វៀតណាម​ចង់​យក​ប្រៀប​​លើ​​មតិ​ប្រឆាំង​តាម​អ៊ីនធឺណិត​​ដោយ​ប្រើ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​អ៊ីនធឺណិត​បរទេស

  • Ralph Jennings

និស្សិត​វៀតណាម​ពីរ​នាក់​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ហាង​កាហ្វេ​នៅ​ក្បែរ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ ខណៈ​ដែល​ពួកគេ​មិន​អាច​ចូល​ប្រើប្រាស់​ហ្វេសប៊ុក​តាម​ទូរស័ព្ទ​របស់​ពួកគេ​បាន នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម។

ប្រទេស​វៀតណាម​កំពុង​បន្ថែម​សំពាធ​ទៅ​លើ​ក្រុមហ៊ុន​អ៊ីនធឺណិត​បរទេស​ឲ្យ​រក្សា​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​ ហើយ​អាជ្ញាធរ​អាច​ប្រើ​ប្រាស់​ទិន្នន័យ​ទាំង​នោះ​បាន​ ខណៈ​ដែល​ប្រទេស​វៀតណាម​កំពុង​រឹត​បន្តឹង​ការ​ត្រួតត្រា​របស់​ខ្លួន​ទៅ​លើ​ការ​ប្រឆាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្នើ​ទៅសមាជិក​សភា​នៅ​ខែ​មករា​នេះ​ គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវាកម្ម​អ៊ីនធឺណិត​បរទេស​នានាត្រូវមាន​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម​ បើ​សិន​ពួក​គេ​មាន​អ្នក​ប្រើ​ប្រាស់​ជា​ពលរដ្ឋ​វៀតណាម​យ៉ាង​ហោច​ណាស់​ ១​ម៉ឺន​នាក់​ ឬប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​មាន​ការិយាល័យ​ក្នុង​ស្រុក។​ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ផ្លូវ​ការ​របស់​ប្រទេស​វៀតណាម។​

កាសែត​ VnExpress International បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មករា​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដែល​កំពុង​ត្រូវ​បាន​ពិនិត្យ​ដោយ​សភា​តំណាងរាស្ត្រ​ជាតិ​វៀតណាម ក៏​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទាំង​អស់​នោះ​ រក្សា​ទុក​ក្នុង​ទឹកដី​វៀតណាម​នូវទិន្នន័យ​របស់​ពល​រដ្ឋ​វៀតណាម​ផង​ដែរ។​

សេចក្តី​រាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​សេវាកម្ម​ទាំង​អស់​នោះ​ គួរ​តែ​ប្រមូល​ «ទិន្នន័យសំខាន់ៗ​ ដែល​ប្រមូល​បាន​ពី​សកម្មភាព​នៅ​ក្នុង​ប្រទេស»។

អ្នក​វិភាគ​និយាយ​ថា​ ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​អ៊ីនធឺណិត​បរទេស​ដែលជា​ទូទៅ​មិនរង​ការ​ដាក់កំហិត​ ដូច​ជា​ក្រុម​ហ៊ុន​ Facebook​ និង​ក្រុមហ៊ុន​ Google​ ជា​ការ​ពង្រីក​ការ​បន្តឹង​ការ​ត្រួត​ត្រា​របស់ប្រទេស​កុម្មុយនិស្ត​នេះ ​ទៅ​លើ​ការ​ប្រឆាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ បន្ទាប់​ពី​សកម្មភាព​លើក​ដំបូង​អស់​រយៈពេល​២​ឆ្នាំ​នេះ។ ទាំងក្រុមហ៊ុន Facebook និង Google មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ពលរដ្ឋ​វៀតណាម។

លោក​ Trung Nguyen​ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ho Chi Minh ផ្នែកវិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ បាន​ថ្លែង​ថា៖ «នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ប្រទេស​វៀតណាម​បាន​ឃើញ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ និង​បណ្តាញ​សង្គម​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវភាព​ពលរដ្ឋ​វៀតណាម។ ដូច្នេះ​ ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​បាន​ដឹង​ពី​សារៈសំខាន់​នៃ​បណ្តាញ​សង្គម»។

លោក​បន្ថែម​ថា៖ «នេះ​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​វៀតណាម​ចង់​មានវត្តមាន​របស់ពួក​គេ ដើម្បី​ត្រួតត្រា​បណ្តាញ​សង្គម»។

និន្នាការ​នៃ​ការ​រឹត​បន្តឹង

អ្នក​ជំនាញ​ជឿ​ជាក់​ថា​ ការ​ចាប់​ខ្លួន​អ្នក​សរសេរ​ប្លុក​ជា​បន្តបន្ទាប់​កាល​ពី​ឆ្នាំ​ ២០១៦​ និង​ឆ្នាំ​ ២០១៧​ បាន​បង្ហាញ​ពី​ភាព​រសើប​របស់​រដ្ឋាភិបាល​វៀតណាម​ ចំពោះ​ទស្សនៈ​សាធារណជន​អំពី​អំពើ​ពុក​រលួយ​ និង​អសមត្ថភាព​របស់​អាជ្ញាធរ។

