រដ្ឋាភិបាល​វៀតណាម​បន្ត​ជំរុញ​ការ​វិនិយោគ​ឯកជន​ដោយ​កាត់​បន្ថយ​ការ​វិនិយោគ​របស់​រដ្ឋ

រូបឯកសារ៖ កម្មករ​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

​ថ្មីៗ​នេះ អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​ហូជីមិញបាន​និយាយ​ថា ពួកគេ​នឹង​មិន​ធ្វើ​ការ​វិនិយោគ​លើ​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ទៀត​នោះ​ទេ។ នេះ​ជា​សញ្ញា​នៃ​ការ​បោះ​ជំហាន​ថ្មី​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ការ​ងាកចេញ​ជា​បន្ត​របស់​ប្រទេស​កុម្មុយនិស្ត​នេះ​ពី​សេដ្ឋកិច្ច​ផែនការ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ថ្នាក់​កណ្តាល។

លោក Nguyen Thien Nhan លេខាធិការ​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ក្នុង​ទីក្រុង​ហូជីមិញ បាន​កត់សម្គាល់​ថា ការ​វិនិយោគ​របស់​រដ្ឋ ដែល​ជា​រឿយៗ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ថយ​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​ត្រឹម​ឆ្នាំ ២០២០ នេះ លោក​គិត​ថា ការ​វិនិយោគ​របស់​រដ្ឋ​នឹង​មាន​ចំនួន​ប្រមាណ ១៦ ភាគរយ នៃ​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ហូជីមិញ ដែល​ជា​ចំនួន​ពាក់​កណ្តាល​នៃ​តួលេខ​ចំនួន ៣២ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០០៥។

លោក Nguyen Thien Nhan ដែល​មាន​តួនាទី​ស្រដៀង​នឹង​អភិបាល​ក្រុង​ហូជីមិញ បាន​និយាយ​ថា៖ «ពាក់ព័ន្ធ​នឹង​ផលិតកម្ម និង​ការ​វិនិយោគ​លើ​អាជីវកម្ម រដ្ឋាភិបាល​វៀតណាម​នឹង​មិន​ធ្វើ​ការ​វិនិយោគ​ត​ទៅ​ទៀត​នោះ​ទេ។ ដូច្នេះ ម៉ាស៊ីន​សម្រាប់​កំណើន​សេដ្ឋកិច្ច​គឺ​ស្ថិត​លើ​វិស័យ​ឯកជន និង​ការ​វិនិយោគ​បរទេស»។​

កំណើន​សេដ្ឋកិច្ច​ឯកជន​បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម

គណបក្ស​កុម្មុយនិស្ត​បាន​ដឹកនាំ​ប្រទេស​វៀតណាម​ចាប់​តាំង​ពី​ពេល​បញ្ចប់​សង្គ្រាម​វៀតណាម​នៅ​ក្នុង​ឆ្នាំ ១៩៧៥ មក ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ចេញ​ចំនួន​កូតា​ផលិតកម្ម និង​ការ​គ្រប់គ្រង​តម្លៃ​ផង​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី សេដ្ឋកិច្ច​បាន​ផ្លាស់ប្តូរ​ទៅ​រក​សហគ្រាស​ឯកជន​កាន់​តែ​ច្រើន​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៨០ មក។ នេះ​មាន​ន័យ​ថា សាជីវកម្ម​បរទេស សហគ្រាស​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បង្កើត​ថ្មី​នានា កំពុង​តែ​ដើរ​តួ​កាន់​តែ​សកម្ម​ខ្លាំង​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​វៀតណាម។

ករណី​នេះ​ក៏​មាន​ន័យ​ផង​ដែរ​ថា រដ្ឋាភិបាល​កំពុង​លុបចោល​ការ​វិនិយោគ​របស់​ខ្លួន និង​អនុញ្ញាត​ឱ្យ​មាន​ភាគហ៊ុន​ឯកជន​កាន់​តែ​ច្រើន​នៅ​ក្នុង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ។ គេ​ហៅ​ដំណើរការ​នេះ​ថា​ជា​ការ​បំលែង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​ជា​សហគ្រាស​សាធារណៈ​មាន​ភាគហ៊ុន​រួម​គ្នា។

តួនាទី​របស់​រដ្ឋ​វៀតណាម​កំពុង​មាន​ការ​ផ្លាស់ប្ដូរ

លោក Nguyen Thien Nhan បាន​បញ្ជាក់​ថា ជា​ជាង​ធ្វើ​ការ​វិនិយោគ រដ្ឋ​នឹង​ផ្តោត​លើ​បរិយាកាស​នៃ​ការ​វិនិយោគ​វិញ។ លោក​បាន​និយាយ​ថា តួនាទី​របស់​រដ្ឋ​គឺ​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ និង​ធ្វើ​ការ​លើ​បញ្ហា​ពន្ធដារ ដីធ្លី និង​គោលនយោបាយ​សាធារណៈ​ផ្សេងៗ​ទៀត​ដែល​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ផ្នែក​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ។

កាលពី​ខែ​មុន​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ជា​ប្រចាំ​របស់​លោក​ទៅ​ឱ្យ​សាធារណជន​អំពី​ស្ថានភាព​សេដ្ឋកិច្ច លោក Nguyen Thien Nhan បាន​និយាយ​ថា៖ «បរិស្ថាន​ក៏​សំខាន់​ផង​ដែរ។ នៅ​ពេល​ដែល​អ្នក​វិនិយោគ​សួរ​ថា តើ​អ្វី​ជា​គុណភាព​ខ្យល់? យើង​ត្រូវ​តែ​ឆ្លើយ។ វា​មិន​មែន​ត្រឹម​តែ​ពាក់ព័ន្ធ​នឹង​ដីធ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ស្អាត ចរាចរណ៍​ល្អ និង​គុណភាព​ខ្យល់​ល្អ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មក​ទី​នេះ»។

លោក​បាន​លើក​ឡើង​ពី​កសិករ​មួយ​ចំនួន​ជា​ឧទាហរណ៍។ ស្រប​តាម​ប្រព័ន្ធ​កុំម្មុយនិស្ត ដីធ្លី​ទាំង​អស់​គឺ​គ្រប់គ្រង​ដោយ​រដ្ឋ ប៉ុន្តេ​គេ​អាច​ជួល​ដីធ្លី​ទាំង​នេះ​រាប់​ទសវត្សរ៍​បាន។ កសិករ​មួយ​ចំនួន​ដូចជា​ កសិករ​នៅ​ជាយក្រុង​ហូជីមិញ​បាន​ប្តូរ​ពី​ការងារ​កសិកម្ម ទៅ​ការងារ​ផ្សេង​ទៀត។ ប៉ុន្តែ ការ​ផ្តាស់ប្តូរ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​អំពី​ការ​បែងចែក​តំបន់​ដី​ធ្លី និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​ប្រើប្រាស់​ដីធ្លី​ប្រភេទ​ផ្សេងៗ​គ្នា។ ផ្ទៃដី​ប្រទេស​វៀតណាម​ប្រហែល ៧៥ ភាគរយ ជា​តំបន់​ជនបទ ប៉ុន្តែ​ការ​ធ្វើ​នគរូបនីយកម្ម​កំពុង​កើន​ឡើង។

អនាគត​ទំនង​ជា​ល្អ

ការ​បំលែង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​ជា​សហគ្រាស​សាធារណៈ​មាន​ភាគហ៊ុន​រួម​គ្នា​ក៏​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។ វា​មាន​គោលបំណង​បើក​ឱកាស​ឲ្យ​មាន​ការ​វិនិយោគ​ឯកជន​លើ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន ៤០៣ កន្លែង នៅ​ក្នុង​រយៈពេល​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២០ ប៉ុន្តែ​បាន​ទទួល​ជោគជ័យ​ប្រហែល​ត្រឹម​តែ ១ ភាគ ៥ ប៉ុណ្ណោះ នៃ​គោលដៅ​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមហ៊ុន Fitch Ratings បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ការ​វាយតម្លៃ​របស់​ខ្លួន​លើ​ទិដ្ឋភាព​នៃ​សេដ្ឋកិច្ច​វៀតណាម​ពី «សេដ្ឋកិច្ច​មាន​ស្ថិរភាព» ទៅ​ជា «សេដ្ឋកិច្ច​វិជ្ជមាន» កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ការ​បំលែង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​ជា​សហគ្រាស​សាធារណៈ​មាន​ភាគហ៊ុន​រួម​គ្នា​បាន​ធ្វើ​ឱ្យ​មាន​ថវិកា​កើន​ឡើង ដែល​នេះ​បាន​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​កម្រិត​បំណុល​របស់​រដ្ឋាភិបាល។

ក្រុមហ៊ុន Fitch Ratings នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​បញ្ជាក់​នៅ​ក្នុង​កំណត់​សម្គាល់​ពន្យល់​របស់​ខ្លួន​ថា៖ «ការ​កាត់បន្ថយ​កម្រិត​បំណុល​នោះ​កើត​ឡើង​ដោយសារ​ការ​ធ្វើ​ឯកជនូបនីយកម្ម​ទៅ​ក្នុង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ប្រកប​ដោយ​ស្ថិរភាព (ដែល​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​វៀតណាម​ថា ជា​ការ​បំលែង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​ជា​សហគ្រាស​សាធារណៈ​មាន​ភាគហ៊ុន​រួម​គ្នា) ក៏​ដូចជា​ដោយសារ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) មាន​កំណើន​ខ្លាំង និង​ដោយសារ​ឱនភាព​ហិរញ្ញវត្ថុ​ទាប​ផង​ដែរ។ ជា​ទូទៅ កម្រិត​នៃ​ការ​បំលែង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទៅ​ជា​សហគ្រាស​សាធារណៈ​មាន​ភាគហ៊ុន​រួម​គ្នា មាន​ល្បឿន​យឺត ប៉ុន្តែ​ដំណើរការ​នេះ​នៅ​តែ​បន្ត​បោះជំហាន​ទៅ​មុខ ដោយ​មាន​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន ២៨ ត្រូវ​បាន​គេ​បំលែង​ទៅ​ជា​សហគ្រាស​សាធារណៈ​មាន​ភាគហ៊ុន​រួម​គ្នា​នៅ​ក្នុង​ឆ្នាំ២០១៨ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន ៦៩ នៅ​ក្នុង​ឆ្នាំ ២០១៧»៕