នៅក្នុងទីក្រុងនានានៃប្រទេសវៀតណាម មិនមានការពិបាកក្នុងការស្វែងរកអាប៉ាតឺម៉ងប្រណីតៗ ដែលមានតម្លៃរាប់លានដុល្លារនោះទេ ខណៈដែលនៅតាមដងផ្លូវតែមួយនោះ មានផ្ទះខ្ទមប្រក់ស័ង្កសីចាស់ៗ។ បើនិយាយឲ្យចំទៅក្នុងវិស័យអចលនទ្រព្យ ផ្ទះមានតម្លៃទាបនិងខ្ពស់នៅក្នុងប្រទេសនេះ ត្រូវបានបង្កើតឡើង ក៏ប៉ុន្តែ មានសំណួរអំពី ចុះផ្ទះដែលមានតម្លៃសមរម្យវិញ?
ផ្ទះដែលមានតំលៃសមរម្យពិបាករក
ក្រុមគ្រួសារវណ្ណៈកណ្តាលនិងអ្នកមានការងារធ្វើ ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសវៀតណាម ត្រូវការលំនៅដ្ឋានថ្មីៗ។ ប្រសិនបើតម្រូវការផ្ទះថ្មីៗដែលមានតំលៃសមរម្យនេះ មិនត្រូវបានបំពេញទេនោះ ប្រទេសនេះអាចជួបប្រទះវិបត្តិដែលអាចកើតមាន ដូចនៅក្នុងប្រទេសប្រេស៊ីល និងអៀរឡង់ជាដើម។
តួលេខបានបង្ហាញថា ផ្ទះដែលមានតំលៃសមរម្យ មិនមែនជាអាទិភាពចំបងទេ។ ទិន្នន័យកាលពីពេលថ្មីៗនេះ ពីក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអចលនទ្រព្យJones Lang LaSalle Incorporated បានបង្ហាញថា អាប៉ាតឺមង់ជាច្រើនថែមទៀតដូចជាអាប៉ាតឺមង់ប្រណីត ទំនើប និងមានតម្លៃថ្លៃបង្គួរ គឺអាចរកបាននៅទីក្រុងហូជីមិញនៅឆ្នាំនេះ ប៉ុន្តែ ផ្ទះល្វែងដែលមានតម្លៃសមរម្យ មិនមានច្រើនទេ។
ការខិតខំដើម្បីដោះស្រាយបញ្ហា
ក៏ប៉ុន្តែ ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន កំពុងចាប់ផ្តើមយកចិត្តទុកដាក់លើតម្រូវការនេះ។ ក្រុមហ៊ុនអចលនទ្រព្យ Phu My Hung ដែលផ្តោតលើអ្នកទិញដែលមានជីវភាពមធ្យម កំពុងប្រមូលប្រាក់ឲ្យបានចំនួន ១ កន្តក់សញ្ញា ៧ លានលានដុង ដែលមានចំនួនប្រមាណជា ៧៥ លានដុល្លារអាមេរិក តាមរយៈការចេញលក់មូលប័ត្រ ដើម្បីអភិវឌ្ឍទីក្រុងមួយនៅតំបន់ជនបទដែលមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីទីក្រុងហាណូយ។
លោក Gary Tseng នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Phu My Hungនេះ បានមានប្រសាសន៍ថា «តាមរយៈការវិនិយោគនេះ ឥឡូវនេះយើងមានជំហររឹងមាំក្នុងការផ្តោតលើការអភិវឌ្ឍទីក្រុងដែលមានការរួមបញ្ចូលគ្នាថ្មី នៅក្នុងខេត្តមួយចំនួនទៀតដែលចាប់ផ្តើមពីទីក្រុង Phu Hung Khangដែលជាផ្នែកមួយនៃគំរូកំណើនអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
ក្រុមហ៊ុនអចលនទ្រព្យ Phu My Hung ដែលដាក់ឈ្មោះតាមតំបន់មួយនៅភាគខាងត្បូងទីក្រុងហូជីមិញ ដែលត្រូវបានគេស្គាល់ថា ជាគម្រោងរៀបចំទីក្រុង។ លោក Tseng បានចាត់ទុកតំបន់ Phu My Hung ជាតំបន់គំរូមួយនៃ«ទីក្រុងប្រកបដោយចីរភាពមួយ ដែលមានទឹក ថាមពល និងមធ្យោបាយធ្វើដំណើរឆ្លងកាត់» ដែលអាច និងគួរតែត្រូវបានគេយកទៅអនុវត្តនៅកន្លែងផ្សេងបាន។