ទស្សនៈ​ទាំង​នោះ​ ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ និង​ពលរដ្ឋ​ បើ​ទោះ​ជា​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​ប្រទេស​វៀតណាម​ នាំ​មក​ផល​ប្រយោជន៍​ជា​ច្រើន​ ដូច​ជា​ការ​បង្កើត​ការងារ​ក៏​ដោយ។

កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ ក្រសួង​សន្តិសុខ​សាធារណៈ​ដំបូង​ឡើយ​ បាន​ស្នើ​ច្បាប់​ នេះ​ដើម្បី​ផ្តល់​អំណាច​ដល់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​ខ្លឹមសារ​ព័ត៌មាន​ដែល​ត្រូវ​បានគេ​ហាម​ឃាត់​ រួម​ទាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ម្ចាស់​ហាង​កាហ្វេ​អ៊ីនធឺណិត​ ត្រូវ​បាន​តម្រូវ​ឲ្យ​តំឡើង​កម្មវិធី​តាម​ដាន​សកម្មភាព​ប្រើ​ប្រាស់​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​តម្រូវ​ឲ្យ​អតិថិជន​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ឲ្យ​អ្នក​ស៊ើប​អង្កេត​អាច​ពិនិត្យ​បាន។

ប៉ុន្តែ​ប្រទេស​វៀតណាម​ខ្វះផែនការ​មេ​សម្រាប់​ការ​ត្រួតត្រា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ មិន​ដូច​ប្រទេស​កុម្មុយនិស្ត​ចិន​ក្បែរ​ខាង​របស់​ខ្លួន​នោះ​ទេ។​ ឧទាហរណ៍​ ប្រទេស​វៀតណាម​មិន​បាន​ឆែក​រក​ពាក្យ​ដែល​បង្ក​ការ​ប្រឆាំង​តាម​គេហទំព័រ​ ​ហើយ​ក៏​មិន​បាន​បិទ​បណ្តាញ​សង្គម​បរទេស​នោះ​ដែរ។​ ប៉ុន្តែ​ អាជ្ញាធរ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ខ្លឹមសារណា​ដែល​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ។​

ស្ថិតិ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា​ ប្រមាណ​ ៧០%​ នៃ​ពលរដ្ឋ​វៀតណាម​ចំនួន​ ៩២​លាន​នាក់​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ​ ៥៣​ លាន​នាក់​ប្រើ​ប្រាស់​បណ្តាញ​សង្គម។​ ដោយ​សារ​មិន​មាន​បណ្តាញ​សង្គម​ក្នុង​ស្រុក​ដែល​ទូលំទូលាយ​នោះ​ ពលរដ្ឋ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បរទេស។

លោក​ Lam Nguyen​ ប្រធាន​គ្រប់គ្រង​ជា​មួយ​នឹង​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ IDC​ បាន​ថ្លែង​ថា​ អាជ្ញាធរ​ក៏​សង្ឃឹម​ថា​ ច្បាប់​នេះ ​ដែល​បាន​ឈាន​ដល់សេចក្តី​ព្រាងលើក​ទី​៥​ នឹងបន្ថយ​បញ្ហា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ (fake news) បង្ក្រាប​ដល់​ការ​បោក​ប្រាស់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​បញ្ឈប់​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ (hack)​ ដែល​បាន​ប៉ះពាល់​គេហទំព័រ​ចំនួន​ ១៨.០០០​ រួម​ទាំង​គេហទំព័រ​អាកាសចរណ៍​ជាតិ​ផង​ដែរ។​ លោក​បន្ថែម​ថា​ ហានិភ័យ​នៃ​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ គឺ​ខ្ពស់​ណាស់​នៅ​ប្រទេស​វៀតណាម។

ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន​បរទេស​ទាំង​នោះ​ ដែល​តម្រូវ​ដោយ​ច្បាប់​ថ្មី​នេះ​ នឹង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​បរទេស​ទាំង​អស់​នេះ​បង់​ពន្ធ​ និង​គោរព​ច្បាប់​ក្នុង​ប្រទេស​ ខណៈឥឡូវ​នេះ​ ពួក​គេ​អាច​ជៀសវាង​បាន​ ដោយ​សារ​ពួក​គេ​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស។​

លោក​ Trung Nguyen ​ ថ្លែង​ថា​ ក៏ប៉ុន្តែ​ គោលបំណង​ដ៏​សំខាន់​របស់​ច្បាប់​ថ្មី​ដែល​មិន​ទាន់​សម្រេច​នេះ​ គឺ​មិន​ឲ្យ​មាន​ការ​ប្រឆាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​ Yee Chung Seck​ ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មេធាវី​បរទេស​ Baker & McKenzie​ ប្រចាំ​នៅ​ប្រទេស​វៀតណាម​បាន​និយាយ​ថា៖ «ជា​ការ​ពិត​ណាស់​ មាន​ខ្លឹមសារ​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​ (រដ្ឋាភិបាល​វៀតណាម)​ រសើប។ ដូច្នេះ​សួរ​ថា​ តើ​ការ​រសើប​នោះ​ បាន​ហួស​កម្រិត​ ហើយ​ក្លាយ​ទៅ​ជា​ការ​រំលោភ​បំពាន​ហើយ​ឬ​នៅ?»

