អាជ្ញាធរវៀតណាមបានឱ្យដឹងក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ខ្លួនបានរកឃើញវីរុសកូវីដបម្លែងខ្លួនថ្មីប្រភេទវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូង ដោយអះអាងថាចេញមកពីប្រទេសកម្ពុជា។
វីរុសកូវីដប្រភេទវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូង មានលេខកូដវេជ្ជសាស្ត្រ «B.1.351» ត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីខែធ្នូឆ្នាំ២០២០ និងត្រូវបានគេជឿថាមានអត្រាចម្លងខ្ពស់ជាងវីរុសកូវីដទម្រង់ដើម។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក CDC។
ក្រសួងសុខាភិបាលវៀតណាមបានផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទថា ក្នុងចំណោមករណីកូវីដ១៩នាំចូលថ្មីពី«ប្រទេសជិតខាង» មានជិត៨៦%ផ្ទុកវីរុសបម្លែងថ្មីវ៉ារ្យ៉ង់អង់គ្លេស និង១៤,៣%មានផ្ទុកវីរុសបម្លែងថ្មីវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូង។
ការផ្សាយនេះអមនឹងព័ត៌មានរបស់ក្រសួងអំពីរដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long ចុះត្រួតទីក្រុងព្រែកឫស្សី (Can Tho) ឱ្យរៀបចំមន្ទីរពេទ្យបណ្ដោះអាសន្នបន្ថែមដែលមាន៨០០គ្រែ ត្រៀមបម្រុងការផ្ទុះឆ្លងណាមួយនៅប៉ែកខាងត្បូងប្រទេសវៀតណាម ជាប់ព្រំដែនកម្ពុជា។
ប្រភពលើគេហទំព័រក្រសួងសុខាភិបាលវៀតណាមមិនបានបញ្ជាក់ថា«ប្រទេសជិតខាង»នោះជាប្រទេសណាមួយនោះទេ។
កាសែតប្រជាជន (Nhan Dan) ជាប្រព័ន្ធឃោសនាផ្លូវការរបស់បក្សកុម្មុយនិស្ដវៀតណាម បានដកស្រង់លទ្ធផលវិភាគរបស់មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រទីក្រុងព្រៃនគរ (Ho Chi Minh City) ថា ការពិនិត្យលើសំណាកនាំចូលទាំងនោះ ជាបណ្ដាករណីនាំចូលពីប្រទេសកម្ពុជា។
កាសែតប្រជាជន (Nhan Dan) បានផ្សាយបន្តទៀតថា៖
«វិទ្យាស្ថានប៉ាស្ទ័រក្រុងព្រៃនគរ (Ho Chi Minh City Pasteur Institute) បានធ្វើវិភាគសម្ភារៈសេណេទិកវីរុស លើសំណាកដែលបានយកពីករណីនាំពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាមបង្ហាញថា៨៥,៧%នៃសំណាកយកពីបណ្ដាជនដែលបានវិលត្រឡប់ពីកម្ពុជាចូលទៅវៀតណាមវិញមានផ្ទុកវ៉ារ្យ៉ង់ B.1.1.7 (ដែលរកឃើញនៅចក្រភពអង់គ្លេស) ហើយមាន១៤,៣%មានផ្ទុកវ៉ារ្យ៉ង់ B.1.351 (ដែលរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង)»។
ប្រភពផ្លូវការដដែលរបស់វៀតណាមមិនបានបញ្ជាក់លម្អិតនោះឡើយអំពីទំហំសំណាកទាំងនោះនៃបណ្ដាជនចេញពីកម្ពុជាទៅថាមានចំនួនប៉ុន្មាន ហើយកាលវេលាចេញចូលពីពេលណានោះ ក៏មិនបានបញ្ជាក់ដែរ។
វីអូអេបានព្យាយាមស្នើសុំព័ត៌មានបន្ថែមអំពីលទ្ធផលនៃការវិភាគសម្ភារៈសេណេទិកវីរុសខាងលើពីវិទ្យាស្ថានប៉ាស្ទ័រក្រុងព្រៃនគរ ដើម្បីបញ្ជាក់ តែមិនទាន់ទទួលបានការឆ្លើយតបអ្វីនៅឡើយ។
ក្រសួងសុខាភិបាលកម្ពុជាមិនទាន់បានបញ្ជាក់ជាផ្លូវការអំពីវត្តមានកូវីដ១៩បម្លែងថ្មីវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូងនេះនៅក្នុងប្រទេសខ្លួននៅឡើយ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ តែបានបញ្ជាក់អំពីវត្តមានវីរុសបម្លែងថ្មីវ៉ារ្យ៉ង់អង់គ្លេសតាំងតែពីខែកុម្ភៈមក។