ទីក្រុងដូចនេះ កំពុងត្រូវបានសាងសង់ពីលើដីទទេ។ ខុសពីប្រទេសផ្សេងៗ ដូចជាសហរដ្ឋអាមេរិកជាដើម ដែលផ្ទះចាស់ៗមានអាយុកាលជាច្រើនទសវត្សរ៍មកហើយត្រូវបានគេទិញនិងលក់យ៉ាងច្រើនក្នុងទ្រង់ទ្រាយធំ។ ទីផ្សារអចលនទ្រព្យនៅវៀតណាមច្រើនតែកើតឡើងដោយប្រជាជនទិញដី ហើយបន្ទាប់មកសាងសង់ផ្ទះរបស់ខ្លួននៅលើដីនោះ។
ជំនួយពីរដ្ឋាភិបាល
រដ្ឋាភិបាលមិនមែនមិនបានដឹងអំពីតម្រូវការសម្រាប់លំនៅដ្ឋានដែលមានតម្លៃសមរម្យនោះទេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានបម្រុងទុកគម្រោងផ្ទះសម្បែងដែលឧបត្ថម្ភដោយរដ្ឋាភិបាល មានតម្លៃសរុប ៣០ លានលានដុង ដែលមានចំនួនប្រមាណជា ១ពាន់ ៣ រយលានដុល្លារអាមេរិក។ ប៉ុន្តែ គម្រោងផ្ទះសម្បែងនោះ មិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការលំនៅដ្ឋានដែលមានតម្លៃសមរម្យទេ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ធ្វើឲ្យទីក្រុងកាន់តែរីកធំ ជាពិសេសទីក្រុងធំៗ ពីរគឺទីក្រុងហាណូយដែលជាទីក្រុងរដ្ឋបាល ស្ថិតនៅភាគខាងជើង និងទីក្រុងហូជីមិញដែលជាទីក្រុងពាណិជ្ជកម្ម ស្ថិតនៅភាគខាងត្បូង។ ការណ៍នេះ អាចធ្វើឱ្យប្រជាពលរដ្ឋគ្មានលទ្ធភាពក្នុងការទិញផ្ទះ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC មើលឃើញទីក្រុងអភិវឌ្ឍន៍ ដូចជាទីក្រុងដែលត្រូវបានសង់ដោយក្រុមហ៊ុន Phu My Hung ជាមធ្យោបាយមួយដើម្បីធ្វើឲ្យកំណើនប្រជាពលរដ្ឋមាននៅតំបន់ផ្សេងៗដែរ មិនមែនតែក្នុងទីក្រុងធំៗនោះទេ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាផ្នែកមួយនៃធនាគារពិភពលោក ដែលផ្តោតលើការចេញប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសមួយចំនួននោះ បានចុះឈ្មោះជាវមូលប័ត្ររបស់ក្រុមហ៊ុន Phu My Hung។ លោក Kyle Kelhofer នាយក IFC ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវថ្លែងថា៖
«ការវិនិយោគនេះ នឹងផ្តល់នូវកន្លែងរស់នៅប្រកបដោយគុណភាពនិងបរិយាកាសល្អដល់ប្រជាពលរដ្ឋដែលធ្វើការនៅក្នុងនិងជុំវិញទីក្រុងហាណូយ។ ដូច្នេះ វាបន្ធូរបន្ថយដល់ទីក្រុងដែលកាន់តែរីកធំយ៉ាងឆាប់រហ័ស ហើយវាក៏ផ្តល់ការងារនិងប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានផងដែរ»។
លោក Kyle Kelhofer ចង់និយាយសំដៅដល់គម្រោងអចលនទ្រព្យថាជាមធ្យោបាយមួយដើម្បីផ្តោតទៅលើ «ខេត្តលំដាប់ទីពីរ»គ្រាដែលលើកកម្ពស់ «ការអភិវឌ្ឍជនបទនិងកំណើនសេដ្ឋកិច្ច» នៅក្នុងប្រទេសវៀតណាម៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់