ប្រទេសវៀតណាមកាលពីសុក្របានរាយការណ៍អំពីករណីស្លាប់ដំបូងពីជំងឺកូវីដ១៩ ក្រោយពីប្រទេសនេះបានទទួលការសាទរពីជុំវិញពិភពលោកថា បានចាត់វិធានការថ្នាក់ជាតិដ៏ជោគជ័យមួយដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ VNA បានរាយការណ៍ថា អ្នកស្លាប់នោះដែលគេស្គាល់ថាអ្នកជំងឺលេខ៤២៨ ជាបុរសអាយុ៧០ឆ្នាំម្នាក់ដែលបានស្លាប់កាលពីថ្ងៃសុក្រ ហើយទំនងបានឆ្លងកូវីដ១៩ពីទីក្រុងដាណាង ភាគកណ្តាលប្រទេស។
ទីក្រុងដាណាងជាចំណុចកណ្តាលនៃការផ្ទុះរាតត្បាតចុងក្រោយនៅវៀតណាមហើយអាជ្ញាធរនៅទីកំពុងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នមួយដែលមានគ្រែ១.០០០ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យនៅទីក្រុងនេះ ដោយមានមន្ទីរពេទ្យបួនត្រូវបិទដោយសារមានករណីឆ្លងកូវីដ១៩នៅទីនោះ។
ប្រទេសវៀតណាមដែលមានប្រជាជន៩៦លាននាក់ កន្លងមកមិនបានរកឃើញករណីឆ្លងថ្មីណាមួយអស់រយៈពេល១០០ថ្ងៃជាប់ៗគ្នា នៅមុនពេលករណីឆ្លងកូវីដ១៩ថ្មីដែលគេមិនដឹងប្រភពស្រាប់តែលេចឡើងនៅទីក្រុងទេសចរណ៍ ដាណាង ដ៏មានប្រជាប្រិយភាព កាលពីមួយសប្តាហ៍មកនេះ។
ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃសុក្របានរាយការណ៍ពីករណីឆ្លងថ្មី៨២ករណី ដែលក្នុងនោះ២៦ករណីមកពីក្រៅប្រទេស ហើយចំនួននេះជាករណីឆ្លងច្រើនបំផុតក្នុងមួយថ្ងៃសម្រាប់វៀតណាម។
កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងហាណូយបានចាប់ផ្តើមការធ្វើតេស្តរកកូវីដ១៩ជាទ្រង់ទ្រាយធំ ហើយត្រឹមសុក្រមានពលរដ្ឋជិត២២.០០០នាក់ក្នុងរដ្ឋធានីវៀតណាមត្ឬូវបានធ្វើតេស្ត ដោយ២១.០០០នាក់ធ្វើតេស្តឃើញអវិជ្ជមាន។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ក្រុងហាណូយ ដោយមិនផ្តល់ការសេចក្តីលម្អិតបន្ថែមទៀត។
អាជ្ញាធរក្រុងហាណូយនៅពេលនេះក៏បានហាមឃាត់ការជួបប្រជុំធំៗ និងបិទក្លឹបកម្សាន្តពេលរាត្រី ប៉ុន្តែអនុញ្ញាតឲ្យភោជនីយដ្ឋានបើកដោយត្រូវររក្សាគម្លាតពីគ្នាក្នុងសង្គម។
អ្នកជំនាញថា ប្រទេសវៀតណាមប្រហែងកំពុងរងផលប៉ះពាល់ពីការធ្វេសប្រហែសរបស់ខ្លួនក្រោយពីជោគជ័យទប់ស្កាត់ជំងឺនេះនៅដំណាក់កាលដំបូង ដោយសកម្មភាពសង្គមចាប់ផ្តើមបើកវិញជាធម្មតាឆាប់ពេក ការពាក់ម៉ាស់តិចជាងមុន ហើយការធ្វើទេសចរណ៍ក្នុងស្រុកកើនឡើង។
គិតមកដល់ថ្ងៃសុក្រ វៀតណាមមានករណីឆ្លងកូវីដ១៩សរុប ៥៤៦ករណី៕