ក្រុម​ហ៊ុន​បរទេស​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​តាម

ក្រុមហ៊ុន​ Facebook​ និង​ក្រុមហ៊ុន​ Google​ ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រូវ​គោរព​តាម​ច្បាប់​ថ្មី​នេះ​ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។ ក្រុមហ៊ុន​ទាំង​ ២​ មិន​បាន​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ទេ​ ប៉ុន្តែ​ក្រសួង​ព័ត៌មាន​ និង​ទំនាក់ទំនង​របស់​ប្រទេស​វៀតណាម​ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ពួក​គេ​បាន​ទទួល​ការ​សហការ​ជំហាន​ដំបូងពី​ក្រុមហ៊ុន​ទាំង​២។

ក្រសួង​ដដែល​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Google​ និង​ក្រុមហ៊ុន​ YouTube​ បាន​ដក «វីដេអូ​ដែល​បង្ក​ការ​ខូចខាត​ និង​មិន​ស្រប​ច្បាប់​ជា​ច្រើន»​ បើ​ទោះ​ជា​វីដេអូ​ទាំង​នោះ​នៅ​តែ​មាន​នៅ​លើ​បណ្តាញ​សង្គម​ Facebook​ ក៏​ដោយ។ ក្រុម​ហ៊ុន​ Facebook​ បាន​លុប​ចោល​គណនី​ចំនួន​ ៦៧០​ ក្នុង​ចំណោម​គណនី​ចំនួន​៥ពាន់​ ដែល​ប្រទេស​វៀតណាម​ថា​ ជា​គណនី​ក្លែង​ក្លាយ​ ឬ​ចែក​ចាយ​‍ «ខ្លឹមសារបរិហារកេរ្តិ៍​ អាសគ្រាម​ និង​អំពើ​ហិង្សា‍»។

កាសែត​ VnExpress International​ បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​ Facebook​ បាន​លុប​ចោល​គណនី​ចំនួន​ ១៥៩​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​ក្រុមហ៊ុន​ Google​ បាន​លុប​ចោល​វីដេអូ​ចំនួន​ ៤.៥០០ «ដែល​មាន​ទិន្នន័យ​មិន​ល្អនិង​បំពុល​ពី​គេហទំព័រ​ YouTube»។

សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា៖ «រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​វៀតណាម​អំពី​ព័ត៌មាន​ ដែល​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ការ​ប្រឆាំង​គណបក្ស​ (កុម្មុយនិស្ត​វៀតណាម) អំពើ​ហិង្សា​ ឬ​បង្ខូច​របប​ដឹកនាំ​ ដូច្នេះ​ហើយ​ប្រទេស​វៀតណាម​ អំពាវនាវ​ឲ្យ​មានការ​សហការ​ពី​ក្រុមហ៊ុន​ Facebook​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ»។ សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ឡើងបន្ទាប់ពីកិច្ច​ប្រជុំ​មួយ​រវាង​រដ្ឋមន្ត្រី​ព័ត៌មាន​វៀតណាម​ និង​លោក​ Damien Yeo​ ដែល​ជា​ប្រធាន​កិច្ចការ​និយតកម្មតំបន់​របស់​ក្រុមហ៊ុន​ Facebook។​

ក្រុមហ៊ុន​អ៊ីនធឺណិត​ ទំនង​នឹង​អនុវត្ត​តាម​ បើ​សិន​ជា​មិន​ប៉ះពាល់​ខ្លាំង​ដល់​ពាណិជ្ជកម្ម​របស់​ពួក​គេ។

លោក​ Lam Nguyen​ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ ក្នុង​កម្រិត​មួយ​ជាក់​លាក់​ បើ​សិន​ជា​ក្រុមហ៊ុន​បរទេស​មិន​ចំណាយ​ថវិកា​ច្រើន​ ឬ​ក៏​មិន​មាន​ភាព​រអាក់រអួល​ដល់​ពាណិជ្ជកម្មរបស់​ពួក​គេ​នៅ​ប្រទេស​វៀតណាម​ទេ​នោះ​ ពួក​គេ​នឹង​ព្យាយាម​គោរព​តាម»។

បើ​យោង​តាម​គេហទំព័រ​របស់​ក្រសួង​របស់​ប្រទេស​វៀតណាម​ «ប្រធាន​ផ្នែក​កិច្ចការ​ផ្លូវ​ច្បាប់​របស់​ក្រុមហ៊ុន​ Facebook​ បាន​សន្យា​ថា​នឹង​សហការ​ជា​មួយ​អាជ្ញាធរ​ [វៀតណាម] ដើម្បី​ទប់​ទល់​នឹង​ព័ត៌មាន​មិន​ល្អ​ដែល​មាន​ទ្រង់ទ្រាយ​សកល​លោក»៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង