វៀតណាមចំណាយពេល១០ឆ្នាំដើម្បីស្ថាបនាខ្សែរថភ្លើង Cat Linh-Ha Dong នៅក្នុងរដ្ឋធានីហាណូយ ដែលជាខ្សែរថភ្លើងក្នុងក្រុងដំបូងគេបង្អស់ និងបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ។
បើទោះគម្រោងខ្សែរថភ្លើងនេះ ទទួលបានមតិវិជ្ជមានមួយចំនួនក៏ដោយ ក៏នៅមានការចោទសួរមួយចំនួនទៅលើគុណតម្លៃនៃគម្រោងដ៏ចម្រូងចម្រាសមួយនេះផងដែរ។
ខ្សែរថភ្លើងនេះ មានចម្ងាយ ១៣ គីឡូម៉ែត្រ មានស្ថានីយចំណត១២កន្លែង ដឹកអ្នកដំណើរចាប់ពីស្ថានីយរថភ្លើង Cat Linh ដែលស្ថិតនៅភាគកណ្តាលឈាងខាងជើងទីក្រុងហាណូយ និងចប់ត្រឹមចំណតរថយន្តក្រុង Yen Nghia នៅភាគនិរតីសង្កាត់ Ha Dong។ រថភ្លើងនេះ អាចរត់ក្នុងល្បឿនរហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រើពេលប្រហែល២៤នាទី ព្រមទាំងអាចសម្រួលដឹកអ្នកដំណើរទៅមកប្រហែល១លាននាក់ក្នុងមួយថ្ងៃ។
ខ្សែរថភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់យានយន្តឯកជននៅក្នុងទីក្រុងហាណូយ។
ពលរដ្ឋក្នុងរដ្ឋធានីហាណូយ បង្ហាញក្តីរំពឹងលើគុណភាពនៃសេវារថភ្លើងនេះ។ មន្ត្រីរដ្ឋាភិបាលក្រុងហាណូយមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា បើទោះជាអ្នកស្រីមិនទាន់អាចធ្វើដំណើរតាមខ្សែរថភ្លើងនេះទៅធ្វើការបាននៅឡើយក៏ដោយ ក៏អ្នកស្រីសង្ឃឹមថា ខ្សែរថភ្លើងនេះ នឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងកាត់បន្ថយភាពតប់ប្រមល់ និងសម្ពាធពីការធ្វើដំណើរផងដែរ។
អ្នកស្រីបានប្រាប់វីអូអេថា៖ «បន្ថែមពីនេះទៀត ដោយសារតែខ្ញុំមើលឃើញរឿងបរិស្ថានដែរនោះ ខ្ញុំយល់ថា ការដែលប្រជាជនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ នឹងជួយកាត់បន្ថយការបំពុលខ្យល់ និងការបំពុលសំឡេងផងដែរ»។
ផ្ទុយពីបរិយាកាសនៅពេលទើបបើកឱ្យធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃរយៈពេល២សប្តាហ៍កន្លងមក កាលពីខែមុននេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានវៀតណាមបានផ្សព្វផ្សាយថា ខ្សែរថភ្លើងមួយនេះ ប្រឈមនឹងបញ្ហាក្សត់អ្នកដំណើរទៅវិញ។ យោងតាមរបាយការណ៍នៃការលក់សំបុត្រធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងបញ្ជាក់ថា អ្នកធ្វើដំណើរតាមខ្សែរថភ្លើងនេះ នៅមានចំនួនតិចតួចនៅឡើយ គឺប្រហែល ១២.០០០ នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ឬមានអ្នកជិះប្រហែលត្រឹមតែ៦០នាក់ក្នុងពេលរត់មួយជើងៗ គឺមានន័យថា វាប្រើអស់តែ៨ភាគរយនៃរថភ្លើងទាំងមូលប៉ុណ្ណោះ។ ការណ៍នេះ បានបង្កក្តីបារម្ភដល់រដ្ឋាភិបាលក្រុងហាណូយ ដែលជាម្ចាស់គ្រប់គ្រងលើគម្រោងនេះ ជាពិសេស ស្របពេលដែលគម្រោងខ្សែរថភ្លើងមួយនេះ កំពុងមានភាពចម្រូងចម្រាស ពាក់ព័ន្ធនឹងការពន្យារពេលគម្រោង និងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។
ក្នុងឆ្នាំ២០០៨ គម្រោងនេះ ប្រើប្រាស់ថវិកាវិនិយោគដំណាក់កាលដំបូងសរុបអស់៥៥២,៨ លានដុល្លារ។ ប៉ុន្តែគិតត្រឹមឆ្នាំ២០១៧ តួលេខថវិកាចំណាយបានកើនដល់ប្រមាណ៨៦៨លានដុល្លារ។ នេះ បើគិតតាមអត្រាប្តូរប្រាក់ក្នុងពេលនោះ។
លោក Nguyen Van Thanh អ្នករស់នៅក្នុងសង្កាត់ Ha Dong បាននិយាយថា៖ «ដោយសាររយៈពេលសាងសង់អូសបន្លាយដល់១០ឆ្នាំ គឺយូរលើសជាង៤ដងនៃរយៈកាលកំណត់ វាបានធ្វើឱ្យខាតបង់ប្រាក់ជាង៩ពាន់លានដុង។ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មដឹកជញ្ជូន ធ្លាប់សន្យាជាច្រើនលើកច្រើនសារថា នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ប៉ុន្តែពុំអាចធ្វើដូចការសន្យាបានទេ ហើយធ្វើឱ្យប្រជាជនមានការខឹងសម្បារ និងមានមន្ទិលសង្ស័យវិញ។ ការណ៍ដែលប្រជាជនមានការខឹងសម្បារ និងដាក់ការសង្ស័យ គឺដោយសារការមិនគោរពតាមការសន្យា និងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់»។
