រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានសុំឲ្យប្រទេសកម្ពុជាធានាអត្ថប្រយោជន៍សុខុមាលភាពរបស់ប្រជាជនវៀតណាមនៅក្នុងប្រទេសកម្ពុជានិងដោះស្រាយឋានៈស្របច្បាប់របស់ពួកគេ។
លោកលើកសំណើនេះទៅកាន់លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងជំនួបរវាងលោកទាំងពីរដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចិនពិសេសនិងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអំពីកិច្ចសហប្រតិបត្តិការ Lancang-មេគង្គលើកទី៦នៅទីក្រុងChongqing ប្រទេសចិនកាលពីថ្ងៃច័ន្ទទី៧ ខែមិថុនា។ នេះបើតាមបណ្តាញព័ត៌មានវៀតណាម VNA។
បណ្តាញព័ត៌មាននេះបានបន្តទៀតថាលោក Son ចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីកម្ពុជានិងប្រើប្រាស់បណ្តាញទំនាក់ទំនងផ្ទាល់របស់រដ្ឋមន្រ្តីការបរទេសទាំងពីរដើម្បីពិភាក្សានិងដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិឲ្យទាន់ពេលវេលាដោយជួយលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
លោក ប្រាក់ សុខុន បានអបអរសាទរប្រទេសវៀតណាមចំពោះសមិទ្ធផលថ្មីៗនិងអរគុណរដ្ឋាភិបាលវៀតណាមចំពោះជំនួយផ្នែកវេជ្ជសាស្ត្រសម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩។
ពួកគេបានឯកភាពគ្នាក្នុងការបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រងព្រំដែននិងការពារការឆ្លងព្រំដែនខុសច្បាប់ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។
ជាការឆ្លើយតបលោក ប្រាក់ សុខុន បានអះអាងថារដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតនិងអាជីវកម្មវៀតណាមនិងប្រជាជនដើមកំណើតវៀតណាមនៅក្នុងប្រទេសកម្ពុជា។លោកសង្ឃឹមថាប្រជាជននៃប្រទេសទាំងពីរនឹងចាប់ផ្តើមសកម្មភាពដោះដូរពាណិជ្ជកម្មនិងទេសចរណ៍ឆាប់ៗនេះនៅពេលជំងឺរាតត្បាតនេះត្រូវបានគ្រប់គ្រង។នេះបើតាមបណ្តាញព័ត៌មានវៀតណាម VNA។
សំណើរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមធ្វើឡើងក្រោយពេលអាជ្ញាធររាជធានីភ្នំពេញទុកពេលឲ្យអ្នករស់នៅក្នុងផ្ទះលើទឹកដែលភាគច្រើនជាជនជាតិវៀតណាមរើចេញក្នុងពេលមួយសប្តាហ៍។
វិធានការរបស់អាជ្ញាធររាជធានីភ្នំពេញមានការគាំទ្រច្រើនពីប្រជាជនកម្ពុជាក្នុងបណ្តាញសង្គមហ្វេសប៊ុកព្រោះវាប៉ះពាល់បរិស្ថានធ្វើឲ្យទឹកកខ្វក់។
ទោះជាយ៉ាងណាវិធានការនេះប្រឈមនឹងប្រតិកម្មពីជនជាតិវៀតណាមនិងឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជាដែលសុំឲ្យជួយរកដំណោះស្រាយសម្រាប់ការរស់នៅរបស់ពួកគេ៕