នៅពេលត្រូវបានសួរអំពីការអះអាងរបស់វៀតណាមអំពីវីរុសកូវីដបម្លែងខ្លួនថ្មីចេញពីកម្ពុជាទៅនោះ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានឆ្លើយតបនឹងវីអូអេតាមសារទូរស័ព្ទកាលពីល្ងាចថ្ងៃអាទិត្យថា៖ «ខ្ញុំមិនទាន់មានព័ត៌មាននេះទេ»។
វេជ្ជបណ្ឌិត Laurence Baril នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅភ្នំពេញ បានបដិសេធមិនផ្ដល់អត្ថាធិប្បាយលើសំណួររបស់វីអូអេទាក់ទិននឹងលទ្ធភាពនៃវត្តមានវីរុសកូវីដបម្លែងថ្មីវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូងនៅកម្ពុជា ទីដែលការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩កំពុងមានសន្ទុះ។
វេជ្ជបណ្ឌិត Laurence Baril ដែលជាប្រធានមន្ទីរពិសោធន៍ធំជាងគេនៅភ្នំពេញលើកឡើងថា៖
«មកទល់នឹងពេលបច្ចុប្បន្ននេះ យើងខ្ញុំមិនទាន់អាចបរិយាយឆ្លើយអ្វីលើសំណួររបស់លោកនៅឡើយ»។
ក្រសួងសុខាភិបាលកម្ពុជានិងអង្គការសុខភាពពិភពលោក(WHO)ធ្លាប់បានបញ្ជាក់អំពីវត្តមាននៃវីរុសកូវីដបម្លែងថ្មីវ៉ារ្យ៉ង់អង់គ្លេស តាំងតែពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយថាវីរុសកូវីដបម្លែងថ្មីវ៉ារ្យ៉ង់អង់គ្លេសនេះថា បាននាំឱ្យស្ថានភាពឆ្លងនៅកម្ពុជាកាន់តែធ្ងន់ធ្ងរទៅៗ។
គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានកំណត់ត្រាករណីកូវីដឆ្លងក្នុងសហគមន៍ជាង១ម៉ឺនករណី ដែលនាំឱ្យមានការបិទខ្ទប់រាជធានីភ្នំពេញនិងផ្នែកផ្សេងទៀតរបស់ប្រទេសនៅអំឡុងខែមេសានេះ ហើយចំនួនអ្នកស្លាប់កើនយ៉ាងគំហុកដល់៨២នាក់។
ការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍និងការលេចវត្តមាននៃវីរុសបម្លែងថ្មី កើតមានចំពេលកម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនរបស់ខ្លួន។
មកដល់ពេលនេះមនុស្សប្រមាណ១លាន៣សែននាក់បានទទួលវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំង៣ប្រភេទគឺវ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ផលិតនៅឥណ្ឌា វ៉ាក់សាំង BBIBP-CorV ផលិតដោយក្រុមហ៊ុនឱសថរដ្ឋចិនស៊ីណូហ្វាម(Sinopharm) និងវ៉ាក់សាំងCoronaVac ផលិតដោយក្រុមហ៊ុនឯកជនចិនស៊ីណូវ៉ាក់ (Sinovac)។
សារព័ត៌មានរដ្ឋចិន Global Times កាលពីដំណាច់ខែមីនបានផ្សាយថា វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទខាងលើ មានប្រសិទ្ធភាពគ្រាន់បើក្នុងការទប់ទល់នឹងវីរុសបម្លែងថ្មីទាំងពីរវ៉ារ្យ៉ង់ខាងលើ គឺអង់គ្លេស និងអាហ្រ្វិកខាងត្បូង។
នៅចំពោះមុខករណីលួចឆ្លងដែនពីកម្ពុជាទៅវៀតណាម អំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ ក្រសួងសុខាភិបាលវៀតណាមបានផ្សាយថា បណ្ដាខេត្តជាប់ព្រំដែន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កំពុងបង្កើនការឃ្លាំមើលយាមកាម ទប់កុំឱ្យមានការផ្ទុះរាលដាលឆ្លងចូលវៀតណាម។
ស្ថានទូតវៀតណាមនៅភ្នំពេញកាលពីសប្ដាហ៍មុន ក៏បានណែនាំសហគមន៍បណ្ដាជនជាតិវៀតណាមនៅកម្ពុជា ឱ្យផ្អាកឬពន្យារការវិលត្រឡប់ទៅវៀតណាមយ៉ាងតក់ក្រហល់ក្នុងកាលៈទេសៈនេះផងដែរ៕