បណ្ដាប្រទេសនានាដូចជាកូរ៉េខាងត្បូង និងហ្វាំងឡង់ជាដើម បានប្រជែងគ្នាដើម្បីបង្កើតបច្ចេកវិទ្យា ជំនាន់ទី ៥ ឬ 5G ដែលជាបច្ចេកវិទ្យាមួយមានល្បឿនលឿនខ្លាំងគ្រប់គ្រាន់ដើម្បីជួយជំរុញដល់ដំណាក់កាលបន្ទាប់នៃការច្នៃប្រតិដ្ឋថ្មី។ ប៉ុន្តែក្នុងចំណោមនោះមានប្រទេសថ្មីថ្មោងមួយខាងផ្នែកបច្ចេកវិទ្យាដែលចង់ចូលរួមនៅក្នុងការប្រជែងនេះដែរ ដែលនោះគឺប្រទេសវៀតណាម។
ប្រទេសវៀតណាមបានប្រកាសដោយមានការផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនកាលពីពេលថ្មីៗនេះថា ការសាកល្បងរបស់ខ្លួននូវបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី ៥ នេះ ក្នុងទម្រង់នៃការហៅទូរស័ព្ទ គឺទទួលបានជោគជ័យ។
ការហៅទូរស័ព្ទដើម្បីសាកល្បងបច្ចេកវិទ្យា 5G នេះគឺសំខាន់មិនត្រឹមតែសម្រាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់គោលបំណងរបស់ប្រទេសវៀតណាមនៅក្នុងការកសាងសេដ្ឋកិច្ចឌីជីថលផងដែរ។
សេដ្ឋកិច្ចឌីជីថលនៅពេលអនាគតនេះអាចបំពេញបានជាមួយនឹងការដឹកជញ្ជូនតាមឧបករណ៍ឌ្រូន បច្ចេកវិទ្យាម៉ាស៊ីនចេះរៀនដែលហៅថា machine learning ដើម្បីតាមដានរកមើលការវាយប្រហារតាមអ៊ីនធឺណិត និងការកត់ត្រាសុខាភិបាលតាមប្រព័ន្ធឌីជីថលជាដើម បើមិនដូច្នេះទេ សេដ្ឋកិច្ចអាចនៅតែសម្ដែងឡើងតាមការធ្វើអាជីវកម្មតាមទម្លាប់ពីមុនដដែល ដូចជាកសិកម្ម និងទេសចរណ៍ជាដើម ដូចដែលរបាយការណ៍ថ្មីរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញដូច្នេះដែរ។
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងវិទ្យាសាស្ត្រអូស្ត្រាលី បានរួមគ្នាបង្កើតរបាយការណ៍មួយស្ដីអំពីសេដ្ឋកិច្ចឌីជីថលកាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅនេះ ដោយបង្ហាញពីសេនារីយ៉ូ ៤ ដែលអាចទៅរួច។ នេសារីយ៉ូនីមួយៗស្ថិតនៅកម្រិតផ្សេងគ្នានៃឌីជីថលនីយកម្ម ផ្អែកលើថាតើវៀតណាមអនុវត្តបច្ចេកវិទ្យាថ្មីបានហ្មត់ចត់ប៉ុណ្ណា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយរបស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំស្នើឲ្យខាងឧស្សាហកម្ម និងអាជ្ញាធរខេត្តបង្កើនការយល់ដឹង និងការទទួលខុសត្រូវនៅក្នុងការដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបន្តពង្រឹងផ្នែកច្បាប់ និងគោលនយោបាយដែលពាក់ព័ន្ធ។ វាពិតជាសំខាន់ដែលផ្ដោតលើការអភិវឌ្ឍប្រព័ន្ធច្នៃប្រតិដ្ឋថ្មីរបស់ជាតិ ដោយបញ្ចូលប្រព័ន្ធនេះទៅក្នុងការធ្វើអាជីវកម្ម ហើយស្របពេលនោះដែរជំរុញឲ្យមានទំនាក់ទំនងក្នុងចំណោមវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអាជីវកម្មនានា ដើម្បីបង្កើត និងជំរុញឲ្យមានកាន់តែច្រើនឡើងនូវកម្មសិទ្ធិបញ្ញាដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរបៀបមួយដ៏ឆាប់រហ័ស ដែលមានការរួមបញ្ចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងមាននិរន្តរភាព»។
នៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា «សេដ្ឋកិច្ចឌីជីថលនៅពេលអនាគតរបស់ប្រទេសវៀតណាម៖ ឆ្ពោះទៅកាន់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥ (Vietnam's Future Digital Economy: Toward 2030 and 2045)» សេនារីយ៉ូទាំង ៤ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ផ្ដល់នូវផែនការគ្រឹះសម្រាប់អ្នកធ្វើគោលនយោបាយនានា។
នៅក្នុងសេនារីយ៉ូទីមួយ ប្រទេសវៀតណាមនឹងឈានដល់សក្ដានុពលបច្ចេកវិទ្យារបស់ខ្លួនពេញទំហឹងនៅក្នុងរយៈពេល ២ ទសវត្សរ៍ទៀត ដោយមានទីក្រុងបច្ចេកវិទ្យា ផលិតភាពខ្ពស់ និងទេពកោសល្យជំនាញខ្ពស់នៅក្នុងសេដ្ឋកិច្ចមួយដែលរៀបចំឡើងផ្ដោតលើសេវាកម្ម។
នៅក្នុងសេនារីយ៉ូទីពីរ គឺថាប្រទេសវៀតណាមមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះនៅពេលនោះ ដោយសេដ្ឋកិច្ចប្រទេសនៅផ្អែកលើសាច់ប្រាក់ និងកម្លាំងពលកម្មដែលបានកម្រៃទាបដើម្បីនាំចេញទំនិញកសិកម្ម និងធនធានធម្មជាតិនានា។
សេនារីយ៉ូទាំងពីរខាងលើនេះគឺជាសេនារីយ៉ូដែលជ្រុលខ្លាំងទាំងអស់ ចំណែកឯសេនារីយ៉ូពីរផ្សេងទៀតគឺជាស្ថានការណ៍ដែលប្រទេសវៀតណាមនៅចន្លោះសេនារីយ៉ូទាំងពីរខាងលើនេះ ដោយវាអាស្រ័យលើថាតើប្រទេសវៀតណាមមានទំនោរជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ឬមានទំនោរជាអ្នកនាំចេញ។
អ្នកស្រី Lucy Cameron ដែលជាអ្នកនិពន្ធចម្បងនៃរបាយការណ៍នេះ បាននិយាយថា៖ «រលកបន្ទាប់នៃបច្ចេកវិទ្យាឌីជីថល ដែលមានដូចជាបច្ចេកវិទ្យាបញ្ញានិមិត្ត ការទិញដូរដោយប្រើសាច់ប្រាក់អេឡិចត្រូនិកដែលភ្ជាប់ជាមួយបណ្ដាញតែមួយ ដែលហៅថា blockchain និងការភ្ជាប់អ៊ីនធឺណិតជាមួយនឹងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដែលហៅថា internet of things ក៏ដូចជាវេទិកា និងសេវាកម្មនានាដែលផ្អែកលើប្រព័ន្ធ cloud តាមអ៊ីនធឺណិតជាដើម មានសក្ដានុពលនៅក្នុងការប្រែក្លាយប្រទេសវៀតណាមឲ្យក្លាយទៅជាប្រទេសសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយនៅក្នុងទ្វីបអាស៊ី។ ប្រទេសវៀតណាមចាំបាច់ត្រូវតែក្ដាប់យកឱកាសដ៏សំខាន់ទាំងនេះ និងត្រួសត្រាយដោយប្រុងប្រយ័ត្ននូវហានិភ័យមួយចំនួន»។
