វៀតណាម​ប្រឹង​ប្រែង​បញ្ចៀស​កុំ​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នា​ពេល​អនាគត

  • Ralph Jennings

រូបឯកសារ៖ ស្ត្រី​​​ម្នាក់​ធ្វើ​ការ​នៅ​ឯ​រោង​ចក្រ​កាត់​ដេរ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៩។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ត្អូញ​ត្អែរ​តាំង​ពី​ខែ​មិថុនា​មក​ថា ជន​ជាតិ​អាមេរិកាំង​ទិញ​ទំនិញ​ផលិត​នៅ​វៀតណាម​ ច្រើន​ជាង​ជន​ជាតិ​វៀតណាម​​ទិញ​ទំនិញ​​ផលិត​នៅ​សហ​រដ្ឋ​អាមេរិក។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​យល់​ព្រម​ផ្ដល់នាវា​ល្បាត​សមុទ្រ​មួយ​គ្រឿង​ទៀត​ឲ្យ​ប្រទេស​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា​ដើម្បី​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​អាច​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​ និង​ទប់​ទល់​ជាមួយ​ប្រទេស​ចិន។ ប៉ុន្តែ​នៅ​ពី​ក្រោយ​ការ​វិវត្តន៍​នេះ វៀតណាម​និង​សហរដ្ឋ​អាមេរិក​កំពុង​ខ្វែង​គំនិត​លើ​រឿង​ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​កើន​ឡើង ដែល​ធ្វើ​ឲ្យមន្ត្រី​សហរដ្ឋ​អាមេរិក​មាន​ក្តី​បារម្ភ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ត្អូញ​ត្អែរ​តាំង​ពី​ខែ​មិថុនា​មក​ថា ជន​ជាតិ​អាមេរិកាំង​ទិញ​ទំនិញ​ផលិត​នៅ​វៀតណាម​ ច្រើន​ជាង​ជន​ជាតិ​វៀតណាមទិញ​ទំនិញផលិត​នៅ​សហ​រដ្ឋ​អាមេរិក។

ប្រទេស​វៀតណាម​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ផលិតកម្ម​នាំ​ចេញ​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​មាន​ជាង​៦​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។ ឱនភាព​បាន​កើត​មាន​ប្រមាណ​ ៤០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៨។ ការិយាល័យ​ជំរឿន​ស.រ.អា ​បាន​ចាត់​ទុក​ថា​ឱនភាព​នេះ​មាន​លំដាប់​ទី​៥ ​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​មួយ​ទៀត។

អ្នក​វិភាគ​និយាយ​ថា ការ​បង្វែរ​ផលិតផល​នាំ​ចេញ​ពី​ប្រទេស​ចិន​ ដែល​ពេល​នេះ​ជាប់​ពន្ធ​របស់​អាមេរិក ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម​នោះ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

លោក​ Rajiv Biswas ជា​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៅ​ឯ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ IHS Markit។ លោកបាន​ថ្លែង​ថា៖ «ការ​ព្រួយ​បារម្ភ​ពី​ភាគី​វៀតណាម​គឺ​ថា សហរដ្ឋ​អាមេរិកអាច​និយាយ​ថា អូខេ! យើង​នឹង​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចេញ​ពី​វៀតណាម។ នៅ​ជា​ក្ដី​បារម្ភ​គួរ​របស់​វៀតណាម»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួក​គេ​អាច​ចៀស​ផុត​ពី​ហានិភ័យ​បែប​នេះ​បាន​ តាម​រយៈ​ការ​ជាវ​ទិញ​ម៉ាស៊ីន ឬ ឧបករណ៍​សម្រាប់​ផលិត​ទំនិញ ដែល​មាន​តម្លៃ​ថ្លៃៗ​ពី​សហរដ្ឋ​អាមេរិក»។

ក្រុម​មេដឹកនាំ​វៀតណាម​កំពុង​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ពេញ​ចិត្ត និង​ដើម្បី​ចៀស​វាង​ជម្លោះ​មួយ​ដែល​អូស​បន្លាយ ​ដូច​ជា​ជម្លោះ​មួយ​ដែល​លោក​ត្រាំ បាន​បង្កើត​ជាមួយ​ប្រទេស​ចិន កាល​ពី​ដើម​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ។

រូបឯកសារ៖ លោក Robert Lighthizer​ តំណាង​ពាណិជ្ជកម្ម​អាមេរិក ចាប់​ដៃ​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​សហរដ្ឋ​អាមេរិក Pham Quang Vinh នៅ​ពេល​លោក​រង់​ចាំ​ពិធី​ស្វាគមន៍​លោក ​ដូណាល់ ត្រាំ ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៧។

