាំង​មួយ​ដល់​អង្គការ​រំដោះ​ប៉ាឡេស្ទីន (Palestine)​ និង​ជា​អ្នក​រិះគន់​ខ្លាំង​ដល់​អ៊ីស្រាអែល ​នៅ​ក្នុង​ពេល​ច្រើន​ទសវត្សរ៍​នៃ​ជម្លោះ​រវាងអ៊ីស្រាអែល​និង​អង្គការ​រំដោះប៉ាឡេស្ទីន៕