គេឃើញមានសញ្ញាបង្ហាញថា បច្ចេកវិទ្យាឌីជីថលកំពុងតែមានប្រជាប្រិយភាពរួចទៅហើយនៅក្នុងប្រទេសវៀតណាម។ ក្រៅពីការស្រាវជ្រាវ និងការបង្កើតប្រព័ន្ធបច្ចេកវិទ្យា 5G ក្រុមហ៊ុននានាបានប្រើរូបយន្តនៅក្នុងឃ្លាំងទំនិញរបស់ពួកគេ ដូចជាក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម និងក្រុមហ៊ុន DB Schenker ដែលជាក្រុមហ៊ុនភស្តុភាររបស់អាល្លឺម៉ង់ដែលប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមជាដើម។
ក្រុមហ៊ុន FPT ដែលជាក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិកក្នុងប្រទេសវៀតណាម បានប្រើបច្ចេកវិទ្យាបញ្ញានិមិត្តដើម្បីបង្កើតកម្មវិធីសន្ទនាដោយស្វ័យប្រវត្តិរបស់កុំព្យូទ័រជាមួយនឹងអ្នកប្រើប្រាស់ និងអាចឲ្យក្រុមហ៊ុនបង្កើតកម្មវិធីកុំព្យូទ័រនានាប្រើប្រាស់បាន។
ក្រុមហ៊ុន VNG ដែលជាក្រុមហ៊ុនហ្គេមកុំព្យូទ័រដែលទើបបង្កើតថ្មី បានណែនាំនូវបច្ចេកវិទ្យាពិភពនិមិត្តសម្រាប់អ្នកលេងហ្គេមរបស់ខ្លួន។
ទាំងអស់នេះមិនមែនសុទ្ធតែជាដំណឹងល្អនោះទេ។ ការកើនឡើងនូវកម្មវិធី app កុំព្យូទ័រដែលផ្ដោតលើសេវារថយន្តឈ្នួល គឺមានការពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនៃការប្រើប្រាស់សេវាធ្វើដំណើរសាធារណៈនៅទូទាំងពិភពលោក ហើយករណីនេះក៏កើតឡើងនៅក្នុងប្រទេសវៀតណាមផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម នៅពេលថ្មីៗនេះបានរាយការណ៍អំពីការធ្លាក់ចុះនៅក្នុងការប្រើប្រាស់រថយន្តក្រុង ដោយសារមានការកើនឡើងនូវសេវារថយន្តឈ្នួល ដែលធ្វើឲ្យដងផ្លូវនានានៅតាមទីក្រុងកកស្ទះ។
របាយការណ៍នេះបានបញ្ជាក់ថា សូម្បីតែនៅក្នុងសេនារីយ៉ូដ៏ល្អបំផុតក៏ដោយ ក៏គេឃើញមានបញ្ហាចំនួន ៤ ដែលអាចកើតឡើងផងដែរចំពោះប្រទេសវៀតណាម។ របាយការណ៍នេះគឺឧបត្ថម្ភដោយអង្គការ CSIRO's Data61 ដែលជាអង្គការគន្លឹះជំនាញខាងទិន្នន័យ និងឌីជីថល នៃទីភ្នាក់ងារវិទ្យាសាស្ត្រជាតិប្រទេសអូស្ត្រាលី។
បញ្ហាចំនួន ៤ នោះមានដូចជាការគំរាមកំហែងបន្ថែមទៀតចំពោះសន្តិសុខតាមអ៊ីនធឺណិត កម្ចីច្រើនជាងមុនដើម្បីឧបត្ថម្ភដល់ការចំណាយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា កង្វះទេពកោសល្យផ្នែកបច្ចេកទេស និងការពឹងផ្អែកលើក្រុមហ៊ុននានាពីខាងក្រៅសម្រាប់ផលិតផល និងសេវាកម្មនានា។
តើវៀតណាមអាចឈានឆ្ពោះទៅមុខខាងការវិវត្តផ្នែកបច្ចេកវិទ្យាបានឆ្ងាយប៉ុណ្ណា គឺអាស្រ័យលើប្រទេសវៀតណាមខ្លួនឯងផ្ទាល់៕
ប្រែសម្រួលដោយ ភី សុភាដា