ការ​ព្រមាន​របស់​អាមេរិក

លោក​ប្រធានាធិនតី​ Donald Trump ​បាន​ហៅ​ប្រទេស​វៀតណាម​ថា​ «សឹង​តែ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​រំលោភ​បំពាន​មនុស្ស​រាល់​គ្នា» នៅ​ក្នុង​អត្ថាធិប្បាយ​របស់​លោក​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​ខ្សែ​កាប​អាមេរិកាំង ​Fox News កាល​ពី​ខែ​មិថុនា។ មួយ​ខែ​បន្ទាប់​មក តំណាង​ពាណិជ្ជកម្ម​អាមេរិក​ លោក ​Robert Lighthizer បាន​ថ្លែង​ប្រាប់​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​អាមេរិក​ថា ប្រទេស​វៀតណាម​ត្រូវ​តែ​ចាត់​វិធានការ​កាត់​បន្ថយ​ឱនភាព​ ហើយ​ត្រូវ​បើក​ចំហរ​ទីផ្សារ​របស់​ខ្លួន​ចំពោះ​ក្រុមហ៊ុន​នាំ​ចូល​របស់​អាមេរិក ឬ​សេវាកម្ម​ផ្សេងៗ។

ក្នុង​កត្តា​ខ្លះ ជម្លោះ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​ចិន គឺ​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​វៀតណាម។ ដើម្បី​បញ្ចៀស​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់​៥៥០​ពាន់​លាន​ដុល្លារ​ ក្រុម​ហ៊ុន​អន្តរជាតិ​ខ្លះ​បាន​ប្ដូរ​ការ​នាំ​ចេញ​ពី​ចិន​ទៅ​វៀតណាម ដើម្បី​ដាក់​ផ្លាក​សាជា​ថ្មី ថា​ជា​ផលិតផល​ដែល «ផលិត​នៅ​វៀតណាម» ដោយ​គ្រាន់​តែ​ធ្វើការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​ទៅ​លើ​ទំនិញ​របស់​ខ្លួន នេះ​បើ​យោង​តាម​អ្នក​វិភាគ​មួយ​ចំនួន​ដែល​បាន​ថ្លែង​ប្រាប់​ VOA កាល​ពី​ដើម​ឆ្នាំ​នេះ។ ពួក​គេ​និយាយ​ថា ទំនិញ​ទាំង​នោះ​នឹង​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ដោយ​មិន​ជាប់​ពន្ធ​គយ។

ឱនភាព​ពាណិជ្ជកម្ម​បាន​កើន​ឡើង​ជាលំដាប់​តាំង​ពី​ឆ្នាំ​ ២០០០ មក នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Frederick Burke ម្ចាស់​ភាគ​ហ៊ុន​ក្រុមហ៊ុន​ច្បាប់ ​Baker McKenzie ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​វៀតណាម។

ជាង​ ២ ទសវត្សរ៍​កន្លង​ទៅ​នេះ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​មាន​ឥទ្ធិពល​ក្នុង​ការ​នាំ​ចេញ​ចេញ​ទំនិញ​ ដែល​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជម្រើស​មួយ​ដែល​មាន​តម្លៃ​ទាប​ប្រៀប​ធៀប​ទៅ​នឹង​ផលិតផលពី​រោងចក្រ​នៅ​ប្រទេស​ចិន។ សមាជិកភាព​របស់​វៀតណាម​ក្នុង​ប្លុកពាណិជ្ជកម្ម​ដែល​មាន​ឈ្មោះ​ថា «កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​គ្រប់​ជ្រុង​ជ្រោយ​និង​ជឿន​លឿន» ដែល​មាន​សមាជិក​១១​ប្រទេស​ ថែម​ទាំង​អនុញ្ញាត​ឲ្យ​វៀតណាម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន កាណាដា និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​ផង។

លោក Burke បាន​មាន​ប្រសាសន៍​ថា៖ «សហរដ្ឋ​អាមេរិក​កំពុង​ដាក់​សម្ពាធ​ឲ្យ​ពួក​គេ​ដោះ​ស្រាយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​លើស​កម្រិត។ បើ​សិន​ជា​គ្មាន​ភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទេ សហរដ្ឋ​អាមេរិក​មិន​មាន​កម្លាំង​សម្រាប់​ការ​ហូរទំនិញ​ចូល​ក្នុង​ទីផ្សារ​វៀតណាមដែល​ខ្លួន​គួរ​តែ​មាន​ទេ»។

រូបឯកសារ៖ ផលិតករ​ធ្វើ​ការ​នៅ​ឯ​កន្លែង​ផលិត​ទូរស័ព្ទ​ក្រុម​ហ៊ុន​ Vingroup's Vsmart​ នៅ​ទីក្រុង​ហាណូយ ប្រទស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