អ្នកស្រី Dieu Anh បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនអចលនវត្ថុហាណូយ បានប្រាប់វីអូអេថា ប្រជាជនក្នុងរដ្ឋធានីហាណូយសង្ឃឹមជឿជាក់ខ្លាំងលើខ្សែរថភ្លើង Cat Linh-Ha Dong នេះណាស់ ប៉ុន្តែក្រោយពេលដែលមានការពន្យារពេលជាច្រើនលើកច្រើនសារមក ពួកគាត់មានការអាក់អន់ចិត្តទៅវិញ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំមានគំនិតបែបហ្នឹងតាំងពីខ្សែរថភ្លើងពុំទាន់ដាក់ឱ្យដំណើរការមកម៉្លេះ ហើយវាក៏ដូចអ៊ីចឹងមែន»។
ការពន្យារពេល និងការចំណាយថវិកាច្រើនលើសលប់បែបនេះ ក៏ធ្លាប់កើតមានក្នុងគម្រោងផ្សេងៗទៀតរបស់ប្រទេសវៀតណាមផងដែរ ជាក់ស្តែង គឺគម្រោងខ្សែរថភ្លើងជាយក្រុងទី២ក្នុងប្រទេសវៀតណាម បន្ទាប់ពីគម្រោងខ្សែរថភ្លើងពីទីក្រុង Nhon ដល់ទីក្រុងហាណូយ ដែលកំពុងសាងសង់នៅឡើយ។ ជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងវៀតណាម គឺជាមូលហេតុចម្បងធ្វើឱ្យរាំងស្ទះគម្រោងនេះ និងបង្កការលំបាកផ្សេងៗជាច្រើន ដោយសារតែការពង្រាយកប៉ាល់បូមប្រេងរបស់ចិននៅតាមតំបន់ដែនសមុទ្រវៀតណាមក្នុងឆ្នាំ២០១៤ ធ្វើឱ្យពន្យារពេលការអនុវត្តគម្រោងនេះផងដែរ។
ជាលទ្ធផល នៅពេលខ្សែរថភ្លើងចាប់បើកដំណើរការ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់វៀតណាម បានបកស្រាយថា បញ្ហា គឺដោយសារ«កត្តាប្រទេសចិន» និងបានអំពាវនាវឱ្យធ្វើ«ពិហិការរាល់គម្រោងរបស់ចិនទាំងអស់»។
អ្នកស្រី Thanh បានប្រាប់ VOA ថា៖ «បុព្វបុរសយើង បង្រៀនយើងថា ពេលយើងបាត់បង់ជំនឿ យើងបាត់បង់ជំនឿមួយម៉ឺនដង។ ខ្ញុំមិនជឿលើការធ្វើពាណិជ្ជកម្មជាមួយនឹងចិននោះទេ ហើយខ្ញុំមិនពេញចិត្តចំពោះឥរិយាបថយឺតយ៉ាវរបស់ពួកគេនោះទេ»។
អ្នកស្រីបានប្រាប់វីអូអេថា៖ «ប្រសិនបើខ្ញុំអាចជ្រើសរើសម្តងទៀត ខ្ញុំនឹងមិនជ្រើសរើសក្រុមហ៊ុនចិននោះទេ។ ខ្ញុំនឹងជ្រើសរើសក្រុមហ៊ុនជប៉ុន និងគុយបាជំនួសវិញ សម្រាប់គម្រោងដឹកជញ្ជូនសាធារណៈ ពីព្រោះប្រទេសទាំងនេះ មានភស្តុតាងបញ្ជាក់ធ្វើកិច្ចការបានល្អគ្រប់ផ្នែកទាំងអស់»។ មិនមែនមនុស្សគ្រប់គ្នាឯកភាពនឹងការអំពាវនាវពហិការបែបនេះទេ។ បុគ្គលិករូបនេះ បានបន្ថែមថា ការអំពាវនាវឱ្យធ្វើពហិការបែបនេះ គ្រាន់តែជាគំនិតពីម្ខាង និងមិនចាំបាច់នោះទេ។
អ្នកស្រីបានប្រាប់វីអូអេបន្ថែមថា៖ «អ្វីដែលប្រជាជនត្រូវធ្វើ គឺត្រូវប្រើប្រាស់ខ្សែរថភ្លើងនេះ ដោយសារតែគុណតម្លៃរបស់វានៅក្នុងជីវិតរស់នៅ... រឿងចំណាយថវិកា ឬការពន្យារពេល គឺវាមិនពាក់ព័ន្ធនឹងការប្រើប្រាស់រថភ្លើងនេះទេ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានបន្ថែមថា អ្នកស្រីនៅតែជឿថា ក្រុមហ៊ុនជប៉ុន ជាជម្រើសប្រសើរជាង សម្រាប់គម្រោងនានានាពេលអនាគត។
អ្នកស្រីថ្លែងបន្ថែមថា៖ «ចិនមានបទពិសោធន៍ដែលមានតម្លៃក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ ជាពិសេស រថភ្លើងប្រើថាមពលអគ្គិសនី។ ប៉ុន្តែបើមានគម្រោងក្រោយៗទៀត ខ្ញុំសង្ឃឹមថា គម្រោងនោះ គួរធ្លាក់បានដល់ក្រុមហ៊ុនរបស់ជប៉ុនវិញ។ ប្រទេសជប៉ុន គឺជាប្រទេសដែលមានបទពិសោធន៍ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងមានការគិតគូរខ្ពស់ពីកិច្ចការពារបរិស្ថាន»៕
ប្រែសម្រួលដោយលោក កោះ សុគន្ធី