ប៉ូលិសនៅប្រទេសវៀតណាមបានទៅដល់គេហដ្ឋានឯកជនមួយកាលពីឆ្នាំមុនហើយក៏ប្រទះឃើញអ្វីដែលពួកគេបានសង្ស័យ គឺសត្វចិញ្ចឹមខុសច្បាប់ជាច្រើនក្បាលតាំងពីខ្លារខិន ដល់សត្វកំប្រុកហោះ។ក្រុមប៉ូលិសប្រតិបត្តិដោយពឹងលើព័ត៌មានគេផ្តល់ឲ្យ ហើយបានរកឃើញសត្វព្រៃសរុប១៦ក្បាលដែលក្លាយជាសួនសត្វឯកជនមួយរបស់ម្ចាស់ផ្ទះនោះ។
អង្គការការពារបរិស្ថានមួយឈ្មោះ(អង្គការ)«អប់រំដើម្បីធម្មជាតិវៀតណាម» (Education for Nature Vietnam) បានផ្តល់ព័ត៌មានដែលទទួលបានពីប្រជាជនទៅឲ្យប៉ូលិសដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ដែលអង្គការនេះបាននិយាយថាកាន់តែបន្ទាន់ដោយសារជំងឺកូវីដ១៩។ ខណៈដែលពិភពលោកកំពុងប្រយុទ្ធជាមួយវីរុសដែលឆ្លងពីសត្វមកមនុស្ស អង្គការនេះបានចេញរបាយការណ៍វាយតម្លៃមួយស្តីពីភាពជោគជ័យរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ប៉ុន្តែមិនបានឲ្យចំណាត់ថ្នាក់ល្អនោះទេ។
ក្រុមសមត្ថកិច្ចបានអនុវត្តច្បាប់ទៅលើ៨៤ ភាគរយនៃឧក្រិដ្ឋកម្មសត្វព្រៃដែលត្រូវបានរាយការណ៍ក្នុងប្រទេសវៀតណាមប៉ុន្តែដោះស្រាយបានតែ៣៥ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី២០ខែឧសភា។ របាយការណ៍នោះស្នើឲ្យអាជ្ញាធរឆ្លើយតបលឿនជាងមុនចំពោះករណីឧក្រិដ្ឋកម្មសត្វព្រៃមុននឹងឧក្រិដ្ឋជនរត់គេចជាមួយនឹងសត្វទាំងនោះបាន។
អ្នកស្រី Bui Thi Ha ប្រធានផ្នែកគោលយោបាយនិងច្បាប់នៃអង្គការនេះបាននិយាយថា៖ «ដោយមានការរាតត្បាតជំងឺកូវីដ១៩ជាឧទាហរណ៍ការជួញដូរសត្វព្រៃមិនគួរមានវត្តមានក្នុងសង្គមបច្ចុប្បន្ននោះទេ ហើយត្រូវតែលុបបំបាត់ចោលទាំងស្រុងឲ្យបានឆាប់»។
អ្នកស្រីបាននិយាយថាការជួញដូរនោះ«បានគំរាមកំហែងដល់សុខភាពសាធារណៈជាសាកល»។
របាំងការពារមេរោគលែងមាន
នៅប្រទេសចិនដែលនៅក្បែរខាងនោះ មានមនុស្សម្នាក់ដែលបានឆ្លងវីរុសកូរ៉ូណាពីសត្វមួយក្បាល ហើយបង្កជាជំងឺឆ្លងដែលកំពុងរាតត្បាតបច្ចុប្បន្ន។ អ្នកវិទ្យាសាស្ត្រឥឡូវជឿថាវីរុសនោះប្រហែលជាត្រូវបានចម្លងពីសត្វប្រជៀវ ទៅសត្វពង្រូល ដែលត្រូវបានមនុស្សប៉ះពាល់។ តាំងពីពេលនោះមក តំបន់អាស៊ីអាគ្នេយ៍ រួមមានវៀតណាមផង កំពុងប្រឹងប្រែងបង្រ្កាបការជួញដូរសត្វព្រៃដូចរដ្ឋាភិបាលទីក្រុងប៉េកាំងដែរ ដោយសារតែតំបន់អាស៊ីអាគ្នេយ៍នេះគឺជាមណ្ឌលនៃផលិតផលសត្វព្រៃដែលនាំទៅកាន់ប្រទេសចិន។
អង្គការការអប់រំដើម្បីធម្មជាតិវៀតណាម(Education for Nature Vietnam) បាននិយាយថាខ្លួនសង្ឃឹមថារបាយការណ៍នោះនឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង។ អង្គការនោះទទួលបានព័ត៌មានគេផ្តល់ឲ្យជាមធ្យម ៥ប្រភពក្នុងមួយថ្ងៃពីលេខទូរស័ព្ទទាន់ហេតុការណ៍អំពីឧក្រិដ្ឋកម្មសត្វព្រៃ ហើយបន្ទាប់មកសហការជាមួយនឹងក្រុមអនុវត្តច្បាប់ដើម្បីដោះស្រាយវា។ កិច្ចសហការនេះកាលពីឆ្នាំមុនបានជួយឲ្យវៀតណាមសង្គ្រោះបានសត្វទោចស្វាត្រោល និងប្រភេទសត្វដែលរងការផុតពូជដូចជាអណ្តើកឥណ្ឌូចិន (Indochinese box turtle)។
សំណុំរឿងកាលពីឆ្នាំមុនដែលសង្គ្រោះបានសត្វ១៦ក្បាលក្នុងផ្ទះមួយរួមមាន ស្វាព្រាមពីរក្បាល ដែលវាគួរឲ្យកត់សម្គាល់ដោយសារតែស្វានោះជាពពួកថនិកសត្វភាគតិចដែលអាចចម្លងវីរុសដូចជាវីរុសកូរ៉ូណាបាន។
អង្គការការអប់រំដើម្បីធម្មជាតិវៀតណាមបាននិយាយថាកាលពីឆ្នាំ២០១៩ខ្លួនបានវាយតម្លៃរបាយការណ៍ឧក្រិដ្ឋកម្មសត្វព្រៃចំនួន៧០៨ករណីទូទាំងខេត្តចំនួន៦៣របស់ប្រទេសវៀតណាម៕
ប្រែសម្រួលដោយទុំ ម្លិះ