វិធានការ​របស់ភាគី​វៀតណាម

លោក​ Biswas បាន​និយាយ​ថា មន្ត្រី​វៀតណាម​ទំនង​ជា​នឹង​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ការ​ទិញ​ទំនិញ​ពី​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត។

ក្រុម​មន្ត្រី​នៅ​ប្រទេស​វៀតណាម​បាន​ប្ដេជ្ញា​រួច​ហើយ​ថា​ នឹង​នាំ​ចូល​កាន់​តែ​ច្រើន​នូវ​ធ្យូង​ថ្ម​អាមេរិក​ ឥន្ធនៈ​ធម្មជាតិ និង​ផលិតផល​កសិកម្ម នេះ​បើ​តាម​ការ​ការ​ចុះ​ផ្សាយ​ក្នុង​ព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម។ មន្ត្រី​សហរដ្ឋ​អាមេរិក​នឹង​ស្វាគមន៍​ជា​ពិសេស​ចំពោះ​ការ​ជាវ​ទិញ​ទូក​ល្បាត​ដែល​មាន​តម្លៃ​ថ្លៃ ឧបករណ៍យោធា យន្ត​ហោះ​ពាណិជ្ជកម្ម និង​ឧបករណ៍​សំណង់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Biswas។

លោក​ Biswas ​និយាយ​ថា ការ​ជាវ​ទិញ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ ពីព្រោះ​ភាគី​ទាំង​ពីរ​កំពុង​មាន​ចំណង​ទាក់​ទង​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​ស្រាប់​ហើយ។ បើ​ទោះ​បី​ជា​អាមេរិក​មាន​តួនាទី​នៅ​ក្នុង​សង្គ្រាម​វៀតណាម​ក៏​ដោយ​ក៏​ពេល​នេះ​ទីក្រុង​ហាណូយកំពុង​សម្លឹង​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ ក្នុង​ការ​ប្រឆាំង​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ដែន​សមុទ្រ ដែល​ប្រទេស​នៅ​តំបន់​អាស៊ី​ទាំង​ពីរ ​បាន​ទាមទារ​កម្មសិទ្ធិ​លើ​ផ្ទៃ​ទឹក​ត្រួត​ស៊ីគ្នា​រៀងៗ​ខ្លួន។

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​លោក Mark Esper បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថាក្នុង​ពេល​លោក​ធ្វើ​ទស្សកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២០ ដល់ ២១ ខែ​វិច្ឆិកា​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ផ្ដល់​ឲ្យ​វៀតណាម​នូវ​នាវា​ល្បាត​សមុទ្រ​មួយ​គ្រឿង។

ដើម្បី​បញ្ឈប់​ការ​បង្វែរ​ទំនិញ​ដែល​«ផលិត​នៅ​ប្រទេស​ចិន» ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​សម្រេច​ចិត្ត​កាល​ពី​ខែ​មិថុនា បន្ទាប់​ពី​បាន​ធ្វើ​ការពិនិត្យអស់​រយៈ​ពេល​៥​ខែ ដើម្បី​ដាក់ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ដើម្បី​ការពារ​ទំនិញ​ក្នុង​ស្រុក​ លើ​មុខ​ទំនិញ​ជាក់​លាក់​មក​ពី​ប្រទេស​ចិន​ដែល​ព្យាយាម​គេចពន្ធ​គយ​របស់​អាមេរិក។

លោក ​Adam McCarty ​ប្រធាន​ផ្នែក​ផែនការ​សេដ្ឋកិច្ចនៃ​ក្រុមហ៊ុន​ Mekong Economics នៅ​ទីក្រុង​ហាណូយ​បាន​ថ្លែង​ប្រាប់​ VOA ថា៖​ «បើ​សិនជា​គេ​មើល​ឃើញ​ថា វៀតណាម​មិន​ចាត់​វិធានការណ៍ ហើយ​គ្រាន់​តែ​ជា​កំពង់​ផែ ឬ​មជ្ឈមណ្ឌល​សម្រាប់​ទំនិញ​ចិន​នោះ ពួក​គេ​អាច​នឹង​ត្រូវ​រង​នូវ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ»។

លោក Adam McCarty បន្ត​ថា ដើម្បី​បន្ធូរ​សម្ពាធ​លើ​ពាណិជ្ជកម្ម​ វៀតណាម​«ត្រូវ​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ ត្រូវ​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នោះ​ក្លាយ​ជា​បញ្ហាសាធារណៈ ត្រូវ​ធ្វើ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ឬ​អ្នក​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​មើល​ឃើញ​ថា វៀតណាម​កំពុង​ធ្វើ​ការ​ជាមួយ​ស.រ.អា យ៉ាង​ហោច​ណាស់​ក៏​តាម​រយៈ​ប្រព័ន្ធ​ផ្លូវ​ការ​មួយ​ដែរ»។

ប្រែ​សម្រួល​ដោយ នៀម ឆេង